29 C
Phnom Penh

លោក បៃដិន ថា​គ្មាន​ហេតុផល​ដែល​អាមេរិក​ត្រូវ​សង​ជំងឺចិត្ត​ចិន​រឿង​បាញ់​បាឡុង​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន អះអាង​ថា ការ​បាញ់​ទម្លាក់​បាឡុង​របស់​ចិន វា​គ្មាន​អ្វី​ដែល​អាមេរិក​ឈឺក្បាល​ដើម្បី​សង​ជំងឺចិត្ត​ទៅ​ចិន​នោះ​ទេ ហើយ​ក៏​គ្មាន​អ្វី​ត្រូវ​សុំទោស​ចិន​នោះ​ដែរ ហើយ​ការពិត ប្រទេស​ចិន​ត្រូវតែ​ដឹង​ថា​មាន​កំហុស ព្រោះតែ​បាឡុង​របស់​ប្រទេស​នោះ​រំលោភ​លើ​ដែនអាកាស​របស់​អាមេរិក។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន នៅ​ខាងមុខ​សេតវិមាន លោក បៃដិន បាន​ពន្យល់​ថា មិន​ថា​ឡើយ​បាឡុង​ចិន​នោះ​ទេ​ដែល​ត្រូវ​បាញ់​កម្ទេច បាឡុង​ប្រទេស​ណា​ក៏ដោយ ឬ​ឧបករណ៍​ណា​ក៏ដោយ ឲ្យ​តែ​ហោះ​ចូល​ដែនអាកាស​អាមេរិក គឺ​ត្រូវតែ​បាញ់​ទម្លាក់។

លោក បៃដិន ពន្យល់​ថា បាឡុង​របស់​ចិន​ដែល​ត្រូវ​បាន​បាញ់​កម្ទេច​នេះ ទោះបី​ចិន​អះអាង​ថា​ជា​បាឡុង​ស៊ីវិល ឬ​បាឡុង​ឧតុនិយម​ក៏ដោយ ក៏​អាមេរិក​ត្រូវតែ​បាញ់​កម្ទេច​ដែរ ព្រោះ​ការ​ហោះ​ចូល​ដែនអាកាស​អាមេរិក វា​បង្ក​ឲ្យ​មាន​ភាព​ផុយ​ស្រួយ​ដល់​សន្តិសុខ​ជាតិ​អាមេរិក និង​ដល់​ផ្លូវ​អាកាសចរណ៍​របស់​អាមេរិក។

នៅ​ពេល​ថ្លែង​អំពី​បាឡុង​របស់​ចិន​នេះ លោក បៃដិន បាន​ពន្យល់​ថែម​ទៀត​អំពី​ឧបករណ៍​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន ៣​គ្រឿង ដែល​កងទ័ព​អាកាស​អាមេរិក​បាន​បាញ់​កម្ទេច ក៏​លោក បៃដិន ថ្លែង​ថា​ទោះជា​ឧបករណ៍​នេះ​ចេញពី​ប្រភព​ណា​ក៏ដោយ ក៏​អាមេរិក​អាច​បាញ់​កម្ទេច​បាន​ដែរ ឲ្យ​តែ​ឧបករណ៍​នោះ​វា​នៅ​លើ​លំហ​អាកាស​អាមេរិក។

សហរដ្ឋ​អាមេរិក​បាន​បាញ់​ទម្លាក់​ឧបករណ៍​មិន​ស្គាល់​អត្តសញ្ញាណ ឬ​គេ​ហៅ UFO ដែល​មាន​ទំហំ​ប៉ុន​កូន​ឡាន​តូច​មួយ​ចំនួន ៣​គ្រឿង​ក្នុង​រយៈពេល ៣​ថ្ងៃ​ជាប់ៗ​គ្នា​កាលពី​សប្ដាហ៍​មុន ដោយ​ឧបករណ៍​នោះ​វា​បាន​ហោះ​ចូល​លំហ​អាកាស​រដ្ឋ​អាឡាស្កា ហោះ​លើ​លំហ​អាកាស​ប្រទេស​កាណាដា និង​ហោះ​លើ​លំហ​អាកាស​នៃ​ឈូង​សមុទ្រ​រដ្ឋ​មីឈីកែន។

ការ​បាញ់​ឧបករណ៍​ទាំងនោះ សហរដ្ឋ​អាមេរិក​ប្រើ​យន្តហោះ​ចម្បាំង F-22 និង F-16 ហើយ​ការ​បាញ់​បាឡុង​របស់​ចិន ក៏​ប្រើ​យន្តហោះ F-22 ដោយ​បាញ់​មីស៊ីល​មួយ​គ្រាប់។ មក​ដល់​ពេលនេះ នាវា​ជើងទឹក​របស់​អាមេរិក​បាន​ប្រមូល​កម្ទេចកម្ទី​បាឡុង​របស់​ចិន ដាក់​ទៅ​មន្ទីរពិសោធន៍​ដើម្បី​ពិនិត្យ និង​ស្រាវជ្រាវ​នៃ​អង្គ​ចងចាំ​របស់​បាឡុង​នោះ ថា​តើ​មាន​អ្វី​ដែល​បាឡុង​នេះ​អាច​ចាប់​បាន​រូបភាព​លើ​ដែនដី​របស់​សហរដ្ឋ​អាមេរិក។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក ឡយ អូស្ទីន បាន​ថ្លែង​បន្ត​ថា បាឡុង​របស់​ចិន​វា​ពុំ​អាច​ជា​បាឡុង​ស៊ីវិល​ដូច​ចិន​អះអាង​នោះ​ទេ។ លោក​ថា​វា​ជា​បាឡុង​យោធា​ដែល​បាឡុង​ប្រភេទ​នេះ អាមេរិក​មិន​ឱ្យ​ហោះ​កាត់​លំហ​អាកាស​អាមេរិក​ដាច់ខាត។ សហរដ្ឋ​អាមេរិក​ប្រកាស​ថា ខ្លួន​មិន​ប្រគល់​កម្ទេច​បាឡុង​នេះ​ទៅ​ឱ្យ​ចិន​នោះ​ទេ ទោះបី​ចិន​ស្នើសុំ​ក៏ដោយ ហើយ​អាមេរិក​ក៏​គ្មាន​ទទួល​ខុសត្រូវ​ដើម្បី​សង​ជំងឺចិត្ត​ដល់​ចិន​នោះ​ដែរ។

ចិន​បាន​ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​កម្ទេច​បាឡុង​នេះ ដោយ​ព្រមាន​ថា ចិន​នឹង​សងសឹក​អាមេរិក​នៅ​ពេល​ណា​ដែល​អាមេរិក​មាន​ការ​ជ្រុលជ្រួស​ដូច​ករណី​បាឡុង​ចិន​បញ្ជា​មិន​បាន ក៏​ហោះ​ចូល​ដែនអាកាស​អាមេរិក​នេះ។

លោក បៃដិន មិន​បាន​ថ្លែង​អំពី​ការ​ព្រមាន​របស់​ចិន​នោះ​ទេ តែ​លោក​ថា​ករណី​បាឡុង​នេះ ចិន​មិន​ត្រូវ​ចាត់ទុក​ថា​វា​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទំនាក់ទំនង​អាមេរិក និង​ចិន​នោះ​ទេ។ នៅ​ពេល​ដែល​អាមេរិក​បាញ់​ទម្លាក់​បាឡុង​របស់​ចិន ក៏​ស្រាប់តែ​អ៊ុយក្រែន​បាញ់​ទម្លាក់​បាឡុង​របស់​រុស្ស៊ី​ធ្លាក់​យ៉ាងតិច ៦​គ្រឿង​ដែរ ដែល​បាន​ហោះ​ចូល​ដែនអាកាស​របស់​អ៊ុយក្រែន ជាពិសេស​ហោះ​មក​ដល់​លំហ​អាកាស​នៃ​រដ្ឋធានី​គៀវ។

អ៊ុយក្រែន អះអាង​ថា បាឡុង​ទាំង ៦​គ្រឿង​របស់​រុស្ស៊ី​នេះ​វា​ជា​បាឡុង​ស៊ើបការណ៍ ឬ​ចារកម្ម ហើយ​បាឡុង​នេះ​ធ្លាប់​ហោះ​ចូល​មក​លើ​ដែនអាកាស​របស់​អ៊ុយក្រែន​នៅ​មុន​សង្គ្រាម​ផ្ទុះ​ឡើង។ រដ្ឋាភិបាល​អ៊ុយក្រែន បាន​ប្រកាស​ថា ការ​បាញ់​កម្ទេច​បាឡុង​របស់​រុស្ស៊ី​នេះ គឺ​ធ្វើឡើង​នៅ​ពេល​ដែល​អ៊ុយក្រែន​ធ្លាក់​នៅ​ក្រោម​សង្គ្រាម​ឈ្លានពាន​របស់​រុស្សី ដែល​មាន​ន័យ​ថា រុស្សី​នៅតែ​បង្ហាញ​ការ​បន្ត​ឈ្លានពាន​អ៊ុយក្រែន យូរ​ខែ​ទៅ​មុខ​ទៀត។

មក​ដល់​ពេលនេះ រុស្ស៊ី​មិនទាន់​ឃើញ​ប្រតិកម្ម​ដែល​អ៊ុយក្រែន​បាញ់​ទម្លាក់​បាឡុង​របស់​ខ្លួន​ទេ។ តែ​រុស្ស៊ី កំពុងតែ​បើក​ប្រតិបត្តិការ​សឹក​ទ្រង់ទ្រាយ​ធំ​ដោយ​លើក​ទ័ព​ជាង ២០​ម៉ឺន​នាក់​វាយ​សន្ធប់​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន ដោយ​ប្រើ​ទ័ព​រថក្រោះ ទ័ព​កាំភ្លើង​ធំ មីស៊ីល និង​យន្តហោះ​ចម្បាំង​ទៀត​ផង។

លោក ចូ បៃដិន ពន្យល់​ថា ឧបករណ៍​ទាំងអស់​រាប់​ទាំង​ឧបករណ៍ UFO ដែល​បាន​ហោះ​ចូល​ដែនអាកាស​អាមេរិក កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត ថា​តើ​ឧបករណ៍​ទាំង ៣ នោះ វា​ចេញពី​ប្រទេស​ណា។ តែ​លោក​ថា វា​អាច​មនុស្ស​ជា​អ្នក​បង្កើត ឬ​ក៏​ជា​ឧបករណ៍​របស់​ក្រុម​ស្រាវជ្រាវ​ឯកជន​ណា​មួយ​ដែល​ចង់​ស្រាវជ្រាវ​អ្វី​មួយ​នៅ​លើ​ទឹកដី​អាមេរិក។

ចំណែក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក ឡយ អូស្ទីន ថ្លែង​ថា ឧបករណ៍ UFO ទាំង​បី​គ្រឿង​នេះ​វា​ជា​រឿង​ចម្លែក​ដែល​ហោះ​ចូល​ដែនអាកាស​អាមេរិក​ចំ​ពេល​ដែល​អាមេរិក​កំពុងតែ​គាំទ្រ​អ៊ុយក្រែន​ប្រឆាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី ហើយ​វា​កើតឡើង​ទន្ទឹម​នឹង​អ៊ុយក្រែន​អះអាង​ថា ខ្លួន​គេ​បាន​បាញ់​ទម្លាក់​បាឡុង​របស់​រុស្ស៊ី ដែល​ហោះ​ចូល​ដែនអាកាស​របស់​អ៊ុយក្រែន​ផង​ដែរ។

ឥឡូវ​នេះ បើ​តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា អាមេរិក​ពង្រឹង​សមត្ថភាព​ដែនអាកាស​យ៉ាង​ខ្លាំង ជាពិសេស​គឺ​នៅ​រដ្ឋ​អាឡាស្កា ដែល​កាលពី​ថ្ងៃ​១៥ ខែ​កុម្ភៈ អាមេរិក​បាន​បញ្ចេញ​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ហោះ​កៀង​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី ឲ្យ​ចេញពី​លំហ​អាកាស​អាមេរិក។

រុស្ស៊ី​បាន​បញ្ចេញ​យន្តហោះ​ទម្លាក់​គ្រាប់បែក Tu-95 និង​យន្តហោះ​ចម្បាំង ៣​គ្រឿង​ហោះ​ចូល​ដែនអាកាស​រដ្ឋ​អាឡាស្កា គឺ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​អាមេរិក​បាញ់​ទម្លាក់​ឧបករណ៍​មិន​ស្គាល់​អត្តសញ្ញាណ UFO ចំនួន ៣​គ្រឿង ដែល​វា​បាន​ហោះ​ចូល​លំហ​អាកាស​រដ្ឋ​អាឡាស្កា និង​ទឹកដី​អាមេរិក​នៅ​រដ្ឋ​មីឈីកែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស