លោក ផែង វណ្ណៈ ប្រកាសជប់លៀងអ្នកគាំទ្ររាជរដ្ឋាភិបាលនៅតាមបណ្ដាញសង្គមហ្វេសប៊ុកទូទាំង ២៥រាជធានី-ខេត្ត ក្រោយពីលោក ហ៊ុន សែន បានចេញមុខការពារចំពោះវិធានការច្បាប់ ទោះបីជាលោកបានជេរប្រមាថមាក់ងាយលើស្ត្រី និងវាយប្រហារលើស្ថាប័នសារព័ត៌មាន VOD។
បើតាមហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ បានសរសេរនៅថ្ងៃទី២២ ខែកុម្ភៈ នេះថា ខ្លួននឹងហៅអ្នកគាំទ្ររាជរដ្ឋាភិបាលនៅតាមបណ្ដាញសង្គមហ្វេសប៊ុកទូទាំង ២៥រាជធានី-ខេត្តសរុបចំនួន ៥០០នាក់ ជួបជុំគ្នានៅភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា ការជួបជុំនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១១ថ្ងៃត្រង់ខាងមុខនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកក្នុងការរួមចំណែកបង្ក្រាបព័ត៌មានក្លែងក្លាយដែលប្រឌិតដោយពួកប្រតិកិរិយា ជាពិសេសដើម្បីត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅរកការបោះឆ្នោតជាតិនាពេលខាងមុខ។
ការប្រកាសជប់លៀងនាពេលនេះ ស្របពេលដែលលោក ផែង វណ្ណៈ ខ្លួនឯងបានជេរប្រមាថមាក់ងាយ និងបៀតបៀនស្ត្រីអ្នកសារព័ត៌មានធ្ងន់ធ្ងរ ប៉ុន្តែបែរជាក្រសួងពាក់ព័ន្ធ និងសមត្ថកិច្ចមិនមានវិធានការច្បាប់ ហើយថែមទាំងត្រូវបានលោក ហ៊ុន សែន បានចេញមុខការពារទៀតផង បើទោះបីជាក្រុមអង្គការសង្គមស៊ីវិលចំនួន ៤០ស្ថាប័នបានទទូចឲ្យក្រសួងចំនួន ៤ ចាត់វិធានការច្បាប់លើលោក ផែង វណ្ណៈ ក៏ដោយ។
លោក ផែង វណ្ណៈ ប្រកាសជប់លៀងនៅថ្ងៃទី២៥ ខែកុម្ភៈ នេះ ហាក់បង្ហាញពីឥទ្ធិពលរបស់ខ្លួនក្រោយពីលោក ហ៊ុន សែន ចេញមុខការពារ ទោះបីជាប្រព្រឹត្តអំពើអសីលធម៌ និងបំពានច្បាប់។ ជាមួយគ្នានេះដែរ កាលពីឆ្នាំ២០១៣ ហ្វេសប៊ុកដាក់ឈ្មោះ ផែង វណ្ណៈ ក៏បានគំរាមបាញ់សម្លាប់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចំនួន ៧គ្រាប់ផងដែរ ប៉ុន្តែកាលនោះ លោកមិនត្រូវបានចាប់ខ្លួនឡើយ ផ្ទុយពីករណីព្រះសង្ឃព្រះនាម ហន សុផាន្នី គង់នៅវត្តដំរីស ដែលគ្រាន់តែបង្ហោះរូបថតកាំភ្លើងមួយដើមនៅលើហ្វេសប៊ុក ត្រូវបានអាជ្ញាធរខេត្តបាត់ដំបង បានចាប់ផ្សឹក ហើយវាយខ្នោះបញ្ជូនទៅដាក់គុកភ្លាមៗ ដោយតុលាការចោទប្រកាន់រហូតចំនួន ២បទល្មើស គឺបទប្រើប្រាស់អាវុធខុសច្បាប់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំកាលពីអំឡុងឆ្នាំ២០១៧។
មួយវិញទៀត ការជប់លៀងនេះ ស្របពេលដែលរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន បានបិទសារព័ត៌មានឯករាជ្យ VOD ដែលកន្លងមក លោក ផែង វណ្ណៈ តែងតែធ្វើការវាយប្រហារ និងចោទប្រកាន់ថាបម្រើគណបក្សប្រឆាំងទៅវិញ ខណៈស្ថាប័នសារព័ត៌មាន VOD ត្រូវបានប្រជាពលរដ្ឋចាត់ទុកថា សារព័ត៌មានមួយដែលផ្សាយព័ត៌មានពិតក្នុងសង្គមកម្ពុជា ជាពិសេសរឿងបញ្ហាប្រជាពលរដ្ឋកំពុងរងគ្រោះដីធ្លី សិទ្ធិការងារ បរិស្ថាន និងអំពើពុករលួយ ព្រមទាំងរឿងអយុត្តិធម៌ផ្សេងៗទៀតផងដែរ៕