40.9 C
Phnom Penh

តុលាការ​កំពូល​កាត់​ក្ដី​ឱ្យ​លោក សុន ឆ័យ ចាញ់​បក្ស​ប្រជាជន​និង​គ.ជ.ប ជុំវិញ​រឿង​រិះគន់​ការ​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​លើ​សំណុំរឿង​របស់​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន «ទុក​ជា​បានការ» ដោយ​ឲ្យ​ចាញ់​ក្ដី​គណបក្ស​ប្រជាជន​កម្ពុជា និង គ.ជ.ប។

ការ​សម្រេច​នេះ បន្ទាប់ពី​តុលាការ​កំពូល​បាន​បើក​សវនាការ​បណ្ដឹង​សារទុក្ខ​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ដែល​ប្ដឹង​មិន​សុខចិត្ត​ចំពោះ​សាលា​ឧទ្ធរណ៍​កាត់​ឲ្យ​ចាញ់​ក្ដី​បក្ស​កាន់​អំណាច និង គ.ជ.ប ក្នុង​សំណុំរឿង​បរិហារ​កេរ្តិ៍​កាលពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ កន្លងទៅ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក ជីវ កេង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ កុម្ភៈ នេះ បាន​ប្រកាស​សាលដីកា​ដោយ​សម្រេច​ឲ្យ​លោក សុន ឆ័យ បង់​សំណង​ជំងឺចិត្ត​បក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ពាក់ព័ន្ធ​នឹង​លោក​រិះគន់​រឿង​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាលពី​ខែ​មិថុនា ឆ្នាំ​២០២២។

កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ សាលា​ឧទ្ធរណ៍​ភ្នំពេញ​បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ អំឡុង​ពេល​ជាមួយ​គ្នា​នេះ សាលា​ឧទ្ធរណ៍​ក៏​បាន​សម្រេច​ពិន័យ​ជា​ទឹកប្រាក់​កាន់តែ​ច្រើន​បន្ថែម​ទៀត​លើ​លោក សុន ឆ័យ ផង​ដែរ។

ក្នុង​នោះ ការ​សម្រេច​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ ៨​លាន​រៀល​ទៅ​សាលាដំបូង ត្រូវ​បន្ថែម​ទៅ​ជា ១០​លាន​រៀល​វិញ និង​ការ​ពិន័យ​សង​ជំងឺចិត្ត ៣​ពាន់​លាន​រៀល​របស់​សាលាដំបូង ត្រូវ​បន្ថែម​ទៅ​ជា ៤​ពាន់​លាន​រៀល​វិញ ដែល​ស្មើ​នឹង​ប្រមាណ​ជា ១​លាន​ដុល្លារ​អាមេរិក។

ចំណែក​សំណុំរឿង​ដែល​ប្តឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​តុលាការ​សម្រេច​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ចំនួន ៨​លាន​រៀល​ចូល​ថវិកា​រដ្ឋ និង​បង្គាប់​ឲ្យ​លោក សុន ឆ័យ សង​សំណង​ជំងឺចិត្ត​ទៅ​ភាគី​ដើមបណ្ដឹង គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៣​ពាន់​លាន​រៀល​ផង​ដែរ ដែល​ស្មើ​នឹង​ប្រមាណ​ជា ៧៥​ម៉ឺន​ដុល្លារ។

ជុំវិញ​បញ្ហា​នេះ ក្រោយពី​តុលាការ​កាត់​ឲ្យ​ចាញ់​ក្ដី​ជា​បន្តបន្ទាប់ កាលពី​ខែ​ធ្នូ ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏​បាន​ចេញ​ដីកា​សម្រេច​រឹបអូស​ផ្ទះ ២​កន្លែង​របស់​លោក សុន ឆ័យ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ជា​បណ្ដោះអាសន្ន​ផង​ដែរ ក្រោម​ហេតុផល​ថា លោក សុន ឆ័យ មិន​បាន​អើពើ​ចំពោះ​ការ​សម្រេច​ក្តី​របស់​តុលាការ​ដែល​សម្រេច​ឲ្យ​អ្នក​នយោបាយ​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​សង​ជំងឺចិត្ត​ទៅ​គណបក្ស​កាន់​អំណាច។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៣ ក្នុង​ពិធី​ពិនិត្យ​ដំណើរការ​នៃ​ការ​សាងសង់​មន្ទីរពេទ្យ​ថ្មី​មួយ​នៅ​រាជធានី​ភ្នំពេញ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ព្រមាន​ថា អ្នក​ដែល​ចោទ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ចោរ​លួច​សន្លឹកឆ្នោត គឺ​ត្រូវតែ​ប្តឹង​ដោយ​គ្មាន​ករណី​លើកលែង​ដាច់ខាត។

លោក កែត ឃី មេធាវី​ម្នាក់​របស់​លោក សុន ឆ័យ ប្រាប់​អ្នក​សារព័ត៌មាន​ថា ទាំង​ក្រុម​លោក​ជា​មេធាវី ទាំង​លោក សុន ឆ័យ ជា​កូនក្ដី អស់​ផ្លូវ​តវ៉ា​ទៀត​ហើយ ដ្បិត​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល គឺជា​សេចក្តី​សម្រេច​ដែល​បិទ​ផ្លូវ​តវ៉ា។ លោក​បន្ត​ថា តុលាការ​កំពូល​នឹង​ទម្លាក់​សំណុំរឿង​នេះ​ទៅ​ឲ្យ​តុលាការ​ភ្នំពេញ​វិញ ដើម្បី​អនុវត្ត​តាម​ច្បាប់។

លោក​មេធាវី​រូប​នេះ​បន្ថែម​ថា ក្នុង​ដំណាក់កាល​នេះ ក្រុម​មេធាវី និង​លោក សុន ឆ័យ មាន​តែ​រង់ចាំ​មើល​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​ភ្នំពេញ​ដែល​បាន​សម្រេច​រួច​មក​ហើយ​ប៉ុណ្ណោះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ក្រោយ​ផុត​ពី​តួនាទី​ជា​ប្រធាន​អាស៊ាន លោក ហ៊ុន សែន បាន​បង្កើន​នូវ​ការ​រឹតត្បិត​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ សេរីភាព​សារព័ត៌មាន និង​សេរីភាព​នយោបាយ​កាន់តែ​ខ្លាំង។ ក្នុង​នោះ មន្ត្រី​ជាន់ខ្ពស់​បក្ស​ភ្លើង​ទៀន ដូចជា​លោក សុន ឆ័យ លោក គង់ គាំ និង​លោក ថាច់ សេដ្ឋា សុទ្ធតែ​ត្រូវ​រង​នូវ​បណ្ដឹង និង​ត្រូវ​លោក ហ៊ុន សែន រឹបអូស​ទ្រព្យសម្បត្តិ​ថែម​ទៀត ដែល​គេ​អាច​កត់សម្គាល់​បាន​ថា ជា​ផែនការ​បង្ក្រាប​បក្ស​ក្រៅ​រដ្ឋាភិបាល​មុន​ការ​បោះឆ្នោត​ជាតិ​ឈាន​ចូល​មក​ដល់​នា​ពេល​ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស