28.4 C
Phnom Penh

GDP ទទូច​ឱ្យ​តំណាងរាស្ត្រ​កោះហៅ​រដ្ឋាភិបាល​សាកសួរ​ជុំវិញ​ការ​បិទ​វិទ្យុ VOD

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ទទូច​ឲ្យ​តំណាងរាស្ត្រ​កោះហៅ​រដ្ឋាភិបាល​ទៅ​សាកសួរ ជុំវិញ​ការ​បិទ​សារព័ត៌មាន វីអូឌី ដើម្បី​ឆ្លុះបញ្ចាំង​អំពី​ការ​គោរព និង​អនុវត្ត​នូវ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។

ក្នុង​ញត្តិ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ចុះ​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា ការ​ស្នើសុំ​ឲ្យ​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ កោះហៅ​រដ្ឋាភិបាល​ដោយ​មើល​ឃើញ​ថា​ការ​សម្រេច​ភ្លាមៗ​លុប​ចោល​អាជ្ញាប័ណ្ណ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ដែល​បាន​ដំណើរការ​អស់​រយៈពេល​ជាង ២០​ឆ្នាំ​នេះ បង្ហាញ​ពី​មន្ទិល​សង្ស័យ ខណៈ​ស្ថាប័ន​សារព័ត៌មាន VOD មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន។

GDP បន្ត​ថា តំណាងរាស្ត្រ​ត្រូវ​ហៅ​រដ្ឋាភិបាល​មក​សួរ​អំពី​មូលហេតុ​ដែល​សម្រេច​លុប​ចោល​អាជ្ញាប័ណ្ណ VOD ដែល​ធ្វើ​ឲ្យ​សារព័ត៌មាន​នេះ​មិន​អាច​បន្ត​សកម្មភាព​ការងារ​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ មួយ​វិញ​ទៀត ថា​តើ​ការ​សម្រេច​លុប​ចោល​អាជ្ញាប័ណ្ណ​នេះ សម​ទៅ​នឹង​ការ​ប្រព្រឹត្ត​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ដែរ​ឬ​ទេ? តើ​ហេតុ​អ្វី​បាន​ជា​រាជរដ្ឋាភិបាល​យល់​ឃើញ​ថា ការ​ឆ្លើយតប​របស់​អង្គភាព​នេះ​នៅ​មិន​គ្រប់គ្រាន់ ឬ​យ៉ាង​ណា?

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បញ្ជាក់​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ប្រសិនបើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​មាន​ការ​ភាន់ច្រឡំ ការ​ផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត បុគ្គល​សាធារណៈ​ឬ​ស្ថាប័ន​សាធារណៈ​នោះ​អាច​ធ្វើ​ការ​ឆ្លើយតប ឬ​ស្នើ​ឲ្យ​មាន​ការ​កែតម្រូវ​ចំពោះ​ការ​ផ្សព្វផ្សាយ​នោះ គឺជា​ការ​គ្រប់គ្រាន់​ហើយ។

ជាមួយ​គ្នា​នេះ ការ​កោះហៅ​រដ្ឋាភិបាល​ទៅ​សាកសួរ​នេះ ដើម្បី​ជា​ការ​ឆ្លុះបញ្ចាំង​អំពី​ការ​គោរព និង​អនុវត្ត​នូវ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​របប​សភា​និយម ដូច្នេះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សង្ឃឹម​ថា តំណាងរាស្ត្រ​នីតិកាល​ទី​៦ នឹង​ពិចារណា​ដាក់​ជា​សំណួរ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​ឆ្លើយតប​ជុំវិញ​ការ​បិទ​សារព័ត៌មាន VOD នា​ពេល​ថ្មីៗ​នេះ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឲ្យ​ដឹង​ថា វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) បង្កើត​ឱ្យ​មាន​តុល្យភាព​សារព័ត៌មាន និង​ផ្ដល់​ចំណេះដឹង​ទាក់ទិន​នឹង​ជីវភាព​សង្គម សេដ្ឋកិច្ច និង​នយោបាយ​សំខាន់ៗ។ វិទ្យុ​វីអូឌី​នេះ​បាន​ផ្ដល់​នូវ​សំឡេង​ទៅ​ដល់​អ្នក​ដែល​គ្មាន​មធ្យោបាយ អ្នក​ដែល​គ្មាន​ឱកាស​បញ្ចេញ​សំឡេង ឱ្យ​អ្នក​មាន​តួនាទី​ធ្វើ​សេចក្តី​សម្រេច​នៅ​ថ្នាក់​ជាតិ និង​មូលដ្ឋាន​បាន​ដឹង​បាន​ឮ និង​ឆ្លើយតប​សមស្រប និង​ទាន់​ពេលវេលា។

បន្ថែម​ពី​នេះ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រជាពលរដ្ឋ​ត្រូវការ​ព័ត៌មាន​ដែល​មាន​តុល្យភាព តម្លាភាព និង​គ្រប់​ជ្រុងជ្រោយ។

វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ត្រូវ​បាន​ប្រកាស​ឱ្យ​លុប​អាជ្ញាប័ណ្ណ​កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ បន្ទាប់ពី​មាន​បញ្ជា​ពី​លោក ហ៊ុន សែន ថា​អង្គភាព​សារព័ត៌មាន​មួយ​នេះ​មាន​ចេតនា​មួលបង្កាច់​កូនប្រុស​របស់​លោក​ជុំវិញ​ការ​ចុះហត្ថលេខា​ផ្តល់​ជំនួយ​ឱ្យ​ប្រទេស​តួកគី និង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​រដ្ឋាភិបាល​របស់​លោក​ជុំវិញ​ការ​គ្រប់គ្រង​ថវិកា​ជាតិ​ផង​ដែរ។

ក្រៅពី​បិទ​ហើយ បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​ដោយ​កុំ​ឲ្យ​អន្តរជាតិ​លូក​ដៃ​ពាក់ព័ន្ធ​នឹង​រឿង​ដែល​លោក​បិទ​សារព័ត៌មាន VOD ក្រោម​ហេតុផល​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​របស់​ជនបរទេស​ទាំងនោះ​ឡើយ។

ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ បន្ទាប់ពី​សហគមន៍​អន្តរជាតិ​បាន​ចេញ​ញត្តិ​ថ្កោលទោស​ដោយ​ចាត់ទុក​ការ​បិទ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ចុងក្រោយ​ថា​បាន​ប៉ះពាល់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស