មេដឹកនាំខ្មែរដែលក្រាញអំណាចផ្ដាច់មុខ លោក ហ៊ុន សែន ជំរុញឱ្យក្រសួងមហាផ្ទៃការពារសន្តិភាព លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
មេដឹកនាំខ្មែរដែលឡើងកាន់អំណាចដោយសារវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានលើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ក្រសួងមហាផ្ទៃត្រូវតែពង្រឹង និងថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ និងការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឲ្យបានដាច់ខាត។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន លើកឡើងថា ក្រសួងមហាផ្ទៃក៏ត្រូវជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានាក្នុងសង្គមផងដែរ។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ កុម្ភៈ នេះថា ក្រសួងមហាផ្ទៃមិនអាចការពារសន្តិភាព រក្សាស្ថិរភាពនយោបាយ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានទេ ព្រោះអ្នកដែលបំផ្លាញសន្តិភាព ធ្វើឲ្យអស្ថិរភាពនយោបាយ និងជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ គឺជាលោក ហ៊ុន សែន ខ្លួនឯងតែម្តង ខណៈគាត់គឺជាមេដឹកនាំដែលមានអំណាចគ្រប់គ្រងទាំងក្រសួងមហាផ្ទៃសព្វថ្ងៃនេះ។
លោក គឹម សុខ លើកឡើងថា ក្រសួងមហាផ្ទៃក៏មិនអាចការពារព្រះមហាក្សត្របានដែរ ព្រោះអ្នកដែលគំរាម និងប្រមាថរហូតដល់រំលោភព្រះរាជកិច្ចរបស់ព្រះអង្គ គឺជាលោក ហ៊ុន សែន។ ជាងនេះទៀត ក្រសួងមហាផ្ទៃក៏គ្មានសមត្ថភាពការពារបូរណភាពទឹកដីរបស់កម្ពុជាដែរ ព្រោះមនុស្សដែលជាមេរោគធំជាងគេក្នុងការបំផ្លាញបូរណភាពទឹកដី បំផ្លាញអធិបតេយ្យជាតិខ្មែរ ក៏នៅតែជាលោក ហ៊ុន សែន ដដែល ព្រោះគាត់បានឃុបឃិតជាមួយបរទេសឈ្លានពានបង្ហូរនិគមជនវៀតណាមចូលទឹកដីកម្ពុជារាប់ម៉ឺននាក់រហូតមក។
លោកបន្ថែមថា ជាក់ស្តែងកាលពីឆ្នាំ២០២២ លោក ហ៊ុន សែន បង្ហូរជនជាតិវៀតណាមខុសច្បាប់ឲ្យទៅរស់នៅប្រទេសកម្ពុជាយ៉ាងហោចណាស់ ៦ម៉ឺននាក់ឯណោះ។ លើសពីនេះ ជនជាតិវៀតណាមខុសច្បាប់ទាំងនោះទទួលបានប័ណ្ណស្នាក់នៅក្នុងប្រទេសកម្ពុជាដោយស្របច្បាប់ថែមទៀត។
អ្នកវិភាគឯករាជ្យរូបនេះបញ្ជាក់ថា ការលើកឡើងរបស់លោក ហ៊ុន សែន គ្រាន់តែនិយាយដើម្បីធ្វើប្រជាភិថុតិ និងភូតកុហកពលរដ្ឋខ្មែរប៉ុណ្ណោះ ព្រោះថាការបាត់បង់កោះត្រល់ទៅវៀតណាម ក៏គាត់ជាអ្នកធ្វើឲ្យបាត់បង់ ការកែប្រែផែនទីថ្មីតាមការចង់បានរបស់វៀតណាម ក៏គាត់ជាអ្នកឃុបឃិតជាមួយវៀតណាម ខណៈកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ដែលជាបញ្ជាការកងទ័ពជើងគោកមិនដែលបង្ហាញពីឆន្ទៈក្នុងការការពារព្រំដែនទាល់តែសោះ គឺទុកឲ្យវៀតណាមឈ្លានពានតាមអំពើចិត្តរហូតមក។
ការដឹកនាំនយោបាយរបស់លោក ហ៊ុន សែន ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីឆ្នាំ១៩៨៥ មក ត្រូវគេមើលឃើញថា មេដឹកនាំខ្មែររូបនេះបានប្រើអំណាចហួសដែនកំណត់ ដោយរំលោភលើសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ បំពានរដ្ឋធម្មនុញ្ញ រំលោភព្រះមហាក្សត្រ និងរំលោភលើច្បាប់អន្តរជាតិនានា ដូចជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ជាដើម។
ទាក់ទិននឹងបញ្ហានេះ អតីតប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានអះអាងកាលពីពេលថ្មីៗនេះថា កម្ពុជាដែលក្រោមការដឹកនាំរបស់បក្សកាន់អំណាច ធ្វើឱ្យមានសំឡេងទ្រហោយំរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែង ដោយសារការរំលោភយកដីធ្លី ការចាប់ឃុំខ្លួនអ្នកតវ៉ាដើម្បីសេរីភាព និងការបិទខ្ទប់សេរីភាពបញ្ចេញមតិគ្រប់បែបយ៉ាងពីសំណាក់រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា កម្ពុជាដែលក្រោមការដឹកនាំរបស់គណបក្សកាន់អំណាចដែលមានលោក ហ៊ុន សែន ជាមេដឹកនាំជាង ៤០ឆ្នាំមកនេះមានតែការរំលោភច្បាប់ រំលោភសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ ជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ និងធ្វើឱ្យបាត់បង់នូវអធិបតេយ្យជាតិ ជាដើម តាមរយៈនៃការសម្បទានទឹកដីខ្មែរឱ្យបរទេសឈ្លានពានគ្រប់រូបភាពតាំងពីឆ្នាំ១៩៨៥ មក។ ជាក់ស្តែង កោះត្រល់ និងចង្កោមកោះសេះ ត្រូវបានវៀតណាមគ្រប់គ្រងទាំងស្រុងក្រោមការឃុបឃិតគ្នារវាងលោក ហ៊ុន សែន និងវៀតណាម រហូតមក៕