មេដឹកនាំខ្មែរដែលក្រាញអំណាចជាង ៤ទសវត្ស លោក ហ៊ុន សែន ណែនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃជោគជ័យនៃនយោបាយឈ្នះឈ្នះរបស់លោក ក្រោយកម្ពុជាកើតមានជម្លោះបែកបាក់ជាតិជាង ៥សតវត្សទៅហើយនោះ។
ការអះអាងរបស់បុរសខ្លាំងដែលវៀតណាមលើកបន្តុបឲ្យឡើងកាន់អំណាចរូបនេះ បានលើកឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ឆ្នាំ១៩៩៨ គឺជាឆ្នាំដែលបានបញ្ចប់សង្គ្រាមលើទឹកដីកម្ពុជាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលមិនធ្លាប់មាន និងបាននាំមកនូវសុខសន្តិភាពរហូតដល់សព្វថ្ងៃនេះ។
លោក ហ៊ុន សែន លើកឡើងថា នយោបាយឈ្នះឈ្នះរបស់លោកបានចាប់ផ្ដើមអនុវត្តកាលពីខែកុម្ភៈ ឆ្នាំ១៩៩៦ ដែលពេលនោះលោកបានចុះដោយផ្ទាល់នៅតាមមូលដ្ឋាននានាដើម្បីធ្វើសមាហរណកម្មបង្រួបបង្រួមជាតិឡើងវិញ ព្រោះតាំងពីអតីតកាលមក កម្ពុជាមានការបែកបាក់ជាតិស្ទើរគ្រប់សម័យកាលដែលធ្វើឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងជ្រោះនៃគ្រោះមហន្តរាយ និងបង្កការលំបាកដល់ពលរដ្ឋគ្រប់បែបយ៉ាង។
មេដឹកនាំបក្សកាន់អំណាចដែលចូលចិត្តប្រើអំពើហិង្សា លោក ហ៊ុន សែន បញ្ជាក់ថា ខ្មែរក្រហមទោះខ្លាំងយ៉ាងណាក៏ដោយ ក៏មិនអាចគ្រប់គ្រងកម្លាំងរបស់ខ្លួនបានទាំងអស់បានដែរ។ លើសពីនេះ អ៊ុនតាក់ចូលមកកម្ពុជា និងចាយលុយអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ បានដកចេញពីកម្ពុជាវិញដោយបន្សល់ទុកឱ្យកម្ពុជាមានតំបន់ត្រួតត្រាជាច្រើន និងមានការផ្ទុះអាវុធគ្រប់ទីកន្លែង ប៉ុន្តែកម្ពុជាដែលក្រោមការដឹកនាំរបស់លោក ទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញ។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ កូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីដ៏ចម្រូងចម្រាសរបស់បក្សកាន់អំណាច បានលើកឡើងថា នយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានកម្ចាត់ចោលនូវសត្រូវដ៏ធំបំផុតរបស់កម្ពុជា គឺសង្គ្រាម និងការបែកបាក់ជាតិ ដោយប្តូរបានមកវិញនូវការបង្រួបបង្រួមជាតិ និងសុខសន្តិភាពរហូតដល់សព្វថ្ងៃនេះ។ ប៉ុន្តែឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ធ្លាប់មានប្រសាសន៍ថា សត្រូវធំបំផុតរបស់មហាជន គឺភាពអវិជ្ជា និងភាពក្រីក្រ។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ កុម្ភៈ នេះថា ការដឹកនាំរបស់លោក ហ៊ុន សែន មិនមែនបញ្ចប់សង្គ្រាម និងរកសន្តិភាពឱ្យកម្ពុជាទេ ព្រោះថាការដឹកនាំរបស់គាត់សព្វថ្ងៃនេះកំពុងប្រព្រឹត្តអំពើឃាតកម្មនីតិរដ្ឋ និងឃាតកម្មប្រជាធិបតេយ្យយ៉ាងធំធេងដែលបានបង្កើតឡើងក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ខណៈនយោបាយឈ្នះឈ្នះដែលលោក ហ៊ុន សែន បានលើកឡើងនោះគ្រាន់តែជាជ័យជម្នះនយោបាយក្តោបក្តាប់អំណាចរបស់គាត់ប៉ុណ្ណោះ។
លោក គឹម សុខ លើកឡើងថា បន្ទាប់ពីលោក ហ៊ុន សែន ឡើងកាន់អំណាចក្រោយវៀតណាមលើកបន្តុប គាត់មិនអាចដឹកនាំរកការបង្រួបបង្រួមបានទេ គឺមានតែសម្លាប់អ្នកនយោបាយ និងពលរដ្ឋខ្លួនឯងប៉ុណ្ណោះនៅមុនពេលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ប៉ុន្តែនៅពេលដែលកិច្ចសន្យាអន្តរជាតិមួយនេះបានចូលមកដល់ ទើបកម្ពុជាចាប់ផ្តើមមានការចរចាពីគ្រប់ភាគី និងអាចបញ្ចប់បាននូវជម្លោះប្រដាប់អាវុធផ្ទៃក្នុងរបស់ខ្លួនបានរហូតដល់ពេលនេះ។
អ្នកវិភាគឯករាជ្យរូបនេះ បញ្ជាក់ថា លោក ហ៊ុន សែន អួតថានយោបាយឈ្នះឈ្នះរបស់គាត់ចាប់ផ្តើមពីអំឡុងឆ្នាំ១៩៩៦ និងបញ្ចប់នៅឆ្នាំ១៩៩៨ គឺមានរយៈពេលតែ ២ឆ្នាំប៉ុណ្ណោះ ដូច្នេះបើគាត់ពិតជាមានសមត្ថភាពបែបនេះមែន ហេតុអ្វីគាត់មិនប្រើនយោបាយឈ្នះឈ្នះពីឆ្នាំ១៩៨៥ ដែលវៀតណាមលើកបន្តុបមក ដើម្បីបញ្ចប់សង្គ្រាមនៅឆ្នាំ១៩៨៧ តែម្តងទៅ ចាំបាច់ទុកឱ្យសង្គ្រាមនៅកម្ពុជាអូសបន្លាយរហូតមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ធ្វើអ្វី?
លោក គឹម សុខ គូសបញ្ជាក់ថា ការអួតពីនយោបាយឈ្នះឈ្នះ គ្រាន់តែជាវិធីធ្វើប្រជាភិថុតិដែលគាត់ប្រើដើម្បីបំភ្លៃការពិត និងមានចេតនាលុបបំបាត់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះ អ្នកសង្កេតការណ៍កម្ពុជាលោក សុខ សុគន្ធ អះអាងថា មេដឹកនាំនយោបាយនៅកម្ពុជា គឺជាក្រុមអ្នកនយោបាយដែលគ្មានគោលដៅដើម្បីជាតិពិតប្រាកដនោះទេ ប៉ុន្តែពួកគេគ្រាន់តែប្រឹងរកកន្លែងឈរជើងដើម្បីជីវភាពនយោបាយខ្លួនឯងប៉ុណ្ណោះ មិនមែនដើម្បីប្រទេសជាតិ ឬប្រជាជនខ្មែរនោះឡើយ។
ក្រុមអ្នកឃ្លាំមើលនិយាយថា អស់រយៈពេលជិត ១៨ឆ្នាំមកនេះ ក្រោយវិសោធនកម្មរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក ៥០ភាគរយបូក១ កម្ពុជាបានប្រែក្លាយជាប្រទេសដែលដឹកនាំដោយពហុបក្សទៅជារដ្ឋមួយដឹកនាំដោយឯកបក្ស ដែលនាំឲ្យលោក ហ៊ុន សែន អាចជិះសេះលែងដៃប្រើអំណាចតាមទំនើងចិត្ត រំលោភរដ្ឋធម្មនុញ្ញ រំលោភតួនាទីរបស់ព្រះមហាក្សត្រ រំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បំផ្លាញមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ រំលាយគណបក្សសង្គ្រោះជាតិ រំលោភសិទ្ធិមនុស្ស រំលោភនីតិរដ្ឋ សម្លាប់បណ្ដាញសារព័ត៌មានឯករាជ្យ បង្កើនការប្រព្រឹត្តអំពើពុករលួយ ការលាងលុយកខ្វក់ ការឃុំខ្លួនសកម្មជននយោបាយ និងសកម្មជនសង្គមជាដើម៕