27 C
Phnom Penh

លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា​ជា​ឃាតករ​សម្លាប់​ប្អូនថ្លៃ​និង​ក្មួយ​ខ្លួនឯង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចោទ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ថា​ជា​ឃាតករ​សម្លាប់​ប្អូនថ្លៃ និង​ក្មួយប្រុស​ស្រី​ខ្លួនឯង​ក្រៅ​ប្រព័ន្ធ​ច្បាប់ ដែល​បង្ក​ទៅ​ជា​អំពើ​និទ្ទណ្ឌភាព​នៅ​កម្ពុជា​អស់​រយៈពេល​រាប់​សិប​ឆ្នាំ​ក្រោម​អំណាច​ដ៏​ឃោរឃៅ​របស់​គាត់។

លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៨ កុម្ភៈ នេះ​ថា មេដឹកនាំ​ខ្មែរ​បាតដៃ​ប្រឡាក់​ឈាម​លោក ហ៊ុន សែន បាន​សម្លាប់​ទាំង​ប្អូនថ្លៃ​របស់​ខ្លួន គឺ​លោក កូវ សាមុត ព្រមទាំង​កូនប្រសា​របស់​លោក កូវ សាមុត ឈ្មោះ រ័ត្ន ចន្ទសូណូឌី និង​អ្នកនាង កូវ ច័ន្ទសុវណ្ណរឹទ្ធិ ដែល​ជា​កូនស្រី​តែ​មួយ​របស់​លោក កូវ សាមុត ផង​ដែរ​កាលពី​អំឡុង​ឆ្នាំ​១៩៩៦ និង​អំឡុង​ឆ្នាំ​២០០៧ ហើយ​ឃាតកម្ម​នេះ​គ្មាន​នរណា​ម្នាក់​ហ៊ាន​និយាយ​ឡើយ។

លោក សម រង្ស៊ី លើកឡើង​ថា អំពើ​និទ្ទណ្ឌភាព គឺជា​ទម្លាប់​អាក្រក់​ដែល​អ្នក​មាន​អំណាច​គ្មាន​សីលធម៌​សម្លាប់​មនុស្ស​ស្លូតត្រង់​ដោយ​គ្មាន​ទោសពៃរ៍ ដូច្នេះ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប គណបក្ស​នយោបាយ​គ្រប់​និន្នាការ មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ត្រូវតែ​រួម​កម្លាំង​គ្នា​តស៊ូ​ដើម្បី​បំបាត់​វប្បធម៌​ហិង្សា និង​វប្បធម៌​និទ្ទណ្ឌភាព ទើប​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ពិតប្រាកដ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ដើម្បី​សម្រេច​គោលដៅ​នេះ​បាន​ទាល់តែ​លទ្ធិប្រជាធិបតេយ្យ​ចាក់​ឫសគល់​យ៉ាង​ជ្រៅ ប៉ុន្តែ​ដើម្បី​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​អាច​ចាក់​ឫស​រឹងមាំ​នៅ​កម្ពុជា​បាន ចាំបាច់​ណាស់​ត្រូវតែ​មាន​ការ​ផ្លាស់ប្ដូរ​មួយ​ដែល​មិន​ខ្វះ​បាន​ឡើយ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លងទៅ​ថា កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​បង្កើត​ឲ្យ​មាន​ការ​សម្លាប់ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​រាប់​មិន​អស់ ដែល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ពុំ​មាន​ទោសទណ្ឌ ក្នុង​នោះ​លោក ហ៊ុន សែន បាន​ដំឡើង​បុណ្យ​ស័ក្តិ និង​ផ្តល់​រង្វាន់​ដល់​ក្រុម​ឃាតករ​ក្រោម​បញ្ជា​របស់​ខ្លួន​ជាច្រើន​នាក់ ដែល​សុទ្ធសឹងតែ​ជា​មនុស្ស​ស្ថិត​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ អះអាង​ថា ករណី​ឃាតកម្ម​ទាំងនោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ខ្លាំង ដូចជា​កងកម្លាំង​យោធា កម្លាំង​នគរបាល កងរាជ​អាវុធហត្ថ និង​បុគ្គលិក​ចារកម្ម ជាដើម ដែល​ពួកគេ​កំពុង​កាន់កាប់​តួនាទី​ធំៗ ហើយ​កំពុង​នៅ​ក្បែរ​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ បុរស​ខ្លាំង​ដែល​អម​ទៅ​ដោយ​ក្រុម​មន្ត្រី​បាតដៃ​ប្រឡាក់​ឈាម​រូប​នេះ ធ្លាប់​បង្ហាញ​ឥរិយាបថ​កោងកាច​សាហាវ​យង់ឃ្នង​ជា​សាធារណៈ​ពី​ការ​សម្លាប់​អ្នក​ដែល​ប្រឆាំង​នឹង​លោក​ជាច្រើន​ដង​ផង​ដែរ។ ជាក់ស្តែង កាលពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​មួយ​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ក្នុង​ទីក្រុង​ភ្នំពេញ​ថា លោក​ពិត​ជា​មាន​ការ​សោកស្តាយ​ខ្លាំង​ណាស់​ដែល​លោក​មិន​បាន​សម្លាប់​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មាន​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក។

ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​គំរាម​សម្លាប់​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​មួយ​រូប គឺ​លោក សុខ សុគន្ធ បន្ទាប់ពី​អ្នកវិភាគ​រូប​នោះ​រិះគន់​ការ​ដឹកនាំ​របស់​លោក​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។

បញ្ហា​នេះ លោក ហ៊ុន សែន ចោទ​សួរ​ថា ថា​តើ​លោក សុខ សុគន្ធ ចង់​ស្លាប់​តាម​ដំណើរ​ដោយ​អស់​អាយុ​ធម្មតា ឬ​ចង់​ស្លាប់​ឱ្យ​បាន​ឆាប់? លោក​គំរាម​ថា បើ​ទោះជា​លោក សុខ សុគន្ធ ចង់​រស់ ក៏​រស់​មិន​បាន​យូរ​ដែរ។

ទាក់ទិន​នឹង​រឿង​នេះ គេ​មើល​ឃើញ​ថា អំពើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​មួយ​ចំនួន​ដែល​បាន​កើត​មាន​នៅ​កម្ពុជា​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ទៅ​នឹង​ក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន ជាពិសេស​គឺ​អ្នកស្រី ប៊ុន រ៉ានី ដែល​ជា​ភរិយា​របស់​គាត់​តែម្តង។

ជាក់ស្តែង កាលពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​១៩៩៩ ទស្សនាវដ្ដី អ៊ិចប្រេស របស់​បារាំង បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណងជើង​ថា «ការ​លាតត្រដាង​នូវ​ឧក្រិដ្ឋកម្ម​ដែល​បង្ក​ឡើង​ដោយ​ភ្នាក់ងារ​រដ្ឋ» បាន​ចោទ​ថា អ្នកស្រី ប៊ុន រ៉ានី ដែល​ត្រូវ​ជា​ភរិយា​របស់​លោក ហ៊ុន សែន ថា​ជា​អ្នក​បញ្ជា​ឃាតករ​ឱ្យ​បាញ់​សម្លាប់​នាដការី​របាំ​ព្រះរាជទ្រព្យ​អ្នកស្រី ពិសិដ្ឋ ពីលីកា ដែល​ជា​សហាយស្មន់​របស់​លោក ហ៊ុន សែន នៅ​ឆ្នាំ​នោះ។

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ក្នុង​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន បណ្តាល​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ខ្នាត​ធំ​ជាច្រើន​ដែល​រក​ឃាតករ​មិន​ឃើញ។ ឃាតកម្ម​ទាំងនោះ​មាន​ដូចជា​បាញ់​សម្លាប់​អ្នក​កាសែត​ល្បីៗ​ដូចជា៖

  • លោក ធន់ ប៊ុនលី ចាងហ្វាង​កាសែត​ឧត្តមគតិ​ខ្មែរ​អំឡុង​ឆ្នាំ​១៩៩៦
  • លោក ជួ ជិតធារិទ្ធ ពិធីករ​នៃ​វិទ្យុ​តាព្រហ្ម របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច កាលពី​អំឡុង​ឆ្នាំ​២០០៣។

និង​ការ​បាញ់​សម្លាប់​កងទ័ព​រាជា​និយម​ហ៊្វុនស៊ិនប៉ិច នៅ​អំឡុង​រដ្ឋប្រហារ​បង្ហូរ​ឈាម​កាលពី​ឆ្នាំ​១៩៩៧ ជាង ២០០​នាក់ រួម​ទាំង​ឧត្តមសេនីយ៍​សំខាន់ៗ​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ដូចជា៖

  • ឧត្តមសេនីយ៍ ក្រូច យឿម
  • លោក ចៅ សម្បត្តិ
  • លោក ជារិទ្ធិ ឈុត
  • និង​លោក ហូ សុខ ត្រូវ​បាន​ប្រហារ​ជីវិត​ក្រៅ​ប្រព័ន្ធ​ច្បាប់ ដែល​រហូត​មក​ទល់​ពេលនេះ ឃាតករ​ពិតប្រាកដ​នៅ​មិន​ទាន់​ត្រូវ​បាន​យក​មក​ផ្ដន្ទាទោស​នោះ​ទេ។

ជាង​នេះ​ទៀត ក៏​មាន​ការ​បាញ់​សម្លាប់៖

  • អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា កាលពី​ឆ្នាំ​២០០៤
  • ការ​បាញ់​ប្រហារ​ទៅ​លើ​ព្រះតេជព្រះគុណ សំ ប៊ុនធឿន កាលពី​ឆ្នាំ​២០០៣
  • ការ​បាញ់​សម្លាប់​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី កាលពី​ឆ្នាំ​២០១២
  • និង​ការ​បាញ់​សម្លាប់​លើ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត កែម ឡី កាលពី​ឆ្នាំ​២០១៦ ជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស