38 C
Phnom Penh

អតីត​បុគ្គលិក VOD ចំនួន​២៥​នាក់​ទទួល​យក​ក្របខ័ណ្ឌ​រដ្ឋ​ដែល​លោក ហ៊ុន សែន ផ្ដល់​ឱ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ឲ្យ​ដឹង​ថា រហូត​ដល់​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ដែល​ជា​ថ្ងៃ​ផុត​ឱសានវាទ អតីត​បុគ្គលិក VOD ចំនួន ២៥​នាក់​បាន​សម្រេច​ទទួល​យក​ក្របខ័ណ្ឌ​រដ្ឋ​ដែល​លោក ហ៊ុន សែន ផ្ដល់​ឲ្យ​បន្ទាប់ពី​លោក​បាន​បញ្ជា​ឲ្យ​ក្រសួង​ព័ត៌មាន​ដក​អាជ្ញាប័ណ្ណ​សារព័ត៌មាន VOD ដោយ​ប្រើ​រយៈពេល​ត្រឹមតែ ២៤​ម៉ោង។

ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​នៅ​ពេលនេះ ដោយសារ​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ជា​ថ្ងៃ​ផុត​ឱសានវាទ​ដែល​លោក ហ៊ុន សែន បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​អតីត​បុគ្គលិក VOD ចូល​ក្របខ័ណ្ឌ​រដ្ឋ​ដោយ​មិន​ចាំបាច់​ប្រឡង​ឡើយ។

ការ​ផ្ដល់​ក្របខ័ណ្ឌ​រដ្ឋ​នេះ ធ្វើឡើង​បន្ទាប់ពី​បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា​បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ឲ្យ​ដក​អាជ្ញាប័ណ្ណ VOD ទាំង​តក់ក្រហល់​ដោយ​ប្រើ​រយៈពេល​មិន​ដល់ ២៤​ម៉ោង​ផង​នោះ។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លោក ព្រុំ សុខា បាន​ប្រាប់​សារព័ត៌មាន​របស់​លោក ហ៊ុន សែន Fresh News ថា គិត​ចាប់តាំងពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២៨ ខែ​កុម្ភៈ នេះ អតីត​បុគ្គលិក VOD ចំនួន ២៥​នាក់ ក្នុង​នោះ​ស្ត្រី ៦​នាក់​បាន​ទទួល​ក្របខ័ណ្ឌ​រដ្ឋ​ដែល​លោក ហ៊ុន សែន បាន​ប្រកាស​ផ្ដល់​ឲ្យ​កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ បន្ទាប់ពី​លោក ហ៊ុន សែន ខ្លួនឯង​បាន​បញ្ជា​ទៅ​ក្រសួង​ព័ត៌មាន​ឱ្យ​ដក​អាជ្ញាប័ណ្ណ​បិទ​សារព័ត៌មាន VOD។ លោក​បញ្ជាក់​ថា ក្រសួង​នឹង​ឈប់​ទទួល​ពាក្យ​អតីត​បុគ្គលិក VOD ចាប់ពី​ថ្ងៃទី​២៨ ខែ​កុម្ភៈ នេះ​តទៅ។

យ៉ាងណា​ក៏ដោយ សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​ស្ដីទី​សារព័ត៌មាន វីអូឌី (VOD) លោក អ៊ិត សុធឿត ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ។

កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្រសួង​ព័ត៌មាន​ដក​អាជ្ញាប័ណ្ណ​សារព័ត៌មាន វីអូឌី បន្ទាប់ពី​លោក ហ៊ុន សែន បាន​បញ្ជា​ក្រោយពី​លោក​មិន​ពេញចិត្ត​នឹង​ការ​ចុះ​ព័ត៌មាន​របស់​សារព័ត៌មាន​កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្រោម​ចំណងជើង​ថា «មន្ត្រី​រដ្ឋាភិបាល​ថា ការ​ដែល​លោក ហ៊ុន ម៉ាណែត ដើរ​តួនាទី​ជំនួស​ឪពុក​ដោយ​ចុះហត្ថលេខា​ផ្តល់​ជំនួយ​ថវិកា​ទៅ​ឱ្យ​ប្រទេស​តួកគី ដែល​កំពុង​រងគ្រោះ​រញ្ជួយ​ដី​នោះ មិនមែន​ជា​រឿង​ខុស​ឆ្គង​ទេ ដោយសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ឪពុក​កំពុង​មាន​ធុរៈ រីឯ​អ្នក​ឃ្លាំមើល​យល់​ថា បើ​អនុលោម​តាម​ច្បាប់ គឺ​នាយករដ្ឋមន្ត្រី​ស្តីទី ឬ​ឧបនាយករដ្ឋមន្ត្រី គួរ​ជា​អ្នក​បំពេញ​ភារកិច្ច​នេះ​នៅ​ពេល​នាយករដ្ឋមន្ត្រី​ខកខាន។»

សារព័ត៌មាន VOD ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ នេះ ត្រូវ​បាន​លោក ហ៊ុន ម៉ាណែត បដិសេធ ខណៈ​លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត បាន​ខឹងសម្បា និង​ចោទប្រកាន់​សារព័ត៌មាន វីអូឌី ថា​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត បើ​ទោះបីជា VOD បាន​ចុះផ្សាយ​តាម​សម្ដី​របស់​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដោយ​មាន​ទាំង​សំឡេង​ជា​ភស្តុតាង​ច្បាស់លាស់​នោះ។

គិត​មក​ដល់​ពេលនេះ លោក ហ៊ុន សែន មិន​ទាន់​បង្ហាញ​ឲ្យ​សារព័ត៌មាន​បាន​ដឹង​នៅឡើយ​ថា អ្នក​ណា​ជា​អ្នក​ចុះហត្ថលេខា​ផ្ដល់​ជំនួយ​ទៅ​ប្រទេស​តួកគី ខណៈ​លោក ផៃ ស៊ីផាន បាន​ប្រាប់​សារព័ត៌មាន វីអូឌី ថា លោក ហ៊ុន ម៉ាណែត មាន​សិទ្ធិ​ចុះហត្ថលេខា​ជំនួស​ឪពុក។

ទោះបីជា​មាន​ការ​អះអាង​ពី​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ច្បាស់ៗ​ក៏​ពិត​មែន ប៉ុន្តែ​លោក ហ៊ុន សែន នៅតែ​បញ្ជា​ឲ្យ​ដក​អាជ្ញាប័ណ្ណ​សារព័ត៌មាន VOD ដោយ​គ្មាន​ការ​លើកលែង។

ក្រោយពី​បិទ​នៅ​ថ្ងៃទី​១៤ ខែ​កុម្ភៈ លោក ហ៊ុន សែន បាន​ប្រកាស​ផ្ដល់​ក្របខ័ណ្ឌ​រដ្ឋ​ដល់​បុគ្គលិក VOD ដោយ​មិន​ចាំបាច់​ប្រឡង ខណៈ​បុគ្គល​ខ្លះ​បាន​បដិសេធ​ទទួល​យក​ក្របខ័ណ្ឌ​រដ្ឋ​ដែល​លោក ហ៊ុន សែន ផ្ដល់​ឲ្យ ដោយ​ថា​ពួកគេ​នៅ​ស្រឡាញ់​អាជីព​ព័ត៌មាន និង​អ្នក​ខ្លះ​សុខចិត្ត​ទៅ​ធ្វើ​ស្រែ ឬ​ប្រកប​របរ​ឡើង​ត្នោត ជាដើម។

វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD ជា​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ចុងក្រោយ​នៅ​កម្ពុជា ដែល​បាន​ដំណើរការ​រយៈពេល ២០​ឆ្នាំ​មក​ហើយ។ រយៈពេល ២០​ឆ្នាំ​នេះ វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ចុះ​យក​ព័ត៌មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​ដីធ្លី បរិស្ថាន នយោបាយ អំពើពុករលួយ និង​បញ្ហា​អយុត្តិធម៌​ក្នុង​សង្គម​ផ្សេងៗ​ទៀត​ដែល​កំពុង​កើតឡើង​នៅ​ប្រទេស​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស