34 C
Phnom Penh

អ្នក​ឃ្លាំមើល​សង្ស័យ​ការ​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ FATF អាច​មាន​ការ​សម្រប​សម្រួល​នយោបាយ​ជាមួយ​មហាអំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​សង្កេតការណ៍​សង្ស័យ​ថា ការ​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់ អាច​មាន​ការ​សម្របសម្រួល​នយោបាយ​ដ៏​ធំ​មួយ​រវាង​លោក ហ៊ុន សែន ជាមួយ​មេដឹកនាំ​នៃ​ប្រទេស G20 កាលពី​ពេល​ថ្មីៗ​នេះ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២៨ កុម្ភៈ ថា ក្រុម​ការងារ​សកម្មភាព​ហិរញ្ញវត្ថុ (FATF) គឺ​ជា​អង្គភាព​មួយ​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ប្រទេស G20 ខ្លាំង​ណាស់ ដូច្នេះ​ការ​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់ អាច​ដោយសារ​មាន​ការ​សម្របសម្រួល​នយោបាយ​ពី​មេដឹកនាំ​នៃ​ប្រទេស​ទាំងនោះ។

លោក គឹម សុខ លើកឡើង​ថា ជំនួប​ដ៏​កម្រ និង​គួរ​ឱ្យ​សង្ស័យ​រវាង​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន និង​មេដឹកនាំ​នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងនោះ ដូចជា​ជំនួប​រវាង​លោក ហ៊ុន សែន និង​ប្រធានាធិបតី​បារាំង លោក អេម៉ានូអេល ម៉ាក្រុង នៅ​ពាក់កណ្តាល​ខែ​ធ្នូ ឆ្នាំ​២០២២ និង​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​របស់​លោក ហ៊ុន សែន ទៅ​កាន់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២២ ជាដើម។

លោក​បន្ថែម​ថា ក្រៅពី​ជំនួប​ជាមួយ​ប្រធានាធិបតី​បារាំង និង​ដំណើរ​ទស្សនកិច្ច​នៅ​ស្ថានទូត​អាមេរិក លោក ហ៊ុន សែន ក៏​បាន​ជួប​ជាមួយ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ផង​ដែរ ដែល​ជំនួប​ទាំងនេះ​ជា​ភស្តុតាង​ដែល​គួរ​ឱ្យ​សង្ស័យ​បំផុត​ទាក់ទិន​នឹង​ការ​ពិភាក្សា​ស៊ីជម្រៅ​អំពី​ស្ថានការណ៍​នយោបាយ ដែល​នាំ​ឱ្យ​មាន​ការ​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់​នៅ​ពេលនេះ។

អ្នកវិភាគ​នយោបាយ និង​សង្គម​រូប​នេះ​បញ្ជាក់​ថា ការ​ដាក់​ការ​សង្ស័យ​របស់​លោក​បែប​នេះ ដោយសារតែ​លោក​មើល​ឃើញ​ថា កម្ពុជា​នៅ​មិន​ទាន់​អនុវត្ត​នូវ​ការ​ទប់ស្កាត់ ឬ​បោស​សម្អាត​ប្រភព​ដែល​នាំ​ឱ្យ​កើតមាន​អំពើ​លាង​លុយ​កខ្វក់​ឱ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ ដូចជា​ល្បែង​ស៊ីសង​ខុស​ច្បាប់ ការ​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស និង​តម្លាភាព​របស់​រដ្ឋាភិបាល​លើ​ជំនួញ​របស់​ឧកញ៉ា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រួសារ​អ្នក​មាន​អំណាច​សព្វថ្ងៃ​នេះ ជាដើម។

លោក គឹម សុខ គូស​បញ្ជាក់​ថា អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​សម្រាប់​រដ្ឋាភិបាល​លោក ហ៊ុន សែន ជុំវិញ​ការ​ទប់ស្កាត់​ការ​លាង​លុយ​កខ្វក់​នេះ គឺ​គ្រាន់តែ​មាន​ឯកសារ​ផែនការ​បង្ហាញ​ពី​ការ​សន្យា​តាមរយៈ​នៃ​ការ​ធ្វើ​វិសោធនកម្ម​នូវ​មាត្រា​ខ្លះ​នៃ​ច្បាប់​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​លោក​មិន​ទាន់​ឃើញ​មាន​ការ​អនុវត្ត​ណា​មួយ ដើម្បី​បោស​សម្អាត​អំពើ​លាង​លុយ​កខ្វក់​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ​រហូត​មក​ដល់​ពេលនេះ។

កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្រុម​ការងារ​សកម្មភាព​ហិរញ្ញវត្ថុ (FATF) ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ប៉ារីស បាន​ដក​ប្រទេស​កម្ពុជា​ចេញពី​បញ្ជី​ពណ៌​ប្រផេះ​នៃ​បណ្តា​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​ការ​លាង​លុយ​កខ្វក់ បន្ទាប់ពី​កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​នេះ ៤​ឆ្នាំ​ជាប់​គ្នា​តាំងពី​ឆ្នាំ​២០១៩ មក។

កាលពី​ថ្ងៃ​ចន្ទ ទី​២៧ កុម្ភៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ជំនួប​មួយ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អាមេរិក-អាស៊ាន (US-ASEAN Business Council) ថា ការ​សម្រេច​របស់​អង្គការ FATF ក្នុង​ការ​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ គឺជា​សមិទ្ធផល​មួយ​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​បង្កើន​ជំនឿ​ទុកចិត្ត​ពី​សំណាក់​វិនិយោគិន​មក​លើ​បរិយាកាស​វិនិយោគ ក៏ដូចជា​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ​ផង​ដែរ។

ទោះជា​បែប​នេះ​ក្តី សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​អង្គារ ទី​២៨ កុម្ភៈ ថា ការ​សម្រេច​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​នេះ មិនមែន​មាន​ន័យ​ថា​កម្ពុជា​ក្លាយ​ជា​ប្រទេស​ស្អាតស្អំ​ទេ។

លោក​បន្ថែម​ថា បើ​ទោះបីជា​កម្ពុជា​ត្រូវ​បាន​ដក​ចេញពី​បញ្ជី​នេះ​ហើយ​ក៏ដោយ ក៏​ក្រុមហ៊ុន​វិនិយោគ​អន្តរជាតិ​ស្អាតស្អំ គ្មាន​ទំនុកចិត្ត​មក​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ភ្លាមៗ​ដែរ។

កម្ពុជា​ធ្លាប់​បាន​រួច​ផុត​ពី​បញ្ជី​ប្រផេះ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៩ មក កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​នេះ​វិញ​រហូត​ដល់ ៤​ឆ្នាំ​ជាប់​គ្នា ខណៈ​ឆ្នាំ​២០២៣ នេះ កម្ពុជា​ត្រូវ​រួច​ផុត​ពី​ក្នុង​បញ្ជី​នេះ​ម្តង​ទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស