29 C
Phnom Penh

អតីត​បុគ្គលិក VOD ជិត​៣០​នាក់​ដាក់​ពាក្យ​ចូល​ក្របខ័ណ្ឌ​រដ្ឋ​បន្ទាប់ពី​លោក ហ៊ុន សែន បិទ​សារព័ត៌មាន​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ព័ត៌មាន អះអាង​ថា គិត​ត្រឹម​ថ្ងៃទី​២៨ ខែ​កុម្ភៈ កន្លងទៅ អតីត​បុគ្គលិក​វិទ្យុ VOD ជិត ៣០​នាក់​បាន​ដាក់​ពាក្យ​បម្រើ​ការងារ​ក្របខ័ណ្ឌ​រដ្ឋ​ដែល​លោក ហ៊ុន សែន ផ្ដល់​ឲ្យ​បន្ទាប់ពី​លោក​បិទ​សារព័ត៌មាន VOD កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ។

រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លោក ព្រុំ សុខា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃទី​១ ខែ​មីនា នេះ​ថា អតីត​បុគ្គលិក​វិទ្យុ VOD ចំនួន ២៨​នាក់​បាន​ដាក់​ពាក្យ​ស្នើសុំ​ធ្វើការ​ក្របខ័ណ្ឌ​រដ្ឋ ក្នុង​នោះ​មាន​ស្ត្រី ៦​នាក់។

លោក ព្រុំ សុខា អះអាង​ថា លោក ហ៊ុន សែន បាន​ប្រកាស​ផ្ដល់​ក្របខ័ណ្ឌ​រដ្ឋ​ឲ្យ​បុគ្គលិក​វិទ្យុ VOD បន្ទាប់ពី​លោក​បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ឲ្យ​ដក​អាជ្ញាប័ណ្ណ​សារព័ត៌មាន VOD កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣។

ក្នុង​ចំណោម​បុគ្គលិក​វិទ្យុ VOD ប្រមាណ ៦០​នាក់ ក្នុង​នោះ​ចំនួន ២៨​នាក់​បាន​ដាក់​ចូល​ក្របខ័ណ្ឌ​រដ្ឋ ហើយ​ខ្លះ​ទៀត​មិន​ទទួល​ឡើយ ដែល​នាំ​ឲ្យ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ បាន​ផ្ញើ​សារ​ឌឺដង​លើ​ហ្វេសប៊ុក​របស់​លោក​ថា លោក​សូម​អរគុណ​ចំពោះ​អ្នក​បង្ហោះ​សារ​ថា មិន​ចូល​មក​ធ្វើការ​រដ្ឋ​ទេ សុខចិត្ត​ធ្វើ​ស្រែ និង​ឡើង​ត្នោត។ ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន បាន​បន្ទោស​បុគ្គលិក VOD ដែល​បង្ហោះ​សារ​នោះ​ថា​ជា​ពួក​អាក្រក់ ហើយ​ថា​បើ​មិន​ទទួល​យក មិន​ចាំបាច់​បង្ហោះ​សារ​ឌឺដង​ដាក់​លោក​នោះ​ទេ។

លោក​ថា ចំពោះ​រឿង​នេះ លោក​នឹង​រុញ​ទូក​បណ្តោយ​ទឹក ដើម្បី​ឲ្យ​ពួកគេ​ដឹង​ពី​របៀប​ដែល​លោក​គិត និង​ធ្វើការ ហើយ​លោក​នឹង​កំដរ​លេង​ជាមួយ​អ្នក​ដែល​មិន​ទទួល​យក​ក្របខ័ណ្ឌ​រដ្ឋ​ទាំងនោះ។

ក្រុម​អ្នក​ឃ្លាំមើល​ចាត់ទុក​សារ​របស់​លោក ហ៊ុន សែន បែប​នេះ ថា​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សុវត្ថិភាព​របស់​អតីត​បុគ្គលិក VOD។

សារព័ត៌មាន The Cambodia Daily មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​ស្ដីទី​សារព័ត៌មាន វីអូឌី (VOD) លោក អ៊ិត សុធឿត ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស