ក្រុមសង្គមស៊ីវិលសម្ដែងការព្រួយបារម្ភថា ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែបន្តវិធានការរឹតត្បិតសេរីភាពនានា អាចនឹងរុញឲ្យកម្ពុជាប្រឈមនឹងវិបត្តិជាច្រើនបន្ថែមទៀតទៅថ្ងៃមុខ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ មីនា នេះថា សិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជាមួយចំនួនដែលរងនូវការចោទប្រកាន់ថាបានធ្វើឱ្យប៉ះពាល់ដល់រដ្ឋាភិបាល ត្រូវមជ្ឈដ្ឋានជាតិ និងអន្តរជាតិរិះគន់ថា បានរងនូវការគាបសង្កត់យ៉ាងធ្ងន់ធ្ងរពីវិធានការរបស់រដ្ឋាភិបាលដែលជាមូលហេតុធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាសព្វថ្ងៃនេះ។
លោក ស៊ឹង សែនករុណា លើកឡើងថា ដោយសារតែបញ្ហានេះ សហគមន៍អន្តរជាតិតែងទាមទារឱ្យរដ្ឋាភិបាលបើកនូវលំហសេរីភាពបញ្ចេញមតិ និងសកម្មភាពនយោបាយដើម្បីឱ្យពលរដ្ឋខ្មែរអាចអនុវត្តនូវសិទ្ធិរបស់ខ្លួនបានពេញលេញស្របទៅតាមច្បាប់ដែលបានចែង។
លោកបន្ថែមថា ដើម្បីជំរុញឱ្យរដ្ឋាភិបាលអនុវត្តនូវការទាមទាររបស់ពួកគេ សហគមន៍អន្តរជាតិទាំងនោះបានដាក់ទណ្ឌកម្មមួយចំនួនលើរដ្ឋាភិបាលកម្ពុជា ដូចជាការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP របស់សហរដ្ឋអាមេរិក ជាដើម។
មន្ត្រីជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សរូបនេះ អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហលទ្ធិប្រជាធិបតេយ្យឱ្យទូលំទូលាយ និងអំពាវនាវឱ្យមេដឹកនាំនយោបាយគ្រប់និន្នាការស្វែងរកការចរចាដើម្បីគិតគូរពីផលប្រយោជន៍របស់ប្រទេសកម្ពុជា និងដើម្បីបើកលំហសេរីភាពនយោបាយសម្រាប់ការបោះឆ្នោតជាតិខាងមុខនេះផងដែរ។
កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចតម្កល់ទោសអតីតមេឃុំត្រែងត្រយឹង ជាប់ឆ្នោតរបស់អតីតគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារ ១៨ខែដដែល ក្រោមការចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ សាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា ខ្លួនបានទុកសិទ្ធិឱ្យជនជាប់ចោទប្តឹងជំទាស់ទៅកាន់តុលាការឧទ្ធរណ៍បន្តទៀតតាមការកំណត់ច្បាប់ជុំវិញករណីនេះ។
ការសម្រេចរបស់តុលាការក្រុងភ្នំពេញបែបនេះ ធ្វើឡើងបន្ទាប់ពីជនជាប់ចោទបានប្តឹងសើរើជំទាស់នឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយពីតុលាការផ្ដន្ទាទោសដោយកំបាំងមុខលើខ្លួនកាលពីអំឡុងខែសីហា ឆ្នាំ២០២២ កន្លងទៅ។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍របស់ខ្លួនស្តីអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាលពីពេលកន្លងទៅថា អាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន សែន បានរំលោភបំពានទៅលើសិទ្ធិប្រជាពលរដ្ឋ គណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនានាយ៉ាងធ្ងន់ធ្ងរ។ ចំណែកប្រព័ន្ធយុត្តិធម៌ និងតុលាការ ក៏ត្រូវបានប្រើប្រាស់ដោយមិនត្រឹមត្រូវ ដើម្បីបង្ក្រាបទៅលើអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាលដែលដឹកនាំដោយឯកបក្សសព្វថ្ងៃនេះផងដែរ។
ចំណែកគម្រោងយុត្តិធម៌ពិភពលោក (The World Justice Project) បានចេញរបាយការណ៍របស់ខ្លួនស្ដីពីនីតិរដ្ឋសម្រាប់ឆ្នាំ២០២២ ថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខទី១៣៩ ក្នុងចំណោម ១៤០ប្រទេសដែលមាននីតិរដ្ឋទាបបំផុត ដោយសារតែការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាគ្មានតម្លាភាព មានការគំរាមកំហែងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងការមិនធានាបាននូវប្រព័ន្ធយុត្តិធម៌របស់ខ្លួនជាដើម៕