38.1 C
Phnom Penh

អតីត​បុគ្គលិក​VOD​ចំនួន​២៦​នាក់​បាន​ចូល​ជា​មន្ត្រី​រាជការ​ក្នុង​ចំណោម​២៨​នាក់​ដែល​ដាក់​ពាក្យ​ចូល​ក្របខ័ណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​បុគ្គលិក​វិទ្យុ VOD ចំនួន ២៦​នាក់​ក្នុង​ចំណោម ២៨​នាក់ ត្រូវ​បាន​សម្រេច​ឲ្យ​ចូល​ធ្វើ​ជា​មន្ត្រី​រាជការ ខណៈ​អតីត​បុគ្គលិក ២​នាក់​ផ្សេង​ទៀត​បាន​បដិសេធ​មិន​ទទួល​យក​ឲ្យ​ចូល​ក្របខ័ណ្ឌ​រដ្ឋ ព្រោះ​មិន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់។

បើ​តាម​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​អនុប្រធាន​នៃ​គណៈកម្មការ​រៀបចំ​ការ​ទទួល​ពាក្យ​របស់​អតីត​បុគ្គលិក​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) និង​ជា​និពន្ធ​នាយក​ទូរទស្សន៍ PNN លោក ប៉ែន បូណា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃ​សុក្រ ទី​៣ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា អតីត​បុគ្គលិក​វិទ្យុ VOD ចំនួន ២៦​នាក់​ក្នុង​ចំណោម ២៨​នាក់ ត្រូវ​បាន​សម្រេច​ឲ្យ​ចូល​ធ្វើ​ជា​មន្ត្រី​រាជការ ហើយ​ពីរ​នាក់​ទៀត គណៈកម្មការ​បាន​បដិសេធ ដោយសារតែ​ម្នាក់​ដែល​ដាក់​ពាក្យ​ចូល​ក្របខ័ណ្ឌ​នោះ​បាន​ឈប់​ពី​វិទ្យុ VOD មុន​ការ​បិទ​បញ្ចប់​របស់​វិទ្យុ ខណៈ​ម្នាក់​ទៀត​មិនមែន​ជា​បុគ្គលិក​ពេញ​សិទ្ធិ​របស់ VOD។

បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា បាន​ផ្តល់​ក្របខ័ណ្ឌ​ដល់​បុគ្គលិក VOD បន្ទាប់ពី​លោក​បាន​បញ្ជា​ទៅ​ក្រសួង​ព័ត៌មាន ឲ្យ​ដក​អាជ្ញាប័ណ្ណ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ដោយ​ប្រើ​ពេល​ត្រឹមតែ ២៤​ម៉ោង​ប៉ុណ្ណោះ ដោយ​ការ​បិទ​នេះ​មិន​បាន​ធ្វើឡើង​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ឡើយ។

ក្រៅពី​បិទ​ហើយ លោក ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ដោយ​កុំ​ឲ្យ​អន្តរជាតិ​លូក​ដៃ​ពាក់ព័ន្ធ​នឹង​រឿង​ដែល​លោក​បិទ​សារព័ត៌មាន VOD ក្រោម​ហេតុផល​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​របស់​ជនបរទេស​ទាំងនោះ​ឡើយ។

វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) បង្កើត​ឱ្យ​មាន​តុល្យភាព​សារព័ត៌មាន និង​ផ្ដល់​ចំណេះដឹង​ទាក់ទិន​នឹង​ជីវភាព​សង្គម សេដ្ឋកិច្ច និង​នយោបាយ​សំខាន់ៗ។ វិទ្យុ​វីអូឌី​បាន​ផ្ដល់​នូវ​សំឡេង​ទៅ​ដល់​អ្នក​ដែល​គ្មាន​មធ្យោបាយ អ្នក​ដែល​គ្មាន​ឱកាស​បញ្ចេញ​សំឡេង​ឱ្យ​អ្នក​មាន​តួនាទី​ធ្វើ​សេចក្តី​សម្រេច​នៅ​ថ្នាក់​ជាតិ និង​មូលដ្ឋាន​បាន​ដឹង​បាន​ឮ និង​ឆ្លើយតប​សមស្រប និង​ទាន់​ពេលវេលា។

ទាក់ទង​ទៅ​នឹង​ការ​បិទ​វិទ្យុ VOD នេះ កន្លងមក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ទទូច​ឲ្យ​តំណាងរាស្ត្រ​កោះហៅ​រដ្ឋាភិបាល​ទៅ​សាកសួរ​ជុំវិញ​ការ​បិទ​សារព័ត៌មាន វីអូឌី ដើម្បី​ឆ្លុះបញ្ចាំង​អំពី​ការ​គោរព និង​អនុវត្ត​នូវ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បាន​ឲ្យ​ដឹង​ថា ការ​ស្នើសុំ​ឲ្យ​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ កោះហៅ​រដ្ឋាភិបាល ដោយ​មើល​ឃើញ​ថា ការ​សម្រេច​ភ្លាមៗ​លុប​ចោល​អាជ្ញាប័ណ្ណ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ដែល​បាន​ដំណើរការ​អស់​រយៈពេល​ជាង ២០​ឆ្នាំ​នេះ បង្ហាញ​ពី​មន្ទិល​សង្ស័យ ខណៈ​ស្ថាប័ន​សារព័ត៌មានVOD មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស