27 C
Phnom Penh

លោក ហ៊ុន សែន ស្នើ​បញ្ឈប់​ការ​ទាមទារ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​មរតក​វប្បធម៌​នានា​ជាមួយ​ប្រទេស​មាន​វប្បធម៌​ស្រដៀង​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ខ្មែរ​បញ្ឈប់​ការ​ទាមទារ​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​លើ​មរតក​វប្បធម៌​នានា​ជាមួយ​ប្រទេស​ដែល​មាន​វប្បធម៌​ស្រដៀង​គ្នា ដើម្បី​បញ្ចប់​វិវាទ​ដែល​កើតមាន ជាពិសេស «គុន​ខ្មែរ» (Kun Khmer) និង​មួយថៃ (Muay Thai) កាលពី​ពេល​ថ្មីៗ​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​សិល្បករ​ខ្មែរ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​អន្តរជាតិ​កោះពេជ្រ កាលពី​ថ្ងៃទី​២ ខែ​មីនា ថា នៅ​ពេល​ដែល​ប្រទេស​នីមួយៗ​ដណ្តើម​សិទ្ធិ​គ្រប់គ្រង​ផ្ដាច់មុខ​លើ​មរតក​វប្បធម៌​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​បែប​នេះ ទំនាស់​គឺ​នៅតែ​កើតមាន​ជា​រៀង​រហូត​គ្មាន​ថ្ងៃ​បញ្ចប់​ឡើយ។

មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន លើកឡើង​ថា ករណី​ពាក់ព័ន្ធ​នឹង​បញ្ហា «គុន​ខ្មែរ» និង «មួយថៃ» ដែល​កម្ពុជា និង​ថៃ បាន​ជជែក​វែកញែក​គ្នា​ដើម្បី​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​រៀងៗ​ខ្លួន​នៅ​ពេលនេះ នឹង​នាំ​ទៅ​រក​ជម្លោះ​កាន់តែ​ធំ ព្រោះ​ថា​កម្ពុជា​ក៏​មាន​មរតក​វប្បធម៌​ក្បាច់គុន​របស់​ខ្លួន ថៃ​មាន​មរតក​វប្បធម៌​ក្បាច់គុន​របស់​គេ ចំណែក​ឡាវ និង​មីយ៉ាន់ម៉ា សុទ្ធតែ​មាន​ដូច​គ្នា ដូច្នេះ​ទាល់តែ​ពិភាក្សា​គ្នា​ដើម្បី​រក​ចំណុច​រួម​មួយ​ឈាន​ទៅ​រក​ការ​ឯកភាព​គ្រប់​ភាគី​ទាំងអស់ ទើប​គ្មាន​ជម្លោះ​កើតឡើង។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បញ្ជាក់​ថា កាលពី​ពេល​កន្លងទៅ លោក​ក៏​បាន​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ នាយករដ្ឋមន្ត្រី​ឡាវ រួច​ហើយ​ដែរ​អំពី​មរតក​វប្បធម៌​ដែល​ស្រដៀង​គ្នា​ទាំងនេះ ប៉ុន្តែ​លោក​នៅ​មិនទាន់​បាន​ពិភាក្សា​ជាមួយ​ភាគី​មីយ៉ាន់ម៉ា នៅឡើយ​ទេ ដូច្នេះ​បើ​អាច​រក​ការ​សម្របសម្រួល​បាន គឺ​មិន​ចាំបាច់​មាន​ទំនាស់​ដើម្បី​ដណ្តើម​គ្នា​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​លើ​មរតក​វប្បធម៌​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នេះ​ទៀត​ទេ។

ការ​អះអាង​របស់​មេដឹកនាំ​កម្ពុជា​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​សហព័ន្ធ​កីឡា​កម្ពុជា និង​សហព័ន្ធ​កីឡា​ថៃ បាន​ប៉ះទង្គិច​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ​បន្ទាប់ពី​កម្ពុជា​សម្រេច​ប្តូរ​ឈ្មោះ​វិញ្ញាសា​ប្រដាល់ មួយ​ថៃ (Muay Thai) ទៅ​ជា «គុន​ខ្មែរ» (Kun Khmer) សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ឆ្នាំ​២០២៣ នេះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ មីនា នេះ​ថា ប្រសិនបើ​មាន​ការ​សម្រួល​ដែល​គ្រប់​ភាគី​អាច​ទទួល​យក​បាន គឺជា​រឿង​ល្អ ដែល​ជា​ការ​ប្រសើរ​ជាជាង​ក្នុង​ការ​បន្ត​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង ដែល​នាំ​ឱ្យ​ខូច​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិតខាង​របស់​ខ្លួន។

ចំណែក​អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា បើ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​មិន​យកចិត្ត​ទុកដាក់​លើ​វិស័យ​មរតក​វប្បធម៌​របស់​ខ្លួន​ដូច​សព្វថ្ងៃ​នេះ កុំ​សង្ឃឹម​ថា​កម្ពុជា​នឹង​អាច​មាន​មុខ​មាន​មាត់​លើ​ឆាក​អន្តរជាតិ​ធំៗ​ដូច​ប្រទេស​ដទៃ​ឱ្យ​សោះ ជាពិសេស​មរតក​វប្បធម៌​ក្បាច់គុន​របស់​កម្ពុជា​តែម្តង។

លោក គឹម សុខ លើកឡើង​ថា អ្វី​ដែល​កម្ពុជា​ត្រូវ​ធ្វើ គឺ​រដ្ឋាភិបាល​ខ្មែរ​ត្រូវតែ​លើកស្ទួយ​វិស័យ​កីឡា​របស់​ខ្លួន​ឱ្យ​ទៅ​ជា​កីឡា​ជាតិ មិនមែន​ជា​កីឡា​សម្រាប់​កេង​ចំណេញ​នយោបាយ​ដូច​សព្វថ្ងៃ​នេះ​ទេ ព្រោះ​កន្លងមក កម្ពុជា​តែង​រៀបចំ​ការ​ប្រកួត​កីឡា​យក​ពានរង្វាន់​ជា​លក្ខណៈ​បុគ្គល​ប៉ុណ្ណោះ ដូចជា​ពានរង្វាន់ ហ៊ុន សែន ពានរង្វាន់ ស ខេង និង​ពានរង្វាន់​របស់​ក្រុមហ៊ុន​ស្រាបៀ ជាដើម ដែល​ទាំងអស់​នេះ​មិនមែន​ជា​ពានរង្វាន់​ថ្នាក់​ជាតិ​ឡើយ។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​គូស​បញ្ជាក់​ថា ពានរង្វាន់​ថ្នាក់​ជាតិ គឺជា​ពានរង្វាន់​របស់​ព្រះមហាក្សត្រ ព្រោះ​ព្រះអង្គ​ជា​ព្រះ​ប្រមុខ​រដ្ឋ ដូចជា​ប្រទេស​ថៃ​ធ្លាប់​ធ្វើ​រហូត​មក នោះ​ទើប​អាច​ជំរុញ​វិស័យ​កីឡា​កម្ពុជា​ឱ្យ​ខ្ពង់ខ្ពស់​ទៅ​មុខ និង​អាច​ជួយ​លើកស្ទួយ​ជីវភាព​កីឡាករ​ខ្មែរ​ផង​ដែរ។

លោក គឹម សុខ សង្កត់​ធ្ងន់​ថា ដោយសារតែ​បែប​នេះ​ហើយ បាន​ជា​កីឡាករ​ខ្មែរ​សព្វថ្ងៃ​នេះ​មាន​ជីវភាព​ដុនដាប​ស្ទើរ​គ្រប់​គ្នា សូម្បី​អាហារ​បរិភោគ​ដើម្បី​ពង្រឹង​រាងកាយ និង​បង្កើន​សមត្ថភាព​ក្នុង​ការ​ហ្វឹកហាត់​ក៏​គ្មាន​ផង ក្នុង​នោះ​កីឡាករ​ខ្មែរ​ល្បីៗ​ខ្លះ​ពេល​ចប់​ការ​ប្រកួត​ទៅ​រត់​ម៉ូតូឌុប​រក​ប្រាក់​ចិញ្ចឹម​ជីវិត​ដោយ​គ្មាន​ការ​អើពើ​ពី​រដ្ឋាភិបាល​ឡើយ។

កាលពី​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៣ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ថៃ (NOCT) លោក Charoen Wattanasin អះអាង​ថា សមាគម​កីឡា​ប្រដាល់​ថៃ​នឹង​មិន​បញ្ជូន​អត្តពលិក​ទៅ​ចូលរួម​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​នៅ​កម្ពុជា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ឧសភា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ដាច់ខាត ព្រោះ​ការ​ប្តូរ​ឈ្មោះ​វិញ្ញាសា​ប្រកួត​ប្រដាល់ មួយ​ថៃ (Muay Thai) ទៅ​ជា «គុន​ខ្មែរ» (Kun Khmer) ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​នេះ បាន​បំពាន​ទាំងស្រុង​ទៅ​លើ​ច្បាប់​នៃ​ការ​ប្រកួត​កីឡា​អន្តរជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស