32.5 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ការ​សាទរ​របស់​ក្រុម​ប្រឆាំង​រឿង​លោក កឹម សុខា គឺ​ជួយ​លោក ហ៊ុន សែន បំផ្លាញ​ប្រជាធិបតេយ្យ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម បាន​លើកឡើង​ថា ការ​សាទរ​របស់​ក្រុម​អ្នក​ប្រឆាំង​លើ​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​កាត់ទោស​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ទោស​ក្បត់​ជាតិ ដើម្បី​ខ្លួនឯង​មាន​ឱកាស​ប្រមូល​សំឡេង​អ្នកគាំទ្រ​សម្រាប់​ការ​ចូលរួម​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ គឺជា​គំនិត​នយោបាយ​ទុច្ចរិត​ដែល​នឹង​ជួយ​លោក ហ៊ុន សែន ដើម្បី​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ។

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សូវិជ័យ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ថា នៅ​ពេល​ដែល​តុលាការ​នៃ​របប​លោក ហ៊ុន សែន កាត់ទោស​លោក កឹម សុខា បែប​នេះ ហើយ​ក្រុម​ប្រឆាំង​ដែល​កំពុង​គាំទ្រ​បក្ស​ភ្លើង​ទៀន​នាំគ្នា​អបអរ​សាទរ​ដោយ​គិត​ថា​ខ្លួន​នឹង​ចំណេញ​ក្នុង​ការ​ការ​បោះឆ្នោត​ខាងមុខ​នេះ គឺជា​ការ​គិត​ខុស​ស្រឡះ។

លោក​បន្ថែម​ថា តាម​ពិត ពួកគេ​កំពុងតែ​ចូលរួម​ជួយ​លំអ​ការ​បោះឆ្នោត​មិន​ស្រប​ច្បាប់​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ មិនមែន​ជា​ការ​ចូលរួម​ការ​បោះឆ្នោត​មួយ​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នោះ​ទេ។

លោក សារ៉ូ សូវិជ័យ លើកឡើង​ថា ប្រវត្តិ​ដឹកនាំ​នយោបាយ​របស់​លោក ហ៊ុន សែន គឺ​តែងតែ​ប្រើ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ជួយ​គាត់​ក្នុង​គ្រា​លំបាក ដើម្បី​ជួយ​បំពេញ​ភាព​ស្រប​ច្បាប់​ឱ្យ​គាត់​រហូត​មក ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ដើរ​ដល់​គោលដៅ​ហើយ​នោះ គាត់​តែង​មាន​ទម្លាប់​រុះ​ស្ពាន​ចោល​ជានិច្ច ដូច្នេះ​វាសនា​គណបក្ស​ភ្លើង​ទៀន​ដែល​ជួយ​បំពេញ​ភាព​ស្រប​ច្បាប់​ឱ្យ​លោក ហ៊ុន សែន ក្នុង​ការ​បោះឆ្នោត​ខាងមុខ​នេះ ក៏​នឹង​មាន​វាសនា​អាក្រក់​ទៅ​ថ្ងៃ​ក្រោយ​ដែរ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី​នេះ​ថា នៅ​ពេល​ដែល​លោក ហ៊ុន សែន ចេះ​តែ​បង្ក​ជម្លោះ​ជាតិ​សាសន៍​ឯង និង​បង្ក​រឿង​ជាមួយ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​ដូច​សព្វថ្ងៃ​នេះ គឺជា​ការ​ដឹកនាំ​នយោបាយ​ដែល​ធ្លាប់​កើតមាន​ក្នុង​អតីតកាល ដែល​បាន​បង្ក​វិនាសកម្ម​ដល់​កម្ពុជា​មុន​នឹង​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ កន្លង​ទៅ​នោះ។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ផ្ទះ​រយៈពេល ២៧​ឆ្នាំ មិន​អនុញ្ញាត​ឱ្យ​ជួប​អ្នក​ដទៃ​ក្រៅតែ​ពី​សាច់ញាតិ និង​ត្រូវ​ដកហូត​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត​ថែម​ទៀត។

ក្រោយ​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​ការ​ប្រតិកម្ម​ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល អ្នកវិភាគ​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល និង​មជ្ឈដ្ឋាន​អន្តរជាតិ​នានា​ផង​ដែរ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ដែល​ជា​អតីត​សម្ពន្ធមិត្ត​គណបក្ស​សិទ្ធិមនុស្ស ក្នុង​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ចូលរួម​ទាមទារ ឬ​ចេញ​សេចក្តី​ថ្លែងការណ៍​ណា​មួយ​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​នេះ​ឡើយ។

មុន​នឹង​តុលាការ​ប្រកាស​សាលក្រម ១០​ថ្ងៃ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន ធ្លាប់​បាន​អះអាង​ថា លោក​នឹង​អញ្ជើញ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​ទៅ​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ប្រសិនបើ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​លើកលែង​ការ​ចោទប្រកាន់ និង​បើក​លំហ​សិទ្ធិ​សេរីភាព​នយោបាយ​របស់​លោក។

យ៉ាងណាក៏ដោយ ការ​លើកឡើង​បែប​នេះ ត្រូវ​ក្រុម​អ្នកវិភាគ រិះគន់​ថា ការ​ប្រកាស​របស់​លោក រ៉ុង ឈុន ដែល​ថា​នឹង​ទៅ​អញ្ជើញ​លោក កឹម សុខា ឱ្យ​ទៅ​ដឹកនាំ​បក្ស​ភ្លើង​ទៀន​នោះ អាច​ជា​ហេតុផល​មួយ​ធ្វើ​ឱ្យ​លោក កឹម សុខា នឹង​ត្រូវ​រង​នូវ​ការ​រឹតត្បិត​សេរីភាព​កាន់តែ​យូរ​ទៅវិញ​ប៉ុណ្ណោះ។

បន្ទាប់ពី​តុលាការ​ប្រកាស​សាលក្រម​ឱ្យ​លោក កឹម សុខា មាន​ទោស​ជាប់​ពន្ធនាគារ​ក្នុង​ផ្ទះ ២៧​ឆ្នាំ កាលពី​ថ្ងៃទី​៣ មីនា រហូត​ដល់​ថ្ងៃទី​៧ ខែ​មីនា នេះ គេ​នៅ​មិន​ទាន់​ឃើញ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន ឬ​គណបក្ស​ភ្លើង​ទៀន ចេញ​សេចក្តី​ថ្លែងការណ៍​ណា​មួយ​ប្រឆាំង​ទៅ​នឹង​សាលក្រម​របស់​តុលាការ​ឡើយ ប៉ុន្តែ​គេ​ឃើញ​គណបក្ស​នេះ​កំពុងតែ​បង្កើន​សកម្មភាព​ជួបជុំ​ជាមួយ​សមាជិក​តាម​ខេត្ត ដើម្បី​ត្រៀម​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស