លោក ហ៊ុន សែន ថ្លែងថា លោកនឹងមានតម្លៃស្មើសត្វតិរច្ឆាន ប្រសិនបើលោកចុះហត្ថលេខាស្នើទៅព្រះមហាក្សត្រដើម្បីលើកលែងទោសឱ្យអ្នកនយោបាយដែលកំពុងមានទោសនៅតុលាការ ពីបទព្រហ្មទណ្ឌសព្វថ្ងៃនេះ ដែលការលើកឡើងមិនចំឈ្មោះនេះ គឺមានចេតនាសំដៅដល់អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី។
បុរសខ្លាំងដែលអនុវត្តអំណាចបែបផ្ដាច់ការនៅកម្ពុជា លោក ហ៊ុន សែន បានយកពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នេះ និយាយទៅកាន់លោក សម រង្ស៊ី និងក្រុមអ្នកគាំទ្ររបស់អតីតមេដឹកនាំបក្សប្រឆាំងរូបនេះថា ក្នុងនាមលោកជាមេដឹកនាំដែលកាន់អំណាច ត្រូវតែប្រើអំណាចរបស់ខ្លួនដែលកំពុងមាន។
លោក ហ៊ុន សែន បន្ថែមថា បើមានអំណាចហើយមិនប្រើអំណាច គឺស្មើនឹងអត់អំណាច ដូច្នេះសូមកុំសង្ឃឹមថាលោកស្នើទៅព្រះមហាក្សត្រដើម្បីលើកលែងទោសឱ្យពួកគេឱ្យសោះ។
មេដឹកនាំខ្មែរដែលប្រើអំណាចរំលោភច្បាប់ផ្ដាច់មុខ លោក ហ៊ុន សែន អះអាងថា ពួកអ្នកនយោបាយដែលប្រមាថកិត្តិយសក្រុមគ្រួសាររបស់លោកទាំងដែលលោកកំពុងមានទុក្ខដោយសារប្អូនស្រីស្លាប់ គឺអាក្រក់ជាងសត្វតិរច្ឆានទៅទៀត ដូច្នោះលោកនឹងមិនអនុគ្រោះឱ្យពួកគេឡើយ។
ការព្រមានរបស់មេដឹកនាំបក្សកាន់អំណាចបែបនេះ ធ្វើឡើងបន្ទាប់ពីអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលបានរិះគន់ និងបើកកកាយពីប្រវត្តិប្អូនស្រីរបស់លោក ហ៊ុន សែន កាលពីថ្មីៗនេះ។
កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកស្រី ប៊ុន សុថា ត្រូវជាប្អូនស្រីបង្កើតរបស់ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី បានទទួលមរណភាពដោយរោគាពាធ។ ស្របពេលដែលអ្នកស្រី ប៊ុន សុថា ទទួលមរណភាព អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានលើកឡើងកាលពីថ្ងៃទី៥ កុម្ភៈ ថា ក្នុងជួរគ្រួសារលោក ហ៊ុន សែន មានមនុស្សសាហាវៗជាច្រើន ដូចករណីអ្នកស្រី ប៊ុន សុថា ដែលមានឈ្មោះដើម ប៊ុន សាមហ៊ឹង ជាដើម ធ្លាប់បានបញ្ជាឲ្យគេសម្លាប់ប្តីខ្លួនឯង គឺលោក កូវ សាមុត កាលពីអំឡុងឆ្នាំ១៩៩៦ ដោយសារតែជម្លោះផ្ទៃក្នុងគ្រួសាររបស់ខ្លួនដែលមានលោក ហ៊ុន សែន ជាអ្នកបញ្ជាពីក្រោយខ្នង។
លោក សម រង្ស៊ី បញ្ជាក់ថា មិនត្រឹមតែអ្នកស្រី ប៊ុន សុថា នេះទេដែលមានចរិតកាចសាហាវ សូម្បីអ្នកស្រី ប៊ុន រ៉ានី ដែលមានឈ្មោះដើមថា ប៊ុន សាមហ៊ាង ជាប្រពន្ធលោក ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាឲ្យគេសម្លាប់អ្នកស្រី ពិសិដ្ឋ ពីលីកា ក្នុងឆ្នាំ១៩៩៩ ដោយសារភ្លើងប្រចណ្ឌនឹងលោក ហ៊ុន សែន ដែលលួចបង្កាត់ភ្លើងស្នេហ៍ត្រីកោណដែរ។
លោកបន្ថែមថា នៅពេលអ្នកស្រី ពិសិដ្ឋ ពីលីកា ត្រូវរងរបួសដោយការបាញ់ប្រហារ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត (Calmette Hospital) អ្នកស្រី ប៊ុន រ៉ានី បានបញ្ជាឲ្យគ្រូពេទ្យផ្តាច់ជីវិតអ្នកស្រី ពិសិដ្ឋ ពីលីកា នៅមន្ទីរពេទ្យនោះតែម្តង។
ក្រោយការលើកឡើងរបស់លោក សម រង្ស៊ី មន្ត្រីបក្សកាន់អំណាច ជាពិសេសលោក ហ៊ុន សែន បានឆ្លើយតបទៅលោក សម រង្ស៊ី ដោយចាត់ទុកអតីតមេដឹកនាំបក្សប្រឆាំងរូបនេះ និងអ្នកគាំទ្រមួយចំនួនរបស់គាត់ថា ពួកគេលែងមានសារជាតិជាមនុស្សទៀតហើយ។ ដោយសារតែបញ្ហានេះ បានធ្វើឱ្យកម្ដៅនយោបាយនៅកម្ពុជាកាន់តែឆាបឆេះឡើងៗរហូតដល់ពេលនេះ។
ទាក់ទិននឹងបញ្ហានេះ សកម្មជនសហគមនាគមន៍ខ្មែរនៅក្រុងឡុងប៊ិច (Long Beach) នៃរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក លោក មួង ណារ៉េត បានអះអាងថា ការឆ្លើយឆ្លងរវាងអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ត្រូវគេមើលឃើញថាជាការសងសឹកគំនុំបុគ្គលផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ ដែលនឹងធ្វើឲ្យវិបត្តិនយោបាយនៅកម្ពុជាកាន់តែអាប់អួរឡើងៗបន្ថែមលើវិបត្តិនយោបាយដែលមានស្រាប់នៅពេលនេះ។
កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ លោក ហ៊ុន សែន ធ្លាប់បានអះអាងថា បើលោកចុះហត្ថលេខាស្នើព្រះមហាក្សត្រលើកលែងទោសឱ្យលោក សម រង្ស៊ី លោកសុខចិត្តកាត់ដៃស្តាំខ្លួនឯងក្រវាត់ចោល។
យ៉ាងណាក៏ដោយ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា លោក ហ៊ុន សែន សម្លឹងមើលប្រយោជន៍នយោបាយរបស់គាត់ធំជាងអ្វីៗទាំងអស់ ដូច្នេះគាត់អាចមិនធ្វើដូចអ្វីដែលគាត់បាននិយាយនៅពេលលោក សម រង្ស៊ី អាចផ្តល់ប្រយោជន៍នយោបាយណាមួយដល់គាត់បន្តទៀត៕