34 C
Phnom Penh

ក្រុម​មន្ត្រី​គយ​ចោទ​អគ្គនាយក​គយ​ប្រព្រឹត្ត​អំពើពុករលួយ​ស្ទើរ​គ្រប់​រូបភាព​ជាង​៩​ឆ្នាំ​ក្នុង​តំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រភព​ពី​ផ្ទៃក្នុង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៅ​កម្ពុជា បាន​លាតត្រដាង​ថា មន្ត្រី​ជាន់ខ្ពស់​នៃ​ស្ថាប័ន​គយ​មួយ​នេះ​កំពុង​បង្កើត​ចរន្ត​ពន្យារ​អាយុ និង​ចរន្ត​ជំរិត​ទារ​លុយ​ពី​ក្រុមហ៊ុន និង​អ្នក​រកស៊ី​នាំ​ទំនិញ​ចេញ​ចូល​តូច​ធំ​ដែល​គ្មាន​ខ្នង​បង្អែក។

មន្ត្រី​រាជការ​ខាង​ពន្ធដារ​ជាច្រើន​បាន​លាតត្រដាង​ថា ក្រោយ​ពេល​ចូល​កាន់​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ជំនួស​លោក ប៉ែន ស៊ីម៉ន ជាង ៩​ឆ្នាំ ឬ​ជិត​មួយ​ទសវត្សរ៍​កន្លង​មក​នេះ លោក គុណ ញឹម បាន​ប្រព្រឹត្ត និង​កំពុងតែ​ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព ដែល​ធ្វើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ការ​ពេញចិត្ត​រហូត​ដល់​បាន​ប្រកាស​ប្រើ​អំណាច​ជា​នាយករដ្ឋមន្ត្រី​ពន្យារ​ការ​ចូល​និវត្តន៍ ឲ្យ​បន្ត​កាន់​តំណែង​រហូត​ដល់​ឆ្នាំ​២០២៥ ដើម្បី​បន្ត​ធ្វើ​ទំនើបកម្ម​ស្ថាប័ន​គយ។

ក្នុង​ឋានៈ​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ លោក គុណ ញឹម បាន​បង្កើត​ឲ្យ​មាន​ក្រុម​ពីរ​បែប ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ​ស្រប​ច្បាប់៖

  • ទី​១ ការ​បង្កើត​ក្រុម​ថ្មី​ឲ្យ​ឈ្មោះ​ថា «ក្រុម​អនុលោម» ដើម្បី​ជំរិត​ទារ​លុយ​ពី​ក្រុមហ៊ុន និង​អ្នក​រកស៊ី​នាំ​ទំនិញ​ចេញ​ចូល​តូច​ធំ​ដែល​គ្មាន​ខ្នង​បង្អែក។ អនុលោម​មាន​ន័យ​ថា បណ្តោយ​តាម មិន​ទទឹង​ទាស់។ ក្រុម​អនុលោម ទើប​តែ​បាន​បង្កើត​ឡើង​ថ្មីៗ​នេះ ដែល​ដឹកនាំ​ដោយ​លោក ប៉ោ សួន ជា​អនុប្រធាន​នាយកដ្ឋាន​សវនកម្ម​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ។
  • ទី​២ ក្រុម​បង្ក​ភាព​គគ្រឹកគគ្រេង​រឿង​រត់ការ​ពន្យារ​អាយុ​បន្ត​ពេល​កាន់​តំណែង​នៃ​ក្រុម​មន្ត្រី​ក្នុង​ស្ថាប័ន​គយ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា «ក្រុម​អនុលោម» នេះ គឺ​ក្រុម​ជំនួយការ ឬ​ក្រុម​តាម​ស្តាប់​សភាពការណ៍​ដែល​មាន​មុខនាទី​ចុះ​ត្រួតពិនិត្យ​តាម​សាខា-ការិយាល័យ​គយ និង​រដ្ឋាករ​មាត់ច្រក​ចេញ​ចូល​ទំនិញ ហើយ​ធ្វើ​សេចក្តី​រាយការណ៍​ជូន​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ដើម្បី​មាន​មូលដ្ឋាន​ធ្វើ​សេចក្តី​សម្រេច​លើ​ផែនការ​ចំណូល​ពន្ធ​គយ។

ក្រុម​អនុលោម​របស់​លោក ប៉ោ សួន បាន​ទទួល​អំណាច​ដាវ​អាជ្ញា​សឹក​ពី​លោក គុណ ញឹម ហើយ​ធ្វើ​សកម្មភាព​ចុះ​ត្រួសត្រាយ​ផ្លូវ​ទៅ​ដល់​មាត់ច្រក​ចេញ​ចូល​ទំនិញ និង​កោះហៅ​ក្រុមហ៊ុន​នាំចេញ​នាំចូល​ឲ្យ​ទៅ​ជួប​ធ្វើ​ការ​ចរចា​ឲ្យ​បង់​លុយ​ក្រៅ​ឆាក ឬ​ក្រៅ​ផ្លូវការ​តាម​ជម្រើស ដូចជា​បង់​ប្រចាំ​សប្ដាហ៍ ឬ​បង់​ប្រចាំ​ខែ ឬ​តាម​ជើង​នាំ​ទំនិញ​ចេញ​ចូល ដែល​ភាសា​ម៉ូដឺប៉ាស់​របស់​មន្ត្រី​គយ​ថា «បង់​តាម​ទឹក​ជ្រៅ ឬ​បង់​តាម​ទឹក​រាក់»។

ប្រភព​ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា លោក ប៉ោ សួន ដែល​ជា​ប្រធាន​ក្រុម​អនុលោម កំពុង​ក្លាយ​ជា​សេនាធិការ​ជំនួស​មុខ​លោក គុណ ញឹម និង​លោក អូន ព័ន្ធមុនីរ័ត្ន ក្នុង​ល្បែង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ ដោយ​ហ៊ាន​ដើរ​បង្ខំ​ទារ​លុយ​ត្រង់ៗ​ពី​ក្រុមហ៊ុន និង​អ្នក​រកស៊ី​តូច​ធំ​ដែល​គ្មាន​ខ្នង​បង្អែក ដើម្បី​យក​ទៅ​ចែក​ផល​ប្រយោជន៍ ចែក​លាភ​គ្នា​ជាមួយ​មេៗ​ស្ថាប័ន។

មន្ត្រី​នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ សុទ្ធតែ​ដឹង​ថា លោក ប៉ោ សួន ហ៊ាន​ប្រើ​សម្ដី​យ៉ាង​អំនួត​ថា លោក គុណ ញឹម ជា​អគ្គនាយក​គយ និង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រភព​អំណាច​បញ្ជា​ការងារ​របស់​ខ្លួន​ទៀត​ផង។

ប្រភព​ពី​ផ្ទៃក្នុង​គយ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា អ្នកជំនួញ និង​ក្រុមហ៊ុន​នាំចេញ-នាំចូល​ភាគច្រើន​លើសលប់​បង់​ពន្ធ​ចូល​រដ្ឋ​មិន​បាន ៥០% នៃ​បរិមាណ​ប្រាក់​ពន្ធ​ដែល​ពួកគេ​ត្រូវ​បង់​នោះ​ទេ ដោយសារតែ​វប្បធម៌​គប់គិត​គ្នា​ប្រើ​អំណាច​ជំរិត​ស៊ី​ក្រោម​តុ​រំលង​ច្បាប់​ដូច​ករណី​លោក ប៉ោ សួន ជាដើម ដែល​ចូលចិត្ត​ប្រើ​អំណាច​អាជ្ញា​របស់​មេ ប្រមូល​លុយ​សំណូក​ពុករលួយ​យក​ទៅ​បែងចែក​ផល​គ្នា​តាម​ឋានានុក្រម។

មក​ដល់​ពេលនេះ មិនទាន់​មាន​ប្រភព​ណា​ទម្លាយ​ឲ្យ​ដឹង​ថា នៅ​ក្នុង​មួយ​ថ្ងៃ លោក ប៉ោ សួន ប្រមូល​លុយ​បាន​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​មន្ត្រី​គយ​ម្នាក់​បាន​ប្រាប់ The Cambodia Daily ថា គ្រាន់តែ​ប្រធាន​គយ​ចល័ត លោក កើត សុធារ៉ា ដែល​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​លោក ប៉ោ សួន នោះ ក្នុង​មួយ​ថ្ងៃៗ ក្រុមហ៊ុន​និង​អ្នក​រកស៊ី​អត់​ខ្នង​បង្អែក​ត្របាញ់​ជើង​គ្នា​យក​លុយ​សំណូក​ទៅ​ឲ្យ​ដល់​ផ្ទះ ហើយ​លោក កើត សុធារ៉ា អាច​កើប​ប្រាក់​បាន​យ៉ាងតិច ១០​ម៉ឺន​ដុល្លារ​ឯណោះ​ក្នុង​មួយ​ថ្ងៃ ដើម្បី​យក​ទៅ​ចែក​ឲ្យ​មេៗ។

ប្រភព​ដដែល​បាន​ចោទ​ជា​សំណួរ​ថា ចុះ​ទម្រាំ​លោក ប៉ោ សួន ដែល​ជា​ប្រធាន «ក្រុម​អនុលោម» ដែល​មាន​មុខនាទី​គ្រប់គ្រង​គយ​ចល័ត​ខាង​លោក កើត សុធារ៉ា ព្រមទាំង​ត្រួត​លើ​សាខា​គយ​ទូទាំង​ប្រទេស​ផង តើ​ក្នុង​មួយ​ថ្ងៃ​លោក ប៉ោ សួន ប្រមូល​ប្រាក់​បាន​ប៉ុន្មាន​សិប​ម៉ឺន​ដុល្លារ​ទៅ? បើ​គេ​គិត​អំពី ១០​ម៉ឺន ឬ ១​សែន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ គុណ​នឹង ៣៦៥​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ ក្រុម​នេះ​ប្រមូល​ប្រាក់​ក្រៅ​ផ្លូវការ​ក្រៅ​ច្បាប់​បាន​ជិត ៣៧​លាន​ដុល្លារ។

កន្លងមក The Cambodia Daily ធ្លាប់​ត្រូវ​បាន​ប្រភព​មន្ត្រី​គយ ប្រាប់​ឲ្យ​ដឹង​ថា ការ​ដូរ​ប៉ុស្តិ៍​ល្មមៗ ដូចជា​កម្រិត ឬ​ថ្នាក់​ការិយាល័យ នាយកដ្ឋាន និង​សាខា​គយ​ខណ្ឌ​ជាដើម ក៏​ត្រូវ​ចំណាយ​ប្រាក់​សូកប៉ាន់​យ៉ាងតិច ១០​ម៉ឺន​ដុល្លារ។ រីឯ​ប៉ុស្តិ៍​មេ​គយ​រាជធានី​ភ្នំពេញ និង​មេ​គយ​ខេត្ត ដូចជា​ខេត្ត​ព្រះសីហនុ និង​ខេត្ត​បន្ទាយមានជ័យ ដណ្ដើម​គ្នា​សូកប៉ាន់​រក​កន្លែង​ខ្លាញ់​រហូត​ដល់ ១​លាន ៥​សែន​ទៅ ២​លាន​ដុល្លារ ហើយ​មាន​ខ្នង​ក្រាស់​ទើប​ដណ្ដើម​ឈ្នះ​គេ​យក​តំណែង​ទាំងនេះ​បាន។

រីឯ​ករណី​នៃ​ការ​ពន្យារ​អាយុ​វិញ ស្ថាប័ន​គយ​កំពុង​មាន​រឿងអាស្រូវ​នាំមុខ​គេ។ មិន​ខុសពី​លោក គុណ ញឹម ទេ​ដែល​ជា​មេ​គយ លោក ប៉ោ សួន ដែល​ជា​ប្រធាន​ក្រុម​អនុលោម​ដ៏​មាន​ឥទ្ធិពល ល្បី​ខាង​ការ​ប្រមូល​ប្រាក់​ឲ្យ​មេៗ​នោះ ក៏​បាន​រត់ការ​កែ​អាយុ​រួច​ហើយ​ដែរ។

តាម​អាយុ​ក្នុង​បញ្ជី​ជំរឿន​នៃ​គណៈរដ្ឋមន្ត្រី លោក ប៉ោ សួន កើត​នៅ​ឆ្នាំ​១៩៦៤ គឺ​ដល់​ពេល​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ​ហើយ ប៉ុន្តែ​គាត់​ត្រូវរ៉ូវ​គ្នា​ជាមួយ​អគ្គនាយក​គយ លោក គុណ ញឹម រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មុខងារ​សាធារណៈ លួច​ក្លែង​ឯកសារ​សាធារណៈ គឺ​កែ​អាយុ​គាត់​ពី​ឆ្នាំ​កំណើត ១៩៦៤ មក​កើត​ឆ្នាំ​១៩៧៤ វិញ។ ក្នុង​គល់បញ្ជី​នៅ​គណៈរដ្ឋមន្ត្រី លោក ប៉ោ សួន មាន​កូដ​ឆ្នាំ​កំណើត ១៩៦៤ តែ​ក្នុង​តារាង​បៀវត្សរ៍​កែ​ដាក់​ថា​កើត​ឆ្នាំ​១៩៧៤ គឺ​ពន្យារ​បាន​រហូត​ដល់​ទៅ ១០​ឆ្នាំ​ឯណោះ។

ប្រភព​ផ្ទៃក្នុង​គយ បាន​ឲ្យ​ដឹង​ទៀត​ថា លោក ប៉ោ សួន ថែមទាំង​បាន​ប្រើ​លុយ​ស្ល​ចិត្ត​ចៅក្រម​ឲ្យ​សម្រេច​កែ​អាយុ​របស់​គាត់​ដោយ​ជោគជ័យ ហើយ​គាត់​អាច​រំលោភ​ច្បាប់​ងាយៗ​បែប​នេះ​ក៏​ដោយសារតែ​លោក​ជា​មនុស្ស​ជំនិត​នឹង​លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេ​កងពលតូច​អង្គរក្ស​របស់​លោក ហ៊ុន សែន ដែរ។

លោក គុណ ញឹម ដែល​ជា​ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ត្រូវ​គ្រប់​អាយុ​ចូល​និវត្តន៍​តាំងពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២១ ម្ល៉េះ ប៉ុន្តែ​ត្រូវ​លោក ហ៊ុន សែន ប្រកាស​ឲ្យ​បន្ត​តំណែង​រហូត​ដល់​ឆ្នាំ​២០២៥ ដោយសារតែ​ជា​មនុស្ស​ដែល​លោក ហ៊ុន សែន ជឿ​ទុកចិត្ត​ផង និង​ជា​មនុស្ស​ជំនិត​របស់​លោក អូន ព័ន្ធមុនីរត្ន័ ផង។

កាលពី​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ប្រើ​ឆន្ទានុសិទ្ធិ​ជា​នាយករដ្ឋមន្ត្រី​ពន្យារ​ការ​ចូល​និវត្តន៍​ដល់​លោក គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ឲ្យ​បន្ត​កាន់​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ដល់​ឆ្នាំ​២០២៥ ដើម្បី​បន្ត​ធ្វើ​ទំនើបកម្ម​ស្ថាប័ន​គយ។

លោក ហ៊ុន សែន បាន​បង្ហាញ​ការ​ពេញចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​លោក គុណ ញឹម ក្នុង​ការ​កែ​ទម្រង់ និង​ធ្វើ​ទំនើបកម្ម​រដ្ឋបាល​គយ ជាពិសេស​ការ​បង្កើត​ឲ្យ​មាន​សាលា​ជាតិ​គយ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​ធនធាន​មនុស្ស​សម្រាប់​វិស័យ​គយ។

ប្រភព​ពី​មន្ត្រី​គយ​នៅ​ក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ចូល​កាន់​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ជំនួស​លោក ប៉ែន ស៊ីម៉ន រួច​មក លោក គុណ ញឹម បាន​ប្រព្រឹត្ត​អំពើពុករលួយ​ជាច្រើន​រូបភាព។ ជាក់ស្ដែង ជា​រៀងរាល់​ដើម​ខែ លោក គុណ ញឹម តែង​បើក​កិច្ចប្រជុំ​ដើម្បី​ត្រួតពិនិត្យ​ការងារ​របស់​ប្រធាន​ប៉ុស្តិ៍ និង​ប្រធាន​ទីស្នាក់ការ​គយ​ក្នុង​ការ​ប្រមូល​ពន្ធ ហើយ​ក៏​ច្នៃ​ជា​ឱកាស​ឲ្យ​លោក គុណ ញឹម ប្រមូល​ផល​ប្រយោជន៍​ពី​ប្រធាន​ប៉ុស្តិ៍ ប្រធាន​ទីស្នាក់ការ និង​ប្រធាន​ការិយាល័យ​គយ​ផង​ដែរ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​កិច្ចប្រជុំ​ប្រចាំ​ខែ លោក គុណ ញឹម ទទួល​ស្រោមសំបុត្រ​ពី​មេ​គយ​គ្រប់​ច្រក​គ្រប់​ប៉ុស្តិ៍​មិន​តិច​ជាង ១០​ម៉ឺន​ដុល្លារ​នោះ​ទេ គឺ​មេ​គយ​តាម​ប៉ុស្តិ៍​បង់​លុយ​តាម​តូច​តាម​ធំ តាម​តិច​តាម​ច្រើន​ចាប់ពី ១០០០ ដល់ ៥០០០ ឬ ១០០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ម្នាក់ៗ។ បើ​មេ​គយ​ច្រក​ណា​មិនសូវ​មាន​រឿងអាស្រូវ​ទេ​នោះ គឺ​បង់​លុយ​ធម្មតា​ដូច​អ្វី​ដែល​ធ្លាប់​ធ្វើ​ជា​រៀងរាល់​ខែ ប៉ុន្តែ​បើ​មាន​កំហុស គឺ​ត្រូវ​ដាក់​លុយ​ក្នុង​ស្រោមសំបុត្រ​ក្រាស់ក្រែល​ជាង​មុន។ នេះ​មាន​ន័យ​ថា លោក គុណ ញឹម តាម​អ្នក​រាជការ​ឲ្យ​ដឹង ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​លោក ប៉ែន ស៊ីម៉ន ដល់​ទៅ ៣​ដង។

ប្រភព​ពី​ឈ្មួញ​ម្ចាស់​ក្រុមហ៊ុន និង​ឧកញ៉ា​មួយ​ចំនួន បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រោយ​ពេល​លោក គុណ ញឹម ក្លាយ​ជា​អគ្គនាយក​គយ ពួកគេ​ធ្លាប់​ចូល​ទៅ​ជួប​លោក គុណ ញឹម ដើម្បី​សុំ​ទំនាក់ទំនង​សម្រួល​ដល់​ការងារ​រកស៊ី​ដូច​អ្វី​ដែល​ធ្លាប់​ធ្វើ​ជាមួយ​លោក ប៉ែន ស៊ីម៉ន ដែល​ពួកគេ​ធ្លាប់​ដាក់​ស្រោមសំបុត្រ​ឲ្យ​ត្រឹម​តែ ៣០០០ ទៅ ៥០០០​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​សម័យ​លោក គុណ ញឹម គេ​ត្រូវ​ចំណាយ​ពី​១០០០០ ទៅ ២០០០០​ដុល្លារ។

ប្រភព​ពី​មន្ត្រី​គយ​បាន​ឲ្យ​ដឹង​ថា ប្រពន្ធ​របស់​លោក គុណ ញឹម ជា​អ្នក​កំពុង​លូក​ដៃ​ចូល​កិច្ចការ​ពីក្រោយ​ខ្នង​ប្តី សូម្បីតែ​គណៈ​ចាត់តាំង​គយ​ជា​នាយរង​អគ្គនាយកដ្ឋាន​គយ​ណា​មួយ ក៏​គ្មាន​សិទ្ធិ​ហ៊ាន​ស្មើ​ដោះដូរ​បាន។ បើ​មន្ត្រី​គយ​ណា​ដែល​ចង់​ទៅ​កាន់​ប៉ុស្តិ៍​ល្អ​រក​ចំណូល​បាន​ច្រើន គឺ​ត្រូវតែ​ធ្វើ​ទំនាក់ទំនង​ជាមួយ​ប្រពន្ធ​លោក គុណ ញឹម ហើយ​ប្រាកដជា​បាន​សម្រេច ព្រោះ​លោក គុណ ញឹម ធ្វើ​តាម​តែ​ប្រពន្ធ​របស់​ខ្លួន។

ក្រុម​មន្ត្រី​គយ​ធំៗ​ដែល​ដល់​អាយុ​ត្រូវ​ចូល​និវត្តន៍ ហើយ​នាំគ្នា​រត់ការ​ពន្យារ​អាយុ មិនមែន​មាន​តែ​អគ្គនាយក​គយ លោក គុណ ញឹម ប្រធាន​ក្រុម​អនុលោម លោក ប៉ោ សួន តែ​ពីរ​នាក់​នេះ​ទេ តែ​ក៏​នៅ​មាន​មន្ត្រី​គយ​ជាច្រើន​រូប​ទៀត​ដែរ ក្នុង​នោះ​មាន​ទាំង​លោក ផា អេងវ៉េង ដែល​ជា​អគ្គនាយករង​គយ​ផង​ដែរ។ លោក ផា អេងវ៉េង ដែល​មាន​អត្តលេខ ០៥៩៣ កើត​នៅ​ថ្ងៃទី​០៤ ខែ​កុម្ភៈ ឆ្នាំ​១៩៦៣។ ដូច្នេះ​គាត់​គ្រប់​អាយុ ៦០​ឆ្នាំ​ចូល​និវត្តន៍​តាំងពី​ថ្ងៃទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ម្ល៉េះ ប៉ុន្តែ​មក​ដល់​ពេលនេះ គាត់​នៅតែ​កាន់​តំណែង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ដដែល។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ បាន​អះអាង​ថា «ប្រសិនបើ​រដ្ឋាភិបាល​ប្រមូល​បាន​ត្រឹមត្រូវ ទាំង​ពន្ធ​គយ និង​ពន្ធដារ កុំ​ឲ្យ​ជ្រុះ​បាត់​ច្រើន​ហួសហេតុ​ពេក ក្នុង​អំពើពុករលួយ នោះ​កម្ពុជា​អាច​អភិវឌ្ឍ​ជាតិ​បាន​ដោយ​មោទកភាព មិន​ចាំបាច់​ខ្ចី​លុយ​បរទេស​ប្រមាណ ២​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដ៏​ក្រីក្រ​បន្ត​កំណើន​ជំពាក់​បំណុល​បរទេស​វ័ណ្ឌក​នោះ​ទេ»

អ្នកវិភាគ​នយោបាយ លោក គឹម សុខ បាន​លើកឡើង​ថា «ក្លិន​ស្អុយ​នៃ​អំពើពុករលួយ​នេះ ទំនង​ជា​គ្មាន​ស្ថាប័ន​ណា ឬ​អ្នក​ណា​ហ៊ាន​លូក​មាត់​និយាយ​ជំរុញ​ឲ្យ​ធ្វើ​សវនកម្ម​ត្រឹមត្រូវ​ឡើយ ព្រោះ​ការ​ប្រព្រឹត្ត​ជា​ប្រព័ន្ធ​បណ្ដាញ​បែប​នេះ អាច​ធ្វើ​ទៅ​បាន លុះត្រាតែ​មាន​ការ​ផ្ដល់​ឥទ្ធិពល​អំណាច​ពី​មេ ឬ​នាយ​ក្រសួង​សេដ្ឋកិច្ច និង​មេ​គយ ឬ​ក៏​អាច​ជា​ល្បែង​របស់​មេ​គយ និង​មេ​ក្រសួង​សេដ្ឋកិច្ច បង្កើត​ក្រុម​ថ្មី​ឲ្យ​មនុស្ស​ជំនិត​របស់​ខ្លួន​ទៅ​ដឹកនាំ ងាយស្រួល​ប្រមូល​លុយ​ឲ្យ​មូល​តែ​មួយ​ច្រក ងាយ​យក​ទៅ​ចែក​គ្នា​ធ្វើ​សេដ្ឋី»

លោក គឹម សុខ ពន្យល់​ថា «ករណី​ខ្លះ​មេៗ​ស្ថាប័ន​មិន​ហ៊ាន​ចេញ​មុខ​ប្រមូល​លុយ​ពុករលួយ​ដោយ​ខ្លួនឯង ហើយ​ក៏​ប្រើ​ល្បិច​បង្កើត​ក្រុម​ការងារ​ថ្មី ផ្ដល់​អំណាច​ភ្លឺ​ផង ងងឹត​ផង ជា​ឧទាហរណ៍ ក្រុម​អនុលោម​នេះ​ជាដើម ឲ្យ​ទៅ​រក​លុយ​ជំនួស​មុខ​មេៗ យក​លុយ​ទៅ​ចែក​ឲ្យ​មេ​ធំៗ»

លោក គឹម សុខា ថា «ករណី​បែប​នេះ វា​ក្លាយ​ទៅ​ជា​វប្បធម៌​នៃ​ការ​ប្រើ​អំណាច​របស់​ប្រធាន​ស្ថាប័ន​នីមួយៗ​នៅ​ប្រទេស​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ទៅ​ហើយ ហើយ​នេះ​នៅ​មិនទាន់​រាប់​ការ​សូក​លុយ​ចូល​ក្របខ័ណ្ឌ​រដ្ឋ ការ​សូក​លុយ​ដូរ​ប៉ុស្តិ៍​ការងារ និង​ការ​សូក​លុយ​ពន្យារ​អាយុ​ជាដើម​ផង»

អ្នកវិភាគ​នយោបាយ​រូប​នេះ​បាន​ប្រាប់ The Cambodia Daily ថា «ស្ថាប័ន​នីមួយៗ គួរ​បង្ហាញ​ឈ្មោះ​មន្ត្រី​ដែល​ត្រូវ​ចូល​និវត្តន៍​ឲ្យ​បាន ១​ឆ្នាំ​មុន ឬ​យ៉ាងហោចណាស់ ៦​ខែ​មុន​ថ្ងៃ​ចូល​និវត្តន៍ ដើម្បី​ត្រៀម​រៀបចំ​អ្នក​ជំនួស​ការងារ ប៉ុន្តែ​ស្ថាប័ន​ទាំងអស់​នៅតែ​លាក់លៀម​ឈ្មោះ​មន្ត្រី​ត្រូវ​ចូល​និវត្តន៍ ដែល​មេៗ​ស្ថាប័ន​ទុក​ករណី​ពន្យារ​អាយុ​ធ្វើ​ជា​មុខរបរ​ប្រមូល​លុយ​ពុករលួយ»

លោក គឹម សុខ កត់សម្គាល់​ថា «អគ្គនាយក​គយ​ក្លាយ​ទៅ​ជា​ស្ថាប័ន​នាំមុខ​គេ​ទៅ​ហើយ​ក្នុង​រឿងអាស្រូវ​ពន្យារ​អាយុ​មន្ត្រី ហើយ​ការ​ពន្យារ​អាយុ​មន្ត្រី​នេះ កំពុងតែ​ក្លាយ​ទៅ​ជា​ជំងឺ​មហារីក​ក្នុង​ផ្ទៃ​រាជរដ្ឋាភិបាល»

The Cambodia Daily ពុំ​អាច​ទាក់ទង​លោក គុណ ញឹម ដើម្បី​ធ្វើការ​អត្ថាធិប្បាយ​ចំពោះ​ការ​ចោទប្រកាន់​ពី​មន្ត្រី​គយ​មួយ​ចំនួន​នោះ​បាន​ទេ​រហូត​ដល់​ម៉ោង​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​នេះ។

កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​លាតត្រដាង​ថា ប្រទេស​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១៥៧ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ នៅ​លើ​ពិភពលោក ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ឆ្នាំ​២០២១។

ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ចូល​ទៅ​ក្នុង​ប្រទេស​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​តាំងពី​ឆ្នាំ​២០១២ មក ក្នុង​នោះ​ឆ្នាំ​២០១៦ ប្រទេស​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១៥៦ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ជាប់​ចំណាត់ថ្នាក់​លេខ​១៦១ ខណៈ​ឆ្នាំ​២០១៩ ជាប់​លេខ​១៦២ ឆ្នាំ​២០២០ ជាប់​លេខ​១៦០ និង​ឆ្នាំ​២០២១ ជាប់​ចំណាត់ថ្នាក់​លេខ​១៥៧។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ធ្លាប់​បាន​អះអាង​កាលពី​ពេល​កន្លងទៅ​ថា យុទ្ធសាស្ត្រ​ប្រឆាំង​អំពើពុករលួយ​របស់​រាជរដ្ឋាភិបាល​មាន​ចំណុច​មួយ​ចំនួន​ដំណើរការ ប៉ុន្តែ​លោក​ថា​សម្រាប់​ការ​អនុវត្ត​ច្បាប់​នៅ​ខ្សោយ និង​មិន​មាន​តម្លាភាព ចំណែក​ការ​បង្កើត​ច្បាប់​សំខាន់ៗ​មួយ​ចំនួន​ដែល​ចាំបាច់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​នៅ​មាន​ភាព​យឺតយ៉ាវ​នៅឡើយ។

លោក ប៉ិច ពិសី បញ្ជាក់​ថា នៅ​ប្រទេស​កម្ពុជា ការ​ប្រព្រឹត្ត​អំពើពុករលួយ​ខ្នាត​តូច​ទាក់ទង​នឹង​ការ​ផ្តល់​សេវា​សាធារណៈ​តាម​មូលដ្ឋាន មាន​តិច​ជាង​មុន ប៉ុន្តែ​សម្រាប់​អំពើពុករលួយ​ធំៗ​ដែល​ពាក់ព័ន្ធ​នឹង​បក្ខពួក សែស្រឡាយ ការ​ឃុបឃិត​គ្នា​រវាង​អ្នក​មាន​អំណាច អ្នក​មាន​លុយ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ។

មាត្រា​១ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ ចែង​ថា ច្បាប់​នេះ​មាន​គោលបំណង​លើក​កម្ពស់​ប្រសិទ្ធភាព​សេវា​គ្រប់​បែប​យ៉ាង ពង្រឹង​អភិបាលកិច្ច និង​នីតិរដ្ឋ​នៅ​ក្នុង​ការ​ដឹកនាំ និង​ការ​គ្រប់គ្រង​រដ្ឋ ព្រមទាំង​រក្សា​ភាព​ស្អាតស្អំ និង​យុត្តិធម៌​ដែល​ជា​មូលដ្ឋាន​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ និង​កាត់បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស