28 C
Phnom Penh

អ្នក​ឃ្លាំមើល​យល់ស្រប​នឹង​លោក ហ៊ុន សែន រឿង​សិទ្ធិ​រស់រាន​មាន​ជីវិត តែ​ត្រូវ​អនុវត្ត​សិទ្ធិ​បី​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​យល់ស្រប​នឹង​ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា​សិទ្ធិ​នានា​ត្រូវតែ​ផ្តើម​ចេញពី​សិទ្ធិ​រស់រាន​មាន​ជីវិត​មុន​គេ ប៉ុន្តែ​ពួកគេ​បន្ថែម​ថា គួរតែ​អនុវត្ត​សិទ្ធិ​បី​ផ្សេង​ទៀត​ដែល​ជា​មូលដ្ឋាន​នៃ​សិទ្ធិមនុស្ស​ឲ្យ​បាន​ផង​ដែរ ដូចជា​សិទ្ធិ​អភិវឌ្ឍន៍ សិទ្ធិ​ទទួល​បាន​ការ​ការពារ និង​សិទ្ធ​ក្នុង​ការ​ចូលរួម ជាដើម។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ មីនា នេះ​ថា ការ​ធានា​បាន​នូវ​សិទ្ធិ​រស់រាន​មាន​ជីវិត​គឺជា​រឿង​ល្អ​ហើយ ប៉ុន្តែ​បើ​សិទ្ធិ​បី​ផ្សេង​ទៀត​មិន​ត្រូវ​បាន​ធានា ក៏​មិនទាន់​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ប្រទេស​អនុវត្ត​នូវ​សិទ្ធិមនុស្ស​បាន​ល្អ​ពេញលេញ​ដែរ ព្រោះ​ថា​សេចក្តី​ថ្លែងការណ៍​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​ដែល​ទទួលស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​១៩៤៨ ក៏​មិន​បាន​ចែង​អំពី​ការ​អនុវត្ត​នូវ​សិទ្ធិ​ណា​មុន ឬ​សិទ្ធិ​ណា​ក្រោយ​ឡើយ។

លោក សេក សុជាតិ លើកឡើង​ថា ប្រសិនបើ​ពលរដ្ឋ​ម្នាក់ៗ​ទទួល​បាន​សិទ្ធិ​រស់រាន​មាន​ជីវិត ប៉ុន្តែ​សិទ្ធិ​ផ្សេង​ទៀត​មិន​ត្រូវ​បាន​ធានា នោះ​ក៏​មិន​ស្រប​ទៅ​នឹង​គោលការណ៍​អន្តរជាតិ​ដែល​កំពុងតែ​លើក​តម្កើង​សិទ្ធិមនុស្ស​នោះ​ឡើយ ខណៈ​ពលរដ្ឋ​នៃ​ប្រទេស​នោះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ប្រទេស​ដែល​មាន​ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​ទៅវិញ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​អាច​ធានា​បាន​នូវ​សិទ្ធិ​អភិវឌ្ឍន៍ សិទ្ធិ​ទទួល​បាន​ការ​ការពារ និង​សិទ្ធិ​ក្នុង​ការ​ចូលរួម​របស់​ពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ នោះ​គឺ​កាន់តែ​ល្អ​សម្រាប់​ពលរដ្ឋ​គ្រប់​រូប​ដែល​ជា​ការ​លើកស្ទួយ​សិទ្ធិមនុស្ស ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដូច្នោះ​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន រិះគន់​ថា អ្នក​នយោបាយ និង​មនុស្ស​មួយ​ចំនួន​តែង​មើល​រំលង​សិទ្ធិ​រស់រាន​មាន​ជីវិត​រហូត​មក។

នៅ​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៣ នេះ មេដឹកនាំ​ខ្មែរ​ដែល​ដឹកនាំ​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ពិនិត្យ​ដំណើរការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ខេត្ត​ពោធិ៍សាត់ ថា អ្នក​នយោបាយ និង​បុគ្គល​មួយ​ចំនួន​ទៀត​ចូលចិត្ត​ណាស់​រឿង​បកស្រាយ និង​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ប៉ុន្តែ​ពួកគេ​បែរ​ជា​មើល​រំលង​សិទ្ធិ​រស់រាន​មាន​ជីវិត​ទៅវិញ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្ត​ទុកដាក់​ចំពោះ​សុខមាលភាព​ប្រជាពលរដ្ឋ​មិន​ត្រឹមតែ​នៅ​ទីក្រុង​ទេ គឺ​ពង្រាយ​ដល់​ជនបទ ដោយសារតែ​រាជរដ្ឋាភិបាល​តែង​ផ្ដោត​លើ​សិទ្ធិ​អាទិភាព​ជាងគេ គឺ​សិទ្ធិ​រស់រាន​មាន​ជីវិត​នេះ​ឯង។

មេដឹកនាំ​ខ្មែរ​ដែល​ក្តាប់​អំណាច​តាម​បែប​យោធា លោក ហ៊ុន សែន បញ្ជាក់​ថា ប្រសិនបើ​មិន​បាន​គិត​ដល់​សិទ្ធិ​រស់រាន​មាន​ជីវិត​ទេ សិទ្ធិ​អ្វី​ផ្សេង​ទៀត​ក៏​ត្រូវ​បាត់បង់​ដែរ រាប់​ទាំង​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ និង​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។ ជាង​នេះ​ទៀត បើ​ពួកគេ​នៅតែ​មើល​រំលង​សិទ្ធិ​រស់រាន​មាន​ជីវិត នោះ​មាន​ន័យ​ថា ពួកគេ​មិន​យល់​អំពី​ឫសគល់​នៃ​សិទ្ធិមនុស្ស​ឡើយ។

មាត្រា​១៩ នៃ​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស ចែង​ថា មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​មាន​មតិ និង​ការ​សម្ដែង​មតិ ហើយ​សិទ្ធិ​នេះ​រាប់​បញ្ចូល​ទាំង​សេរីភាព​ក្នុង​ការ​ប្រកាន់​មតិ​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក និង​សេរីភាព​ក្នុង​ការ​ស្វែងរក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​គ្មាន​ព្រំដែន​ផង​ដែរ។ ដោយឡែក​មាត្រា​២០ ចែង​ថា មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រជុំ​របស់​ពួកគេ​រៀងៗ​ខ្លួន។

យ៉ាងណាក៏ដោយ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក សុខ សុគន្ធ ធ្លាប់​បាន​រិះគន់​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​មិនមែន​អនុវត្ត​ច្បាប់​ទេ គឺ​អនុវត្ត​តាម​បញ្ជា​លោក ហ៊ុន សែន ដូច្នេះ​ការ​គោរព​សិទ្ធិមនុស្ស​មិន​ស្ថិត​លើ​ការ​អនុវត្ត​ច្បាប់​នោះ​ទេ គឺ​ស្ថិត​លើ​មាត់​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។

កាលពី​ចុង​ឆ្នាំ​២០២២ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លើក​ទី​៤៩ នៅ​ទីក្រុង​ហ្សឺណែវ នៃ​ប្រទេស​ស្វីស ថា ទិដ្ឋភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅតែ​បង្ក​ការ​ព្រួយបារម្ភ​ធ្ងន់ធ្ងរ​ដដែល ព្រោះ​ថា​លំហ​សេរីភាព​របស់​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច និង​កំពុង​ដើរ​ថយក្រោយ ដោយសារតែ​កម្ពុជា​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​តាម​បែប​ឯក​បក្ស​សព្វថ្ងៃ​នេះ។

អង្គការ Freedom House បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ឆ្នាំ​២០២២ ដែរ​ថា ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​លោក ហ៊ុន សែន គ្រប់គ្រង​ផ្ដាច់មុខ​ទាំងស្រុង ក្នុង​នោះ​គណបក្ស​ប្រឆាំង បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព និង​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​គ្រប់ៗ​គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស