តុលាការកំពូលនឹងប្រកាសសាលដីកាលើបណ្ដឹងសុំនៅក្រៅឃុំរបស់កញ្ញា ឈឹម ស៊ីថរ នៅសប្ដាហ៍ក្រោយ បន្ទាប់ពីតុលាការបើកសវនាការនាព្រឹកថ្ងៃពុធនេះ។
ការបណ្ដឹងសារទុក្ខមកតុលាការកំពូលនេះ ធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់មេធាវីការពារក្ដីឲ្យកញ្ញា ឈឹម ស៊ីថរ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមហេតុផលថា «រក្សាកញ្ញាទុកជូនតុលាការ ខណៈសំណុំរឿងនេះត្រូវបានបញ្ជូនទៅជម្រះហើយ»។
យ៉ាងណាក៏ដោយ ក្រោយបើកសវនាការនាព្រឹកថ្ងៃពុធ នេះ ប្រធានក្រុមប្រឹក្សាតុលាការកំពូលលោក គង់ ស្រ៊ីម បានប្រកាសសាលដីកាបណ្ដឹងសុំនៅក្រៅឃុំរបស់កញ្ញា ឈឹម ស៊ីថរ នៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ។
អំឡុងពេលតុលាការកំពូលបើកសវនាការ ក្រុមកូដករក៏បាននាំគ្នាទៅតវ៉ានៅខាងមុខ ដើម្បីផ្ដល់កម្លាំងចិត្តដល់មេដឹកនាំសហជីពកញ្ញា ឈឹម ស៊ីថរ និងទាមទារឲ្យតុលាការដោះលែង រួមទាំងទម្លាក់ចោលបទចោទប្រកាន់លើកញ្ញា និងអ្នកផ្សេងទៀងផងដែរ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) កាលពីថ្ងៃទី១៤ ខែមីនា បានចេញសេចក្ដីថ្លែងការណ៍មួយដោយអំពាវនាវដល់អាជ្ញាធរកម្ពុជាឲ្យដោះលែងមេដឹកនាំសហជីព (Naga World) កញ្ញា ឈឹម ស៊ីថរ និងទម្លាក់ចោលបទចោទប្រកាន់លើកញ្ញា និងសមាជិកសហជីពណាហ្គាវើលដ៍ ៨នាក់ផ្សេងទៀត។
ចំណែកក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្ដល់ពានអ្នកការពារសិទ្ធិមនុស្សសកលប្រចាំឆ្នាំ២០២២ ដល់បុគ្គលឆ្នើមចំនួន ១០រូបនៃបណ្តាប្រទេសលើសកលលោក ក្នុងនោះមានទាំងប្រធានសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ដែលត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងការចេញមុខការពារសិទ្ធិកម្មករដែលថៅកែបញ្ឈប់ពីការងារ។
ពានរង្វាន់នេះ គឺជាការទទួលស្គាល់ភាពជាមេដឹកនាំក្លាហានក្នុងការតស៊ូមតិដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ដែលគេទទួលស្គាល់ជាសកល។
កញ្ញា ឈឹម ស៊ីថរ ត្រូវបានអាជ្ញាធរចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស រាជធានីភ្នំពេញជាថ្មីទៀតនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយតុលាការលើកហេតុផលថា «ល្មើសបម្រាម ឬគេចវេះពីការត្រួតពិនិត្យរបស់តុលាការ» ក្រោយពេលកញ្ញាបានធ្វើដំណើរត្រឡប់មកពីប្រជុំនៅប្រទេសអូស្ត្រាលី វិញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។
បើតាមកញ្ញាបញ្ជាក់អំឡុងសវនាការថា ចាប់តាំងពីអាជ្ញាធរបានដោះលែងកញ្ញា ស៊ីថរ កាលពីខែមីនា ឆ្នាំ២០២២ មក ពួកគាត់មិនដែលទទួលបានដីកាពីតុលាការដែលដាក់បម្រាមមិនឲ្យពួកគាត់ចេញទៅក្រៅប្រទេសឡើយ ខណៈការចេញទៅក្រៅប្រទេសនេះ បើសរុបទាំងទៅប្រទេសអូស្ត្រាលី មានចំនួន ៣លើក ដោយក្នុងនោះកញ្ញាបានទៅថៃ ចំនួន ២លើក៕