27 C
Phnom Penh

សារព័ត៌មាន​អន្តរជាតិ​លាតត្រដាង​ពី​បណ្ដាញ​រកស៊ី​ឈើ​ខុស​ច្បាប់​របស់​លោក ហ៊ុន ម៉ាណែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារព័ត៌មាន​អន្តរជាតិ​មួយ​បាន​លាតត្រដាង​ថា ឧត្តមសេនីយ៍​ផ្កាយ​៣ នៃ​ក្រសួង​មហាផ្ទៃ​ដែល​មាន​ឈ្មោះ​ថា ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ឬ​ហៅ​ថា​ឧកញ៉ា​ជ័យ គឺជា​បណ្ដាញ​រកស៊ី​ឈើ​ខុស​ច្បាប់​របស់​លោក ហ៊ុន ម៉ាណែត ដែល​កំពុង​ប្រកប​អាជីវកម្ម​ឈើ​ខុស​ច្បាប់​នៅ​ខាងក្រៅ​ព្រំដែន​ដី​សម្បទាន​ក្នុង​ខេត្ត​ស្ទឹងត្រែង យ៉ាង​អនាធិបតេយ្យ​សព្វថ្ងៃ​នេះ​ដោយ​គ្មាន​អាជ្ញាធរ​ណា​ម្នាក់​ហ៊ាន​ប៉ះពាល់​ឡើយ។

សារព័ត៌មាន​អន្តរជាតិ Mongabay ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើប​អង្កេត​របស់​ខ្លួន​កាលពី​ចុង​សប្តាហ៍​កន្លង ដោយ​បង្ហាញ​រចនាសម្ព័ន្ធ​សែស្រឡាយ​ដែល​នៅ​ពីក្រោយ​បទល្មើស​រក​ឈើ​ខុស​ច្បាប់ និង​ក្រុមហ៊ុន​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​លោក ហ៊ុន ម៉ាណែត បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រី​ជាន់ខ្ពស់​ផ្កាយ​៣ នៅ​ក្រសួង​មហាផ្ទៃ គឺ​ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ឧកញ៉ា​ជ័យ ផង​ដែរ។

បន្ថែម​ពី​នេះ​ក៏​មាន​ភរិយា​របស់​ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត គឺ​អ្នកស្រី អាន សុខនីន ដែល​ត្រូវ​ជា​នាយក​មួយ​ក្នុង​ចំណោម​នាយក​ទាំង​បួន​របស់​ក្រុមហ៊ុន ហួត ម៉េងរីតា ដែល​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ឧកញ៉ា​ជ័យ សព្វថ្ងៃ​នេះ។ លើស​ពី​នេះ ក៏​មាន​ឧកញ៉ា ជា ពៅ ហៅ​ហួ ប្រធាន​ក្រុមហ៊ុន Angkor Plywood និង​អគ្គលេខាធិការ​រង​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ជា វុទ្ធី ផង​ដែរ។

ប្រភព​ខាងលើ​អះអាង​ថា ព្រៃឈើ​ដែល​លាតសន្ធឹង​ពាសពេញ​ស្រុក​សៀមប៉ាង និង​ស្រុក​សេសាន ក្នុង​ខេត្ត​ស្ទឹងត្រែង កំពុង​រង​នូវ​ការ​កាប់​បំផ្លាញ​ដើម្បី​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ពី​សំណាក់​ក្រុមហ៊ុន​នៃ​ខ្សែ​បណ្ដាញ​របស់​ក្រុម​អ្នក​មាន​អំណាច​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​ខេត្ត​ស្ទឹងត្រែង សព្វថ្ងៃ​នេះ ដូចជា​ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅ​ឧកញ៉ា​ជ័យ និង​ឧកញ៉ា ជា ពៅ ហៅ​ហួ ជាដើម ដោយ​គ្មាន​ទប់ស្កាត់​ពី​សំណាក់​រដ្ឋាភិបាល​ឡើយ។

សារព័ត៌មាន​អន្តរជាតិ Mongabay បញ្ជាក់​ថា ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អាជីវកម្ម​កាប់​ឈើ​ខុស​ច្បាប់​អស់​ជាច្រើន​ឆ្នាំ​ដែល​បាន​នាំចេញ​ឈើ​ខុស​ច្បាប់​មិន​ឈប់ឈរ ដើម្បី​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​ទៅ​កាន់​ទីផ្សារ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន ដើម្បី​នាំចេញ​ទៅ​កាន់​ទីផ្សារ​គ្រឿង​សង្ហារិម​របស់​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា បណ្ដាញ​រកស៊ី​ឈើ​នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់​នេះ​មិនមែន​មាន​តែ​ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត អ្នកស្រី អាន សុខនីន និង​ឧកញ៉ា ជា ពៅ ប៉ុណ្ណោះ​ទេ ក្នុង​នោះ​ក៏​មាន​ប្រធាន​សហព័ន្ធ​សហគ្រាស​កៅស៊ូ​វៀតណាម Vietnam Rubber Group (VRG) លោក ឡេង រិទ្ធី និង​ក្រុមហ៊ុន ហ៊ង់ អាញ់យ៉ាឡាយ (Hoang Anh Gia Lai (HAGL)) ដែល​ជា​ក្រុមហ៊ុន​កៅស៊ូ​វៀតណាម​ផង​ដែរ។

របាយការណ៍​ស្រាវជ្រាវ​កម្រាស់ ៥៣​ទំព័រ​របស់​អង្គការ​គំនិត​ផ្ដួចផ្ដើម​សកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន (Global Initiative Against Transnational Organized Crime) កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០២២ បាន​រក​ឃើញ​បណ្ដាញ​រកស៊ី​ឈើ​ខុស​ច្បាប់​យ៉ាង​ធំ​នៅ​កម្ពុជា​ដែល​មាន​គ្រួសារ​លោក ហ៊ុន សែន បាន​ចែក​គ្នា​គ្រប់គ្រង​ឧកញ៉ា​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​ឧកញ៉ា​ទាំងនោះ​រកស៊ី​ខុស​ច្បាប់​រក​លុយ​ឲ្យ​ខ្លួន ដូចជា​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ជាដើម។

អង្គការ​គំនិត​ផ្ដួចផ្ដើម​សកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បញ្ជាក់​ថា កត្តា​ចម្បង​ទាំងអស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា​នៅតែ​បន្ត​កើតមាន ខណៈ​សាច់ញាតិ និង​គ្រួសារ​លោក ហ៊ុន សែន បាន​ជាប់​ពាក់ព័ន្ធ ហើយ​ក៏​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា​នេះ​ដែរ។

ច្បាប់​ស្ដីពី​ព្រៃឈើ​ឆ្នាំ​២០០២ មាត្រា​១០០ ចែង​ថា សកម្មភាព​ទាំងឡាយ​ណា​ដែល​ធ្វើឡើង​ដោយ​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​នគរបាល មន្ត្រី​នៃ​កងយោធពល​ខេមរភូមិន្ទ ឬ​មន្ត្រី​អាជ្ញាធរ​ផ្សេង​ទៀត ដើម្បី​ធ្វើ​អន្តរាគមន៍​ផ្តល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជូន​ដល់​អាជីវកម្ម​ព្រៃឈើ និង​ធ្វើ​សកម្មភាព​គ្រប់​យ៉ាង​ផ្ទុយ​នឹង​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ ត្រូវ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ទៅ​ប្រាំ​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​ពី ១០​លាន​រៀល​ទៅ ១០០​លាន​រៀល៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស