37 C
Phnom Penh

កម្ដៅ​នៃ​ភ្នក់ភ្លើង​សង្គ្រាម​នៅ​អាស៊ី​កំពុង​ស្ថិត​លើ​វិថី​ដ៏​ផុយ​ស្រួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាស៊ី​ជា​ទ្វីប​មួយ​ដ៏​ធំ​នៃ​ពិភពលោក តែ​ទ្វីប​នេះ​កំពុង​ស្ថិត​នៅ​លើ​វិថី​ទៅ​រក​ភ្នក់ភ្លើង​សង្គ្រាម ដែល​មើល​ទៅ​ពិបាក​ជៀស​រួច​ណាស់។ ប្រទេស​ដែល​មាន​សក្ដានុពល​ផ្នែក​កងទ័ព​កំពុងតែ​គំរាម​គ្នា​ទៅវិញ​ទៅមក។ ប្រទេស​ធំ​ក្នុង​តំបន់ និង​ក្រៅ​តំបន់ កំពុង​ពង្រឹង​អនុត្តរភាព​របស់​ខ្លួន​ក្នុង​ទ្វីប​ដ៏​ធំ​មួយ​នេះ។

នៅ​ថ្ងៃ​នេះ កម្ដៅ​នៃ​ភ្នក់ភ្លើង​សង្គ្រាម​នៅ​អាស៊ី​កំពុង​ស្ថិត​លើ​វិថី​ដ៏​ផុយ​ស្រួយ​ហើយ។ ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​១៤ ខែ​មីនា នេះ បាន​រាយការណ៍​មក​ថា ល្បែង​សង្គ្រាម​កំពុង​ប្រព្រឹត្ត​ទៅ​ក្នុង​តំបន់​អាស៊ី​នេះ​មាន​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត​នៃ​ឧបទ្វីប​កូរ៉េ។

សហរដ្ឋ​អាមេរិក និង​ហ្វីលីពីន ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​រួម​គ្នា​ដែល​មាន​រយៈពេល ២១​ថ្ងៃ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ជា​ល្បែង​សង្គ្រាម​ធ្វើឡើង​នៅ​ចំពោះ​មុខ​ប្រទេស​អនុត្តរភាព​ដ៏​ធំ​ក្នុង​តំបន់ គឺ​ប្រទេស​ចិន។

ហ្វីលីពីន និង​សហរដ្ឋ​អាមេរិក បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​មួយ​ដែល​ផ្ដោត​ជា​សំខាន់​លើ​ការ​ពង្រឹង​សមត្ថភាព​របស់​កងទ័ព​ហ្វីលីពីន ក្នុង​ការ​ការពារ​ទឹកដី​របស់​សម្ព័ន្ធមិត្ត​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ដែល​រង​ការ​គំរាមកំហែង​ពី​កម្លាំង​ដ៏​ធំ​មួយ ដែល​មើល​ទៅ​គ្មាន​ប្រទេស​ណា​ក្រៅពី​ប្រទេស​ចិន​នោះ​ទេ។

សមយុទ្ធ​យោធា​រួម​គ្នា​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​ហ្វីលីពីន លោក Ferdinand Marcos Jr កាលពី​ខែ​កុម្ភៈ បាន​អនុញ្ញាត​ឱ្យ​អាមេរិក​បញ្ជូន​កងទ័ព​មក​ដាក់​ពង្រាយ​នៅ​លើ​មូលដ្ឋាន​ទ័ព​របស់​ខ្លួន។ ការ​សម្រេច​របស់​លោក Marcos Jr បាន​ធ្វើ​ឱ្យ​ទីក្រុង​ប៉េកាំង ប្រតិកម្ម និង​ខកចិត្ត​ជា​ខ្លាំង​ដែល​មេដឹកនាំ​ហ្វីលីពីន​ជំនាន់​ក្រោយ​នេះ​ដើរ​រំលង​បន្ទាន់​ក្រហម​របស់​ចិន ហើយ​ចិន​បាន​ព្រមាន​ក្រុង​ម៉ានីល ថា​កុំ​បង្ក​ហេតុការណ៍​អាក្រក់​ណា​មួយ​ជាមួយ​អាមេរិក​ក្នុង​ការ​គំរាម​សន្តិសុខ​ក្នុង​តំបន់។

សមយុទ្ធ​យោធា​ហ្វីលីពីន និង​អាមេរិក មាន​ទ័ព​ចូលរួម​ជាង ៣​ពាន់​នាក់។ សមយុទ្ធ​នេះ​មាន​ឈ្មោះ​ថា Salaknib មាន​ន័យ​ថា ប្រឆាំង​នឹង​ការ​បង្ក​អសន្តិសុខ​ដែល​មាន​រយៈពេល ២១​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៣ ខែ​មីនា នេះ។ ល្បែង​សង្គ្រាម​នេះ​មាន​ការ​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត ដូចជា​កាំភ្លើង​ធំ និង​មីស៊ីល ជាដើម។

មេបញ្ជាការ​កងទ័ព​ហ្វីលីពីន ឧត្ដមសេនីយ៍ឯក Romeo Brawner ថ្លែង​ក្នុង​ពិធី​បើក​សមយុទ្ធ​នេះ​ថា ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ​សំដៅ​ពង្រឹង​សមត្ថភាព​កងទ័ព​ហ្វីលីពីន ក្នុង​ការ​ការពារ​ដែន​កោះ​របស់​ខ្លួន​ពី​កម្លាំង​បរទេស​ឈ្លានពាន ហើយ​ផ្ដោត​ជា​សំខាន់​លើ​ប្រតិបត្តិការ​ការពារ​ជាតិ ដូចជា​ការ​ការពារ​ដែនអាកាស និង​ការពារ​តំបន់ឆ្នេរ​នៃ​ដែនទឹក​របស់​ហ្វីលីពីន។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ហ្វីលីពីន​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Marcos Jr យល់ព្រម​ឱ្យ​សហរដ្ឋ​អាមេរិក​ដាក់​ពង្រាយ​ទ័ព​នៅ​លើ​មូលដ្ឋាន​ទ័ព​របស់​ខ្លួន ៤​ទីតាំង​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​ចំនួន​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​លើ​ទឹកដី​ហ្វីលីពីន​កើន​ដល់ ៩​ទីតាំង​ហើយ ក្នុង​នោះ​មាន​មូលដ្ឋាន​ទ័ព​ជើងទឹក​ដ៏​ធំ​មួយ​របស់​ហ្វីលីពីន​នៅ​ក្បែរ​កោះ​តៃវ៉ាន់ ក៏​ក្លាយ​ជា​មូលដ្ឋាន​ទ័ព​អាមេរិក​ផង​ដែរ។

កោះ​តៃវ៉ាន់​ដែល​ចិន​ចាត់ទុក​ថា​ជា​ដែនដី​របស់​ខ្លួន ត្រូវ​បាន​ការពារ​ដោយ​សហរដ្ឋ​អាមេរិក។ ការ​ដែល​ហ្វីលីពីន​អនុញ្ញាត​ឱ្យ​អាមេរិក​ពង្រាយ​ទ័ព​ក្បែរ​កោះ​តៃវ៉ាន់ បាន​ធ្វើ​ឱ្យ​ចិន​ប្រតិកម្ម ដោយ​ហៅ​ថា​ជា​ផ្នែក​មួយ​របស់​អាមេរិក​ចង់​ធ្វើ​អន្តរាគមន៍​ជួយ​កោះ​តៃវ៉ាន់ ករណី​ចិន​លើក​ទ័ព​វាយ​កាន់កាប់​ដែន​កោះ​មួយ​របស់​ខ្លួន។

ដោយឡែក​ល្បែង​សង្គ្រាម​មួយ​ដ៏​ធំ​កំពុង​ប្រព្រឹត្ត​ទៅ​លើ​ឧបទ្វីប​កូរ៉េ និង​សមុទ្រ​ចិន​ខាងកើត គឺ​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង។ សមយុទ្ធ​នេះ​ក្រោម​ឈ្មោះ​ថា Freedom Shield ២០២៣ ប្រែ​ថា​ខែល​ការពារ​សេរីភាព​ឆ្នាំ​២០២៣។

សមយុទ្ធ​នេះ​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ចន្ទ ទី​១៣ ខែ​មីនា រហូត​ដល់​ថ្ងៃទី​២៣ ខែ​មីនា។ ល្បែង​សង្គ្រាម​សម្ដែង​ដោយ​ទ័ព​អាមេរិក និង​កូរ៉េខាងត្បូង ធ្វើឡើង​ដោយ​មិន​ខ្ចី​ភ្ញាក់ផ្អើល​ចំពោះ​កូរ៉េខាងជើង​បាញ់​មីស៊ីល​យុទ្ធសាស្ត្រ​ចំនួន ៤​គ្រាប់​ចេញពី​នាវាមុជទឹក​ដែល​ក្រុង​ព្យុងយ៉ាង គំរាម​អាមេរិក និង​កូរ៉េខាងត្បូង ឱ្យ​បញ្ឈប់​ល្បែង​សង្គ្រាម​នេះ​ជាបន្ទាន់។

មុន​មួយ​ថ្ងៃ​នៃ​ការ​ធ្វើ​សមយុទ្ធ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​បាលីស្ទីច​រយៈ​ចម្ងាយ​ខ្លី ២​គ្រាប់​ទៅ​ហើយ។ បើ​តាម​ប្រភព​របស់​កងទ័ព​កូរ៉េខាងត្បូង នៅ​ថ្ងៃ​អង្គារ ទី​១៤ មីនា នេះ កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​បាលីស្ទីច ២​គ្រាប់​ទៀត ឆ្ពោះ​ទៅ​កាន់​តំបន់ឆ្នេរ​ភាគ​ខាងកើត​នៃ​ប្រទេស​របស់​ខ្លួន។

កូរ៉េខាងត្បូង និង​សហរដ្ឋ​អាមេរិក កំពុង​ដឹកនាំ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​២០១៧ មក ដើម្បី​ទប់ទល់​ចំពោះ​ការ​កើនឡើង​នៃ​ការ​គំរាមកំហែង​ពី​សំណាក់​ទីក្រុង​ព្យុងយ៉ាង។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​កងទ័ព​កូរ៉េខាងត្បូង បាន​បញ្ជាក់​ថា កងទ័ព​បាន​ស្ថិត​នៅ​ក្នុង​លក្ខណៈ​ប្រុង​ជើងការ​ខ្ពស់​ក្រោម​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋ​អាមេរិក ទប់ទល់​ករណី​មាន​ការ​វាយប្រហារ​ពី​សំណាក់​កូរ៉េខាងជើង។

មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុងអ៊ុន បាន​ចេញ​បទបញ្ជា​ឱ្យ​កងទ័ព​របស់​លោក​បង្កើន​ការ​ធ្វើ​សមយុទ្ធ​គំរាម​សមយុទ្ធ​អាមេរិក និង​កូរ៉េខាងត្បូង ដែល​លោក​ថា​ជា​ការ​ត្រៀម​ឆ្លើយតប​ទៅ​នឹង​សង្គ្រាម​ពី​កម្លាំង​បច្ចាមិត្ត។

លោក គីម ជុងអ៊ុន ព្រមាន​ថា ក្រុង​សេអ៊ូល នឹង​ក្លាយ​ជា​ផេះ បើ​ធ្វើ​ឱ្យ​មាន​សង្គ្រាម​លើ​ឧបទ្វីប​ផ្ទុះឡើង។ តែ​ចំពោះ​សហរដ្ឋ​អាមេរិក ព្រមាន​តប​វិញ​ថា ការ​បង្ក​សង្គ្រាម​ពី​កូរ៉េខាងជើង​ទៅ​លើ​កូរ៉េខាងត្បូង ឬ​ទៅ​លើ​ប្រទេស​ជប៉ុន វា​នាំ​ឱ្យ​របប​កុម្មុយនីស្ត​ផ្ដាច់ការ​នៅ​ក្រុង​ព្យុងយ៉ាង ដួល​រលំ​ភ្លាម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស