31 C
Phnom Penh

សភា​អឺរ៉ុប​ព្រមាន​ដក EBA បន្ថែម​ទៀត​បើ​បុរស​ខ្លាំង​កម្ពុជា​មិន​ដោះលែង​លោក កឹម សុខា ឱ្យ​មាន​សេរីភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សភា​នៃ​សហភាព​អឺរ៉ុប គាំទ្រ​លើ​ញត្តិ​ដែល​ទាមទារ​ឱ្យ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត ប្រសិនបើ​លោក កឹម សុខា មិន​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ និង​មិន​ធានា​បាន​នូវ​ការ​បោះឆ្នោត​ជាតិ​ខាងមុខ​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌ ឬ​នៅតែ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ត​ទៀត​នោះ។

សភា​នៃ​សហភាព​អឺរ៉ុប​ចំនួន ៤៩៦​នាក់​ក្នុង​ចំណោម​សមាជិក​សរុប ៥៤៣​នាក់ កាលពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ បាន​អនុម័ត​គាំទ្រ​ញត្តិ​ស្ដីពី​ប្រទេស​កម្ពុជា ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដោះលែង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និង​មន្ត្រី​បក្ស​ប្រឆាំង ព្រមទាំង​សកម្មជន​បក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់ ដែល​ត្រូវ​បាន​កាត់ទោស ឬ​ឃុំ​ខ្លួន​ដោយ​បទ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ដើម្បី​ធានា​ការ​បោះឆ្នោត​មួយ​ដែល​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

សភា​នៃ​សហភាព​អឺរ៉ុប ក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ដោះលែង​មេដឹកនាំ​សហជីព អ្នក​ការពារ​សិទ្ធិមនុស្ស និង​បើក​លំហ​សង្គម​ស៊ីវិល ព្រមទាំង​ត្រូវ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ VOD ឡើងវិញ​ផង​ដែរ។

ជាង​នេះ​ទៀត ក៏​បាន​ទាមទារ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ​ថែម​ទៀត។ លើស​ពី​នេះ ក៏​ត្រូវ​បញ្ឈប់​រាល់​ទម្រង់​នៃ​ការ​យាយី​ការ​បំភិតបំភ័យ និង​ការ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​ដែល​មាន​ហេតុផល​នយោបាយ​ប្រឆាំង​សមាជិក​បក្ស​ក្រៅ​រដ្ឋាភិបាល​បន្ត​ទៀត​ផង​ដែរ។

ការ​គាំទ្រ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​កាត់ទោស​ពី​បទ​ក្បត់​ជាតិ​ឱ្យ​ជាប់​គុក​ក្នុង​ផ្ទះ​រយៈពេល ២៧​ឆ្នាំ និង​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​ពី​សំណាក់​តុលាការ​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។

នៅ​ថ្ងៃទី​១៦ ខែ​មីនា នេះ​ដែរ វេទិកា​ពលរដ្ឋ​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា ពួកគេ​សូម​ដាស់តឿន​លោក ហ៊ុន សែន ឱ្យ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​លើ​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​ជាបន្ទាន់ កុំ​ឲ្យ​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត ឬ​ដក​ទាំងស្រុង។

ក្រុម​នេះ​ព្រមាន​ថា បើ​លោក ហ៊ុន សែន មិន​ដោះលែង​លោក កឹម សុខា ឲ្យ​មាន​សេរីភាព ឬ​បើក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​បណ្ដាញ​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ VOD មាន​ដំណើរការ​ឡើងវិញ និង​មិន​បើក​ឱ្យ​មាន​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ នោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​ជួប​ហានិភ័យ​ធ្ងន់ធ្ងរ។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ អះអាង​ថា ស្ថានភាព​ជាក់ស្ដែង​សព្វថ្ងៃ​នេះ​ក្នុង​ពេល​ដែល​សហរដ្ឋ​អាមេរិក​មិន​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ឲ្យ​កម្ពុជា ហើយ​សហភាព​អឺរ៉ុប​បាន​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ទៀត​នោះ កម្មករ​រោងចក្រ​កាត់ដេរ​សរុប​ប្រមាណ ៨០​ម៉ឺន​នាក់ ក្នុង​នោះ​យ៉ាងតិច​មាន ៥០% ឬ​ចំនួន ៤០​ម៉ឺន​នាក់ កំពុង​ប្រឈម​នឹង​ជីវភាព​ដ៏​លំបាក ដែល​អ្នក​ខ្លះ​បាត់បង់​ការងារ​ទាំងស្រុង អ្នក​ខ្លះ​ទៀត​ត្រូវ​ព្យួរ​ការងារ និង​ខ្លះ​ទៀត​ត្រូវ​កាត់បន្ថយ​ការងារ​ពាក់កណ្ដាល ជាដើម ខណៈ​ពេល​ដែល​ពួកគាត់​កំពុងតែ​ជាប់​បន្ទុក​សង​បំណុល​ធនាគារ​ទៀត​នោះ។

វេទិកា​ពលរដ្ឋ​បញ្ជាក់​ថា សេចក្ដី​សម្រេច​របស់​សភា​អឺរ៉ុប​ពុំ​មាន​គោលដៅ​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ និង​កម្មករ​ខ្មែរ​ឡើយ តែ​ជា​ការ​សង្កត់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ធានា​ថា ជំនួយ​នានា និង​ការ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​របស់​អឺរ៉ុប​ដល់​កម្ពុជា មិន​ធ្លាក់​ក្នុង​អំពើពុករលួយ​នៃ​ក្រុម​បក្ខពួក​និយម និង​មិន​ក្លាយ​ជា​ឧបករណ៍​បម្រើ​ប្រយោជន៍​នយោបាយ​របស់​ពួក​អ្នក​មាន​អំណាច ប៉ុន្តែ​ពួកគេ​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ដែល​ខ្លួន​បាន​ផ្តល់​ឲ្យ​ដោយ​ពិតប្រាកដ​ប៉ុណ្ណោះ។

ក្រុម​នេះ​អះអាង​ថា សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ នឹង​យកចិត្ត​ទុកដាក់​ជួយ​ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន វិល​ទៅ​រក​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ស្រប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២២ លោក ហ៊ុន សែន ព្រមាន​ថា លោក​មិន​យក​ឯករាជភាព អធិបតេយ្យភាព​របស់​កម្ពុជា​ធ្វើ​ជា​ថ្នូរ​នឹង​ជំនួយ ឬ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​ប្រទេស​ណា​ទាំងអស់។

ទោះជា​បែប​នេះ​ក្តី កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ សមាជិក​សភា​អឺរ៉ុប​បាន​ស្នើ​ទៅ​កាន់​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង ២៧​ប្រទេស ឱ្យ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កម្ពុជា ដោយ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទាំងស្រុង ប្រសិនបើ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៣ នេះ​គ្មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ​នោះ។

ដោយឡែក​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​សហរដ្ឋ​អាមេរិក រហូត​មក​ទល់​នឹង​ពេលនេះ នៅតែ​មិន​ទាន់​ត្រូវ​បាន​ផ្តល់​មក​ឱ្យ​កម្ពុជា​សាជាថ្មី​ឡើងវិញ​នៅឡើយ​ទេ បន្ទាប់ពី​កម្ពុជា​រង​នូវ​ការ​រិះគន់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស ជាន់​ឈ្លី​ប្រជាធិបតេយ្យ​នា​ពេល​កន្លងមក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស