29 C
Phnom Penh

សមត្ថកិច្ច​ចាប់​ខ្លួន​លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន ក្រោយ​បញ្ចេញមតិ​លើ​ហ្វេសប៊ុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​ដែល​ស្និទ្ធ​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គឺ​លោក ហ៊ុន កុសល ដែល​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក យឹម ស៊ីណន ជា​អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ហើយ​នៅ​ថ្ងៃ​អង្គារ ទី​២១ មីនា នេះ បន្ទាប់ពី​ពួកគេ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជុំវិញ​ការ​ចូលរួម​ពិធី​ព្រះរាជទាន​ព្រះអគ្គីជ័យ​កីឡា ឬ​ភ្លើង​ជ័យ​សម្រាប់​សម្ពោធ​កីឡា​ស៊ីហ្គេម​របស់​ព្រះមហាក្សត្រ​ខ្មែរ​នៅ​ខេត្ត​សៀមរាប។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ភ្ជាប់​រូបថត​ព្រះមហាក្សត្រ​ចូលរួម​ពិធី​ព្រះរាជទាន​ព្រះអគ្គីជ័យ​កីឡា​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ នៅ​ខេត្ត​សៀមរាប នៅ​ថ្ងៃទី​២១ ខែ​មីនា នេះ​ថា «ឃើញ​ពួកគេ​ធ្វើ​បាប​ព្រះទ័យ និង​បន្ទាប​ព្រះចេស្ដា​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ច្រក​បែប​នេះ ទូល​បង្គំ​ជា​អ្នក​នយោបាយ​ជំនាន់​ក្រោយ ប្ដេជ្ញា​នឹង​ប្រើ​សមត្ថភាព​ដែល​មាន​ទាំង​ប៉ុន្មាន​ចូលរួម​ពូន​ផ្តុំ​ជាមួយ​លោក កឹម សុខា ការពារ​ព្រះចេស្តា​ព្រះអង្គ និង​ព្រះរាជបល័្លង្ក​ដែល​ប្រជារាស្ត្រ​ខ្មែរ​មិន​អាច​ខ្វះ​បាន​តទៅ​ថ្ងៃ​មុខ»

ចំណែក​អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក យឹម ស៊ីណន ក៏​បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ដែរ​ថា «បើ​តាម​សំឡេង​ពលរដ្ឋ​តាម​ហាង​កាហ្វេ​នៅ​ថ្ងៃ​នេះ គេ​អាច​ឃើញ​ច្បាស់​ថា នរណា​ជា​ស្តេច​ផែនដី​ពិតប្រាកដ» ប៉ុន្តែ​លោក​មិន​បាន​ភ្ជាប់​រូបថត​ណា​មួយ​នោះ​ទេ​ជុំវិញ​សំណេរ​របស់​លោក​នេះ។

យ៉ាងណា​ក៏ដោយ ក្រោយពី​មាន​ការ​ប្រតិកម្ម​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក លោក យឹម ស៊ីណន បាន​លុប​សំណេរ​របស់​ខ្លួន​វិញ និង​បាន​បង្ហោះ​សំណេរ​ថ្មី​បញ្ជាក់​ថា «គ្រាន់តែ​លោក​បង្ហោះ​សារ​ដែល​ជា​សំឡេង​របស់​អង្គុយ​ផឹក​កាហ្វេ​សោះ បែរ​ជា​មាន​អ្នក​គិត​ប្រៀបធៀប​ទៅ​រឿង​ផ្សេង​ទៅវិញ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ខ្លឹមសារ​ដែល​លោក​បាន​បង្ហោះ​មុន​នេះ លោក​សូម​លុប​ចេញ​វិញ​ចុះ»

បែប​នេះ​ក្តី មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​សរសេរ​ក្នុង​ប្រអប់​បញ្ចេញមតិ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​លោក យឹម ស៊ីណន ថា «ក្មេង​ពាល​មិន​ត្រូវ​អត់ឱន​ឱ្យ​វា​ទេ ព្រោះ​លោក​ធ្លាប់​បាន​អត់ឱន​ឱ្យ​ម្តង​រួច​ហើយ។ ពេលនេះ​បើ​គ្មាន​ទោស​ទើប​ចម្លែក ព្រោះ​នេះ​មិនមែន​ជា​របៀប​បញ្ចេញមតិ​ទេ តែ​ជា​ការ​បំភ្លៃ​ការពិត​ដោយ​ចេតនា​ប៉ុណ្ណោះ»

នៅ​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៣ នេះ ក្នុង​ពិធី​ព្រះរាជទាន​ព្រះអគ្គីជ័យ​កីឡា​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​គេ​ទម្លាយ​រូបថត​មួយ​សន្លឹក​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ឈរ​នៅ​ក្រោម​ឆត្រ​ដែល​គេ​បាំង​ថ្វាយ​ព្រះមហាក្សត្រ​ទៅវិញ ហើយ​រូបថត​មួយ​សន្លឹក​នេះ​ធ្វើ​ឱ្យ​មាន​ការ​បញ្ចេញមតិ​ផ្សេងៗ​គ្នា​ចំពោះ​អត្ថន័យ​របស់​វា​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ មីនា នេះ​ថា បើ​មិន​ពិនិត្យពិច័យ អាច​ច្រឡំ​ថា​លោក ហ៊ុន សែន ជា​ព្រះមហាក្សត្រ រីឯ​ព្រះមហាក្សត្រ​ពិតប្រាកដ​បច្ចុប្បន្ន​ហាក់ដូចជា​អ្នក​ហែហម​លោក ហ៊ុន សែន ទៅវិញ។ លោក​បន្ថែម​ថា កាយវិការ​របស់​លោក ហ៊ុន សែន ហាក់​បង្កប់​ខ្លឹមសារ​ព្រហើន បំពាន​ច្បាប់ បំពាន​តួនាទី​ព្រះមហាក្សត្រ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ បើ​ទោះបីជា​មហាក្សត្រ​មិន​សូវ​ប្រកាន់​របៀប​របប​ពិធីការ​ក៏ដោយ។

លោក ម៉ែន ណាត បញ្ជាក់​ថា ការ​លើកឡើង​របស់​លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន មិន​គួរ​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ទេ ព្រោះ​ពួកគេ​គ្រាន់តែ​លើកឡើង​ដើម្បី​កែតម្រូវ​នៅ​ពេល​ដែល​មាន​ការ​លេច​ធ្លាយ​រូបភាព​មិន​សមរម្យ​របស់​លោក ហ៊ុន សែន ក្នុង​ពិធី​នោះ​តែប៉ុណ្ណោះ ត្បិត​លោក ហ៊ុន សែន កំពុង​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ថា​គាត់​កំពុង​រំលោភ​តួនាទី​របស់​ព្រះមហាក្សត្រ​សព្វថ្ងៃ​នេះ​ផង​នោះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន វិញ ដើម្បី​ធានា​នូវ​ការ​បញ្ចេញមតិ​នៅ​កម្ពុជា​ដោយ​គ្មាន​ការ​គំរាមកំហែង ខណៈ​ការ​លើកឡើង​របស់​ពួកគាត់​មិន​បាន​រំលោភ​លើ​មាត្រា​ណា​មួយ​នៃ​ច្បាប់​របស់​ប្រទេស​កម្ពុជា​នោះ​ឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស