29 C
Phnom Penh

វេទិកា​ពលរដ្ឋ​អំពាវនាវ​ឱ្យ​ទម្លាក់​បទ​ចោទ​និង​ដោះលែង​លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វេទិកា​ពលរដ្ឋ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ និង​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន ដោយ​ឥត​លក្ខខណ្ឌ ព្រោះ​ការ​លើកឡើង​របស់​សកម្មជន​នយោបាយ​ទាំង​ពីរ​នេះ​ជា​ទម្រង់​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ មិនមែន​ជា​ការ​ញុះញង់​ដូច​ការ​ចោទប្រកាន់។

វេទិកា​ពលរដ្ឋ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ទាំង​ពីរ​នេះ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រង់​មាត្រា​៤១ ដែល​បាន​ចែង​អំពី​សេរីភាព​ខាង​ការ​បញ្ចេញមតិ សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ និង​សេរីភាព​ខាង​ការ​ប្រជុំ​យ៉ាង​ធ្ងន់ធ្ងរ។

ប្រភព​ដដែល​អះអាង​ថា ការ​ចាប់​ខ្លួន​នេះ​ក៏​ជា​ការ​រំលោភ​លើ​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​ត្រង់​មាត្រា​១៩ ដែល​បាន​ចែង​អំពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​ការ​សម្ដែង​មតិ​ផង​ដែរ ព្រោះ​ថា​មាត្រា​នេះ​បាន​ចែង​យ៉ាង​ច្បាស់​ថា សិទ្ធិ​នេះ​រាប់​បញ្ចូល​ទាំង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក និង​សេរីភាព​ក្នុង​ការ​ស្វែងរក​ការ​ទទួល​ការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​គំនិត​នានា​ដោយ​គ្មាន​ព្រំដែន ទោះ​តាមរយៈ​មធ្យោបាយ​សម្ដែង​មតិ​ណា​មួយ​ក៏ដោយ។

វេទិកា​ពលរដ្ឋ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទប្រកាន់​នានា និង​ដោះលែង​អ្នក​នយោបាយ និង​សកម្មជន​សង្គម​ទាំងឡាយ ដើម្បី​ជា​ប្រយោជន៍​លើក​មុខមាត់​ប្រទេស​ជាតិ ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​ផ្សះផ្សា​ជាតិ​ដែល​នឹង​ឈាន​ទៅ​រក​ការ​បញ្ចប់​នូវ​ការ​បែកបាក់​សាមគ្គី​ជាតិ​បន្ត​ទៀត។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​បន្ទាប់ពី​ពួកគេ​បញ្ចេញមតិ​យោបល់​ជុំវិញ​ការ​រៀបចំ​ពិធី​សម្រាប់​ព្រះមហាក្សត្រ ដែល​បាន​យាង​ចូលរួម​ក្នុង​ព្រះរាជទាន​ព្រះ​អគ្គីជ័យ​កីឡា ឬ​អុជ​ភ្លើង​កីឡា​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៣ នេះ។

ក្រោយ​ការ​ចាប់​ខ្លួន សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ​ជា​បណ្ដោះអាសន្ន ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​តាម​មាត្រា​៤៣៧ (ស្ទួន) នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាលា​វ៉ាន់ដា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​ថា លោក​នឹង​មិន​លើកលែង ឬ​អធ្យាស្រ័យ​ឱ្យ​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល ឡើយ ចំពោះ​ការ​ចេញ​សារ​ប្រមាថ​ព្រះចេស្តា​ព្រះមហាក្សត្រ​នេះ។

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​លើកឡើង​របស់​លោក​មិនមែន​ជា​សារ​បញ្ជូន​ទៅ​កាន់​តុលាការ​ទេ ប៉ុន្តែ​លោក​គ្រាន់តែ​បកស្រាយ​តែប៉ុណ្ណោះ ព្រោះ​ថា​ការ​លើកឡើង​របស់​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល មិនមែន​ជា​ការ​បញ្ចេញមតិ​នោះ​ទេ តែ​ជា​ចេតនា​ដ៏​អាក្រក់​ក្នុង​ករណី​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២២ មីនា នេះ​ថា ការ​លើកឡើង​របស់​សកម្មជន​នយោបាយ​ទាំង​ពីរ​នាក់​នោះ​គ្រាន់តែ​ដើម្បី​បង្ហាញ​ពី​ការ​ស្រឡាញ់​គោរព​ចំពោះ​ព្រះមហាក្សត្រ​តែប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដោយ​អចេតនា​លើ​រដ្ឋាភិបាល​កម្ពុជា​ដូច្នេះ ប៉ុន្តែ​ពួកគេ​មិន​បាន​បំពាន​លើ​មាត្រា​នៃ​ច្បាប់​ណា​មួយ​របស់​កម្ពុជា​នោះ​ដែរ។

បណ្ឌិត សូ ណារ៉ូ លើកឡើង​ថា ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រែ​ក្លាយ​ពី​ការ​ចាប់​ខ្លួន​មក​ជា​ការ​ពន្យល់​ប្រាប់ ឬ​អភ័យ​ទោស​ដល់​ពួកគេ​ទាំង​ពីរ​សម្រាប់​រូបថត​ដែល​ធ្វើ​ឱ្យ​មាន​ការ​ភាន់ច្រឡំ​ក្នុង​ពិធី​អុជ​ភ្លើង​ជ័យ​កីឡា​នោះ គាត់​នឹង​អាច​ទទួល​បាន​នូវ​ការ​គោរព​របស់​ពួកគេ​ដែល​ធ្វើ​ឱ្យ​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល ទទួលស្គាល់​នូវ​សមានចិត្ត​ដ៏​ល្អ​របស់​លោក​ទៅវិញ ដែល​ជា​ការ​នាំ​ទៅ​រក​កិត្តិយស​សម្រាប់​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

កាលពី​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៣ ក្នុង​ពិធី​ព្រះរាជទាន​ព្រះ​អគ្គីជ័យ​កីឡា​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​គេ​ចែកចាយ​រូបថត​មួយ​សន្លឹក​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ឈរ​នៅ​កន្លែង​មួយ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ភាន់ច្រឡំ​ថា​អ្នក​បាំង​ក្លស់ ឬ​ឆត្រ​ថ្វាយ​ព្រះមហាក្សត្រ ហាក់ដូចជា​បាំង​ឱ្យ​លោក ហ៊ុន សែន ទៅវិញ ដែល​ធ្វើ​ឱ្យ​មាន​ការ​ជជែក​វែកញែក​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ពេល​នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស