តុលាការកំពូលសម្រេចបន្តឃុំខ្លួនមេដឹកនាំសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ក្នុងពន្ធនាគារដូចសាលាដំបូង និងសាលាឧទ្ធរណ៍ភ្នំពេញសម្រេចដដែលថាជារឿងត្រឹមត្រូវ។
ការប្រកាសសាលដីកានាថ្ងៃសុក្រ ទី២៤ ខែមីនា នេះ បន្ទាប់ពីប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក គង់ ស្រ៊ីម បានបើកសវនាការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅលើបណ្ដឹងសារទុក្ខរបស់កញ្ញា ឈឹម ស៊ីថរ ដែលប្ដឹងមិនសុខចិត្តចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ដែលបន្តឃុំខ្លួនកញ្ញានៅពន្ធនាគារដដែល។
តែយ៉ាងណា នៅថ្ងៃសុក្រនេះ ប្រធានក្រុមប្រឹក្សាតុលាការកំពូល លោក គង់ ស្រ៊ីម ប្រកាសសាលដីកាច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់កញ្ញា ឈឹម ស៊ីថរ ដោយចាត់ទុកការសម្រេចរបស់តុលាការថ្នាក់ក្រោមជារឿងត្រឹមត្រូវ។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់កញ្ញា ឈឹម ស៊ីថរ ក្រោមហេតុផលថារក្សាកញ្ញាទុកជូនតុលាការ ខណៈសំណុំរឿងនេះត្រូវបានបញ្ជូនទៅជម្រះហើយ។
ជុំវិញការសម្រេចបែបនេះ កន្លងមក អ្នកឃ្លាំមើលលើកឡើងថា បើសាលាដំបូង និងសាលាឧទ្ធរណ៍ភ្នំពេញសម្រេចបែបណាហើយ គឺតុលាការកំពូលក៏សម្រេចបែបនោះដែរ ជាពិសេសក្នុងសំណុំរឿងនយោបាយ អ្នកការពារសិទ្ធិមនុស្ស បរិស្ថាន និងរឿងមេដឹកនាំសហជីពកញ្ញា ឈឹម ស៊ីថរ ជាដើម។
ក្រុមកូដករក៏បាននាំគ្នាទៅឈរលើករូបថតដោយភ្ជាប់ជាមួយសារទាមទារឲ្យដោះលែងមេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ ផងនោះ បានបង្ហាញការសោកស្ដាយដោយចាត់ទុកការសម្រេចរបស់តុលាការជាន់ខ្ពស់នេះជារឿងអយុត្តិធម៌ចំពោះកញ្ញា ស៊ីថរ និងពួកគេដែលជាកូដករ។
ក្រៅពីបង្ហាញការសោកស្ដាយហើយ ពួកគេក៏បានផ្ដល់កម្លាំងចិត្តដល់មេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ និងបន្តទាមទារឲ្យដោះលែង ព្រមទាំងទម្លាក់ចោលបទចោទប្រកាន់លើកញ្ញា និងអ្នកផ្សេងទៀតផងដែរ។
ការទាមទារនេះ បន្ទាប់ពីថ្នាក់ដឹកនាំ និងសកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៩រូប ក្នុងនោះមានប្រធានទ្រទ្រង់សិទ្ធិការងារកម្មករខ្មែរ កញ្ញា ឈឹម ស៊ីថរ ថ្នាក់ដឹកនាំសហជីព កញ្ញា ឈឹម សុខន សកម្មជនសហជីពអ្នកស្រី រី សុវណ្ណឌី ជាដើម ពីបទចោទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយគ្រាន់តែធ្វើកូដកម្មទាមទារឲ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ដោះស្រាយវិវាទការងារជាមួយខ្លួនដែលបានអូសបន្លាយពេលជាង ១ឆ្នាំមកនេះ។
ត្បិតតែតុលាការកម្ពុជាក្រោមការបញ្ជារបស់លោក ហ៊ុន សែន បានចោទប្រកាន់ និងឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ ប៉ុន្តែប្រធានសហជីពកម្មករណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានវេទិកាប្រវត្តិសាស្ត្ររស់ (The Living History Forum) នៅប្រទេសស៊ុយអែត ចេញលិខិតជ្រើសតាំងជាបេក្ខជនសម្រាប់ទទួលពានរង្វាន់អន្តរជាតិ ឌឹ ភើ អេងងើ (The Per Anger Prize) របស់រដ្ឋាភិបាលស៊ុយអែត (Sweden)។
មិនមែនតែប្រទេសស៊ុយអែត ទេ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្ដល់ពានអ្នកការពារសិទ្ធិមនុស្សសកលប្រចាំឆ្នាំ២០២២ ដល់បុគ្គលឆ្នើមចំនួន ១០រូបនៃបណ្តាប្រទេសលើសកលលោក។ ពាននេះជាការទទួលស្គាល់ភាពជាមេដឹកនាំក្លាហាន ក្នុងការតស៊ូមតិដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សដែលគេទទួលស្គាល់ជាសកល។
កញ្ញា ឈឹម ស៊ីថរ ត្រូវបានអាជ្ញាធរចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស រាជធានីភ្នំពេញជាថ្មីទៀតនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយតុលាការលើកហេតុផលថា «ល្មើសបម្រាម ឬគេចវេះពីការត្រួតពិនិត្យរបស់តុលាការ» ក្រោយពេលកញ្ញាបានធ្វើដំណើរត្រឡប់មកពីប្រជុំនៅប្រទេសអូស្ត្រាលី វិញកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។
បើតាមកញ្ញាបញ្ជាក់អំឡុងសវនាការថា ចាប់តាំងពីអាជ្ញាធរបានដោះលែងកញ្ញា ស៊ីថរ កាលពីខែមីនា ឆ្នាំ២០២២ មក ពួកគាត់មិនដែលទទួលបានដីកាពីតុលាការដែលដាក់បម្រាមមិនឲ្យពួកគាត់ចេញទៅក្រៅប្រទេសឡើយ ខណៈការចេញទៅក្រៅប្រទេសនេះ បើសរុបទាំងទៅប្រទេសអូស្ត្រាលី មានចំនួន ៣លើក ដោយក្នុងនោះកញ្ញាបានទៅថៃ ចំនួន ២លើក៕