27.5 C
Phnom Penh

មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​ឱ្យ​លោក មាជ សុវណ្ណារ៉ា ចូល​សួរ​សុខទុក្ខ​លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​រារាំង​មិន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​សួរ​សុខទុក្ខ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន ដែល​កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ទេ​នៅ​ថ្ងៃ​ចន្ទ ទី​២៧ មីនា នេះ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ មីនា នេះ​ថា លោក​មិន​យល់​ពី​នីតិវិធី​របស់​មន្ត្រី​ពន្ធនាគារ ថា​គេ​នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ​ទេ​នៅ​ពេល​ដែល​ពួកគេ​មិន​អនុញ្ញាត​ឱ្យ​លោក​ចូល​ទៅ​សួរ​សុខទុក្ខ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ គឺ​លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន ដែល​កំពុង​ឃុំ​ខ្លួន​នៅ​ពេល​នេះ។

លោក​បន្ថែម​ថា បញ្ហា​នេះ​លោក​ក៏​មិនទាន់​ហ៊ាន​សន្មត​ថា​ដូចម្តេច​ដែរ គឺ​លោក​មាន​តែ​រង់ចាំ​មើល​ការ​សម្រេច​របស់​អាជ្ញាធរ​នៅ​ពេល​ក្រោយ​ទៀត​ប៉ុណ្ណោះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា លោក​មាន​បំណង​ទៅ​សួរ​សុខទុក្ខ​សកម្មជន​ទាំង​ពីរ​នេះ គឺ​គ្មាន​ហេតុផល​អ្វី​ផ្សេង​ក្រៅតែ​ពី​ក្នុង​នាម​ជា​អ្នក​ស្គាល់​គ្នា និង​ជា​មនុស្ស​ដែល​ធ្លាប់​រាប់អាន​គ្នា​នោះ​ទេ ព្រោះ​ថា​ជា​សមានចិត្ត​របស់​មនុស្ស​ទូទៅ​នៅ​ពេល​ដែល​មនុស្ស​ដែល​ខ្លួន​ធ្លាប់​រាប់អាន​មាន​ទុក្ខ គេ​តែង​ទៅ​សួរ​សុខទុក្ខ​បែប​នេះ​គឺជា​រឿង​ធម្មតា។

សកម្មជន​ដែល​ស្និទ្ធ​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គឺ​លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ភ្លាមៗ បន្ទាប់ពី​ពួកគេ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជុំវិញ​ការ​ចូលរួម​ពិធី​ព្រះរាជទាន​ព្រះ​អគ្គីជ័យ​កីឡា​របស់​ព្រះមហាក្សត្រ​ខ្មែរ​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៣ នេះ។

បន្ទាប់ពី​ចាប់​ខ្លួន​បាន​មួយ​ថ្ងៃ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ​ជា​បណ្ដោះអាសន្ន ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៣៧ (ស្ទួន) នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​ថា លោក​នឹង​មិន​លើកលែង ឬ​អធ្យាស្រ័យ​ឱ្យ​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល ឡើយ​ចំពោះ​ការ​ចេញ​សារ​ប្រមាថ​ព្រះចេស្តា​ព្រះមហាក្សត្រ​នេះ។

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​លើកឡើង​របស់​អ្នក​ទាំង​ពីរ​មិនមែន​ជា​ការ​បញ្ចេញមតិ​នោះ​ទេ តែ​ជា​ចេតនា​ដ៏​អាក្រក់​ក្នុង​ករណី​នេះ។

ទោះជា​បែប​នេះ​ក្តី ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២២ មីនា អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ លើកឡើង​ថា ការ​លើកឡើង​របស់​សកម្មជន​នយោបាយ​ទាំង​ពីរ​នាក់​នោះ​គ្រាន់តែ​ដើម្បី​បង្ហាញ​ពី​ការ​ស្រឡាញ់​គោរព​ចំពោះ​ព្រះមហាក្សត្រ​តែប៉ុណ្ណោះ ហើយ​ការ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល​កម្ពុជា ក៏​ជា​ភាព​អចេតនា​របស់​ពួកគេ​ដែរ។

ជុំវិញ​បញ្ហា​នេះ ភរិយា​របស់​លោក យឹម ស៊ីណន គឺ​អ្នកស្រី សុផាត មករា បាន​អង្វរ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន សុំ​ការ​អនុគ្រោះ​ដល់​ប្តី​របស់​ខ្លួន​ដោយ​សន្យា​ថា​នឹង​លែង​ឱ្យ​មាន​កំហុស​បែប​នេះ​កើតឡើង​ម្តង​ទៀត​ហើយ​ទៅ​ថ្ងៃ​ក្រោយ។

ទាក់ទិន​នឹង​បញ្ហា​នេះ វេទិកា​ពលរដ្ឋ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ និង​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន ដោយ​ឥត​លក្ខខណ្ឌ ព្រោះ​ថា​ការ​លើកឡើង​របស់​សកម្មជន​នយោបាយ​ទាំង​ពីរ​នេះ​ជា​ទម្រង់​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ មិនមែន​ជា​ការ​ញុះញង់​ដូច​ការ​ចោទប្រកាន់​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស