បុរសខ្លាំងក្រាញអំណាចតពូជនៅកម្ពុជា បង្ហាញមោទកភាពថា នៅលើពិភពលោកគ្មានមេដឹកនាំប្រទេសណាមួយធ្វើជានាយករដ្ឋមន្ត្រីបានយូររហូតដល់ជាង ៣៨ឆ្នាំដូចរូបលោកឡើយ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ នៅថ្ងៃព្រហស្បតិ៍ ទី៣០ មីនា នេះ លោក ហ៊ុន សែន ថ្លែងថា លោកជាអ្នកបំបែកឯកត្តកម្មនៅលើពិភពលោក ដោយសារកាន់អំណាចជានាយករដ្ឋមន្ត្រីយូរជាងគេទាំងអស់។ ក្រៅពីបង្ហាញមោទកភាពហើយ លោកបានទទួលស្គាល់ថាលោកជាមេដឹកនាំក្រាញអំណាចតពូជ និងត្រកូលនៅកម្ពុជាផងដែរ។
លោកថា កន្លងមក ការប្រឹងប្រែងការពារអំណាចដោយកម្ទេច និងការធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋ និងអ្នកចង់បានប្រជាធិបតេយ្យកន្លងមក ព្រោះតែដើម្បីការពារអំណាចរបស់លោក ដូច្នេះសកម្មភាពរបស់លោកធ្វើនោះមិនមានអ្វីខុសឡើយ។
បុរសខ្លាំងកាន់អំណាចជាង ៣៨ឆ្នាំនៅកម្ពុជា អះអាងទៀតថា បើសិនជាមិនឲ្យលោកការពារអំណាចទេ តើឲ្យលោកការពារអ្វីដែរ ខណៈអ្នកខ្លះខិតខំដណ្តើម និងចង់បានអំណាចពីលោក។
លោកថា បើកាន់អំណាចហើយមិនប្រើអំណាចនោះ លោកថាវាក៏មិនមានន័យសម្រាប់ជីវិតរូបលោកដែរ។
លោក ហ៊ុន សែន ថាការបកស្រាយ និងលើកឡើងដូច្នេះ មិនមែនឌឺទៅកាន់អ្នករិះគន់ និងគណបក្សប្រឆាំងដែលតែងចោទថា រូបលោកក្រាញអំណាចតាំងពីឪពុករហូតទៅដល់កូននោះទេ ប៉ុន្តែផ្ទុយមកវិញ ដោយសារកូនរបស់លោក គឺលោក ហ៊ុន ម៉ាណែត ស័ក្តិសមនឹងទទួលបានតំណែងនាយករដ្ឋមន្ត្រីនេះ។
មេដឹកនាំអំណាចតពូជនៅកម្ពុជា បញ្ជាក់ថា ទោះបីជាមានការលើកឡើងបែបណាក៏ដោយ ប៉ុន្តែលោកមិនខ្វល់ ដោយបន្តកាន់អំណាចដដែល ក្រោមហេតុផលថា ពលរដ្ឋនៅបន្តបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។
ទោះបីជាលោក ហ៊ុន សែន ប្រកាសក្ដែងៗលើវេទិកាថា ពលរដ្ឋនៅស្រឡាញ់ និងបោះឆ្នោតឲ្យលោក ហ៊ុន សែន ដឹកនាំក្ដី ប៉ុន្តែវាមិនបានឆ្លុះបញ្ចាំងពីការពិតឡើយ។
មុនបោះឆ្នោតជាតិកាលពីឆ្នាំ២០១៨ បុរសខ្លាំងកាន់អំណាចជិត ៤០ឆ្នាំ បានប្រើប្រាស់ប្រព័ន្ធតុលាការរំលាយគណបក្សសង្គ្រោះជាតិ បន្ទាប់ពីគណបក្សនេះទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋប្រហាក់ប្រហែលគណបក្សប្រជាជនកម្ពុជា។
ការមិនហ៊ានបើកឲ្យមានការបោះឆ្នោតដោយត្រឹមត្រូវ សេរី និងយុត្តិធម៌នេះ ដោយសារលោក ហ៊ុន សែន ដឹងច្បាស់ថា ប្រជាពលរដ្ឋនឹងមិនបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាបន្តទៀតទេ ព្រោះការដឹកនាំជិត ៤០ឆ្នាំមកនេះ ពលរដ្ឋបានរងគ្រោះទូទាំងប្រទេស។
ពលរដ្ឋរងគ្រោះដោយសារគ្រួសារ សាច់ញាតិ និងមន្ត្រីជាន់ខ្ពស់ ព្រមទាំងឧកញ៉ាដែលនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា បានរំលោភដីធ្លី និងបំផ្លាញធនធានធម្មជាតិស្ទើរគ្មានសល់។
ចំណែកកសិផលដែលប្រជាពលរដ្ឋធ្វើបានហើយ បែរជាមិនមានទីផ្សារសម្រាប់លក់។ ករណីនេះ ពលរដ្ឋខ្លះបាត់បង់ដីហើយ រងគ្រោះដោយបំណុលធនាគារទៀត ខណៈអ្នកខ្លះបង្ខំចិត្តចំណាកស្រុកប្រថុយប្រថាន។
បើតាមអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (The Economist Intelligence Unit) ហៅកាត់ថា EIU បានចាត់ចំណាត់ថ្នាក់កម្ពុជាថាជាប្រទេសដឹកនាំតាមបែបផ្ដាច់ការ។ ចំណាត់ថ្នាក់នេះធ្វើឲ្យកម្ពុជាប្រសើរជាងប្រទេសឡាវ និងវៀតណាម ដែលជាប្រទេសប្រកាន់របបកុម្មុយនីស្ត និងប្រទេសមីយ៉ាន់ម៉ា ដែលដឹកនាំដោយក្រុមយោធាផ្ដាច់ការ៕