27.5 C
Phnom Penh

លោក ហ៊ុន សែន ប្រកាស​មិន​ឱ្យ​សារព័ត៌មាន​ដែល​មាន​មតិ​ផ្ទុយ​រដ្ឋាភិបាល​ដំណើរការ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា ប្រកាស​ហាម​មិន​ឲ្យ​សារព័ត៌មាន​ដែល​មាន​មតិ​ផ្ទុយ​រដ្ឋាភិបាល ដំណើរការ​នៅ​កម្ពុជា​ឡើយ ដោយ​លោក​ចោទ​ថា​ជា​សារព័ត៌មាន​អាក្រក់ និង​ទុច្ចរិត។

ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​៣ មេសា លោក ហ៊ុន សែន ប្រកាស​ថា​មនុស្ស​មួយ​ចំនួន​ចូលចិត្ត​តែ​និយាយ​អំពី​សារព័ត៌មាន​ដែល​ប្រព្រឹត្ត​ខុស ហើយ​ត្រូវ​ដក​អាជ្ញាប័ណ្ណ ប៉ុន្តែ​មិន​បាន​និយាយ​អំពី​សារព័ត៌មាន​ជាច្រើន​ដែល​កំពុង​ដំណើរការ​នា​ពេល​បច្ចុប្បន្ន​នៅ​កម្ពុជា។

ក្រៅពី​លើកឡើង​ដូច្នេះ​ហើយ បុរស​ខ្លាំង​រូប​នេះ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​ទៅ​ខ្វល់​ជាមួយ​អ្នក​ដែល​លើកឡើង​អំពី​សារព័ត៌មាន​ដែល​លោក ហ៊ុន សែន ចាត់ទុក​ថា​ប្រព្រឹត្ត​ខុស ហើយ​ត្រូវ​បាន​លោក​លុប ឬ​ដក​អាជ្ញាប័ណ្ណ​ចោល​ទៀត។

លោក ហ៊ុន សែន ចាត់ទុក​សារព័ត៌មាន​ដែល​ហ៊ាន​និយាយ​ការពិត និង​មាន​មតិ​ផ្ទុយ ឬ​មិន​គាំទ្រ រួម​ទាំង​មិន​ជួយ​ឃោសនា​ឲ្យ​លោក​ដូច​សារព័ត៌មាន Fresh News និង​សារព័ត៌មាន​បាយ័ន ដែល​ដឹកនាំ​ដោយ​កូនស្រី​របស់​លោក ថា​ជា​សារព័ត៌មាន​អាក្រក់។

ការ​លើកឡើង​របស់​លោក ហ៊ុន សែន ស្រប​ពេល​មាន​សកម្មជន​សង្គម​ជាច្រើន​នាក់​យក​ញត្តិ​ទៅ​ដាក់​ជូន​ក្រសួង​ព័ត៌មាន ដើម្បី​ស្នើសុំ​ឲ្យ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​អង្គភាព​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ វីអូឌី ឡើងវិញ បន្ទាប់ពី​អង្គភាព​សារព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​បិទ​លែង​ឱ្យ​ដំណើរការ​កាលពី​ពាក់កណ្តាល​ខែ​កុម្ភៈ កន្លងទៅ។

កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្រសួង​ព័ត៌មាន​បាន​បិទ​អង្គភាព​សារព័ត៌មាន វីអូឌី បន្ទាប់ពី​ទទួល​បាន​បញ្ជា​ពី​លោក ហ៊ុន សែន ក្រោម​ហេតុផល​ថា​អង្គភាព​សារព័ត៌មាន​នេះ​បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​កិត្យានុភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មិន​អាច​លើកលែង​ឲ្យ​បាន។

កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣ អង្គភាព​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ VOD បាន​ចុះផ្សាយ​អត្ថបទ​មួយ​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន ម៉ាណែត ដែល​មាន​ចំណងជើង​ថា មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ការ​ដែល​លោក ហ៊ុន ម៉ាណែត ដើរ​តួនាទី​ជំនួស​ឪពុក​ក្នុង​ការ​ផ្តល់​ជំនួយ​ឲ្យ​ប្រទេស​តួកគី មិនមែន​ជា​រឿង​ខុសឆ្គង​ទេ។

អំឡុង​ដែល​លោក ហ៊ុន សែន បិទ​សារព័ត៌មាន វីអូឌី នោះ កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​អះអាង​ថា ស្ថានទូត​ប្រទេស​បែលហ្សិក ប្រទេស​ឆេក ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ហុឡង់ដ៍ អេស្ប៉ាញ ស៊ុយអែត ប៉ូឡូញ និង​ព័រទុយហ្គាល់ ជាដើម មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដក​ហូត​អាជ្ញាប័ណ្ណ​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD ដែល​បង្ហាញ​ពី​ការ​រាំង​ខ្ទប់​ដំណើរការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

ចំណែក​សភា​នៃ​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ នេះ បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត ប្រសិនបើ​លោក ហ៊ុន សែន មិន​ព្រម​ដោះលែង​លោក កឹម សុខា មេដឹកនាំ​សហជីព អ្នក​ការពារ​សិទ្ធិមនុស្ស និង​បើក​លំហ​សង្គម​ស៊ីវិល ព្រមទាំង​ត្រូវ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ VOD ឡើងវិញ​ទេ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស