38 C
Phnom Penh

លោក ហ៊ុន សែន ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល​បន្ត​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រជាជន​កម្ពុជា ចាប់ផ្តើម​តែងតាំង​បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​ការ​ចូលរួម​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​រួចរាល់​ហើយ ក្នុង​នោះ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​សម្រេច​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​លំដាប់​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្ត​កណ្តាល បន្ត​ទៀត​ក្នុង​ចំណោម​បេក្ខជន​ពេញ​សិទ្ធិ​ចំនួន ១០​រូប​ផ្សេង​ទៀត។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការ​តែងតាំង​បេក្ខជន​ឈរ​ឈ្មោះ​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣ កន្លងទៅ ដោយ​សម្រេច​ឱ្យ​បេក្ខជន​តំណាងរាស្ត្រ​ពេញ​សិទ្ធិ​ចំនួន ១១​រូប​ឈរ​ឈ្មោះ​នៅ​មណ្ឌល​ខេត្ត​កណ្តាល រួមមាន​លោក ហ៊ុន សែន ខ្លួនឯង​ឈរ​លំដាប់​លេខ​១ លោក ឃួន សូរីដា ឈរ​លំដាប់​លេខ​២ លោក អូន ព័ន្ធមុនីរ័ត្ន ឈរ​លំដាប់​លេខ​៣ និង​លោក ប្រាក់ សុខុន ឈរ​លំដាប់​លេខ​៤ ជាដើម។

លោក ហ៊ុន សែន ក៏​បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការ​តែងតាំង​បេក្ខជន​ឈរ​ឈ្មោះ​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​មណ្ឌល​ខេត្ត​ព្រៃវែង កាលពី​ថ្ងៃទី​២៩ ខែ​មីនា កន្លងទៅ​ផង​ដែរ ក្នុង​នោះ​លោក ជាម យៀប ឈរ​លំដាប់​លេខ​រៀង​ទី​១ និង​លោក ស សុខា ឈរ​លំដាប់​លេខ​២ ផង​ដែរ។

ការ​សម្រេច​តែងតាំង​សមាជិក​បក្ស​កាន់​អំណាច​ឱ្យ​ឈរ​ឈ្មោះ​តាម​មណ្ឌល​នីមួយៗ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ កាន់តែ​ខិត​ជិត​មក​ដល់​ទៅ​ហើយ​នោះ។

ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដូច្នេះ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ទី​៧ នេះ នៅ​សល់​រយៈពេល​តែ​ប្រមាណ ១០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

ជុំវិញ​ការ​តែងតាំង​បេក្ខជន​ឈរ​ឈ្មោះ​ជ្រើសតាំង​តំណាងរាស្ត្រ​នេះ កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣ លោក ហ៊ុន សែន ក៏​បាន​តែងតាំង​លោក ហ៊ុន ម៉ាណែត ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ទី​៧ នេះ​ក្នុង​លំដាប់​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ភ្នំពេញ​ផង​ដែរ ក្នុង​ចំណោម​បេក្ខជន​ពេញ​សិទ្ធិ ១១​រូប​ផ្សេង​ទៀត ដូចជា​លោក ប៉ា សុជាតិវង្ស ស្ថិត​ក្នុង​ជួរ​លេខ​រៀង​ទី​២ លោក អ៊ិត សំហេង ស្ថិត​ក្នុង​ជួរ​លេខ​រៀង​ទី​៣ និង​លោក ម៉ម ប៊ុនហេង ស្ថិត​ក្នុង​ជួរ​លេខ​រៀង​ទី​៤ ជាដើម។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ សេក សុជាតិ ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣ នេះ បើ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​ប្រើប្រាស់​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដូច​សព្វថ្ងៃ​នេះ​បន្ត​ទៀត នោះ​សហគមន៍​អន្តរជាតិ​ក៏​នឹង​មិន​ទទួលស្គាល់​ការ​បោះឆ្នោត​នេះ​ដែរ។

លោក សេក សុជាតិ អះអាង​ថា សមាសភាព​ទាំង ៩​រូប​របស់ គ.ជ.ប គឺ​សុទ្ធតែ​មក​បី​បក្ស​កាន់​អំណាច​ទាំងអស់ ដូច្នេះ​គឺ​ពិត​ជា​ពិបាក​ឲ្យ​មជ្ឈដ្ឋាន​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ទទួលស្គាល់​ពី​តម្លាភាព និង​ភាព​ឯករាជ្យ ថា​ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ខ្លាំង​ណាស់។

ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក កម្ពុជា​បាន​បោះឆ្នោត​ជ្រើស​តំណាង ៦​លើក​រួច​មក​ហើយ ខណៈ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​នៅ​មូលដ្ឋាន ឬ​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​បាន ៥​លើក​ផង​ដែរ ប៉ុន្តែ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ កន្លងទៅ​នេះ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​បដិសេធ​ចោល​ទាំងស្រុង ដោយ​ចាត់ទុក​ថា​ជា​ការ​បោះឆ្នោត​ដែល​គ្មាន​តម្លាភាព សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស