អ្នកវិភាគចាត់ទុកការបោះឆ្នោតនៅកម្ពុជាដែលរៀបចំដោយគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ នេះ គឺជាការបោះឆ្នោតរបស់ក្រុមយោធាដែលគ្រាន់តែជាល្ខោនមួយរោង រៀបចំឆាកដោយក្រុមលោក ហ៊ុន សែន ដើម្បីបំភាន់ភ្នែកពលរដ្ឋក្នុងយុទ្ធនាការប្លន់អំណាចតែប៉ុណ្ណោះ។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃចន្ទ ដើមសប្ដាហ៍នេះថា ការបោះឆ្នោតជាតិនាពេលខាងមុខនេះគ្រាន់តែជាល្ខោនមួយរោងដែលរៀបចំឆាកដោយក្រុមលោក ហ៊ុន សែន ដើម្បីបំភាន់ភ្នែកពលរដ្ឋក្នុងយុទ្ធនាការប្លន់អំណាចតែប៉ុណ្ណោះ ដូច្នេះមានន័យថា អំណាចរបស់លោក ហ៊ុន ម៉ាណែត គឺជាអំណាចបានមកពីការប្លន់ក្រោមរូបភាពល្បែងប៉ាហ៊ីនយោបាយរបស់គណបក្សប្រជាជនកម្ពុជានៅពេលនេះ។
លោក គឹម សុខ លើកឡើងថា បរិយាកាសនយោបាយនៅកម្ពុជាសព្វថ្ងៃនេះ គឺស្ថិតក្នុងបរិយាកាសចរន្តទំនើងចិត្តរបស់លោក ហ៊ុន សែន សុទ្ធសាធ ត្បិតនៅពេលនេះគាត់បានរំលោភច្បាប់ប្រព្រឹត្តទង្វើល្មើសយ៉ាងអនាធិបតេយ្យ ដូចជាការចាប់ខ្លួនសកម្មជននយោបាយ បំបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បំបិទសិទ្ធិមេដឹកនាំប្រឆាំង និងគាបសង្កត់ពលរដ្ឋ ដែលចង់បានការផ្លាស់ប្ដូរ ជាដើម ដែលទង្វើទាំងអស់នេះគឺសុទ្ធតែជាផែនការរបស់ក្រុមយោធាដែលប្រើប្រាស់ដើម្បីធានានូវការគ្រប់គ្រងអំណាចរបស់ពួកគេប៉ុណ្ណោះ។
លោក គឹម សុខ ព្រមានថា ស្ថិតក្នុងទម្រង់នៃការក្តោបក្តាប់អំណាចតំណពូជដែលលោក ហ៊ុន សែន កំពុងរៀបចំឱ្យលោក ហ៊ុន ម៉ាណែត ដូចសព្វថ្ងៃនេះ គឺកំពុងតែរុញឱ្យកូនប្រុសរបស់គាត់ធ្លាក់ទៅក្នុងអំពើខុសច្បាប់តែប៉ុណ្ណោះ។
លោកបន្ថែមថា ប្រសិនបើថ្ងៃណាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រកាសចាប់ខ្លួនលោក ហ៊ុន សែន ពីបទឧក្រិដ្ឋកម្មផ្សេងៗដែលគាត់ធ្លាប់ប្រព្រឹត្ត នោះលោក ហ៊ុន ម៉ាណែត ក៏នឹងជាប់ពាក់ព័ន្ធក្នុងរឿងនេះដែរ។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានសម្រេចតែងតាំងលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីដ៏ចម្រូងចម្រាសនោះ ឱ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រសម្រាប់អាណត្តិទី៧ ក្នុងឆ្នាំ២០២៣ នេះ ខណៈតំណែងជាយោធារបស់លោក ហ៊ុន ម៉ាណែត នៅតែបន្តក្តោបក្តាប់ក្នុងដៃនៅឡើយ។
លោក គឹម សុខ រិះគន់ថា ការតែងតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខជនតំណាងរាស្ត្រនៅមុនយុទ្ធនាការឃោសនាបោះឆ្នោតទាំងដែលលោក ហ៊ុន ម៉ាណែត ស្ថិតក្នុងតួនាទីនាជាមេបញ្ជាការកងទ័ពបែបនេះ គឺជាការរំលោភលើច្បាប់ស្ដីពីគណបក្សនយោបាយផង រំលោភលើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រផង និងរំលោភច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទផង។
ច្បាប់ស្ដីពីការជ្រើសតាំងតំណាងរាស្ត្រមាត្រា ២៤ ចែងថា មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទក្នុងមុខតំណែង មិនត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រឡើយ។
ចំណែកមាត្រា ២៥ ចែងថា មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ បើចង់ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ត្រូវតែសុំលាឈប់ពីមុខតំណែងទាំងនេះជាកំហិតជាមុនសិន។
ដោយឡែកច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ជំពូកទី២ ស្ដីពីសិទ្ធិ កាតព្វកិច្ច និងភារកិច្ចទទួលខុសត្រូវត្រង់មាត្រា៩ ចែងថា យោធិនត្រូវមានអព្យាក្រឹតភាពក្នុងមុខនាទី ក្នុងសកម្មភាពការងារ និងហាមឃាត់មិនឱ្យប្រើមុខងារដើម្បីបម្រើសកម្មភាពនយោបាយឡើយ។
យ៉ាងណាក៏ដោយ គេតែងឃើញលោក ហ៊ុន ម៉ាណែត ដែលកំពុងកាន់តួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទផង ជាមេបញ្ជាការកងទ័ពជើងគោកផង ជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្មផង ជាមេបញ្ជាការរងកងអង្គរក្សផងដែរ និងជានាយឧត្តមសេនីយ៍ផ្កាយមាស៤ ដែលទើបតែត្រូវដំឡើងកាលពីពេលថ្មីៗនេះផង បានចេញឃោសនានយោបាយឱ្យគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ ដោយធ្វើការវាយប្រហារទៅលើបក្សក្រៅរដ្ឋាភិបាលនានាដោយសេរី៕