35 C
Phnom Penh

បើ​បក្ស​ភឿថៃ​ដឹកនាំ​រដ្ឋាភិបាល នោះ​លោក ថាក់ស៊ីន នឹង​វិល​ចូល​ប្រទេស​ថៃ​វិញ​ទោះ​ជា​លោក​ត្រូវ​ចាប់​ខ្លួន​ក៏ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​ថៃ នឹង​បោះឆ្នោត​សភា​អាណត្តិ​ថ្មី​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ ឧសភា ដែល​ខណៈ​នេះ សភា​នេះ​ត្រូវ​បាន​រំលាយ​ហើយ។ គណបក្ស​នយោបាយ​ជាច្រើន​បាន​កំពុង​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​ជា​បណ្ដើរៗ​ហើយ។ មាន​គណបក្ស​ចំនួន​១១ ដែល​មាន​ឈ្មោះ​បោះឆ្នោត​ក្នុង​បេះដូង​របស់​មហាជន​ថៃ ប៉ុន្តែ​មាន​តែ​បក្ស​ចំនួន​៣ ប៉ុណ្ណោះ​ដែល​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​អ្នក​បោះឆ្នោត​ខ្លាំង​ជាងគេ។

គណបក្ស​៣ នេះ រួមមាន៖

  • ទី​១ គណបក្ស​ភឿថៃ របស់​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវាត្រា ដែល​កូនស្រី​របស់​លោក គឺ​អ្នកស្រី ប៉ាងទុងតាន ស៊ីណាវាត្រា ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ភឿថៃ។
  • ទី​២ គឺ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ដឹកនាំ​ដោយ​លោក ភីតា លីមចារឿងរ៉ាត។
  • ចំណែក​ទី​៣ គឺ​គណបក្ស​រួម​រួប​ជាតិ​ថៃ ជា​គណបក្ស​ថ្មី​របស់​លោក ប្រាយុទ្ធ ចាន់អូចា ដែល​បំបែក​ចេញពី​គណបក្ស​បល្ល័ង្គប្រាចារ៉ាត។

តាម​ការ​ស្ទង់មតិ​មួយ​ដោយ​វិទ្យាស្ថាន​ជាតិ​រដ្ឋបាល​អភិវឌ្ឍន៍ ហៅ​កាត់​ថា Nida បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​គណបក្ស​ទាំង​១១ និង​បេក្ខជន​ដែល​ឈរ​ឈ្មោះ​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​របស់​បក្ស​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃទី​១៤ ឧសភា ដែល​នៅ​សល់​តែ​ជាង ៤០​ថ្ងៃ​ប៉ុណ្ណោះ ការ​បោះឆ្នោត​ចាប់ផ្ដើម​ហើយ គឺ​បក្ស​៣ នេះ​មាន​ការ​គាំទ្រ​ច្រើន​ជាងគេ។

តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន បាងកក​ប៉ុស្តិ៍ មាន​តែ​បក្ស​៣ ប៉ុណ្ណោះ​ដែល​មាន​សំឡេង​គាំទ្រ​លើស​គេ​មាន​ពី​រវាង ១១​ភាគរយ​ដល់​ជាង ៤៥​ភាគរយ។

ក្នុង​ចំណោម​បក្ស​ទាំង​៣ នេះ គឺ​បក្ស​ភឿថៃ របស់​អតីត​នាយករដ្ឋមន្ត្រី​ដែល​ជាប់​ទោស ហើយ​កំពុង​រស់នៅ​និរទេស​ខ្លួន គឺ​លោក ថាក់ស៊ីន មាន​សំឡេង​គាំទ្រ​ជិត ៤៦​ភាគរយ។ ទី​២ គឺ​បក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ មាន​ការ​គាំទ្រ​ជិត ២៦​ភាគរយ និង​បក្ស​រួម​រួប​ជាតិ​ថៃ របស់​លោក ប្រាយុទ្ធ មាន​ការ​គាំទ្រ​ជិត ១២​ភាគរយ។ អ្នក​សង្កេតការណ៍​មាន​ជំនឿ​ថា ការ​ស្ទង់មតិ​របស់​វិទ្យាស្ថាន​ជាតិ​រដ្ឋបាល​អភិវឌ្ឍន៍ ហៅ​កាត់​ថា Nida កម្រ​នឹង​ខុស​ណាស់។

យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់​របស់​វិទ្យាស្ថាន Nida ដែល​មើល​ទៅ​ជា​ការ​រុញ​ទឹកចិត្ត​លោក ថាក់ស៊ីន ធ្វើការ​ប្ដេជ្ញាចិត្ត​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ។

លោក ថាក់ស៊ីន ថា​លោក​មាន​អាយុ ៧៣​ឆ្នាំ​ហើយ ដែល​ធ្វើ​ឱ្យ​លោក​នឹក​ប្រទេស​កំណើត​របស់​លោក និង​ចៅ​របស់​លោក​យ៉ាង​ខ្លាំង។ មហាសេដ្ឋី​ថៃ​រូប​នេះ​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ជា​អ្នក​ភៀស​ខ្លួន​មាន​រយៈពេល ១៧​ឆ្នាំ​ហើយ។

ការ​ដកហូត​តំណែង​របស់​លោក​នៅ​ខែ​កញ្ញា ឆ្នាំ​២០០៦ ដោយ​រដ្ឋប្រហារ​យោធា ហើយ​ព្រឹត្តិការណ៍​នេះ​កើតឡើង​នៅ​ក្រុង​បាងកក ខណៈ​លោក​កំពុង​ស្ថិត​នៅ​ក្នុង​សាល​ប្រជុំ​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។

នៅ​អំឡុង​ឆ្នាំ​២០០៨ លោក​ត្រូវ​បាន​តុលាការ​ថៃ​កាត់ទោស​ពី​បទ​កិបកេង​ប្រាក់​រដ្ឋ និង​បំពាន​អំណាច​កាល​ដែល​លោក​កាន់​តំណែង​នាយករដ្ឋមន្ត្រី។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ជប៉ុន ក្យូដូ កាលពី​ពេល​ថ្មីៗ​នេះ លោក​បាន​និយាយ​ថា នៅ​ឆ្នាំ​២០២៣ នេះ លោក​ត្រូវតែ​ត្រឡប់​ទៅ​ប្រទេស​ថៃ ទោះ​ជា​លោក​ត្រូវ​ដេក​ក្នុង​គុក​ដ៏​តូច​មួយ​ក៏ដោយ។

លោក​ថា លោក​គ្មាន​សេរីភាព​ទេ ទោះ​ជា​លោក​នៅ​ក្រៅ​ប្រទេស​ក៏ដោយ។ លោក​បាន​ហៅ​ខ្លួនឯង​ថា​ជា​អ្នកទោស​ដែល​ដេក​ក្នុង​គុក​ដ៏​ធំ តែ​ពេលនេះ​លោក​ចង់​ទៅ​ដេក​ក្នុង​គុក​មួយ​ដ៏​ចង្អៀត​នៅ​ក្នុង​ប្រទេស​ថៃ។

លោក​ថា លោក​បាន​ប្រាប់​ទៅ​កូនស្រី​របស់​លោក អ្នកស្រី ប៉ាងទុងតាន ស៊ីណាវាត្រា ថា បើ​លោក​ត្រឡប់​ទៅវិញ សូម​បក្ស​ភឿថៃ និង​កូនស្រី​មិន​ត្រូវ​ស្វះស្វែង​ឱ្យ​មាន​ការ​លើកលែង​ទោស​ដល់​រូបលោក​នោះ​ទេ ព្រោះ​លោក​មិន​ត្រូវ​ការ​ការពារ​រូបលោក​នោះ​ទេ ហើយ​ថា​ឱ្យ​តែ​លោក​បាន​ជាន់​ទឹកដី​ថៃ​វិញ​ជា​ប្រទេស​កំណើត​របស់​លោក គឺ​លោក​សប្បាយ​ទៅ​ហើយ។

លោក ថាក់ស៊ីន តែងតែ​ប្រកាស​វិល​ចូល​ប្រទេស​ថៃ​វិញ តែ​រដ្ឋាភិបាល​ថៃ​មិន​បើក​ផ្លូវ​ឱ្យ​លោក​នោះ​ទេ ខណៈ​លិខិត​ឆ្លងដែន​របស់​លោក​ក៏​អស់​សុពលភាព​ទៀត។ លោក​ថា មិន​ដែល​ក្បត់​អ្នកគាំទ្រ ក្បត់​អ្នក​ស្រឡាញ់​គាំទ្រ​បក្ស​ភឿថៃ​ម្ដង​ណា​នោះ​ទេ។

លោក ថាក់ស៊ីន មាន​ជំនឿ​ថា ការ​បោះឆ្នោត​ខាងមុខ​នេះ គណបក្ស​ភឿថៃ អាច​នឹង​បាន​អាសនៈ​យ៉ាងតិច ២៥០​ក្នុង​អាសនៈ​សរុប​នៃ​រដ្ឋសភា​ថៃ ៥០០​អាសនៈ ហើយ​អាច​ហក់​ឡើង ៣១០​អាសនៈ ព្រោះ​ពេលនេះ ប្រជាជន​ថៃ​គេ​មិន​ត្រូវការ​បក្ស​របស់​លោក ប្រាយុទ្ធ ឬ​បក្ស​រណប​លោក ប្រាយុទ្ធ ឱ្យ​ដឹកនាំ​រដ្ឋាភិបាល​នោះ​ទេ។ យ៉ាងណា លោក​ថា ទោះជា​បក្ស​ភឿថៃ ឈ្នះ​ឆ្នោត​ក៏ដោយ គឺ​រដ្ឋាភិបាល​ក្រោយ​នេះ​គឺជា​រដ្ឋាភិបាល​ចម្រុះ។

លោក​អះអាង​ថា កូនស្រី​របស់​លោក គឺ​នាង ប៉ាងទុងតាន ស៊ីណាវាត្រា មាន​បទពិសោធន៍​កិច្ចការ​នយោបាយ​តាំងពី​នាង​នៅ​វ័យក្មេង ព្រោះ​លោក​ជា​អ្នក​បង្ហាត់​បង្រៀន​នាង។ លោក​សង្ឃឹម​ថា កូនស្រី​លោក​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ល្អ​ជាង​រូបលោក​ទៅ​ទៀត ហើយ​គឺជា​អ្នក​នយោបាយ​ដែល​មាន​ភាព​អំណត់ និង​អត់ធ្មត់​មិន​គុំកួន​អ្វី​ឡើយ។

លោក​ក៏​បាន​ឆ្លៀត​ឃោសនា​ឱ្យ​បក្ស​ភឿថៃ ទៀត​ថា ភឿថៃ​ជា​បក្ស​ប្រជាធិបតេយ្យ​ដែល​មាន​កម្លាំង​នយោបាយ​ធំ​ជាងគេ ហើយ​អាច​ផ្ដួល​បក្ស​ប្រជែង​បាន​យ៉ាង​ងាយ។ តែ​លោក​បញ្ជាក់​ថា សូម្បី​បក្ស​បល្ល័ង្គប្រាចារ៉ាត របស់​ពួក​យោធា​ដែល​ជា​បក្ស​កាន់​អំណាច ក៏​បក្ស​ភឿថៃ អាច​សហការ​គ្នា​ជា​កម្លាំង​នយោបាយ​ចម្រុះ​ក្នុង​រដ្ឋាភិបាល​របស់​បក្ស​ភឿថៃ បាន​ដែរ។

តែ​ជាមួយ​គ្នា​នេះ ប្អូនស្រី​ម្នាក់​របស់​លោក ថាក់ស៊ីន គឺ​អ្នកស្រី យីងឡាក់ ស៊ីណាវាត្រា ក៏​កំពុង​រស់នៅ​ជា​អ្នក​នយោបាយ​និរទេស​ខ្លួន​ដែរ។ អ្នកស្រី យីងឡាក់ ក៏​ជា​នាយករដ្ឋមន្ត្រី​ថៃ​ដែរ​មកពី​គណបក្ស​ភឿថៃ តែ​អ្នកស្រី​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ថៃ​ដកហូត​តំណែង​ពី​បទ​បណ្ដោយ​ឱ្យ​ក្រុម​គណៈរដ្ឋមន្ត្រី​ប្រព្រឹត្ត​អំពើពុករលួយ។

អ្នកស្រី យីងឡាក់ សម្រេច​ចាកចេញ​ពី​ប្រទេស​ថៃ​ភ្លាមៗ​នៅ​មុន​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ ដែល​ពួក​យោធា​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ធ្វើ​រដ្ឋប្រហារ​ទម្លាក់​គណៈរដ្ឋមន្ត្រី​បក្ស​ភឿថៃ នៅ​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស