33 C
Phnom Penh

ក្រុមហ៊ុន​ណាហ្គា​ចំណេញ​ប្រាក់​ជិត​១២០​លាន​ដុល្លារ​ក្នុង​រយៈពេល​៣​ខែ​ដើម​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន​ល្បែង​កាស៊ីណូ​ណាហ្គា​វើលដ៍​នៅ​កម្ពុជា បាន​រក​ប្រាក់​ចំណេញ​ជិត ១១៧​លាន​ដុល្លារ​រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០២៣ ដោយ​កើនឡើង​ចំនួន ៦,៨% ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២២ ស្រប​ពេល​ដែល​វិវាទ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ល្បែង​ស៊ីសង​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ ហើយ​ថ្នាក់​ដឹកនាំ​សហជីព​ទាមទារ​ដំណោះស្រាយ​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ។

បើ​តាម​ចុះផ្សាយ​របស់ Inside Asian Gaming ឲ្យ​ដឹង​ថា រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០២៣ ក្រុមហ៊ុន​ល្បែង NagaCorp ប្រចាំ​នៅ​កម្ពុជា​ទទួល​បាន​ប្រាក់ចំណេញ​រហូត​ដល់ ១១៧​លាន​ដុល្លារ ដោយ​កើនឡើង​ចំនួន ៦,៨% ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​២០២២។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រុមហ៊ុន​ល្បែង NagaCorp នេះ​អាច​នឹង​ទទួល​បាន​ប្រាក់ចំណេញ​បន្ថែម​ទៀត​នៅ​ឆ្នាំ​បន្តបន្ទាប់ ប្រសិនបើ​មិន​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​បាត់បង់​ភ្ញៀវ ពិសេស​បរទេស​ជាច្រើន​របស់​ខ្លួន​ទេ​នោះ។

ចំពោះ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ល្បែង NagaCorp នៅ​កម្ពុជា ១១៧​លាន​ដុល្លារ​នេះ វា​គឺជា​ប្រាក់ចំណេញ​ប្រចាំ​ត្រីមាស​ខ្ពស់​បំផុត​ចាប់តាំងពី​ឆ្នាំ​២០២០ ពោល​ចាប់តាំងពី​មាន​វិបត្តិ​កូវីដ-១៩ មក។

តែ​យ៉ាងណា ក្រុមហ៊ុន​ល្បែង​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា ភ្ញៀវ​ទេសចរ​ដែល​បាត់ ជាពិសេស​ជនជាតិ​ចិន នឹង​វិលត្រឡប់​ចូល​មក​កម្ពុជា​វិញ ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​ល្បែង​ស៊ីសង​មួយ​នេះ​រក​ប្រាក់​ចំណូល​របស់​ខ្លួន​កើនឡើង​វិញ​នៅ​ឆ្នាំ​បន្ទាប់។

បើ​តាម​លោក ប៉ិច ពិសី ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ល្បែង NagaCorp នៅ​កម្ពុជា​នេះ គឺជា​ការ​ឆ្លុះបញ្ចាំង​អំពី​ប្រក្រតីភាព​នៃ​មុខជំនួញ​ល្បែង​ស៊ីសង និង​លំហូរ​ជនបរទេស​ចូល​មក​កម្ពុជា។ ប៉ុន្តែ​យ៉ាងណា ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​លាង​លុយ​កខ្វក់​ក្នុង​វិស័យ​ល្បែង​ស៊ីសង​នេះ ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​ត្រូវ​មាន​វិធានការ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង។

លោក ប៉ិច ពិសី បាន​បញ្ជាក់​ថា បើ​យោង​លើ​របាយការណ៍​របស់​ទីភ្នាក់ងារ ATF វិស័យ​ល្បែង​ស៊ីសង​ជា​វិស័យ​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា។

ក្រុមហ៊ុន NagaCorp Ltd ជា​ប្រតិបត្តិករ​នៃ​កាស៊ីណូ​ណាហ្គា​វើលដ៍​ដែល​ជា​កាស៊ីណូ​ដ៏​ធំ និង​ផ្ដាច់មុខ​មួយ​នៅ​ក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា។ ទោះបីជា​ក្រុមហ៊ុន​នេះ​រក​ចំណូល​កើនឡើង​រាប់​រយ​លាន​ដុល្លារ​ក្ដី ប៉ុន្តែ​ក្រុមហ៊ុន​ល្បែង​ស៊ីសង​ដ៏​ធំ​នៅ​កម្ពុជា​នេះ​បាន​បញ្ឈប់​បុគ្គលិក​ជាង ១៣០០​នាក់​ក្រោម​ហេតុផល​ថា​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារ​ជំងឺ​កូវីដ-១៩។

ប៉ុន្តែ​ការ​កាត់បន្ថយ​ក្រុម​បុគ្គលិក​នេះ មិនមែន​ដោយសារ​ក្រុមហ៊ុន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ទេ ជាក់ស្ដែង​នៅ​ឆ្នាំ​២០២០ កន្លងទៅ ក្រុមហ៊ុន NagaCorp ទទួល​បាន​ប្រាក់ចំណេញ​ជាង ១០០​លាន​ដុល្លារ ទោះបី​ជា​មាន​វិបត្តិ​កូវីដ-១៩ កើតឡើង​ក្ដី។

ផ្ទុយទៅវិញ ការ​កាត់​បន្ថយ​បុគ្គលិក​នេះ វា​ជា​ការ​រើសអើង​សហជីព​ដែល​ការពារ​ផល​ប្រយោជន៍​បុគ្គលិក​ទៅវិញ​ទេ ដោយសារ​កន្លងមក ក្រុមហ៊ុន​ល្បែង​ស៊ីសង​មួយ​នេះ​បាន​រំលោភ​សិទ្ធិ​ការងារ​ខ្លាំង​លើ​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ទីនោះ។

ដោយឡែក​ចំពោះ​ថ្នាក់​ដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ គឺ​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ហើយ​សមាជិក​ប្រមាណ ១០​នាក់​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ដោយសារ​ក្រុមហ៊ុន​ប្ដឹង បន្ទាប់ពី​ពួកគេ​បាន​នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​ចូល​ធ្វើការ​វិញ ជាពិសេស​ទទួល​យក​ថ្នាក់​ដឹកនាំ​សហជីព។ រយៈពេល​ជាង ១​ឆ្នាំ វិវាទ​ការងារ​ក្រុមហ៊ុន NagaCorp មិន​ត្រូវ​បាន​ដោះស្រាយ​ចប់​នៅឡើយ​ទេ។

ក្រៅពី​មិន​ពី​ដោះស្រាយ​ហើយ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​ចោទប្រកាន់​លើ​កូដករ និង​ថ្នាក់​ដឹកនាំ ព្រមទាំង​សមាជិក​សហជីព​ដែល​តស៊ូ​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​គោរព​ច្បាប់​ស្ដីពី​ការងារ​នៅ​កម្ពុជា​នោះ ថា​ជា​ក្រុម​ស៊ីឈ្នួល​បរទេស​ទៅវិញ។

បើ​តាម​ការ​ចុះផ្សាយ​របស់ Inside Asian Gaming បញ្ជាក់​ថា ក្រុមហ៊ុន NagaCorp ក៏​នឹង​បន្ត​ពង្រីក​ខ្លួន​ទៅ​ខេត្ត​ព្រះសីហនុ ទៀត បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​គម្រោង​អភិវឌ្ឍន៍​នៅ​ខេត្ត​សៀមរាប នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស