មេដឹកនាំខ្មែរដែលដឹកនាំឱ្យមានការបែងចែកវណ្ណៈសង្គម លោក ហ៊ុន សែន ព្រមានគ្រូជោគជ័យអ្នកស្រី តាំង ហ្គេចលៀង ដែលគេស្គាល់ថាជាកូនស្រីបង្កើតរបស់ឧកញ៉ា តាំង ផេងប៉ោ ថៅកែថ្នាំលាបដ៏ល្បីល្បាញនៅកម្ពុជា ឱ្យបញ្ឈប់ការបញ្ចេញមតិយោបល់ជុំវិញការលើកឡើងពីអ្នកមាន និងអ្នកក្របន្តទៀត ដើម្បីកុំឱ្យមានការតស៊ូប្រឆាំងវណ្ណៈនៅក្នុងសង្គមដែលនឹងអាចផ្ទុះឡើង។
លោក ហ៊ុន សែន បានចេញខ្សែអាត់សំឡេងជាង ១១នាទីកាលពីយប់ថ្ងៃពុធ ទី៥ មេសា ថា បុគ្គលម្នាក់មិនអាចធ្វើឱ្យសង្គមជាតិទាំងមូលរង្គោះរង្គើបានទេ ប៉ុន្តែបើមិនមានការទប់ស្កាត់ទេ ការប្រឆាំងវណ្ណៈដែលបានផ្តើមចេញពីទស្សនៈប្រឆាំងគ្នាជុំវិញការលើកឡើងរវាងអ្នកមាន និងអ្នកក្រនេះ នឹងបង្កទៅជាវិបត្តិសង្គមធ្ងន់ធ្ងរទៅថ្ងៃមុខ ដែលអាចនឹងនាំឱ្យមានការបែងចែកវណ្ណៈក្នុងសង្គមថែមទៀត។
លោក ហ៊ុន សែន លើកឡើងថា ពលរដ្ឋខ្មែរទាំងអ្នកមានជីវភាពធូរធារ ជីវភាពមធ្យម និងជីវភាពទន់ខ្សោយ គឺជាគោលដៅដែលរដ្ឋាភិបាលកម្ពុជាត្រូវយកចិត្តទុកដាក់ ដូច្នេះការលើកឡើងរបស់អ្នកស្រី តាំង ហ្គេចលៀង ដែលចាត់ទុកពលរដ្ឋដែលមានជីវភាពទន់ខ្សោយថាមានគីឡូស្រាល គឺជារឿងមិនអាចទទួលយកបាននោះឡើយ។
លោក ហ៊ុន សែន បញ្ជាក់ថា ការប្រៀបធៀបពលរដ្ឋធម្មតាថាជាមនុស្សដែលមានគីឡូស្រាល គឺជាកំហុសធ្ងន់ណាស់ ប៉ុន្តែដោយសារអ្នកស្រី តាំង ហ្គេចលៀង ដឹងកំហុសរបស់ខ្លួន និងបានចេញសូមទោសពលរដ្ឋជាសាធារណៈ ដូច្នេះរឿងនេះក៏មិនគួរបន្តឱ្យវែងឆ្ងាយតទៅទៀតដែរ។
ការចេញខ្សែអាត់ព្រមាននេះ គឺជាលើកទីពីរហើយបន្ទាប់ពីមានការខ្វែងគំនិតគ្នារវាងគ្រូជោគជ័យអ្នកស្រី តាំង ហ្គេចលៀង ជាមួយនឹងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជុំវិញការលើកឡើងពីអ្នកមាន និងអ្នកក្រកាលពីចុងខែមីនា កន្លងទៅនោះ។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ គ្រូជោគជ័យអ្នកស្រី តាំង ហ្គេចលៀង បានលើកឡើងក្នុងកម្មវិធីជោគជ័យមួយរបស់ខ្លួនដែលមានសមាជិកចូលរួមជាច្រើននាក់ ក្នុងនោះអ្នកស្រី តាំង ហ្គេចលៀង រិះគន់ថា អ្នកក្រតែងតែគិតរឿងថយក្រោយ និងដ្រាម៉ា ប៉ុន្តែអ្នកមានគេតែងគិតរឿងទៅមុខជានិច្ច។
បន្ទាប់ពីការលើកឡើងបែបនេះ ធ្វើឱ្យមានការប្រតិកម្មយ៉ាងចាស់ដៃពីអ្នកលេងបណ្ដាញសង្គម ក្នុងនោះលោក ហ៊ុន សែន ក៏បានណែនាំឱ្យអ្នកស្រី តាំង ហ្គេចលៀង រៀនប្រើពាក្យសម្ដីឱ្យបានត្រឹមត្រូវផងដែរ កាលពីថ្ងៃទី១ ខែមេសា កន្លងទៅនេះ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកក៏មានការទម្លាយសំឡេងអ្នកស្រី តាំង ហ្គេចលៀង ដោយលើកឡើងថា ការរិះគន់របស់ពលរដ្ឋសាមញ្ញដែលមានគីឡូស្រាល មិនធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់អ្នកស្រីឡើយ។ បញ្ហានេះ បានធ្វើឱ្យផ្ទុះការរិះគន់លើអ្នកស្រីសាជាថ្មីម្តងទៀតរហូតដល់ពេលនេះ។
យ៉ាងណាក៏ដោយ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នេះ គ្រូជោគជ័យអ្នកស្រី តាំង ហ្គេចលៀង និងជាអគ្គនាយិកាក្រុមហ៊ុន HL គ្រុប បានចេញមុខសុំទោសជាសាធារណៈនូវកំហុសឆ្គងរបស់ខ្លួនដែលបាននិយាយកន្លងមក។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ មេសា នេះថា ការលើកឡើងរបស់អ្នកស្រី តាំង ហ្គេចលៀង ពិតមែនតែមានភាពឆ្គាំឆ្គងខ្លះ ប៉ុន្តែមិនអាចឈានរហូតដល់ធ្វើឱ្យមានកំហឹងវណ្ណៈក្នុងសង្គមបាននោះទេ ពីព្រោះគាត់គ្រាន់តែជាពលរដ្ឋសាមញ្ញប៉ុណ្ណោះ។ ផ្ទុយទៅវិញ ការដឹកនាំរបស់លោក ហ៊ុន សែន ទៅវិញទេដែលនឹងធ្វើឱ្យមានកំហឹងវណ្ណៈក្នុងសង្គមនោះ។
លោក ម៉ែន ណាត លើកឡើងថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជានរណាក៏គេដឹងដែរថាត្រូវបានប្រើប្រាស់សម្រាប់ការពារតែអ្នកមានលុយ និងអ្នកមានអំណាចតែប៉ុណ្ណោះ ខណៈពលរដ្ឋក្រីក្រតែងត្រូវរងនូវការចោទប្រកាន់ និងចាប់ឃុំខ្លួនទាំងអយុត្តិធម៌ ដូចជាមេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ អ្នកនយោបាយបក្សក្រៅរដ្ឋាភិបាល សកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងសកម្មជនបរិស្ថាន ជាដើម។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា កំហឹងវណ្ណៈ និងការតស៊ូវណ្ណៈនឹងផ្ទុះការតវ៉ានៅថ្ងៃណាមួយមិនខាន ព្រោះថាការរំលោភដីធ្លី ការរំលោភសិទ្ធិមនុស្ស និងភាពអយុត្តិធម៌សង្គមបានកើតឡើងព្រោងព្រាត ដែលលេចចេញពីការដឹកនាំរបស់លោក ហ៊ុន សែន ជិត ៤០ឆ្នាំមកនេះ៕