38.1 C
Phnom Penh

រុស្ស៊ី​បញ្ចេញ​ការ​គំរាម​សង្គ្រាម​នុយក្លេអ៊ែរ​នៅ​មុន​អ៊ុយក្រែន​បើក​ការ​វាយបក​ទ្រង់ទ្រាយ​ធំ​ដណ្ដើម​ទឹកដី​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដំណាក់កាល​ចុងក្រោយ​នេះ មហាអំណាច​រុស្ស៊ី បញ្ចេញ​ក្រឡាសារ​ដើរ​ដល់​ក្រឡា​ទាល់ច្រក​នៃ​ការ​លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ដែល​មាន​ព្រំដែន​ជាប់​គ្នា។

សង្គ្រាម​រុស្ស៊ី​បង្ក​ការ​ឈ្លានពាន​អ៊ុយក្រែន​នេះ បាន​ចូល​ដល់​ខែ​ទី​១៤ ហើយ។ ក្នុង​ស្ថានភាព​ដែល​រុស្ស៊ី មិន​អាច​វាយ​កាន់កាប់​តំបន់​ណា​មួយ​ពី​អ៊ុយក្រែន ដោយ​គ្រប់គ្រង​បាន​រឹងមាំ​ដើម្បី​ទៅ​ដល់​ការ​បង្កើត​រដ្ឋ​អំណាច​ក្នុង​ដែនដី​របស់​ខ្លួន និង​ចំ​ពេល​អ៊ុយក្រែន មាន​សមត្ថភាព​ទប់ទល់​បាន​ពី​ការ​វាយលុក​របស់​ទ័ព​មហាអំណាច​នេះ ខណៈ​ការ​មក​ដល់​នៃ​សព្វាវុធ​ធុន​ធ្ងន់​របស់​ក្រុម​ណាតូ បាន​មក​ដល់​អ៊ុយក្រែន​ជាបន្តបន្ទាប់​គ្នា បាន​នាំ​ឱ្យ​អ៊ុយក្រែន មាន​ផែនការ​វាយបក​ទៅ​លើ​ទ័ព​រុស្ស៊ី​ដោយ​ទ្រង់ទ្រាយ​ធំ។

សព្វាវុធ​ធុន​ធ្ងន់​ដូចជា​រថក្រោះ Leopard និង​រថក្រោះ​អង់គ្លេស Challenger រាប់​រយ​គ្រឿង រួម​ទាំង​រថពាសដែក​ជាង ២០០​គ្រឿង​របស់​អាមេរិក និង​បារាំង បាន​នាំ​ឱ្យ​អ៊ុយក្រែន​មាន​ឱកាស​ចង់​បើក​ការ​វាយលុក​ទ្រង់ទ្រាយ​ធំ​លើ​ទ័ព​រុស្ស៊ី​វិញ ដែល​គេ​រំពឹង​ថា អ៊ុយក្រែន​អាច​នឹង​វាយប្រហារ​រំដោះ​ទឹកដី​ពី​រុស្ស៊ី​មក​វិញ​នៅ​ប៉ុន្មាន​សប្ដាហ៍​ទៀត​នេះ។

ក្រុម​អ្នកវិភាគ​នៃ​វិទ្យាស្ថាន​សិក្សា​សង្គ្រាម ISW ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​វ៉ាស៊ីនតោន ពិនិត្យ​ឃើញ​ថា រុស្ស៊ី​ត្រៀម​បញ្ចេញ​ក្បាលគ្រាប់​នុយក្លេអ៊ែរ ហើយ​ទៅ​ដាក់​ពង្រាយ​នៅ​តាម​ព្រំដែន​ប្រទេស​បេឡារុស ជាប់​នឹង​ព្រំដែន​អ៊ុយក្រែន ជាប់​នឹង​ព្រំដែន​ប៉ូឡូញ និង​លីទុយអានី ដែល​ជា​ការ​បង្ហាញ​សមត្ថភាព​អាវុធ​ប្រល័យ​លោក​នេះ​គំរាម​ទាំង​អ៊ុយក្រែន​ផង និង​ក្រុម​ប្រទេស​ណាតូ​ផង។

តាម​សារព័ត៌មាន News week នៃ​ចក្រភព​អង់គ្លេស បាន​ឱ្យ​ដឹង​ថា កាល​សប្ដាហ៍​កន្លងមក​នេះ រុស្ស៊ី​បាន​ធ្វើ​សមយុទ្ធ​ទ័ព​នុយក្លេអ៊ែរ​ដោយ​អូស​ប្រព័ន្ធ​មីស៊ីល​ខ្នាត​ធំ​សាតាំង​ពីរ​អាច​បំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ ហើយ​វា​រត់​បាន ១២០០០​គីឡូម៉ែត្រ។ សមយុទ្ធ​នេះ​ធ្វើឡើង​នៅ​តំបន់​ស៊ីបេរី។

អ្នកវិភាគ​នៃ​វិទ្យាស្ថាន​សិក្សា​សង្គ្រាម ISW យល់​ថា សមយុទ្ធ​ទ័ព​នុយក្លេអ៊ែរ​របស់​រុស្ស៊ី គឺជា​ការ​បង្ហាញ​កម្លាំង និង​អានុភាព​នៃ​គ្រាប់​នុយក្លេអ៊ែរ ដែល​រុស្ស៊ី​មាន​ច្រើន​ជាង​អាមេរិក​ទៅ​ទៀត។

ក្រុម​អ្នកវិភាគ ISW យល់​ថា រុស្ស៊ី​កំពុង​បង្ហាញ​សង្គ្រាម​ចិត្តសាស្ត្រ​ដើម្បី​វាយ​បំបាក់​ប្រទេស​ដែល​ផ្ដល់​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន ជាពិសេស​គឺ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​ធ្លាក់​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី និង​លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បាន​បញ្ជាក់​ថា ការ​ដាក់​ពង្រាយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​បេឡារុស ជា​សម្ព័ន្ធភាព​របស់​រុស្ស៊ី នឹង​ត្រូវ​ដាក់​ពង្រាយ​ឱ្យ​ហើយ​នៅ​ត្រឹម​ថ្ងៃទី​១ កក្កដា គឺ​នៅ​មុន​ក្រុម​មេដឹកនាំ​យោធា​ណាតូ​បើក​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​លីទុយអានី ដែល​ជាប់​នឹង​ប្រទេស​បេឡារុស។

នៅ​ខណៈ​នេះ ប្រទេស​បេឡារុស កំពុង​ធ្វើ​សមយុទ្ធ​អនុវត្ត​ការ​ប្រើ​ប្រព័ន្ធ​មីស៊ីល Iskander ដែល​មីស៊ីល​នេះ​អាច​បំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ។ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​បេឡារុស Boris Gryzlov បាន​និយាយ​ថា ការ​ដាក់​ពង្រាយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​អាច​មាន​នៅ​តាម​ព្រំដែន​រុស្ស៊ី ដែល​ជាប់​នឹង​ព្រំដែន​នៃ​ប្រទេស​សមាជិក​ណាតូ។

ចំ​ពេល​អ៊ុយក្រែន​ត្រៀម​បើក​ការ​វាយលុក​ទ្រង់ទ្រាយ​ធំ​ដើម្បី​រំដោះ​ទឹកដី​ពី​រុស្ស៊ី​មក​វិញ រួម​ទាំង​ឧបទ្វីប​គ្រីមៀរ សហរដ្ឋ​អាមេរិក​ប្រកាស​ជំនួយ​យោធា​កញ្ចប់​ថ្មី​មួយ​ទៀត​ដែល​មាន​សាច់ប្រាក់ ២៦០០​លាន​ដុល្លារ ដែល​ក្នុង​ជំនួយ​នេះ​មាន​គ្រាប់​កាំភ្លើង​ធំ គ្រាប់​រ៉ុក្កែត HIMARS និង​ប្រព័ន្ធ​មីស៊ីល​បាញ់​ទម្លាក់​យន្តហោះ Avenger ចំនួន ៨​គ្រឿង​ទៅ​ឱ្យ​អ៊ុយក្រែន។

ក្រុម​អ្នកវិភាគ ISW មើល​ឃើញ​ថា អាវុធ​របស់​អាមេរិក និង​ក្រុម​ណាតូ​ដែល​អ៊ុយក្រែន​កំពុង​ប្រើប្រាស់​នេះ នាំ​ឱ្យ​រុស្ស៊ី​គំរាម​ចង់​វាយប្រហារ​ដោយ​គ្រាប់​នុយក្លេអ៊ែរ។ រុស្ស៊ី​ព្រមាន​ថា បើ​អ៊ុយក្រែន​លើក​ទ័ព​វាយ​ចូល​ឧបទ្វីប​គ្រីមៀរ ដែល​ក្រុង​មូស្គូ ចាត់ទុក​ថា​ជា​ទឹកដី​របស់​ខ្លួន គឺជា​ការ​ចាប់​បង្ខំ​ឱ្យ​រុស្ស៊ី​វាយប្រហារ​លើ​អ៊ុយក្រែន​ដោយ​គ្រាប់បែក​នុយក្លេអ៊ែរ។

តាម​គេហទំព័រ ican.org នៅ​លើ​ពិភពលោក​នេះ​ប្រទេស​ដែល​មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​មាន ៩​ប្រទេស៖

  1. រុស្ស៊ី​មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ ចំនួន ៥៩៧៧​គ្រាប់
  2. សហរដ្ឋ​អាមេរិក មាន ៥៤២៨​គ្រាប់
  3. ចិន ៣៥០​គ្រាប់
  4. បារាំង ២៩០​គ្រាប់
  5. អង់គ្លេស ២២៥​គ្រាប់
  6. ប៉ាគីស្ថាន ១៦៥​គ្រាប់
  7. ឥណ្ឌា ១៦០​គ្រាប់
  8. អ៊ីស្រាអែល ៩០​គ្រាប់
  9. និង​កូរ៉េខាងជើង​អាច​មាន​ពី ២០ ទៅ ៤៣​គ្រាប់។

ប្រទេស​សមាជិក​ណាតូ​ចំនួន​៥ ដែល​ទទួល​ក្បាលគ្រាប់​នុយក្លេអ៊ែរ​របស់​អាមេរិក​ទៅ​ដាក់​ពង្រាយ​លើ​ទឹកដី​របស់​ប្រទេស​ពួកគេ​មាន៖

  • ប្រទេស​តួកគី មាន​ចំនួន ៥០​គ្រាប់
  • អ៊ីតាលី ៤០​គ្រាប់
  • បែលហ្សិក ២០​គ្រាប់
  • អាល្លឺម៉ង់ ២០​គ្រាប់
  • និង​ហុឡង់ដ៍ ២០​គ្រាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស