31 C
Phnom Penh

ព្រះមហាក្សត្រ​លើកលែង​ទោស​អតីត​អភិបាល​ខេត្ត​តាកែវ​ដែល​ជាប់​ចោទ​ពី​បទ​មនុស្ស​ឃាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​ខ្មែរ​សម្រេច​លើកលែង​ទោស​អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ បន្ទាប់ពី​មាន​ការ​ស្នើសុំ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បើ​ទោះបីជា​ជនជាប់ចោទ​រូប​នេះ​ត្រូវ​បាន​តុលាការ​កំពូល​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១៣​ឆ្នាំ ពី​បទ​មនុស្ស​ឃាត និង​បាន​អនុវត្ត​ទោស​ត្រឹមតែ​ជាង ៥​ឆ្នាំ​ក៏ដោយ។

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបាទ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៣ ត្រាស់​បង្គាប់​ឱ្យ​លើកលែង​ទោស​អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ដែល​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ១៣​ឆ្នាំ​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ កន្លងទៅ តាម​សំណើ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ដែល​បាន​ទូល​ថ្វាយ​ព្រះអង្គ​កាលពី​ពេល​ថ្មីៗ​នេះ។

ការ​ស្នើសុំ​ឱ្យ​ដោះលែង​អតីត​អភិបាល​ខេត្ត​តាកែវ ដែល​រង​នូវ​ការ​ចោទប្រកាន់​ថា​ជា​ឃាតករ​នេះ ធ្វើឡើង​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​រឿង​នយោបាយ ជាជាង​ការ​អនុវត្ត​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា។

កាលពី​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២១ តុលាការ​កំពូល​ក្រុង​ភ្នំពេញ​បាន​ប្រកាស​ដីកា​ផ្ដន្ទាទោស​លោក ឡាយ វណ្ណៈ ដាក់​ពន្ធនាគារ​ពី​បទ​មនុស្ស​ឃាត រយៈពេល ១៣​ឆ្នាំ ដូច​សាល​ដីកា​របស់​សាលា​ដំបូង និង​ឧទ្ធរណ៍​ដែរ ជុំវិញ​ករណី​នៃ​ការ​ស្លាប់​អ្នកស្រី ចេវ សុវឌ្ឍនា ដែល​ជា​ស្រី​កំណាន់​របស់​អតីត​អភិបាល​ខេត្ត​រូប​នេះ។

អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​បទល្មើស​សម្លាប់​ស្រី​ស្នេហ៍​នៅ​ក្នុង​ផ្ទះ​វីឡា​ជួល​មួយ​ស្ថិត​នៅ​ភូមិ​ផ្សារតាកោ សង្កាត់​រកាក្នុង ក្រុង​ដូនកែវ ខេត្ត​តាកែវ កាលពី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៨ កន្លងទៅ។

លោក ឡាយ វណ្ណៈ បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ខេត្ត​តាកែវ កាលពី​ឆ្នាំ​២០១៤ ហើយ​លោក​ក៏​ត្រូវ​ជា​កូនប្រសា​របស់​អតីត​អភិបាល​ខេត្ត​តាកែវ និង​ជា​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ស៊ូ ភិរិន្ទ ផង​ដែរ ប៉ុន្តែ​ក្រោយ​មាន​រឿង​អាស្រូវ​នេះ លោក ហ៊ុន សែន បាន​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​ដក​តំណែង​លោក ឡាយ វណ្ណៈ ភ្លាមៗ​តែម្តង។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ មេសា នេះ​ថា សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឱ្យ​ដោះលែង​អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ គឺ​មិន​ខុស​ច្បាប់​នោះ​ទេ ប៉ុន្តែ​ការ​ស្នើសុំ​ដោះលែង​នេះ​ហាក់​បង្ក​ឱ្យ​មាន​មន្ទិល​សង្ស័យ​ជាច្រើន។

លោក សេក សុជាតិ លើកឡើង​ថា នៅ​ពេល​ដែល​ឃាតករ​ម្នាក់​អាច​ត្រូវ​បាន​ស្នើ​លើកលែង​ទោស​បែប​នេះ អ្នក​ដែល​ជាប់​ទោស​ស្រាល​ជាង​នេះ​ដទៃ​ទៀត​ដែល​មិន​ដល់​ថ្នាក់​ចោទប្រកាន់​ពី​បទ​មនុស្ស​ឃាត​នោះ គួរតែ​ត្រូវ​បាន​ស្នើសុំ​ឱ្យ​លើកលែង​ទោស​ដូច​គ្នា​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ច្បាប់​ដោយ​ស្មើ​ភាព​គ្នា ដើម្បី​កុំ​ឱ្យ​លេច​ចេញ​នូវ​ភាព​អនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ពីរ ជាពិសេស​សម្រាប់​អ្នក​នយោបាយ សកម្មជន​សង្គម សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស ដែល​កំពុង​រង​នូវ​ការ​ចោទប្រកាន់ និង​កំពុង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​សព្វថ្ងៃ​នេះ។

មាត្រា​៧៧ នៃ​ច្បាប់​ស្តី​ពន្ធនាគារ ចែង​ថា ក្នុង​ករណី​ចាំបាច់ ប្រមុខ​រាជរដ្ឋាភិបាល​មាន​បុព្វសិទ្ធិ​ធ្វើ​សំណើ​ថ្វាយ​ព្រះមហាក្សត្រ​សុំ​លើកលែង​ទោស​ឱ្យ​ទណ្ឌិត​ពេល​ណា​ក៏​បាន។

ទិន្នន័យ​សង្គម​ស៊ីវិល បាន​បង្ហាញ​កាលពី​ពេល​ថ្មីៗ​នេះ​ថា គិត​ត្រឹម​ចុង​ឆ្នាំ​២០២២ កន្លងទៅ អ្នកទោស​មនសិការ​ដែល​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​មាន​រាប់​រយ​នាក់ ក្នុង​នោះ​ក៏​មាន​អ្នកទោស​ដែល​ជា​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី សហជីព និង​អ្នក​សារព័ត៌មាន​ផង​ដែរ ដែល​អ្នក​ខ្លះ​ត្រូវ​ជាប់​ពន្ធនាគារ​ជាង ១​ឆ្នាំ និង​ខ្លះ​ទៀត​ត្រូវ​ជាប់​ឃុំ​រហូត​ដល់ ១៥​ឆ្នាំ​ក៏​មាន ដែល​ពួកគេ​មិន​រំពឹង​ថា​នឹង​ទទួល​បាន​ការ​ស្នើសុំ​ឱ្យ​មាន​ការ​លើកលែង​ទោស​ពី​លោក ហ៊ុន សែន នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស