29 C
Phnom Penh

យុទ្ធនាការ​របស់​បណ្ឌិត សុខ ទូច នៅ​បឹង​ទន្លេសាប​រង​ការ​ខឹងសម្បា​ពី​មន្ត្រី​បក្ស​កាន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទម្លាយ​ឲ្យ​ដឹង​ថា យុទ្ធនាការ​ទប់ស្កាត់​បទល្មើស​បឹង​ទន្លេសាប​របស់​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច កន្លងមក និង​ការ​រិះគន់​របស់​គាត់​ជុំវិញ​ការ​លុប​បឹង​តាមោក បាន​រង​នូវ​ការ​ខឹងសម្បា និង​ការ​ស្ដីបន្ទោស​យ៉ាង​ខ្លាំង​ពី​មន្ត្រី​បក្ស​កាន់​អំណាច​ថ្នាក់លើ​មួយ​ចំនួន​ដែល​បាន​បាត់បង់​ផលប្រយោជន៍។

ប្រភព​គួរ​ឱ្យ​ទុកចិត្ត​បាន​ពី​ផ្ទៃក្នុង​បក្ស​កាន់​អំណាច ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១០ មេសា នេះ​ថា អ្នក​ដែល​មាន​ផលប្រយោជន៍​មួយ​ចំនួន ដូចជា​មន្ត្រី​បក្ស​កាន់​អំណាច រួម​ទាំង​ឧកញ៉ា​ខ្លះ​ទៀត សុទ្ធតែ​មិន​ពេញចិត្ត​នឹង​ផែនការ​ការពារ​បឹង​ទន្លេសាប និង​ការ​រិះគន់​របស់​បណ្ឌិត សុខ ទូច ចំពោះ​ការ​ចាក់​ដី​លុប​បឹង​តាមោក​នោះ​ទេ​នា​ពេល​កន្លងមក។

ប្រភព​ដដែល​លើកឡើង​ថា ជា​រឿង​ហួសចិត្ត​ដែល​រថយន្ត​របស់​មន្ត្រី​រាជការ​ជាន់ខ្ពស់​រង​នូវ​ការ​បំផ្លាញ រួម​ទាំង​ខ្លួន​លោក​ផ្ទាល់​ក៏​រង​នូវ​ការ​ធ្វើ​បាប ប៉ុន្តែ​គ្មាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​មួយ​ចេញ​មុខ​រក​យុត្តិធម៌​វែក​មុខ​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​ឡើយ។

ប្រភព​ដដែល​បន្ថែម​ថា ចំពោះ​ទង្វើ​បែប​នេះ​អាច​វាយតម្លៃ​បាន​ថា បើ​គ្មាន​អ្នក​មាន​អំណាច​ឈរ​ចាំ​បញ្ជា​ពីក្រោយ​ទេ ម្ល៉េះ​សមត្ថកិច្ច​អាច​ចាប់​ជន​ដៃដល់​បាន​ភ្លាមៗ​បាត់​ទៅ​ហើយ ប៉ុន្តែ​ដោយសារតែ​បញ្ហា​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​របស់​អ្នក​មាន​អំណាច ជន​ដៃដល់ និង​អ្នក​បញ្ជា​ពីក្រោយ​ខ្នង​នៅតែ​អាច​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដោយ​សេរី​ក្រៅ​ប្រព័ន្ធ​ច្បាប់​បាន​ដដែល។

មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ហេតុការណ៍​របស់​បណ្ឌិត សុខ ទូច នេះ​បាន​គំរាមកំហែង​យ៉ាង​ខ្លាំង​ដល់​អ្នកដទៃ​ទៀត​ដែល​មាន​បំណង​ចង់​ការពារ​តំបន់​បឹង​ទន្លេសាប ក៏ដូចជា​គំរាមកំហែង​ដល់​សុវត្ថិភាព​របស់​គាត់​ផង​ដែរ ប្រសិនបើ​គាត់​នៅតែ​បន្ត​ការងារ​ការពារ​តំបន់​បឹង​ទន្លេសាប​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​របស់​អ្នក​មាន​អំណាច​បន្ត​ទៀត​នោះ។

កាលពី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៣ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ភ្ជាប់​ជាមួយ​រូបថត​ដែល​មាន​របួស​ស្នាម​ជាច្រើន​សន្លឹក​ថា មន្ត្រី​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​វិល​ទៅ​កាន់​មាតុប្រទេស​វិញ​ហើយ ប៉ុន្តែ​លោក​មិន​ទាន់​អាច​ត្រឡប់​ទៅ​ធ្វើការ​វិញ​បាន​ទេ ដោយសារតែ​លោក​ត្រូវ​នៅ​មន្ទីរពេទ្យ​ដើម្បី​វះកាត់​ដៃ​ឆ្វេង​របស់​លោក​ជាបន្ទាន់​នៅ​ពេលនេះ។

លោក​បន្ថែម​ថា គ្រោះថ្នាក់​នេះ​កើតឡើង​ដោយសារតែ​លោក​បាន​ចុះ​បេសកកម្ម​ការពារ​តំបន់​បឹង​ទន្លេសាប​នា​ពេល​កន្លងមក។

ជុំវិញ​បញ្ហា​នេះ ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Lim Sovannrith បាន​សរសេរ​ក្នុង​ប្រអប់​បញ្ចេញមតិ​របស់​ទំព័រ​ហ្វេសប៊ុក​បណ្ឌិត សុខ ទូច ថា អំឡុង​ពេល​ដែល​គាត់​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​ករណី​បឹង​ទន្លេសាប គាត់​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ធាក់​ពីក្រោយ​ខ្នង​ឱ្យ​ដួល ដែល​បណ្តាល​ឱ្យ​ដាច់​សរសៃ​ពួរ​សាច់ដុំ​ដៃ​ខាងឆ្វេង​នៅ​ពេល​ដែល​គាត់​ចូល​បន្ទប់ទឹក​នៅ​ស្ថានីយ​ចាក់​សាំង​មួយ​កន្លែង។

ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ​បញ្ជាក់​ថា ពេល​នោះ​គាត់​បាន​ឱ្យ​ស្ថានីយ​ចាក់​សាំង​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព ប៉ុន្តែ​ម្ចាស់​ស្ថានីយ​ចាក់​សាំង​ថា​កាមេរ៉ា​នោះ​មិន​ដំណើរការ។

ប្រភព​ដដែល​បញ្ជាក់​ថា អាការៈ​បណ្ឌិត សុខ ទូច មិន​សូវ​បង្ក​ការ​ឈឺចាប់​ខ្លាំង​ទេ​កន្លងមក ប៉ុន្តែ​នៅ​ពេល​ចុះ​បេសកកម្ម​ទៅ​ក្រៅ​ប្រទេស​ជួប​អាកាសធាតុ​ត្រជាក់​ខ្លាំង បាន​ធ្វើ​ឱ្យ​គាត់​មាន​អាការៈ​ឈឺចាប់​ខ្លាំង ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គាត់​សម្រេច​ចិត្ត​វះកាត់​ជាបន្ទាន់​បែប​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២២ បណ្ឌិត សុខ ទូច ធ្លាប់​រិះគន់​ថា តើ​អ្នក​មាន​នៅ​ស្រុក​ខ្មែរ​ពេល​ណា​ទើប​លែង​ចង់​មាន​ចង់​បាន​ដោយសារ​ការ​លុប​បឹង​បន្ត​ទៀត?

ដោយសារតែ​បញ្ហា​នេះ គាត់​ត្រូវ​បាន​រង​នូវ​ការ​ស្ដីបន្ទោស​យ៉ាង​ខ្លាំង​ពី​មន្ត្រី​បក្ស​កាន់​អំណាច ដោយសារតែ​ការ​លើកឡើង​របស់​បណ្ឌិត សុខ ទូច បែប​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ពួកគេ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា មន្ត្រី​ដែល​មាន​ឧត្តមគតិ​ចង់​អភិវឌ្ឍ​ប្រទេស​ជាតិ នឹង​មិន​អាច​ប្រើ​សមត្ថភាព​របស់​ខ្លួន​បាន​ទេ បើ​ប្រទេស​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ប្រព័ន្ធ​ដឹកនាំ​មួយ​ដែល​មាន​ការ​រៀបចំ​គាប​សង្កត់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ ត្បិត​ប្រព័ន្ធ​បែប​នេះ​គឺជា​ប្រព័ន្ធ​កសាង​បក្ខពួក​និយម និង​ប្រព័ន្ធ​ប្រព្រឹត្ត​អំពើពុករលួយ មិនមែន​ជា​ប្រព័ន្ធ​កសាង​ប្រទេស​ជាតិ​នោះ​ទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស