ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច អះអាងថា មេដឹកនាំខ្មែរលោក ហ៊ុន សែន មិនមានបំណងផ្តល់ទឹកដីខ្មែរឱ្យវៀតណាម គ្រប់គ្រង ឬកាត់ទឹកដីខ្មែរឱ្យវៀតណាម ឡើយ ព្រោះលោក ហ៊ុន សែន មានឪពុកម្ដាយជាជនជាតិខ្មែរ។
បណ្ឌិត សុខ ទូច លើកឡើងក្នុងកម្មវិធីជជែកពិភាក្សាស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV)» នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នេះថា មេដឹកនាំខ្មែរលោក ហ៊ុន សែន មិនមានបំណងផ្តល់ទឹកដីខ្មែរឱ្យវៀតណាម គ្រប់គ្រង ឬកាត់ទឹកដីឱ្យវៀតណាម ឡើយ។ លោកថា លោក ហ៊ុន សែន មានឪពុកម្ដាយជាជនជាតិខ្មែរ និងភរិយាជាជនជាតិខ្មែរ គឺអ្នកស្រី ប៉ុន រ៉ានី ដូច្នេះគាត់មិនអាចកាត់ទឹកដីឱ្យបរទេសដាច់ខាត។
ប្រធានរាជបណ្ឌិត្យសភារូបនេះលើកឡើងថា បើនិយាយពីផ្លូវច្បាប់ រដ្ឋាភិបាលបានកំណត់ខ្សែបន្ទាត់ព្រំដែនរបស់ខ្លួនជាមួយនឹងវៀតណាម ដោយផ្អែកលើផែនទីស្របច្បាប់ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញរួចរាល់ហើយ។ ជាងនេះទៀត បើលោក ហ៊ុន សែន មានបំណងកាត់ទឹកដីឱ្យវៀតណាម មែន គាត់ត្រូវកម្ទេចឯកសារស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជាចោលជាមុន ដើម្បីកុំឱ្យមានភស្តុតាងអំពីដែនសីមារបស់ខ្មែរជាក់លាក់។
បណ្ឌិត សុខ ទូច អះអាងថា លោកបានចុះត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនតាំងពីរដ្ឋាភិបាលមិនទាន់អភិវឌ្ឍផ្លូវថ្នល់នៅតាមបណ្ដោយខ្សែក្រវាត់ព្រំដែនមកម្ល៉េះ។ លោកថា បេសកកម្មនេះមានការជំរុញពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន យ៉ាងខ្លាំង ខណៈរដ្ឋាភិបាលក៏បានឧបត្ថម្ភឡាន Pick Up ម៉ាក Ford Ranger Wild truck ដល់រូបលោក ១គ្រឿងថែមទៀត។
លោកបន្ថែមថា ការធ្វើដំណើរក្នុងការស្រាវជ្រាវអំពីបញ្ហាព្រំដែននេះ ពិតជាមានការលំបាកខ្លាំងណាស់ ដោយសារតែគ្មានផ្លូវធ្វើដំណើរ ដែលពេលខ្លះលោកត្រូវហែលឆ្លងទឹកស្ទឹង និងត្រូវឡើងកំពូលភ្នំដើម្បីពិនិត្យមើលបង្គោលព្រំដែននីមួយៗ។ ជាងនេះទៅទៀត ពេលខ្លះលោកត្រូវប្រថុយជីវិតជួយសហការីរបស់លោកដែលលង់ទឹក ព្រោះតែមិនចេះហែលទឹកអំឡុងពេលធ្វើដំណើរផងដែរ ក្នុងបុព្វហេតុបេសកកម្មស្រាវជ្រាវមួយនេះ។
បណ្ឌិត សុខ ទូច បញ្ជាក់ថា តាមរយៈនៃការស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា បានដឹងយ៉ាងច្បាស់ថា រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា មិនបានកាត់ទឹកដីឱ្យប្រទេសវៀតណាម ដូចការចោទប្រកាន់របស់លោក សម រង្ស៊ី និងក្រុមអ្នកវិភាគនៅក្រៅស្រុកឡើយ ព្រោះតែពួកគេមិនបានចុះទៅពិនិត្យព្រំដែនដោយផ្ទាល់។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជារូបនេះគូសបញ្ជាក់ថា ចំពោះការព្រួយបារម្ភថាវៀតណាមនឹងគ្រប់គ្រងប្រទេសកម្ពុជានោះ គឺរឹតតែមិនអាចទៅរួចថែមទៀត ព្រោះប្រទេសកម្ពុជាផ្ទេរអំណាចដោយការបោះឆ្នោត ដូច្នេះគ្មានពលរដ្ឋខ្មែរណាបោះឆ្នោតឱ្យជនជាតិវៀតណាម ធ្វើជាមេដឹកនាំរបស់ខ្លួននោះទេ។
កម្មវិធីពិភាក្សានេះធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋរិះគន់រដ្ឋាភិបាលយ៉ាងចាស់ដៃជុំវិញការដាក់ខេត្តខ្មែរទាំង ៤ ក្នុងតំបន់ត្រីកោណដើម្បីអភិវឌ្ឍរួមគ្នាជាមួយឡាវ និងវៀតណាម សព្វថ្ងៃនេះ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ សីហា នេះថា លោក សុខ ទូច លើកឡើងតែឯកសារ និងបេសកកម្មការស្រាវជ្រាវរបស់គាត់ប៉ុណ្ណោះ។ លោកថា មន្ត្រីរដ្ឋាភិបាលទាំងនេះមិនបានបង្ហាញឯកសារ ឬកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលត្រកូលហ៊ុន ជាមួយភាគីឡាវ និងវៀតណាម ដែលបានព្រមព្រៀងឱ្យប្រជាពលរដ្ឋ និងអ្នកចូលក្នុងកម្មវិធីនេះបានឃើញនោះទេ។
លោក គឹម សុខ លើកឡើងថា ប្រសិនបើកម្រិតមន្ត្រីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភារបស់ជាតិមិនមានឯកសារចុះកិច្ចព្រមព្រៀងរវាងត្រកូលហ៊ុន និងភាគីឡាវ រួមជាមួយវៀតណាម ទៅហើយនោះ ដូច្នេះតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) នៅតែជាអាថ៌កំបាំងពីការបាត់បង់ទឹកដីដូចពលរដ្ឋខ្មែរព្រួយបារម្ភមែន។
អ្នកវិភាគនយោបាយរូបនេះព្រមានថា បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែបន្តកុហកពលរដ្ឋពីការគប់គិតរបស់ខ្លួនជាមួយវៀតណាម ដោយការបកស្រាយបំភ្លៃអំពីកិច្ចសហការក្នុងតំបន់ត្រីកោណនេះទៀត នោះរដ្ឋាភិបាលនេះក៏អាយុមិនវែងដែរ ហើយនឹងដួលរលំព្រោះតែការបាត់ជំនឿពីប្រជាពលរដ្ឋជាមិនខាន។
ចំណែកអតីតមន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ សីហា នេះដែរថា កិច្ចពិភាក្សារបស់រាជបណ្ឌិត្យសភាកម្ពុជា មិនបានឆ្លើយតបនឹងកង្វល់របស់ពលរដ្ឋទេ ហើយក៏មិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៅក្នុងតំបន់នោះដែរ។
លោកថា កង្វល់របស់ពលរដ្ឋជុំវិញបញ្ហាតំបន់ត្រីកោណនេះ មិនមែនជាការព្រួយបារម្ភត្រឹមតែការកាត់ទឹកដីខ្មែរឱ្យវៀតណាម ទេ ប៉ុន្តែជាការព្រួយបារម្ភពីការបាត់ប្រទេសទាំងមូល ព្រោះភាគីវៀតណាម បានស្នើឱ្យរដ្ឋាភិបាលខ្មែរដាក់ប្រទេសកម្ពុជាចូលទៅក្នុងការអភិវឌ្ឍរួមគ្នានេះកន្លងមក ស្របពេលដែលរដ្ឋាភិបាលកំពុងព្យាយាមដាក់បញ្ចូលម្តងមួយខេត្តៗនៅពេលនេះ។
លោក ស៊ឹង សែនករុណា លើកឡើងថា ក្នុងកម្មវិធីពិភាក្សាលើតំបន់ត្រីកោណនេះ រាជបណ្ឌិត្យសភាកម្ពុជាព្យាយាមបង្ហាញពីបេសកកម្មស្រាវជ្រាវរបស់ខ្លួន ជាជាងការបកស្រាយជុំវិញកង្វល់របស់ប្រជាពលរដ្ឋ ដូចជាថា តើការហូរចូលពលរដ្ឋវៀតណាម ក្នុងខេត្តក្នុងតំបន់នេះដោយរបៀបណា? តើខេត្តនេះមានប្រជាពលរដ្ឋវៀតណាម ចូលទៅរស់នៅប៉ុន្មាននាក់? ប្រកបមុខរបរអ្វីខ្លះ? ហើយថាតើពួកគេមានសិទ្ធិដើរហើរកម្រិតណាក្នុងខេត្តខ្មែរនៅតំបន់ត្រីកោណនេះ ជាដើម។
ជាងនេះទៀត តើដីសម្បទានដែលរដ្ឋាភិបាលកម្ពុជាប្រគល់ឱ្យក្រុមហ៊ុនវៀតណាម គ្រប់គ្រង កំពុងធ្វើសកម្មភាពអភិវឌ្ឍលើអ្វីខ្លះ និងបានបំផ្លាញធនធានធម្មជាតិខ្មែរដែរឬទេ ដូចជា ព្រៃឈើ និងរ៉ែផ្សេងៗ។ លើសពីនេះ មន្ត្រីរដ្ឋាភិបាលទាំងនេះក៏ត្រូវបង្ហាញពីតម្លាភាពនៃការគ្រប់គ្រង និងការទាញយកផលប្រយោជន៍រវាងរដ្ឋាភិបាលនៃប្រទេសទាំង៣ ក្នុងតំបន់អភិវឌ្ឍន៍រួមគ្នានេះដែរ ដើម្បីឱ្យពលរដ្ឋខ្មែរដឹងថា កម្ពុជាខាត ឬចំណេញកម្រិតណាក្រោមការសហការនេះ។
អតីតមន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលរូបនេះបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា ក៏ត្រូវបកស្រាយចំពោះសំណើរបស់វៀតណាម ក្នុងកិច្ចប្រជុំកំពូលលើកទី១០ រវាងប្រទេសទាំង៣ កាលពីអំឡុងឆ្នាំ២០១៨ ជុំវិញការស្នើរដ្ឋាភិបាលកម្ពុជាឱ្យដាក់ប្រទេសខ្មែរទាំងមូលចូលក្នុងការអភិវឌ្ឍរួមគ្នាដែរ ដែលនេះទើបជាការចង់បានរបស់ពលរដ្ឋពិតប្រាកដជុំវិញបញ្ហានេះ។
លោកថា រដ្ឋាភិបាលក៏ត្រូវដឹងដោយខ្លួនឯងដែរថា ការដឹកនាំរបស់ខ្លួនជាង ៤០ឆ្នាំមកនេះ ដូចជា ការបង្ហូរជនជាតិវៀតណាមខុសច្បាប់ចូលក្នុងទឹកដីខ្មែរ និងការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ពលរដ្ឋវៀតណាមរាប់ម៉ឺននាក់ ជាដើម គឺជាហេតុដ៏ចម្បងដែលធ្វើឱ្យពលរដ្ឋភ័យព្រួយពីការបាត់អធិបតេយ្យជាតិរបស់ខ្លួនសព្វថ្ងៃនេះ។
លើសពីនេះ ដូចជា ការផ្តល់ដីឱ្យពលរដ្ឋវៀតណាម ផ្លាស់ពីការរស់នៅលើទឹក ឱ្យមករស់នៅលើគោកក្នុងខេត្តកំពង់ឆ្នាំង និងការចុះកិច្ចព្រមព្រៀងខុសច្បាប់ជាច្រើនទៀត ស្របពេលដែលច្បាប់អន្តោប្រវេសន៍ ក៏មិនត្រូវបានអនុវត្តលើជនជាតិវៀតណាមខុសច្បាប់ទាំងនេះទាល់តែសោះ ចាប់តាំងពីលោក ហ៊ុន សែន ត្រូវវៀតណាម លើកបន្តុបនៅអំឡុងទសវត្សរ៍១៩៨០ មក។
លោក ស៊ឹង សែនករុណា គូសបញ្ជាក់ថា ដើម្បីឱ្យពលរដ្ឋស្ងប់ចិត្តពីបញ្ហាក្នុងតំបន់ត្រីកោណនេះ រដ្ឋាភិបាលមានជម្រើសតែមួយគត់ គឺដកខ្លួនចេញពីការអភិវឌ្ឍរួមគ្នានេះ និងអនុវត្តច្បាប់អន្តោប្រវេសន៍បណ្តេញពលរដ្ឋវៀតណាមខុសច្បាប់ត្រឡប់ទៅប្រទេសកំណើតវិញឱ្យមានប្រសិទ្ធភាព នោះទើបទួលបានការទុកចិត្តពីពលរដ្ឋក្នុងការដឹកនាំរបស់ខ្លួនទៅថ្ងៃមុខទៀត។
បន្ទាប់ពីផ្ទុះការរិះគន់រដ្ឋាភិបាលជុំវិញតំបន់ត្រីកោណអភិវឌ្ឍន៍នេះ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត លើកឡើងក្នុងកម្មវិធីទទួលអាហារសាមគ្គីនៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី២ ខែសីហា នេះថា លោកសុំឱ្យពលរដ្ឋទុកចិត្តលើការដឹកនាំរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបន្តទៀត។
លោក ហ៊ុន ម៉ាណែត អំពាវនាវកុំឱ្យប្រជាពលរដ្ឋជឿតាមការញុះញង់របស់ក្រុមអគតិ ព្រោះដីខ្មែរទាំង ៤ខេត្តនៅភាគឦសាននោះ មិនបាត់បង់ទៅណាឡើយ ហើយការអភិវឌ្ឍរួមគ្នានេះ គឺដើម្បីបង្កើននូវសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ផ្សារភ្ជាប់នូវសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាផងដែរ។
នាយករដ្ឋមន្ត្រីខ្មែររូបនេះបញ្ជាក់ថា រដ្ឋាភិបាលសហការជាមួយបណ្ដាប្រទេសជិតខាង មិនមែនបានន័យថាត្រូវតែនៅក្រោមការគ្រប់គ្រងរបស់គេ ឬកាត់កន្លែងនេះ ឬកន្លែងនោះឲ្យគេឡើយ។
យ៉ាងណាក៏ដោយ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២ សីហា នេះដែរថា រដ្ឋាភិបាលកម្ពុជាក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន កំពុងលួចកាត់ទឹកដីខ្មែរឱ្យប្រទេសវៀតណាម ក្រោមឈ្មោះអភិវឌ្ឍន៍ក្នុងតំបន់ត្រីកោណ ដែលបានគប់គិតគ្នាអស់រយៈពេល ២៥ឆ្នាំមកនេះ។
ចំណែកសកម្មជនខ្មែរ-អាមេរិកាំង ដែលមានទីស្នាក់ការនៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ចេញលិខិតចំហមួយនៅថ្ងៃទី២ សីហា ថា ការដាក់បញ្ចូលខេត្តខ្មែរទៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ គឺជាសញ្ញានៃការប្រែក្លាយកម្ពុជាឱ្យស្ថិតនៅក្នុងសហព័ន្ធឥណ្ឌូចិន ក្នុងបំណងឱ្យវៀតណាម ធ្វើអាណាព្យាបាលខ្មែរទៅថ្ងៃមុខ។
ប្រភពដដែលលើកឡើងថា ពលរដ្ឋខ្មែរចង់ឱ្យប្រទេសរបស់ខ្លួនជារដ្ឋមានឯករាជ្យ អធិបតេយ្យភាព ដើម្បីឲ្យកូនចៅជំនាន់ក្រោយរស់នៅក្នុងភាពថ្លៃថ្នូរមិនរណបបរទេស។
សកម្មជនខ្មែរ-អាមេរិកាំងទាំងនេះ អំពាវនាវឱ្យមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ដកខ្លួនចេញពីកិច្ចព្រមព្រៀងខុសច្បាប់ជាមួយវៀតណាម និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ (CLV) នេះជាបន្ទាន់ ដើម្បីរំដោះខ្មែរចេញពីកណ្ដាប់ដៃវៀតណាម មុនពេលគាត់អស់ជីវិត។
អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម បណ្ឌិត មាស នី លើកឡើងកាលពីថ្ងៃទី៣០ ខែកក្កដា នេះថា ការដាក់ខេត្តខ្មែរចូលក្នុងតំបន់ត្រីកោណដើម្បីអភិវឌ្ឍរួមគ្នាជាមួយវៀតណាម ជារឿងល្អហើយ ប៉ុន្តែបញ្ហានៅត្រង់ថា តើកម្ពុជាមានសមត្ថភាពកម្រិតណាជុំវិញកិច្ចសហប្រតិបត្តិការនេះ ក្នុងការទាញយកផលប្រយោជន៍សម្រាប់ប្រទេសជាតិពីឡាវ និងវៀតណាម។
បណ្ឌិត មាស នី លើកឡើងថា ប្រវត្តិសាស្ត្ររវាងខ្មែរ និងវៀតណាម មានភាពជូរចត់ជាទីបំផុត ដោយសារតែមេដឹកនាំខ្មែរមានទំនាក់ទំនងស្មោះត្រង់ ខណៈវៀតណាម មានបំណងផ្សេងក្នុងទំនាក់ទំនងនេះ រហូតធ្វើឱ្យមេដឹកនាំខ្មែរចាញ់បោកមេដឹកនាំវៀតណាម បាត់ទឹកដីជាដំណាក់កាលៗរហូតមក។
ក្រុមអ្នកវិភាគ អ្នកសង្កេតការណ៍ អ្នកឃ្លាំមើលសង្គម ពលរដ្ឋ និងអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម ជាដើម មើលឃើញថា នៅពេលដែលទឹកដីកម្ពុជា វៀតណាម និងឡាវ ត្រូវដាក់បញ្ចូលគ្នាទៅជាឥណ្ឌូចិន គឺមានតែរដ្ឋាភិបាលវៀតណាមតែមួយគត់ដែលធ្វើជាអ្នកគ្រប់គ្រង ហើយចលនាកុម្មុយនីស្តឥណ្ឌូចិនរបស់វៀតណាម ក៏នឹងលេចចេញជារូបរាងដែរ តាមរយៈសមាហរណកម្មនៃប្រទេសទាំងបីនេះ៕