នៅពេលដែលអ្នកស្រី សាយ អ៊ឹងវិន ចេញដំណើរទៅក្រៅប្រទេសដែលមានគោលដៅជួបប្រធានសភាអាមេរិក មហាយក្សចិនអន្ទះសាជាខ្លាំងគំរាមតៃវ៉ាន់ដោយពាក្យសម្ដីផង បញ្ចេញសព្វាវុធ និងទ័ពធ្វើសកម្មភាពគំរាមផង។
ចិនក៏បានបញ្ចេញយន្តហោះចម្បាំងពី ៤០ ទៅ ៧០គ្រឿងឱ្យហោះចូលដែនអាកាសតៃវ៉ាន់។ ចំណែកទ័ពជើងទឹករបស់ចិន ក៏បានបញ្ចេញនាវាចម្បាំងធំៗយ៉ាងតិចជាង ១០គ្រឿង រួមទាំងនាវាផ្ទុកយន្តហោះទៀតផង ឱ្យធ្វើសមយុទ្ធអមដោយនាវាពិឃាតជាច្រើននៅច្រកសមុទ្រតៃវ៉ាន់។
ចន្លោះពីចិនដីគោកទៅចិនដីកោះ ឬតៃវ៉ាន់ មានរយៈចម្ងាយតែ ១៦០គីឡូម៉ែត្រ ដោយឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ រដ្ឋាភិបាលក្រុងប៉េកាំង ព្រមានថា ប្រសិនបើជំនួបនោះកើតឡើងមែន គឺក្រុងប៉េកាំង នឹងមានវិធានការសងសឹកតៃវ៉ាន់ និងសហរដ្ឋអាមេរិក។
ក្រោយពីអ្នកស្រី សាយ បានជួបជាមួយនឹងប្រធានរដ្ឋសភាអាមេរិក លោក Kevin McCarthy នៅលើទឹកដីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ចិនក៏ចាប់ផ្ដើមបង្ហាញសកម្មភាពទ័ពគំរាមតៃវ៉ាន់យ៉ាងខ្លាំងដោយបញ្ជាឱ្យទ័ពត្រៀមគ្រប់ស្ថានការណ៍ទាំងអស់។
នៅថ្ងៃចន្ទ ទី១០ ខែមេសា នេះ ជាថ្ងៃទី៣ នៃការធ្វើសមយុទ្ធរបស់ទ័ពចិន។ បើតាមសេចក្ដីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ការធ្វើសមយុទ្ធទ័ពជើងទឹករបស់ចិនបាញ់គ្រាប់ពិតដោយធ្លាក់នៅក្បែរកោះតៃវ៉ាន់តែម្ដង។ ព្រឹត្តិការណ៍នេះជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់មេដឹកនាំតៃវ៉ាន់ អ្នកស្រី សាយ នៅលើទឹកដីសហរដ្ឋអាមេរិក ដោយបានជួបជាមួយនឹងប្រធានរដ្ឋសភាអាមេរិកាំងកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃអាទិត្យ យន្តហោះចម្បាំងចិន និងនាវាចម្បាំងចិន បានដឹកនាំការធ្វើសមយុទ្ធបង្ហាញការវាយប្រហារលើតៃវ៉ាន់។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា យន្តហោះចម្បាំង ៧០គ្រឿង និងនាវាចម្បាំង ១១គ្រឿងរបស់ចិន បានធ្វើសកម្មភាពនៅក្បែរដែនកោះតៃវ៉ាន់ ហើយក្នុងនោះមានយន្តហោះចម្បាំង ៣៥គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ និងបានហោះចូលក្នុងតំបន់ដែនកំណត់អត្តសញ្ញាណការពារដែនអាកាសតៃវ៉ាន់ទៀតផង។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន សមយុទ្ធនេះបានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ គឺមានគោលដៅឡោមព័ទ្ធកោះតៃវ៉ាន់ និងផ្ដោតជាសំខាន់លើគោលដៅវាយប្រហារសំខាន់នៅលើកោះមួយនេះ ដែលចិនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
ស្របពេលនេះដែរ ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថា ប្រព័ន្ធចាប់សញ្ញាយន្តហោះបានប្រទះឃើញយន្តហោះ ៥៨គ្រឿង និងនាវាចិនចំនួន ៩គ្រឿង ធ្វើសកម្មភាពនៅក្បែរដែនកោះរបស់ខ្លួន។
ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា កងកម្លាំងប្រព័ន្ធរ៉ាដាកំពុងតាមដានសកម្មភាពយោធាចិនតាមរយៈប្រព័ន្ធឈ្លបការណ៍ និងការឃ្លាំមើលការណ៍សម្ងាត់ ហើយជាពិសេសការឃ្លាំមើលទៅលើកងទ័ពរំដោះប្រជាជនដែលទទួលបន្ទុកប្រព័ន្ធបាញ់មីស៊ីលបាញ់ចេញពីដីគោករបស់ប្រទេសចិន។
ចំណែកឯយន្តហោះចិនជិត ៦០គ្រឿងដែលរ៉ាដារបស់តៃវ៉ាន់ចាប់សញ្ញាឃើញ បង្ហាញថា ចិនបានប្រើយន្តហោះចម្បាំង Su-30 របស់រុស្ស៊ី និងយន្តហោះទម្លាក់គ្រាប់បែករបស់ចិន H-6។
ចិនដែលចាត់ទុកតៃវ៉ាន់ជាផ្នែកមួយក្នុងដែនអធិបតេយ្យរបស់ខ្លួន មិនដែលបោះបង់ចោលជម្រើសបង្រួបបង្រួមជាមួយដែនកោះនេះទេ តែចិនព្រមានថា បើដល់ពេលវេលា គឺការប្រើប្រាស់កម្លាំងទ័ពដែលជាការចាំបាច់ក្នុងវាយកាន់កាប់ដែនកោះមួយនេះឱ្យមកស្ថិតក្នុងចំណុះរបស់ក្រុងប៉េកាំង។
តែយ៉ាងណា គេដឹងថា ប្រទេសដែលនៅពីក្រោយតៃវ៉ាន់ ហើយធ្វើឱ្យដែនកោះដ៏តូចមួយនេះចេះតែហ៊ានប្រឈមមុខនឹងមហាយក្សចិន គឺសហរដ្ឋអាមេរិក។
យោងតាមកិច្ចព្រមព្រៀងឆ្នាំ១៩៧៩ អាមេរិកគឺគ្រប់រដ្ឋការទាំងអស់ត្រូវតែជួយតៃវ៉ាន់ ទាំងការជួយការផ្គត់ផ្គង់សព្វាវុធ និងរហូតដល់អន្តរាគមន៍ដោយការបញ្ជូនទ័ពទៅតៃវ៉ាន់ទៀតផង។
សមាជិកសភាជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី៨ ខែមេសា បានសន្យាថានឹងជួយផ្ដល់ការបណ្ដុះបណ្ដាលសម្រាប់កងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ និងពន្លឿនការផ្គត់ផ្គង់អាវុធ។
ថ្លែងនៅឯពិធីមួយក្នុងទីក្រុងតៃប៉ិជាមួយអ្នកស្រី សាយ លោក Michael McCaul បានបញ្ជាក់ថា៖ «ក្នុងនាមលោកជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រអាមេរិក លោកគឺជាអ្នកចុះហត្ថលេខាលើការលក់អាវុធឱ្យបរទេស ឬជំនួយអាវុធសម្រាប់តៃវ៉ាន់។ ដូចនេះ អាមេរិកនឹងផ្គត់ផ្គង់អាវុធបន្ថែមទៀតតាមការស្នើទិញពីតៃវ៉ាន់។»
ចំណែកជំនួបកំពូលរវាងអ្នកស្រី សាយ និងប្រធានរដ្ឋសភាអាមេរិក នៅលើទឹកដីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី៥ ខែមេសា ថ្មីៗនេះ លោក Kevin McCarthy ក៏បានប្ដេជ្ញាចិត្តថាការបញ្ជូនសព្វាវុធថែមទៀតទៅឱ្យកោះតៃវ៉ាន់ ត្រូវទទួលបានការអនុម័តពីសមាជិកសភាដែលលោកចាត់ទុកថា តៃវ៉ាន់ជាដែនកោះប្រជាធិបតេយ្យមួយដ៏រឹងមាំនៅអាស៊ីប៉ាស៊ីហ្វិក។
លោកព្រមានថា ការប្រើកម្លាំងទ័ពណាមួយរបស់ប្រទេសចិន បើមានទៅលើតៃវ៉ាន់ គឺជាការបំផ្លាញ និងជាការឈ្លានពានដែនអធិបតេយ្យនៃរដ្ឋប្រជាធិបតេយ្យមួយ។
ចំណែកអ្នកស្រី សាយ បានទទូចសុំឱ្យសហរដ្ឋអាមេរិកកុំបោះបង់ចោលតៃវ៉ាន់ឱ្យសោះ។ អ្នកស្រីថា សហរដ្ឋអាមេរិកនេះហើយធ្វើឱ្យប្រទេសដែលប្រកាន់របបប្រជាធិបតេយ្យបានរួមសាមគ្គីទប់ទល់នឹងអំណាចផ្ដាច់ការ និងរបបកុម្មុយនីស្ត។
នៅក្នុងស្ថានការណ៍ដ៏ផុយស្រួយនេះដែលចិនបន្តធ្វើសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់ អ្នកស្រីប្រធានាធិបតីតៃវ៉ាន់ បានបញ្ជាទៅក្រសួងការពារជាតិ និងមេទ័ពតៃវ៉ាន់ ត្រូវប្រុងប្រយ័ត្នគ្រប់ស្ថានការណ៍ទាំងអស់ ហើយបើចាំបាច់ត្រូវធ្វើការឆ្លើយតប៕