35 C
Phnom Penh

លោក សម រង្ស៊ី៖ អឺរ៉ុប​និង​ជប៉ុន​នឹង​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត​មក​កម្ពុជា​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា ប្រទេស​បារាំង សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក ប្រទេស​ជប៉ុន និង​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់​ក្នុង​ពិភពលោក បាន​សម្រេច​ថា​នឹង​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ពួកគេ​មក​ប្រទេស​កម្ពុជា​នោះ​ទេ ដើម្បី​ចូលរួម​អង្កេត​ការណ៍​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ។

លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៣ នេះ​ថា ការ​សម្រេច​ចិត្ត​មិន​ដាក់​អ្នក​សង្កេតការណ៍​របស់​ប្រទេស​ប្រជាធិបតេយ្យ​ទាំងនោះ គឺ​ដោយសារតែ​គេ​ចាត់ទុក​ថា​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការ​បោះឆ្នោត​ក្លែងក្លាយ ព្រោះ​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ក្លាយ​ជា​ស្ថាប័ន​មួយ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​ទៅ​ហើយ​នោះ។

លោក សម រង្ស៊ី លើកឡើង​ថា លោក ហ៊ុន សែន នឹង​ខកចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ប្រទេស​ប្រជាធិបតេយ្យ​ទាំងនោះ​មិន​ដាក់​អ្នក​សង្កេតការណ៍​ឱ្យ​ទៅ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នេះ ព្រោះ​ថា​វា​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​របស់​គាត់​បាត់បង់​ភាព​ស្រប​ច្បាប់​ទាំងស្រុង​ក្រោយពី​ការ​បោះឆ្នោត​ក្លែងក្លាយ​ដែល​ស្ថិត​ក្រោម​ការ​រៀបចំ​នៃ​រដ្ឋាភិបាល​ឯក​បក្ស​របស់​គាត់។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ លោក ហ៊ុន សែន បាន​កំណត់​ទុក​ជា​មុន​រួច​ហើយ។ ជាង​នេះ​ទៀត ក៏​មិន​មាន​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែរ បើ​ទោះជា​មាន​វត្តមាន​របស់​ក្រុម​ប្រឆាំង​មួយ​ចំនួន​តូច ដើម្បី​បង្កើត​រូបភាព​ក្លែង​បន្លំ​ប្រជាធិបតេយ្យ​ក្នុង​ចេតនា​បំបាត់​ការ​រិះគន់​ពី​អន្តរជាតិ​ក៏ដោយ​នោះ។

ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដូច្នេះ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ទី​៧ នេះ នៅ​សល់​រយៈពេល​ត្រឹមតែ ១០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០២៣ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ស្នើ​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​បារាំង ឱ្យ​បញ្ជូន​អ្នក​សង្កេតការណ៍​បារាំង មក​ពិនិត្យ និង​សង្កេត​មើល​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា ប៉ុន្តែ​បារាំង​នៅ​មិនទាន់​ឆ្លើយតប​ថា​តើ​នឹង​បញ្ជូន ឬ​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត​មក​កម្ពុជា​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ធ្លាប់​បាន​បញ្ជាក់​កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្រៅពី​ប្រទេស​បារាំង រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​អញ្ជើញ​អ្នក​សង្កេតការណ៍​មកពី​ប្រទេស​អង់គ្លេស (U.K) អាល្លឺម៉ង់ (Germany) និង​ប៉ាឡេស្ទីន (Palestine) ផង​ដែរ ដើម្បី​ពិនិត្យ​មើល​ដំណើរការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ទទួល​ចម្លើយ​នៅឡើយ​ទេ។ រហូត​មក​ដល់​ពេលនេះ មាន​តែ​រដ្ឋាភិបាល​ជប៉ុន​មួយ​ប៉ុណ្ណោះ​ដែល​ផ្តល់​ជំនួយ​ដល់​កម្ពុជា​លើ​វិស័យ​អប់រំ និង​បច្ចេកទេស​សម្រាប់​ការ​បោះឆ្នោត។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នកវិភាគ​បាន​ចាត់ទុក​ការ​បោះឆ្នោត​នៅ​កម្ពុជា​ដែល​រៀបចំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​២០២៣ នេះ គឺជា​ការ​បោះឆ្នោត​របស់​ក្រុម​យោធា ក្រោម​ហេតុផល​ថា ការ​បោះឆ្នោត​នេះ​មិន​មែន​ជា​ការ​បោះឆ្នោត​ដែល​ជ្រើសរើស​មេដឹកនាំ​តំណាង​ឲ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​នោះ​ទេ ប៉ុន្តែ​ជា​ការ​បោះឆ្នោត​ដើម្បី​រៀបចំ​ឱ្យ​មាន​ការ​ស្នង​អំណាច​ពី​ឪពុក​ទៅ​កូន​បន្ត​ពូជ​តាម​បែប​យោធា ក្រោម​រូបភាព​ប្រជាធិបតេយ្យ​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

ប្រភព​ដដែល​អះអាង​ថា ការ​បោះឆ្នោត​នេះ​គ្រាន់តែ​ជា​ល្ខោន​មួយ​រោង​ដែល​រៀបចំ​ឆាក​ដោយ​ក្រុម​លោក ហ៊ុន សែន ដើម្បី​បំភាន់​ភ្នែក​ពលរដ្ឋ​ក្នុង​យុទ្ធនាការ​ប្លន់​អំណាច​តែប៉ុណ្ណោះ។

ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក កម្ពុជា​បាន​បោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ​បាន ៦​លើក ប៉ុន្តែ​ការ​បោះឆ្នោត​ដែល​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​មាន​តែ​ការ​បោះឆ្នោត​ដែល​រៀបចំ​ឡើង​ដោយ​អ៊ុនតាក់​ក្នុង​ឆ្នាំ​១៩៩៣ ដែល​ជា​ការ​បោះឆ្នោត​លើកដំបូង​ប៉ុណ្ណោះ ក្រៅពី​នេះ​ការ​បោះឆ្នោត​បន្តបន្ទាប់​មក​ទៀត ត្រូវ​គេ​រក​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​គំរាមកំហែង​ទិញ​ទឹកចិត្ត​អ្នក​បោះឆ្នោត និង​លួច​សន្លឹកឆ្នោត​គ្រប់​អាណត្តិ​រហូត​ដល់​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ នេះ គឺ​រង​នូវ​ការ​ចោទប្រកាន់​ថា បក្ស​កាន់​អំណាច​បាន​ប្លន់​លទ្ធផល​នៃ​ការ​បោះឆ្នោត​តែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស