លោក ស ខេង ថ្លែងថា បច្ចុប្បន្ន គ្រឿងញៀនកំពុងបំផ្លាញធនធានយុវជននៅកម្ពុជាក្នុងការចូលរួមការពារឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យភាព និងការអភិវឌ្ឍប្រទេសជាតិ ស្របពេលបទល្មើសជួញដូរ ចែកចាយ និងចរាចរគ្រឿងញៀននៅកម្ពុជាមិនថយចុះ។
ក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបង នាថ្ងៃទី១២ ខែមេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានណែនាំទៅអាជ្ញាធរឲ្យពង្រឹងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងបទល្មើសលួច ឆក់ ប្លន់គ្រប់ប្រភេទ ព្រមទាំងប្រឆាំងនឹងការជួញដូរ ចែកចាយ និងចរាចរគ្រឿងញៀនឲ្យខ្លាំងក្លាជាងមុន។
លោកបញ្ជាក់ថា មូលហេតុដែលលោកជំរុញម្ដងហើយម្ដងទៀតបែបនេះ ព្រោះគ្រឿងញៀនកំពុងជាឧបសគ្គដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ លោកថាគ្រឿងញៀនក៏ជាឧបសគ្គដល់ការការពារនូវឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ ដោយសារគ្រឿងញៀនគឺជាប្រភពបង្កើតឲ្យមានបទល្មើសផ្សេងៗទៀតនៅកម្ពុជា។
លោក ស ខេង ថាបើសិនជាអាជ្ញាធររដ្ឋាភិបាលមិនយកចិត្តទុកដាក់ទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេនោះ គ្រឿងញៀននឹងបំផ្លាញធនធានយុវជនជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សីក្នុងការចូលរួមកសាង និងអភិវឌ្ឍជាតិ។
ការជំរុញ និងណែនាំរបស់លោក ស ខេង ម្ដងហើយម្ដងទៀតបន្ទាប់ពីឆ្នាំ២០២២ អាជ្ញាធរបានបង្ក្រាប និងរឹបអូសគ្រឿងញៀនកើនជាង ៣០០% ដែលជាចំនួនច្រើនលើសលប់បើធៀបនឹងឆ្នាំ២០២១ កន្លងទៅ។ ក្រៅពីបង្ក្រាប និងរឹបអូសគ្រឿងញៀនបានជាង ១៤តោនហើយ នៅឆ្នាំ២០២២ អាជ្ញាធរក៏បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនបានជាង ២ម៉ឺន ២ពាន់នាក់ ដោយបានកើនជាង ៥ពាន់នាក់ បើធៀបនឹងឆ្នាំ២០២១។
បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល Fresh News ថា អាជ្ញាធរឃាត់ជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនក្នុងមួយថ្ងៃចន្លោះពី ៣០ ទៅ ៧០នាក់ទូទាំងប្រទេសកម្ពុជា ដែលភាគច្រើនទាំងអ្នកប្រើប្រាស់ និងជួញដូរ ចែកចាយគ្រឿងញៀនជាយុវជន។
បញ្ហាគ្រឿងញៀនកាលពីឆ្នាំ២០១៧ រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន បានប្រកាសក្ដែងៗដោយធ្វើយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ ប៉ុន្តែប្រយុទ្ធប្រឆាំងរយៈពេលជាច្រើនឆ្នាំមកនេះបរាជ័យ ដោយសារបទល្មើសគ្រឿងញៀននៅកម្ពុជាបានកើនឡើងទ្វេដង។
បើតាមអង្គការសហប្រជាជាតិស្ដីពីឧក្រិដ្ឋកម្ម និងគ្រឿងញៀន (UNODC) អំឡុងខែមិថុនា ឆ្នាំ២០២១ បានបង្ហាញរបាយការណ៍ថ្មីមួយរកឃើញថា ប្រទេសកម្ពុជាជាគោលដៅចម្បងនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់ជាទីតាំងសម្រាប់ការចរាចរគ្រឿងញៀន ផលិត កែច្នៃ និងចែកចាយបន្ត ដែលថាក្រុមឧក្រិដ្ឋជនគ្រឿងញៀនទាំងនោះភាគច្រើនជាជនជាតិចិន និងចិនតៃវ៉ាន់៕