27.5 C
Phnom Penh

រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ដែន​នគរ​និង​ឧកញ៉ា ទៀ វិចិត្រ អភិវឌ្ឍ​លើ​កោះ​ទទឹង​ក្នុង​ខេត្ត​កោះកុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្តល់​សិទ្ធិ​អភិវឌ្ឍន៍​ដល់​ក្រុមហ៊ុន​ឯកជន «ដែន​នគរ» (DEN NOKOR CAMBODIA INVESTMENT CO., LTD) កាន់កាប់​កោះ​ទទឹង ក្នុង​ខេត្ត​កោះកុង ដោយ​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ៣០​លាន​ដុល្លារ និង​ឧកញ៉ា ទៀ វិចិត្រ នៅ​ក្នុង​សង្កាត់​កោះរ៉ុងសន្លឹម ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ បន្ទាប់ពី​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាំងអស់​នៅ​លើ​កោះ​នោះ។

គណៈកម្មាធិការ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឯកជន ដែន​នគរ (DEN NOKOR) ដែល​មាន​លោក ហួ កុលវ័ន្ត ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន និង​លោក ជូ សុខលីន ជា​នាយក​បច្ចេកទេស​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​នៅ​លើ​កោះ​នេះ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អះអាង​ថា ការ​អភិវឌ្ឍ​កោះ​ទទឹង​នេះ​នឹង​ត្រូវ​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ៣០​លាន​ដុល្លារ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ផ្តល់​សិទ្ធិ​អភិវឌ្ឍន៍​ដល់​ក្រុមហ៊ុន G.T.V.C IMPORT EXPORT CO., LTD របស់​ឧកញ៉ា ទៀ វិចិត្រ សម្រាប់​វិនិយោគ​លើ​កោះ​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​កោះរ៉ុងសន្លឹម ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ក្នុង​ទុន​វិនិយោគ​ប្រមាណ​ជា ៧,៧​លាន​ដុល្លារ​ផង​ដែរ។

កោះ​ទទឹង គឺជា​កោះ​មួយ​ក្នុង​ចំណោម​កោះ​ជាង ៣០​ផ្សេង​ទៀត​នៅ​ខេត្ត​កោះកុង ដែល​មាន​ទំហំ​ប្រមាណ​ជិត ១​គីឡូម៉ែត្រ​ក្រឡា​ស្ថិត​នៅ​ក្នុង​ស្រុក​គីរីសាគរ ខេត្ត​កោះកុង ក្នុង​នោះ​ក្រុមហ៊ុន DEN NOKOR (CAMBODIA) INVESTMENT CO., LTD បាន​ដាក់​ពាក្យ​ស្នើសុំ​រដ្ឋបាល​ខេត្ត​កោះកុង ធ្វើការ​វិនិយោគ​អភិវឌ្ឍ​កោះ​នេះ​ឱ្យ​ទៅ​ជា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​កម្សាន្ត​លំដាប់​ពិភពលោក​កាលពី​ដើម​ឆ្នាំ​២០២៣ កន្លងទៅ​នេះ​ផង​ដែរ។

កាលពី​ចុង​ខែ​មករា ឆ្នាំ​២០២៣ អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង បាន​អះអាង​ថា ខេត្ត​កោះកុង មាន​កោះ​សរុប​ចំនួន ៣៥ ក្នុង​នោះ​កោះ​ចំនួន​១៧ បាន​ទទួល​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ឯកជន​រួច​ហើយ។

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន​កម្ពុជា ខេមបូចា បាន​លាតត្រដាង​កាលពី​ចុង​ឆ្នាំ​២០២២ ថា កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ព្រៃ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​កោះ​ទទឹង ត្រូវ​បាន​កាប់​បំផ្លាញ​យ៉ាង​ឆាប់​រហ័ស ដោយ​កម្មករ​នៅ​លើ​កោះ​នោះ​អះអាង​ថា ពួកគេ​គ្រាន់តែ​ដឹង​ថា​កោះ​នេះ​នឹង​ប្រែ​ក្លាយ​ជា​រីស្សត ហើយ​កម្មករ​ទាំងនោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ផ្ទាល់​ពី​កងកម្លាំង​ប្រដាប់​អាវុធ​នៃ​កងយោធពល​ខេមរភូមិន្ទ​ខេត្ត​កោះកុង។

សារព័ត៌មាន​កម្ពុជា​លើកឡើង​ថា ជា​ប្រវត្តិសាស្ត្រ អ្នកជំនួញ​ធំៗ​របស់​កម្ពុជា​ដែល​គេ​ស្គាល់​ថា​ជា​ឧកញ៉ា អាច​ជួល​អង្គភាព​កងយោធពល​ខេមរភូមិន្ទ និង​កងវរសេនាតូច ជាដើម ដើម្បី​ការពារ​ទីតាំង​ដែល​ពួកគេ​វិនិយោគ​រហូត​មក។

សារព័ត៌មាន​ខេមបូចា បញ្ជាក់​ថា ការ​ទិញ​កោះ​សម្រាប់​ទុក​យក​ចំណេញ បាន​ផ្ទុះឡើង​ខ្លាំង​អំឡុង​ពេល​ឧស្សាហកម្ម​ទេសចរណ៍​របស់​កម្ពុជា​មាន​ការ​រីក​លូតលាស់ ដោយ​មាន​ការ​ទិញ និង​លក់​កោះ​ជា​បន្តបន្ទាប់​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​២០១០ ប៉ុន្តែ​ត្រូវ​ថយ​ចុះ​ទៅ​វិញ​នៅ​អំឡុង​ជំងឺ​កូវីដ-១៩។ យ៉ាងណា​ក៏​ជំនួញ​នេះ​បាន​ងើប​ឡើង​ខ្លាំង​ជា​បន្តបន្ទាប់​ក្រោយ​ជំងឺ​កូវីដ-១៩ ត្រូវ​បាន​ទប់ស្កាត់។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា កោះ​ទាំងនោះ​ប្រសិនជា​មាន​ការ​អភិវឌ្ឍ​ក្នុង​ទម្រង់​អេកូ​ទេសចរណ៍ វា​ជា​រឿង​ល្អ ប៉ុន្តែ​ប្រសិនបើ​មាន​ការ​កាន់កាប់​ដោយ​ការ​លាក់​កំបាំង ឬ​កាន់កាប់​ដោយ​មិន​មាន​តម្លាភាព នោះ​ជា​រឿង​គ្រោះថ្នាក់​ដែល​រដ្ឋ​ត្រូវតែ​ធ្វើការ​ត្រួតពិនិត្យ​ជាបន្ទាន់។

តាម​របាយការណ៍​ឆ្នាំ​២០២០ របស់​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ (Fauna & Flora International-Cambodia-FFI) បាន​ពណ៌នា​អំពី​កោះ​ទទឹង ដែល​ស្ថិត​ក្នុង​ចង្កោម​កោះស្តេច​ថា «កោះ​ទាំងនោះ​ជា​ជម្រក​សមុទ្រ​ដ៏​ធំ​ទូលាយ ជា​កោះ​ដែល​គ្រប​ដណ្តប់​ដោយ​ព្រៃ​ទឹកភ្លៀង និង​ព័ទ្ធ​ជុំវិញ​ដោយ​ថ្ម​ប៉ប្រះ​ទឹក ផ្កាថ្ម​ចម្រុះ វាលស្មៅ​សមុទ្រ​ដែល​ជា​លំនៅ​សម្រាប់​ប្រភេទ​សត្វ​សេះ​សមុទ្រ​នៅ​តំបន់​នោះ ប៉ុន្តែ​ជីវចម្រុះ​ទាំងនោះ​កំពុង​រង​នូវ​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ពី​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ឯកជន»។

ក្រុម​អ្នក​ឃ្លាំមើល​ព្រៃឈើ​កម្ពុជា​ត្អូញត្អែរ​ថា ក្រៅពី​ទេសភាព​ដ៏​គួរ​ឲ្យ​ទាក់ទាញ កោះ​ទទឹង​បាន​ក្លាយ​ទៅ​ជា​ទីកន្លែង​សម្រាប់​មហាសេដ្ឋី អ្នកជំនួញ​ទេសចរណ៍​ដែល​មាន​អំណាច និង​ឥទ្ធិពល ក៏ដូចជា​ឧក្រិដ្ឋជន រួម​ទាំង​មន្ត្រី​រដ្ឋាភិបាល បាន​ឃុបឃិត​គ្នា​រៀប​ផែនការ​កើប​លុយ​ពី​សក្ដានុពល​នៃ​កោះ​នេះ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដោយ​បំផ្លាញ​ជីវចម្រុះ​ក្នុង​សមុទ្រ​រាប់​លាន​ជំពូក​ពី​ផែនការ​របស់​ពួកគេ​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស