នៅឆ្នាំ២០២៣ នេះ ប្រទេសយ៉ាងតិចចំនួន៣ កំពុងដំណើររៀបចំការបោះឆ្នោតសភា និងការជ្រើសតាំងបេក្ខជននាយករដ្ឋមន្ត្រី និងប្រធានាធិបតីចេញពីគណបក្សដែលឈ្នះឆ្នោតក្នុងការបោះឆ្នោតសភា។
ប្រទេស៣ នេះរួមមាន រាជាណាចក្រថៃ ប្រទេសភូមា និងរាជាណាចក្រកម្ពុជា។ ក្នុងចំណោម ១០ប្រទេស មានប្រទេស២ ដែលនៅបន្តអនុវត្តរបបដឹកនាំប្រទេសបែបសង្គមនិយម គឺប្រទេសវៀតណាម និងប្រទេសឡាវ។ ចំណែកប្រទេសប្រ៊ុយណេ នៅតែប្រកាន់របបរាជានិយមបែបផ្ដាច់ការសម័យថ្មី។ រាជាណាចក្រនេះមានប្រជាជនមិនដល់កន្លះលាននាក់ទេ។
បើនិយាយពីប្រទេសភូមា ដែលធ្លាក់ក្នុងរបបសឹក គឺគេមិនចាំបាច់លើកឡើងអំពីប្រព័ន្ធបោះឆ្នោត និងស្ថាប័នបោះឆ្នោតរបស់ប្រទេសមួយនេះទេ ព្រោះប្រទេសនេះលែងក្លាយជាប្រទេសប្រកាន់នូវគោលការណ៍ប្រជាធិបតេយ្យទៅហើយ។ វាមានន័យថា ស្ថាប័នជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសនេះពុំមានលក្ខណៈបន្តិចណាសោះដែលថាជាស្ថាប័នឯករាជ្យ ព្រោះស្ថិតនៅក្រោមការត្រួតត្រារបស់ពួកយោធាទាំងស្រុង។
តែអ្វីដែលធ្វើឱ្យអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិបារម្ភខ្លាំងអំពីការបន្លំសិទ្ធិពលរដ្ឋក្នុងការបោះឆ្នោត គឺស្ថាប័នជាតិរៀបចំការបោះឆ្នោតនៃប្រទេសកម្ពុជា ហើយបើធៀបនឹងប្រទេសថៃ គឺខុសគ្នាឆ្ងាយណាស់។
ការបោះឆ្នោតនៅក្នុងរាជាណាចក្រថៃ មិនជាក្ដីបារម្ភអ្វីទេសម្រាប់បក្សនយោបាយ និងប្រជាជនដែលជាម្ចាស់ឆ្នោត ព្រោះស្ថាប័ននេះមិនស្ថិតក្រោមឥទ្ធិពលរបស់បក្សកាន់អំណាច ឬក្រោមពួកកងទ័ពអ្វីឡើយ។ មន្ត្រីកំពូលៗរបស់ស្ថាប័នបោះឆ្នោតរបស់រាជាណាចក្រថៃ មិនប្រឡូកប្រឡាក់ជាមួយនឹងបក្សនយោបាយណាដែរ។ ម្យ៉ាងទៀត ច្បាប់បោះឆ្នោតរបស់រាជាណាចក្រមួយនេះក៏ត្រូវបានមើលឃើញថា មានភាពសុក្រឹតទៀតផង។ ប្រជាជនបោះឆ្នោតមិនចាំបាច់ដេកចាំហិបឆ្នោត ក៏មិនជាអ្វីនោះទេ។ ក្រោយពីការបោះឆ្នោត ពួកគាត់មកផ្ទះវិញ គឺមិនបារម្ភអ្វីទេពីការលួចបន្លំសន្លឹកឆ្នោត ឬកែប្រែលទ្ធផលបោះឆ្នោត។ ជាក់ស្ដែង សូម្បីតែការបោះឆ្នោតកាលពីខែមីនា ឆ្នាំ២០១៩ ដែលពួកយោធាកាន់អំណាចរដ្ឋពេញក្នុងដៃ ក៏ពួកយោធា និងរដ្ឋាភិបាលរបស់ពួកយោធាពុំមានឥទ្ធិពលអ្វីបន្តិចទៅលើស្ថាប័នបោះឆ្នោតរបស់ប្រទេសនេះទេ។
ទីបំផុត គណបក្សរបស់ពួកយោធាបល្ល័ង្គប្រាចារ៉ាត់ មិនបានឈ្នះឆ្នោតនោះទេ ដោយជ័យជម្នះទៅលើបក្សប្រឆាំង គឺគណបក្សភឿថៃ តែបក្សរបស់ពួកយោធាបានសន្លឹកឆ្នោតលំដាប់ទី២។
តែអ្វីដែលធ្វើឱ្យពួកយោធាថៃ តោងអំណាចបានម្ដងទៀតនៅក្នុងការបោះឆ្នោតនាឆ្នាំ២០១៩ នោះ ដោយសារតែស្ថាប័នព្រឹទ្ធសភាឯណោះទេដែលពួកយោធាបង្កើតឡើងដើម្បីផ្ដួលបេក្ខជននាយករដ្ឋមន្ត្រីមកពីបក្សឈ្នះឆ្នោត ព្រោះតែសមាជិកព្រឹទ្ធសភាដែលមាន ២៥០រូបមិនបានជ្រើសរើសចេញពីសន្លឹកឆ្នោតរបស់ប្រជាជនដោយផ្ទាល់នោះទេ។ សមាជិកព្រឹទ្ធសភារបស់ស្ថាប័ននេះភាគច្រើនជាក្រុមរបស់ពួកយោធា និងបញ្ញាជនដែលមាននិន្នាការទៅរកពួកយោធា។
ទោះជាបក្សឈ្នះឆ្នោតលំដាប់ទី១ មានអាទិភាពច្រើនក្នុងការចាត់តាំងបេក្ខភាពនាយករដ្ឋមន្ត្រីម្នាក់មកសុំសេចក្ដីទុកចិត្តពីសភាក៏ដោយ ក៏ត្រូវការសំឡេងឆ្នោតរបស់ព្រឹទ្ធសភាដែរ គឺដោយសារតែរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ របស់ពួកយោធាតម្រូវឱ្យសមាជិកព្រឹទ្ធសភាមានសិទ្ធិក្នុងការបោះឆ្នោតគាំទ្រ ឬមិនគាំទ្របេក្ខជននាយករដ្ឋមន្ត្រីនោះដែរ។
បទពិសោធន៍នេះបានឆ្លងកាត់រួចហើយនៅក្នុងការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តទៅលើបេក្ខភាពនាយករដ្ឋមន្ត្រីនៃក្រុមសម្ព័ន្ធប្រជាធិបតេយ្យរួបរួមនៃក្រុមសម្ព័ន្ធបក្សភឿថៃ ដែលទីបំផុតលោក ប្រាយុទ្ធ ចាន់អូចា ជាបេក្ខភាពនាយករដ្ឋមន្ត្រីមកពីបក្សរបស់ពួកយោធា បានក្លាយជានាយករដ្ឋមន្ត្រីដោយសារសំឡេងសមាជិកព្រឹទ្ធសភាបានបោះឆ្នោតបង្គ្រប់ឱ្យលោក ប្រាយុទ្ធ បង្កើតគណៈរដ្ឋមន្ត្រីថ្មី។
នេះជាបញ្ហាចោទខ្លាំងនៅក្នុងការបោះឆ្នោតសភាថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ឧសភាខែក្រោយនេះ។ ចំពោះស្ថាប័នរៀបចំការបោះឆ្នោត មិនមានអ្វីត្រូវព្រួយបារម្ភទេចំពោះអ្នកបោះឆ្នោត និងបក្សនយោបាយនៅប្រទេសថៃ។
ដោយឡែកការបោះឆ្នោតសភានៃរាជាណាចក្រកម្ពុជាវិញ ដែលឆ្លងកាត់សឹងគ្រប់អាណត្តិនៃការបោះឆ្នោត តែងតែត្រូវបានអ្នកបោះឆ្នោតរិះគន់ និងចោទថាមានការបន្លំសន្លឹកឆ្នោត ដែលបក្សប្រឆាំង ទាំងបក្សប្រឆាំងធំក្ដីតូចក្ដី បានប្ដឹងពីភាពមិនប្រក្រតីកើតមាននៅក្នុងមណ្ឌលបោះឆ្នោត ឬការរាប់សន្លឹកឆ្នោត។
ជាឧទាហរណ៍មួយ គឺការបោះឆ្នោតថ្នាក់មូលដ្ឋាននៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រាប់តែដល់ពេលរាប់សន្លឹកឆ្នោត បែរជាមន្ត្រីគ្រប់គ្រងការបោះឆ្នោតក្នុងមណ្ឌលបោះឆ្នោតបញ្ជាឱ្យបិទទ្វារបិទបង្អួចការិយាល័យបោះឆ្នោត ដោយបារម្ភខ្យល់វាយប៉ើងសន្លឹកឆ្នោត និងបារម្ភអំពីសន្លឹកឆ្នោតត្រូវទឹកភ្លៀង ហើយការិយាល័យខ្លះបែរជាមន្ត្រីបោះឆ្នោតប្រាប់ទៅអ្នកសង្កេតការណ៍ឱ្យចេញពីបន្ទប់ទៀតផង។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់បក្សប្រឆាំង។
តែយ៉ាងនេះក្ដី ស្ថាប័នបោះឆ្នោតរបស់ប្រទេសកម្ពុជាបានចេញមុខបកស្រាយដោយអះអាងថា គឺជាប្រធានសក្ដិដែលចាំបាច់ត្រូវអនុវត្តដូចនេះ ហើយចំពោះការចោទថាមន្ត្រីបោះឆ្នោតបង្គាប់ឱ្យអ្នកសង្កេតការណ៍ចេញពីការិយាល័យបោះឆ្នោត ក៏ត្រូវស្ថាប័ននេះបដិសេធន៍ ដោយចាត់ទុកថាជារឿងមិនពិតឡើយ។
ករណីនេះបាននាំឱ្យមន្ត្រីជាន់ខ្ពស់ម្នាក់របស់បក្សប្រឆាំងត្រូវបានស្ថាប័នបោះឆ្នោតប្ដឹងទៅតុលាការ ពីបទបរិហារកេរ្តិ៍។ តែអ្នកសង្កេតការណ៍ឯករាជ្យមួយចំនួនរិះគន់ថា រាល់ការចោទប្រកាន់របស់បក្សប្រឆាំង គេសង្កេតឃើញស្ថាប័នបោះឆ្នោតមិនបានព្យាយាមបង្ហាញភស្តុតាង បែរជាព្យាយាមសង្កត់ទៅលើអ្នករិះគន់ទៅវិញ ដោយប្រើប្រព័ន្ធតុលាការមួយដែលក្រុមសិទ្ធិមនុស្សថាមិនឯករាជ្យជាអ្នកវិនិច្ឆ័យ។
ការមិនទុកចិត្តអំពីភាពសុក្រឹតទៅលើស្ថាប័នបោះឆ្នោតនេះហើយ ដែលនាំឱ្យបក្សប្រឆាំងបារម្ភថាការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ អាចដូចការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីខែមិថុនា ឆ្នាំ២០២២ ដោយបក្សប្រឆាំងទទូចសុំឱ្យស្ថាប័ននេះព្យាយាមពង្រឹងភាពឯករាជ្យរបស់ខ្លួន ដោយអនុវត្តតាមវិជ្ជាជីវៈ និងតួនាទីរបស់ខ្លួនឱ្យបានម៉ត់ចត់បំផុត ដោយមិនត្រូវស្ថិតនៅក្រោមបក្សនយោបាយណាមួយឡើយ។
នេះជាចំណោទដ៏ធំរបស់ស្ថាប័នបោះឆ្នោតនៃប្រទេសកម្ពុជា ដែលធ្វើឱ្យសហគមន៍អន្តរជាតិ និងប្រទេសប្រជាធិបតេយ្យធំៗនៅតែបារម្ភអំពីឥទ្ធិពលនយោបាយទៅលើស្ថាប័នបោះឆ្នោតនៅកម្ពុជា ខណៈលំហសេរីភាពនយោបាយនៅកម្ពុជានៅតែរួញតូចនៅឡើយ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

