ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា កត្តាចម្បងដែលនាំឱ្យសីលធម៌សង្គមកម្ពុជាធ្លាក់ចុះ មិនមែនដោយសារតែវប្បធម៌បរទេសហូរចូលនោះទេ ហើយក៏មិនមែនដោយសារពលរដ្ឋជ្រួលជ្រើមនឹងវប្បធម៌បរទេសទាំងនោះដែរ ប៉ុន្តែដោយសារការដឹកនាំរបស់អ្នកនយោបាយធូររលុង និងការបាត់បង់ក្រមសីលធម៌របស់មេដឹកនាំខ្មែរប៉ុណ្ណោះ។
អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សុវិជ័យ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃពុធថា នៅពេលដែលមេដឹកនាំខ្មែរជាមនុស្សដែលគ្មានសីលធម៌ ជាមនុស្សដែលមិនឱ្យតម្លៃនៃការគោរពច្បាប់ ពលរដ្ឋ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នឹងក្លាយជាមនុស្សអាវាសែបាត់បង់នូវមោទនភាពជាតិឯង ហើយងាកទៅរកវប្បធម៌បរទេសពីខាងក្រៅជាងវប្បធម៌ជាតិរបស់ខ្លួន។
លោក សារ៉ូ សុវិជ័យ ដែលមានឈ្មោះដើម សារ៉ូ ស៊ីវុត្ថា លើកឡើងថា មេដឹកនាំនយោបាយរបស់កម្ពុជាសព្វថ្ងៃនេះមិនខ្វល់នឹងតម្លៃសីលធម៌ក្នុងសង្គមរបស់ខ្លួនទេ ហើយក៏មិនខ្វល់នឹងការលើកស្ទួយនូវការអនុវត្តច្បាប់របស់ប្រទេសជាតិដែរ ប៉ុន្តែពួកគេខ្វល់ខ្វាយនឹងអំណាច និងផលប្រយោជន៍ក្នុងក្រុមគ្រួសាររបស់គេច្រើនជាង ដូច្នេះពលរដ្ឋខ្មែរគ្រប់គ្នាក៏នឹងមិនដឹងថា តើពួកគេនឹងត្រូវលើកកម្ពស់សីលធម៌ និងលើកស្ទួយការអនុវត្តច្បាប់ដូចម្តេចដែរនៅពេលនេះ។
អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យរូបនេះ បញ្ជាក់ថា ហានិភ័យគ្រប់យ៉ាងនឹងកើតមាននៅក្នុងកម្ពុជា នៅពេលដែលមេដឹកនាំខ្មែរបាត់បង់នូវក្រមសីលធម៌ ហើយចេះតែរំលោភបំពានច្បាប់ ដូចជាការប្រើប្រាស់គ្រឿងញៀន ការប្រព្រឹត្តអំពើពុករលួយ និងការចាប់ខ្លួនជនស្លូតត្រង់តាមអំពើចិត្តដែលគ្មានកំហុស ជាដើមនោះ ទីបំផុត កម្ពុជានឹងក្លាយជាសង្គមមួយដែលបាត់បង់នូវសីលធម៌ និងការអនុវត្តច្បាប់ទាំងស្រុង ខណៈក្រមសីលធម៌ និងការអនុវត្តច្បាប់នៅក្នុងប្រទេសនេះនឹងត្រូវស្ថិតលើមាត់មេដឹកនាំទៅវិញ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា កម្ពុជាដែលក្រោមការដឹកនាំរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានធ្លាក់ចុះនូវសីលធម៌សង្គម និងការអនុវត្តច្បាប់យ៉ាងធ្ងន់ធ្ងរបច្ចុប្បន្ននេះ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរថា ដោយសារតែសីលធម៌សង្គមរបស់កម្ពុជាធ្លាក់ចុះធ្ងន់ធ្ងរ បានធ្វើឱ្យមន្ត្រីរាជការ និងមនុស្សមួយចំនួនប្រើនូវជំនាញវិជ្ជាជីវៈរបស់ពួកគេគាបសង្កត់ និងធ្វើបាបមនុស្សទន់ខ្សោយស្ទើរតែគ្រប់ទីកន្លែង ដូចជាគ្រូពេទ្យជំរិតទារប្រាក់ពីអ្នកជំងឺមុននឹងព្យាបាល សមត្ថកិច្ចទារលុយពីជនរងគ្រោះមុននឹងដោះស្រាយបញ្ហា ជាដើម។
បណ្ឌិត មាស នី រិះគន់ថា សីលធម៌របស់អ្នកនយោបាយនៅកម្ពុជាសព្វថ្ងៃនេះបានក្លាយទៅជាគំរូដ៏អាក្រក់ជាទីបំផុតសម្រាប់អ្នកនយោបាយជំនាន់ក្រោយ ហើយក៏ក្លាយជាគំរូដ៏អាក្រក់យ៉ាងធ្ងន់ធ្ងរសម្រាប់ពលរដ្ឋខ្លួនឯងផងដែរ ដែលនាំឲ្យពលរដ្ឋនៅពេលនេះមិនសូវខ្វល់ពីការគោរពសីលធម៌ និងការគោរពច្បាប់ឡើយ។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី បានធ្វើធម្មយាត្រាដើរដង្ហែក្បួនថ្មើរជើងដើម្បីផ្សព្វផ្សាយលើកកម្ពស់សីលធម៌សង្គមពីរាជធានីភ្នំពេញទៅដល់ខេត្តពោធិ៍សាត់ រយៈពេលមួយសប្តាហ៍ ក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គមឡើងវិញ ជាពិសេសសីលធម៌របស់មេដឹកនាំខ្មែរដែលតែងគំរាម និងប្រើភាសាអសីលធម៌តាមវេទិកាសាធារណៈ។
ទាក់ទិននឹងបញ្ហានេះ កាលពីខែមេសា ឆ្នាំ២០២១ លោកស្រី Giulia Villirilli អ្នកជំនាញខាងភាពជាអ្នកដឹកនាំដែលធ្វើជាគ្រូបង្វឹកនៅស្ថាប័នឈ្មោះ BetterUP បានផ្សាយនូវអត្ថបទមួយអំពីសារសំខាន់នៃសីលធម៌របស់មេដឹកនាំថា មេដឹកនាំគឺជាគំរូសង្គមដ៏សំខាន់ក្នុងការលើកទឹកចិត្តមនុស្សជុំវិញខ្លួនឱ្យធ្វើអ្វីៗប្រកបដោយសីលធម៌ដូចខ្លួន។
យ៉ាងណាក៏ដោយ មេដឹកនាំខ្មែរលោក ហ៊ុន សែន សព្វថ្ងៃនេះ ត្រូវគេមើលឃើញថា តែងបង្ហាញនូវអត្តចរិតកោងកាចបែបជើងកាង ដោយប្រើសម្ដីគ្រោតគ្រាត និងជេរប្រមាថគេឯងជាសាធារណៈស្ទើរតែគ្រប់វេទិការបស់គាត់ ហើយនៅពេលដែលគាត់សម្ដែងចរិតអសីលធម៌បែបនេះម្តងៗ ពួកមន្ត្រីជុំវិញគាត់តែងតែទះដៃសាទរលើកតម្កើងគាត់ ដែលធ្វើឱ្យគាត់បន្តអត្តចរិតអសីលធម៌បែបនេះរហូត៕