28 C
Phnom Penh

លោក ហ៊ុន សែន ស្វាគមន៍​លោក យឹម ស៊ីណន ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ប្រកាស​ស្វាគមន៍​លោក យឹម ស៊ីណន ដែល​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា អំឡុង​ពេល​លោក ហ៊ុន សែន កំពុង​រៀបចំ​ផ្ទេរ​អំណាច​ឲ្យ​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឲ្យ​បន្ត​វេន​ជា​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​ខ្លួន​បាន​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា។

មេដឹកនាំ​ក្រាញ​អំណាច​នៅ​កម្ពុជា​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន CNC ថា គណបក្ស​ប្រជាជន​កម្ពុជា​ស្វាគមន៍​ចំពោះ​លោក យឹម ស៊ីណន ហើយ​បង្ហាញ​ក្ដី​សង្ឃឹម​ថា លោក យឹម ស៊ីណន នឹង​ក្លាយ​ជា​ធនធាន​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​តម្លៃ។

ការ​ប្រកាស​ស្វាគមន៍​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃទី​២១ មេសា នេះ បន្ទាប់ពី​អតីត​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម ស៊ីណន បាន​ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា ក្រោម​ហេតុផល​ថា ឈឺ​ចាប់​នឹង​ការ​ប្រមាថ​របស់​គណបក្ស​ប្រឆាំង​អំឡុង​ពេល​ខ្លួន​ជាប់​ពន្ធនាគារ។

លោក យឹម ស៊ីណន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ភរិយា​របស់​ខ្លួន​ឈ្មោះ Makara Sophat នា​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២៣ ថា រយៈពេល​ជាង ១២​ឆ្នាំ​ដែល​លោក​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង លោក​តែង​កាន់​រូបថត បដា និង​ស្រែក​ថ្កោលទោស ឬ​ទាមទារ​ឲ្យ​ដោះលែង​នូវ​ជនរងគ្រោះ ដូចជា​អ្នក​សារព័ត៌មាន សហជីព សង្គម​ស៊ីវិល​នានា ជាពិសេស​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង ក្នុង​នោះ​ក៏​មាន​មេដឹកនាំ និង​សមាជិក​នៃ​បក្ស​ភ្លើង​ទៀន​បច្ចុប្បន្ន​នេះ​ដែរ។ ប៉ុន្តែ​នៅ​ពេល​ដែល​លោក​ក្លាយ​ជា​ជនរងគ្រោះ​ក្នុង​ស្ថានភាព​ប្រហាក់ប្រហែល ឬ​ដូច​គ្នា​ដែរ ពួកគេ​មិន​បាន​ផ្ញើ​សារ​សួរ​សុខទុក្ខ ហើយ​សូម្បីតែ​ថ្កោលទោស និង​ទាមទារ​ឲ្យ​ដោះលែង​ក៏​គ្មាន​ដែរ។ ផ្ទុយទៅវិញ លោក យឹម ស៊ីណន ថា​ពួកគេ​បែរ​ជា​នាំគ្នា​ចោទប្រកាន់ និង​ប្រមាថ​លើ​រូបលោក​អំឡុង​ដែល​លោក​ជាប់​គុក​ថា «ជា​ការ​សម្ដែង​ល្ខោន​ទៅវិញ»។

លោក យឹម ស៊ីណន ដែល​ទើប​ត្រូវ​បាន​លោក ហ៊ុន សែន បញ្ជា​ទៅ​តុលាការ​ឲ្យ​ដោះលែង​ពី​ពន្ធនាគារ បាន​ចាត់ទុក​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ថា​មាន​ចរិត​នយោបាយ​ឃោរឃៅ និង​អគុណធម៌​បំផុត និង​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ធ្វើ​ជា​មេដឹកនាំ​គ្រប់គ្រង​ជាតិ​នោះ​ទេ។

កត្តា​ទាំងនេះ ទើប​លោក​សម្រេច​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លោក ហ៊ុន សែន ជា​ប្រធាន​ដឹកនាំ​គណបក្ស​បច្ចុប្បន្ន។

លោក​បាន​ហៅ​គណបក្ស ឬ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ថា​ជា​អ្នក​នយោបាយ​ប្រជាធិបតេយ្យ​ក្លែងក្លាយ ហើយ​ក៏​បាន​បួងសួង​មិន​ឲ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​បច្ចុប្បន្ន​មក​ដឹកនាំ​កម្ពុជា​ថែម​ទៀត​ផង។ លើស​ពី​នេះ លោក យឹម ស៊ីណន ក៏​បាន​ប្ដេជ្ញា​ចិត្ត​ចូលរួម​ការពារ​សន្តិភាព ស្ថិរភាព និង​ទប់ស្កាត់​នូវ​ការ​ប៉ុនប៉ង​បំផ្លាញ​នូវ​សន្តិភាព។

ការ​ប្ដេជ្ញា​របស់​លោក យឹម ស៊ីណន នា​ពេលនេះ ស្រប​ពេល​ដែល​ក្រុម​លោក ហ៊ុន សែន កំពុង​នាំគ្នា​ស្រែក​បន្ទរ និង​បិទ​ពាក្យ «អរគុណ​សន្តិភាព» នៅ​តាម​ក្រសួង-ស្ថាប័ន ព្រមទាំង​នៅ​ទី​សាធារណៈ ទោះបីជា​ជិត ៤០​ឆ្នាំ​នៃ​ការ​ដឹកនាំ​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​បំផ្លាញ​ធនធាន​ធម្មជាតិ បើក​ដៃ​ឲ្យ​មន្ត្រី​ក្នុង​ជួរ​គណបក្ស​ប្រជាជន​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ជាដើម។

អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា ចាត់ទុក​ការ​ចូលរួម​ជីវភាព​នយោបាយ​របស់​លោក យឹម ស៊ីណន ថា​ជា​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ម្នាក់ៗ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។ លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​អាច​យក​លោក យឹម ស៊ីណន ទៅ​វាយ ឬ​ទៅ​បំបាក់​ស្មារតី​យុវជន និង​អ្នក​ប្រជាធិបតេយ្យ​ផ្សេងៗ ខណៈ​បច្ចុប្បន្ន​គណបក្ស​ប្រឆាំង​កំពុង​បែកបាក់​គ្នា។

លោក​យល់​ថា លោក យឹម ស៊ីណន ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ទទួល​បាន​ឋានៈ ឬ​បុណ្យ​ស័ក្តិ ព្រមទាំង​រស់នៅ​ដោយ​គ្មាន​ការ​ភ័យខ្លាច និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​ដូច​ពេល​កន្លងមក ប៉ុន្តែ​សម្រាប់​ជីវិត​នយោបាយ​វិញ គឺ​អាស្រ័យ​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​អ្នក​កំណត់។

លោក យឹម ស៊ីណន ត្រូវ​បាន​លោក ហ៊ុន សែន អន្តរាគមន៍​ទៅ​តុលាការ​ឱ្យ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ ក្រោយពី​សកម្មជន​រូប​នេះ​បង្ហោះ​វីដេអូ​ចេញពី​ពន្ធនាគារ សុំ​ព្រះរាជទាន​ទោស​ពី​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និង​សុំទោស​លោក ហ៊ុន សែន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស