មហាយក្សចិនបានបញ្ចេញសកម្មភាពកងទ័ពរបស់ខ្លួន ដោយការធ្វើសមយុទ្ធទ្រង់ទ្រាយធំឡោមព័ទ្ធតៃវ៉ាន់រាប់សិបដងមកហើយ ដែលម្ដងៗធ្វើឱ្យពិភពលោកមានការព្រួយបារម្ភថា ចិនប្រាកដណាស់នឹងលើកទ័ពវាយតៃវ៉ាន់នៅពេលនេះហើយមើលទៅ។
ប្រតិកម្មរបស់ក្រុងប៉េកាំង ព្រោះតែកោះតៃវ៉ាន់ដែលចិនចាត់ទុកថាជាខេត្តមួយក្នុងដែនអធិបតេយ្យរបស់ខ្លួន តែងបើកផ្លូវទទួលស្វាគមន៍ទស្សនកិច្ចរបស់សមាជិកសភា ឬមន្ត្រីជាន់ខ្ពស់ប្រទេសមួយចំនួន។
ចុងក្រោយបំផុតដែលគេគិតថា ចិនពិតណាស់នឹងលើកទ័ពវាយយកតៃវ៉ាន់ គឺកាលពីដើមខែសីហា ឆ្នាំ២០២២ នៅពេលដែលអ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិក ដឹកនាំគណៈប្រតិភូសមាជិកសភាទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ ហើយបានជួបសន្ទនាគ្នាជាមួយអ្នកស្រី សាយ អ៊ឹងវិន ប្រធានាធិបតីរបស់ដែនកោះនេះ។ ក្នុងពេលនោះហើយដែលចិនគំរាមតៃវ៉ាន់ផង គំរាមអាមេរិកផង។ ចិនគំរាមលើកទ័ពវាយកាន់កាប់តៃវ៉ាន់ ដោយគំរាមថាបញ្ចេញយន្តហោះចម្បាំងឱ្យហោះបណ្ដេញយន្តហោះដឹកអ្នកស្រី ណាន់ស៊ី ទៀតផង។
ចិនបញ្ចេញយន្តហោះជាង ៣០គ្រឿងឱ្យហោះចូលដែនអាកាសតៃវ៉ាន់ ដើម្បីហោះគៀងយន្តហោះអ្នកស្រី ណាន់ស៊ី ឲ្យចេញពីដែនអាកាសតៃវ៉ាន់វិញ។ តែទីបំផុត យន្តហោះដឹកអ្នកស្រី ណាន់ស៊ី បានចុះចតនៅក្រុងតៃប៉ិ ដោយសុវត្ថិភាព ដោយការហោះអមការពារដោយយន្តហោះចម្បាំងអាមេរិក F-16 ចំនួន ១២គ្រឿង បានហោះទៅអមការពារតាំងពីលើលំហអាកាសនៃប្រទេសម៉ាឡេស៊ី រហូតចុះចតលើទឹកដីក្រុងតៃប៉ិ ដោយសុវត្ថិភាព ខណៈយន្តហោះចម្បាំងរបស់ចិន ៣០គ្រឿងស្ថិតក្នុងភាពស្រឡាំងកាំងដោយមិនបានហោះមកក្បែរយន្តហោះ F-16 របស់អាមេរិកនោះទេ។
តែពេលនោះ ចិនប្រតិកម្មខ្លាំងណាស់ ដោយបញ្ជាឱ្យនាវាចម្បាំងជិត ២០គ្រឿងឡោមព័ទ្ធ ហើយបាញ់គ្រាប់ឱ្យធ្លាក់ក្បែរកោះតៃវ៉ាន់។
ពិភពលោកគិតថា ចិនច្បាស់ណាស់នឹងវាយយកតៃវ៉ាន់ហើយនៅពេលនោះ។ តែខណៈនោះ នាវាចម្បាំង និងនាវាផ្ទុកយន្តហោះរបស់អាមេរិក បានដាក់ពង្រាយនៅសមុទ្រហ្វីលីពីន ជាប់នឹងផ្នែកមួយនៃកោះតៃវ៉ាន់។ ទីបំផុត ក្រុងប៉េកាំងក៏បញ្ជាឱ្យបញ្ឈប់ការធ្វើសមយុទ្ធដែលធ្វើឡើងបានរយៈពេលមួយសប្ដាហ៍។
នៅពេលចូលមកដល់ដើមខែមេសា ឆ្នាំ២០២៣ នេះ ចិនគំរាមតៃវ៉ាន់ជាខ្លាំង ព្រោះតែអ្នកស្រី សាយ អ៊ឹងវិន បានទៅទស្សនកិច្ចនៅបណ្ដាប្រទេសនៅអាមេរិកកណ្ដាល ដោយបានជួបនឹងប្រធានរដ្ឋសភាអាមេរិក Kevin McCarthy នៅលើទឹកដីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ធ្វើឱ្យចិនប្រតិកម្មទាំងអាមេរិក និងតៃវ៉ាន់ជាខ្លាំង។ ក្រុងប៉េកាំងក៏បានធ្វើសកម្មភាពកងទ័ពឡោមព័ទ្ធដែនកោះនេះជាថ្មីទៀត។
ក្រោយពីបិទបញ្ចប់សកម្មភាពសមយុទ្ធទ័ពជើងទឹក និងទ័ពជើងអាកាសរយៈពេល ៣ថ្ងៃ ក្រុងប៉េកាំង ចេញសារព្រមានថា កងទ័ពរំដោះប្រជាជនចិន បានត្រៀមទ័ពរួចរាល់ហើយដើម្បីវាយកាន់កាប់កោះតៃវ៉ាន់ ដោយសច្ចាវាយឱ្យបានឆាប់បំផុតប្រសិនបើចាំបាច់។
តែសំណួររបស់សារព័ត៌មាន The Times សួរថា ហេតុអ្វីបានជាចិនមិនលើកទ័ពវាយកាន់កាប់តៃវ៉ាន់នៅពេលនេះ?
យ៉ាងតិចមានកត្តា ៥យ៉ាងនៅពីក្រោយក្រុងប៉េកាំង៖
- ក្រុងប៉េកាំង អាចរង់ចាំការផ្លាស់ប្ដូរមេដឹកនាំ ឬរង់ចាំបក្សប្រឆាំងឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ នៅតៃវ៉ាន់។ ក្នុងស្ថានភាពនេះ ចិនអាចសង្ឃឹមថាមេដឹកនាំជំនាន់ក្រោយដែលមិនមែនជាគណបក្សរបស់អ្នកស្រី សាយ អ៊ឹងវិន អាចមានកិច្ចព្រមព្រៀងណាមួយបញ្ជាក់អំពីការធ្វើសមាហរណកម្មជាមួយក្រុងប៉េកាំង ដោយផ្អែកលើគោលការណ៍អធិបតេយ្យភាពមានតែមួយ តែដែនដី២។ មានន័យថា តៃវ៉ាន់នៅតែជាដែនដីប្រកាន់ប្រព័ន្ធដឹកនាំផ្សេងពីក្រុងប៉េកាំង គឺនៅតែរក្សាជាដែនដីប្រជាធិបតេយ្យដោយជ្រកក្រោមដំបូលរបស់ក្រុងប៉េកាំង។
- ក្រុងប៉េកាំង ចង់ឃើញមានការងើបឡើងបះបោររបស់កងទ័ពតៃវ៉ាន់ នៅពេលដែលចិនបន្តបង្ហាញសមយុទ្ធទ្រង់ទ្រាយដ៏ធំមហិមា ដែលក្រុមឧត្តមសេនីយ៍ខ្លះរបស់តៃវ៉ាន់គិតថា មិនអាចការពារតៃវ៉ាន់បាន គឺត្រូវបញ្ចប់ការដឹកនាំរបស់បក្សអ្នកស្រី សាយ អ៊ឹងវិន ដោយការធ្វើរដ្ឋប្រហារ។ ករណីនេះ បើមេទ័ពតៃវ៉ាន់ទាំងនោះគិតថាទោះជាអាមេរិកជួយអន្តរាគមន៍ក៏មិនអាចការពារតៃវ៉ាន់បានដែរនោះ។
- ក្រុងប៉េកាំង នៅតែស្ទាក់ស្ទើរថាតើចាំបាច់ទេការវាយកាន់កាប់តៃវ៉ាន់នៅពេលនេះ បើដែនកោះមួយនេះនៅតែទទួលបានការការពារដ៏រឹងមាំពីកម្លាំងអន្តរាគមន៍របស់កងទ័ពអាមេរិក នៅពេលដែលតៃវ៉ាន់ខ្លួនគេផ្ទាល់មានសព្វាវុធធុនធ្ងន់គ្រប់បែបយ៉ាង រហូតមានប្រព័ន្ធមីស៊ីលបាលីស្ទិចអាចបាញ់ធ្លាក់ដល់ក្រុងប៉េកាំង ទៀតផងនោះ។
- ក្រុងប៉េកាំង អាចបារម្ភអំពីទណ្ឌកម្មសេដ្ឋកិច្ចអាចដាក់លើចិនធ្ងន់ធ្ងរដូចករណីទណ្ឌកម្មលើប្រទេសរុស្ស៊ី ឈ្លានពានអ៊ុយក្រែន នឹងបង្កឱ្យសេដ្ឋកិច្ចចិនរងផលវិបាកធ្ងន់ធ្ងរ ស្រុតចុះកម្លាំងសេដ្ឋកិច្ចដែលកំពុងស្ទុះឡើងខ្លាំងនៅពេលនេះ។
- ក្រុងប៉េកាំង មិនទាន់ទុកចិត្តលើសមត្ថភាពកងទ័ព និងសព្វាវុធរបស់ខ្លួន ថាតើអាចស៊ូទ្រាំនឹងការវាយបករបស់សព្វាវុធតៃវ៉ាន់ ដែលសុទ្ធសឹងតែជាសព្វាវុធរបស់អាមេរិកបានកម្រិតណានោះ៕