27 C
Phnom Penh

លោក ហ៊ុន កុសល ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​លោក ហ៊ុន កុសល ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តាម​សំណើ​របស់​លោក ហ៊ុន សែន បន្ទាប់ពី​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។

យោង​តាម​ព្រះរាជក្រឹត្យ​ដែល​បាន​ឡាយព្រះហស្តលេខា​នៅ​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា ការ​ត្រាស់​បង្គាប់​តែងតាំង​លោក ហ៊ុន កុសល ជា​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី បាន​ធ្វើឡើង​តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​បញ្ជាក់​នៅ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​ដោយ​ភ្ជាប់​ជាមួយ​វីដេអូ​របស់​លោក ហ៊ុន កុសល ថា ក្នុង​នាម​គណបក្ស​ប្រជាជន​កម្ពុជា លោក​សូម​ទទួលយក​លោក ហ៊ុន កុសល ឱ្យ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់ពី​ពេល​នេះ​តទៅ។

កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៣ លោក ហ៊ុន កុសល បាន​ចេញ​វីដេអូ​ឃ្លីប​មួយ​ដែល​មាន​ប្រវែង​ជាង ៣​នាទី បន្ទាប់ពី​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ដោយ​ប្រកាស​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ស្មោះត្រង់ និង​ថ្លែង​អំណរគុណ​ដល់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​ជួយ​អន្តរាគមន៍​ឱ្យ​លោក​ចេញពី​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ បន្ទាប់ពី​លោក​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៣ លោក ហ៊ុន កុសល ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ភ្លាមៗ​បន្ទាប់ពី​រូបលោក​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជុំវិញ​ការ​ចូលរួម​ពិធី​ព្រះរាជទាន​ព្រះ​អគ្គីជ័យ​កីឡា​របស់​ព្រះមហាក្សត្រ​ខ្មែរ​នៅ​ខេត្ត​សៀមរាប។

ក្រោយ​ការ​ចាប់​ខ្លួន សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ជា​បណ្ដោះអាសន្ន ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» តាម​មាត្រា​៤៣៧ (ស្ទួន) នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២៣ សកម្មជន​បក្ស​ប្រឆាំង​មួយ​រូប​ទៀត​ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា គឺ​លោក យឹម ស៊ីណន ក៏​បាន​ប្រកាស​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ក្រោយ​ចេញពី​ពន្ធនាគារ ដែល​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្នុង​ពេល​ដំណាល​គ្នា​ជាមួយ​លោក ហ៊ុន កុសល ក្នុង​បទល្មើស​ដូច​គ្នា​កាលពី​ចុង​ខែ​មីនា កន្លង​ទៅ​នោះ។

ក្រោយពី​លោក យឹម ស៊ីណន ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ព្រះមហាក្សត្រ​ខ្មែរ​ក៏​បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​រូបលោក​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ភ្លាម​ដែរ បន្ទាប់ពី​ការ​ស្នើសុំ​របស់​លោក ហ៊ុន សែន។

លោក ហេង សួរ និង​លោក យឹម ស៊ីណន។

អ្នកវិភាគ​នយោបាយ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ មេសា នេះ​ថា ក្រោយ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​មាន​វិញ្ញាសា​តូចតាច​សម្រាប់​លោក យឹម ស៊ីណន គឺ​ត្រូវ​ទាញ​លោក ហ៊ុន កុសល ឱ្យ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដូច​ខ្លួន​ដែរ ប៉ុន្តែ​បើ​លោក យឹម ស៊ីណន ធ្វើ​មិន​បាន នោះ​លោក ហ៊ុន សែន នឹង​ចាត់ទុក​ថា​ការ​ទទួលយក​លោក យឹម ស៊ីណន គឺជា​រឿង​ដែល​គ្មាន​ប្រយោជន៍។

លោក គឹម សុខ អះអាង​ថា នៅ​ពេល​ដែល​លោក យឹម ស៊ីណន ធ្វើ​រឿង​នេះ​បាន​សម្រេច លោក ហ៊ុន សែន នឹង​ផ្តល់​ឱកាស​ឱ្យ​លោក យឹម ស៊ីណន ធ្វើជា​មេ​ចលនា​ស្នូល​ទាក់ទាញ​ក្រុម​អ្នកគាំទ្រ​លោក កឹម សុខា ទៅ​ថ្ងៃ​មុខ ព្រោះ​ថា​លោក ហ៊ុន សែន ត្រូវការ​សងសឹក​ឲ្យ​ដល់​ទីបំផុត​ជាមួយ​នឹង​លោក កឹម សុខា ដែល​នៅតែ​មាន​ជំហរ​រឹងមាំ​មិន​ធ្វើ​តាម​គំនិត​របស់​គាត់។

អ្នកវិភាគ​នយោបាយ​ឯករាជ្យ​រូប​នេះ​បញ្ជាក់​ថា ជាក់ស្ដែង លោក ហ៊ុន សែន បាន​ធ្វើការ​សងសឹក​យ៉ាង​ធ្ងន់ធ្ងរ​រួច​ហើយ​ដើម្បី​វាយ​បំបាក់​ជំហរ​ដ៏​រឹងមាំ​របស់​លោក កឹម សុខា ក្នុង​នោះ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដាក់​គុក​ទាំង​យប់ ការ​បិទ​សេរីភាព​នយោបាយ​របស់​គាត់ ការ​បញ្ជា​តុលាការ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​កាត់ក្តី​ឲ្យ​លោក កឹម សុខា មាន​ទោស​ក្បត់​ជាតិ​ដាក់​គុក ២៧​ឆ្នាំ​ជាដើម។

លោក គឹម សុខ អះអាង​ថា ផែនការ​ចុងក្រោយ គឺ​លោក ហ៊ុន សែន នឹង​បំផ្លាញ​ចោល​នូវ​ចរន្ត​ស្មោះស្ម័គ្រ​នឹង​លោក កឹម សុខា ទាំងអស់។

លោក​បន្ថែម​ថា កន្លងមក លោក ហ៊ុន សែន រាវរក​មិន​ឃើញ​មេ​ចរន្ត​ធ្វើ​ការងារ​នេះ​ទេ ប៉ុន្តែ​នៅ​ពេលនេះ លោក ហ៊ុន សែន ចាប់​បាន​ហើយ គឺ​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល ហេតុ​ដូច្នេះ​លោក ហ៊ុន សែន នឹង​ប្រគល់​ការងារ​ជា​មេ​ចលនា​នេះ​ដើម្បី​ឲ្យ​ពួកគេ​កូរ​កកាយ​ចរន្ត​សកម្មជន​របស់​លោក កឹម សុខា គ្រប់​ទីកន្លែង​ជា​មិនខាន។

យ៉ាងណា​ក៏ដោយ លោក គឹម សុខ បញ្ជាក់​ថា លោក ហ៊ុន សែន នឹង​មិន​អាច​សម្រេច​ផែនការ​ចុងក្រោយ​ក្នុង​ការ​បំផ្លាញ​ចរន្ត​ដែល​ស្មោះត្រង់​នឹង​លោក កឹម សុខា បាន​ដាច់ខាត។ ប៉ុន្តែ​លោក ហ៊ុន កុសល អះអាង​ថា នេះ​ជា​រឿង​នយោបាយ ហើយ​ក៏​គ្មាន​នរណា​បញ្ជា​ឲ្យ​ទៅ​បំបែក​កម្លាំង ឬ​រចនាសម្ព័ន្ធ​របស់​លោក កឹម សុខា នោះ​ដែរ។

លោក​បន្ត​ថា ការ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​កើតឡើង​ពី​ឆន្ទៈ​របស់​លោក​សុទ្ធសាធ និង​បាន​ធូរ​ទ្រូង​ច្រើន ខុសពី​នៅ​ជាមួយ​ក្រុម​គណបក្ស​ប្រឆាំង​ដែល​តែង​លាប​ពណ៌​ចាក់​ដោត​គ្នា បំបែក​បំបាក់​គ្នា និង​ឈ្នានីស​គ្នា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស