33 C
Phnom Penh

បក្ស​ប្រឆាំង​ធំ​ពីរ​នៅ​ថៃ​សន្យា​រួម​គ្នា​ផ្ដួល​បក្ស​យោធា​ក្នុង​ថ្ងៃ​បោះឆ្នោត​សភា​ថ្ងៃទី​១៤​ខែ​ឧសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ រាជាណាចក្រ​ថៃ នឹង​ចាប់ផ្ដើម​បោះឆ្នោត​សភា​អាណត្តិ​ថ្មី។ ការ​បោះឆ្នោត​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា។

ព្រឹត្តិការណ៍​នោះ​នឹង​ជា​ការ​វិវឌ្ឍ​មួយ​ដ៏​សំខាន់​នៃ​ចលនា​ប្រជាធិបតេយ្យ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​អ្នក​សង្កេតការណ៍​ថា បើ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ឈ្នះ​បាន​ដឹកនាំ​រដ្ឋាភិបាល មាន​ន័យ​ថា​នៅ​ក្នុង​សមាគម​អាស៊ាន​នេះ ដង្ហើម​ប្រជាធិបតេយ្យ​ចាប់​រស់​ឡើងវិញ​ហើយ។

ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា ការ​បោះឆ្នោត​សភា​ក្នុង​ប្រទេស​ថៃ នៅ​ខែ​ក្រោយ​នេះ ក៏​អាច​ជា​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ផ្សេង​ទៀត​ដែល​កំពុង​ដើរ​ថយ​ក្រោយ មាន​ដូចជា​ប្រទេស​កម្ពុជា ជាដើម តែ​គេ​មិន​បាន​និយាយ​ដល់​ប្រទេស​ភូមា ដែល​ធ្លាក់​ក្នុង​របប​សឹក​ទៅ​ហើយ​នោះ​ទេ។

នៅ​ក្នុង​ប្រទេស​ថៃ ការ​ឃោសនា​បោះឆ្នោត​កំពុង​ប្រព្រឹត្ត​យ៉ាង​សកម្ម។ គណបក្ស​នយោបាយ ទាំង​បក្ស​មាន​និន្នាការ​ទៅ​រក​ពួក​យោធា និង​គណបក្ស​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ កំពុង​បង្ហាញ​គោលនយោបាយ​ដឹកនាំ​រដ្ឋាភិបាល ដោយ​មាន​របៀបវារៈ​ជាច្រើន ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ឡើងវិញ និង​ការ​បង្កើន​ប្រាក់​ម៉ោង​ពលកម្ម​របស់​កម្មករ ទាំង​កម្មករ​ក្នុង​វិស័យ​កាត់ដេរ កម្មករ​ក្នុង​វិស័យ​សំណង់ និង​កម្មករ​ក្នុង​វិស័យ​ពហុ​ជំនាញ​ផ្សេងៗ​ទៀត។

ប៉ុន្តែ​ក្រុម​គណបក្ស​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ ក្រៅពី​លើកឡើង​អំពី​គោលនយោបាយ​ទាំងនេះ ពួកគេ​បាន​លើកឡើង​អំពី​សេរីភាព​នយោបាយ និង​សិទ្ធិមនុស្ស ដែល​កន្លងមក​ពួក​យោធា​មិន​បាន​បើក​ចំហ​ឱ្យ​ទូលំទូលាយ​នោះ​ទេ។

នៅ​ថ្ងៃ​នេះ សារព័ត៌មាន Asia One បាន​សម្រង់​សម្ដី​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ធំ​ទី​២ មកពី​គណបក្ស​ចលនា​ទៅ​មុខ ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃទី​២២ មេសា ថា សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ បាន​ឈាន​ទៅ​ដល់​ការ​រួម​កម្លាំង​គ្នា​នៅ​ក្នុង​សភា​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ បន្ទាប់ពី​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​១៤ ឧសភា។

ការ​បោះឆ្នោត​សភា​អាណត្តិ​ថ្មី​នេះ គេ​សង្កេត​ឃើញ​មាន​ប៉ូល​នយោបាយ​ធំ​២ ដែល​ប្រជែង​គ្នា​ខ្លាំង​រវាង​ក្រុម​សម្ព័ន្ធ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ និង​ក្រុម​បក្ស​មាន​និន្នាការ​ជាមួយ​នឹង​ពួក​យោធា។

រដ្ឋាភិបាល​គណបក្ស​ភឿថៃ និង​បក្ស​ចលនា​ទៅ​មុខ បាន​បង្កើត​រដ្ឋាភិបាល​ជាមួយ​គ្នា តែ​ត្រូវ​បាន​ពួក​យោធា​ផ្ដួល​រំលំ​តាមរយៈ​រដ្ឋប្រហារ​នៅ​ឆ្នាំ​២០០៦ និង​ឆ្នាំ​២០១៤។

មេដឹកនាំ​គណបក្ស​ចលនា​ទៅ​មុខ លោក Pita Limjaroenrat អាយុ ៤២​ឆ្នាំ​បាន​ថ្លែង​ថា៖«វា​ច្បាស់​ណាស់​ដែល​ពេលនេះ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​សម្រេច​បង្កើត​សម្ព័ន្ធភាព​ក្នុង​រដ្ឋសភា ប៉ុន្តែ​មិនមែន​សម្រេច​ដើម្បី​ប្រឈមមុខ​នឹង​បក្ស​របស់​ពួក​យោធា​នោះ​ទេ។»

លោក ប្រាយុទ្ធ ចាន់អូចា ដែល​បាន​លើក​ខ្លួន​ជា​នាយករដ្ឋមន្ត្រី​ក្រោយពី​លោក​បាន​ដឹកនាំ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ទម្លាក់​រដ្ឋាភិបាល​គណបក្ស​ភឿថៃ នៅ​ពេលនេះ​លោក​បន្ត​ឈរ​ឈ្មោះ​ជា​បេក្ខជន​ជា​ថ្មី​ម្ដង​ទៀត តែ​លោក​មិន​ស្ថិត​ក្នុង​បក្ស​កំពុង​កាន់​អំណាច​របស់​ពួក​យោធា​បាល្ល័ង្កប្រាចារ៉ាត នោះ​ទេ។ គណបក្ស​របស់​លោក ប្រាយុទ្ធ ដែល​បង្កើត​ថ្មី​នេះ​មាន​ឈ្មោះ​ថា គណបក្ស​ថៃ​រួបរួម។

តាម​លទ្ធផល​នៃ​ការ​ស្ទង់មតិ​ចុងក្រោយ​នេះ ធ្វើឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​រដ្ឋបាល​អភិវឌ្ឍន៍​នៃ​ប្រទេស​ថៃ បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​បក្ស​នយោបាយ​ចំនួន​១១ មាន​តែ​បក្ស​ចំនួន​៣ ប៉ុណ្ណោះ ដែល​មាន​ការ​គាំទ្រ​ច្រើន​ជាង​គេ។ ប៉ុន្តែ​បក្ស​ប្រជាធិបតេយ្យ​ធំ​២ ជា​បក្ស​ប្រឆាំង​លេចធ្លោ​ជាងគេ​នៅ​ថៃ គឺ​គណបក្ស​ភឿថៃ ដែល​ជា​បក្ស​គាំទ្រ​ដោយ​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង​បក្ស​ចលនា​ទៅ​មុខ ដឹកនាំ​ដោយ​លោក Pita Limjaroenrat ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាងគេ។

គណបក្ស​ភឿថៃ អះអាង​ថា ខ្លួន​មាន​ការ​គាំទ្រ​ជិត ៥០% និង​បក្ស​ចលនា​ទៅ​មុខ មាន​ការ​គាំទ្រ​ជិត ២៦​ភាគរយ និង​បក្ស​ថៃ​រួបរួម ដឹកនាំ​ដោយ​លោក ប្រាយុទ្ធ មាន​ការ​គាំទ្រ​ជិត ១២%។ ក្រៅពី​នេះ មាន​ការ​គាំទ្រ​ពី ៣​ភាគរយ​ទៅ ៥​ភាគរយ ក្នុង​នោះ​មាន​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​របស់​ពួក​យោធា​បាល្ល័ង្កប្រាចារ៉ាត។ បច្ចុប្បន្ន សម្ព័ន្ធភាព​នៃ​រដ្ឋាភិបាល​ចម្រុះ​របស់​បក្ស​បាល័ង្កប្រាចារ៉ាត បាន​បែកបាក់​គ្នា​អស់​ហើយ ក្នុង​នោះ​លោក ប្រាយុទ្ធ ទៅ​បង្កើត​បក្ស​ថ្មី គឺ​បក្ស​ថៃ​រួបរួម។

អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស បាន​ប្រកាស​ថា លោក​នឹង​វិល​ចូល​ប្រទេស​ថៃ វិញ ក្រោយពី​បក្ស​ភឿថៃ បង្កើត​រដ្ឋាភិបាល​ចម្រុះ។ លោក​បញ្ជាក់​ថា កូនស្រី​របស់​លោក​ដែល​ជា​បេក្ខភាព​មួយ​រូប​នៃ​គណបក្ស​ភឿថៃ អ្នកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា (Paetongtarn “Ing” Shinawatra) នឹង​ដឹកនាំ​បក្ស​ភឿថៃ ឈ្នះ​ក្នុង​ការ​បោះឆ្នោត​នេះ​យ៉ាងតិច​បាន ២៥០​អាសនៈ​នៃ​អាសនៈ​សភា​ចំនួន​៥០០។

តែ​លោក​សង្ឃឹម​ថា បក្ស​ភឿថៃ នឹង​រួម​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ដ៏​ធំ ហើយ​សូម្បី​ពួក​យោធា​ក៏​អាច​ចូលរួម​នឹង​រដ្ឋាភិបាល​នេះ​ដែរ។ លោក​សន្យា​ថា លោក​នឹង​វិល​ចូល​ប្រទេស​ថៃ​វិញ ក៏​មិនមែន​លោក​សុំ​ឱ្យ​មាន​ការ​លើកលែង​ទោស​ពី​រដ្ឋាភិបាល​ភឿថៃ ដែរ គឺ​លោក​មក​ទោះជា​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​លោក​ក៏ដោយ។

លោក​ថា លោក​ចាស់​ណាស់​ទៅ​ហើយ​ដែល​លោក​មិន​ចង់​ចាកចេញ​ពី​ប្រទេស​កំណើត​របស់​លោក​នោះ​ទេ។ ទោះជា​យ៉ាងណា មាន​ការ​ពិបាក​ព្យាករ​ទុក​ជា​មុន​ថា បេក្ខជន​ណា​មួយ​នឹង​អាច​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថៃ លើក​ក្រោយ​នេះ ព្រោះ​ការ​បោះឆ្នោត​សភា​តែ​ទៅ​លើ​សមាជិក​សភា ៥០០​រូប តែ​សមាជិក​ព្រឹទ្ធសភា ២៥០​រូប​មិន​ត្រូវ​បាន​ប្រជាជន​បោះឆ្នោត​នោះ​ទេ។

ស្ថាប័ន​ព្រឹទ្ធសភា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧ ដែល​សមាជិក​ព្រឹទ្ធសភា​ភាគច្រើន​មាន​ទំនោរ​ទៅ​រក​ពួក​យោធា ហើយ​បាន​កំណត់​ថា ការ​បោះឆ្នោត​បេក្ខភាព​នាយករដ្ឋមន្ត្រី បើ​មិន​មាន​សំឡេង ៣​ភាគ​៤ នៃ​សមាជិក​សភា ៥០០​រូប​ជា​ការ​ចាំបាច់​ត្រូវ​សមាជិក​ព្រឹទ្ធសភា ២៥០​ទៅ​ចូលរួម​បោះឆ្នោត ប៉ុន្តែ​រដ្ឋធម្មនុញ្ញ​ក៏​បើក​ទ្វារ​ចំហ​ផង​ដែរ។ ការ​បើក​ទ្វារ​ចំហ​ត្រង់​ថា បើ​បក្ស​ណា​រក​បាន​សំឡេង ៣៧៦​សំឡេង ឬ ៣​ភាគ​៤ នៃ​សមាជិក​សភា ៥០០​រូប គឺ​មិន​ចាំបាច់​ឆ្លងកាត់​ការ​បោះឆ្នោត​របស់​សមាជិក​ព្រឹទ្ធសភា​ទៅ​ចូលរួម​បោះឆ្នោត​ជាមួយ​នឹង​សមាជិក​សភា​នោះ​ទេ។

តែ​អ្នក​សង្កេតការណ៍​ថា​ជា​រឿង​កម្រ​នឹង​រក​បាន​សំឡេង​លើសលប់​នេះ លើកលែង​បក្ស​ភឿថៃ និង​បក្ស​ចលនា​ទៅ​មុខ ​បូក​នឹង​គណបក្ស​ផ្សេង​ទៀត​រក​បាន​សំឡេង​អាសនៈ​រួម​គ្នា​នៃ​សមាជិក​សភា​បាន​លើស ៣៧៦​សំឡេង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស