27 C
Phnom Penh

តើ​វៀតណាម​ត្រៀម​ខ្លួន​ទទួល​យក​ការ​រំលោភ​បំពាន​ដែនទឹក​របស់​ខ្លួន​ពី​ចិន​ហើយ​ឬ​នៅ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​សប្ដាហ៍​មុន​នេះ ប្រទេស​វៀតណាម​បាន​ថ្កោលទោស​ចិន ដែល​បាន​ចេញ​ច្បាប់​ហាម​នេសាទ​ក្នុង​រដូវ​ប្រចាំ​ឆ្នាំ​ដែល​ក្រុង​ប៉េកាំង ដាក់​បម្រាម​នេះ​មាន​រយៈពេល​ជិត ៤​ខែ ដោយ​រាប់​ពី​ថ្ងៃទី​១ ខែ​ឧសភា ដល់​ថ្ងៃទី​១៦ ខែ​សីហា គឺ​ក្នុង​រយៈពេល​នេះ​ហាម​នេសាទ​នៅ​សមុទ្រ​ចិន​ខាងត្បូង។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម Đoàn Khắc Việt បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា វៀតណាម​សូម​ជំទាស់​បម្រាម​របស់​ចិន ដោយ​ចាត់ទុក​ថា​បម្រាម​នេះ​ជា​រឿង​ផ្ទៃក្នុង​របស់​ចិន ហើយ​វៀតណាម​មិន​ចូលរួម​នោះ​ទេ។

អ្នក​នាំពាក្យ​វៀតណាម​រូប​នេះ​អះអាង​ថា បម្រាម​របស់​ចិន​អាច​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​វៀតណាម ព្រោះ​ចិន​ចេញ​បម្រាម​ដូចនេះ តែងតែ​យក​នាវា​ល្បាត​មក​ចូល​តំបន់​ជា​ដែនទឹក​របស់​វៀតណាម ដែល​មាន​នៅ​ក្នុង​ប្រជុំ​កោះ​ប៉ារ៉ាហ្សែល។ ប្រជុំ​កោះ​ប៉ារ៉ាហ្សែល វៀតណាម​ហៅថា​ប្រជុំ​កោះ​ហួងសា ដែល​វៀតណាម​ចាត់ទុក​ជា​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​របស់​ខ្លួន។

តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​វៀតណាម ប្រជុំ​កោះ​ប៉ារ៉ាហ្សែល​មួយ​ផ្នែក​ស្ថិត​នៅ​ជា​ដែនទឹក​វៀតណាម។ នេះ​បើ​ផ្អែក​តាម​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២។ ដូចនេះ វៀតណាម​ស្នើ​ឱ្យ​ចិន​កម្រិត​ច្បាប់​របស់​ខ្លួន​ត្រឹមតែ​ក្នុង​ដែនទឹក​របស់​ចិន គឺជា​ការ​ចាំបាច់។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​វៀតណាម ដែល​អាន​ដោយ​អ្នក​នាំពាក្យ បាន​ទាមទារ​ឱ្យ​ចិន​គោរព​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ដោយ​ត្រូវ​ចូលរួម​ចំណែក​រក្សា​សន្តិភាព ស្ថិរភាព និង​សណ្ដាប់ធ្នាប់​អន្តរជាតិ។

នៅ​មុន​ចិន​ចេញ​បម្រាម​នេះ ក្រុង​ប៉េកាំង​បាន​ប្រតិកម្ម​ចំពោះ​ការ​ថ្លែង​របស់​ប្រមុខ​ការទូត​អាមេរិក Antony Blinken ដែល​ធ្វើឡើង​នៅ​ទីក្រុង​ហាណូយ កាលពី​ដើម​ខែ​មេសា អំឡុង​ពេល​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​វៀតណាម ដែល​ក្រុង​វ៉ាស៊ីនតោន សន្យា​ជួយ​វៀតណាម​ការពារ​ដែន​អធិបតេយ្យ​ករណី​បំពាន​រំលោភ​ពី​សំណាក់​ប្រទេស​ចិន។ ចំពោះ​ជំហរ​របស់​ក្រុង​វ៉ាស៊ីនតោន បាន​នាំ​ឱ្យ​មេដឹកនាំ​វៀតណាម​ថ្លែង​អរគុណ។

តែ​ក្រុង​ប៉េកាំង បាន​ហៅ​ទស្សនៈ​របស់​អាមេរិក ថា​ជា​ការ​ចាប់ផ្ដើម​បង្កើត​សង្គ្រាម​ត្រជាក់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិក​នៅ​ក្រុង​ហាណូយ ធ្វើឡើង​តាម​ការ​អញ្ជើញ​របស់​សមភាគី​វៀតណាម លោក Bùi Thanh Sơn។

បើ​និយាយ​អំពី​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង ចិន​ត្រូវ​បាន​ចោទ​ថា​ជា​មហាអំណាច​ក្នុង​តំបន់​ដែល​កំពុង​ធ្វើ​អនុត្តរភាព​វាតទី​ដែនទឹក​ប្រទេស​ជិតខាង។

នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ ចិន​ប្រកាស​ថា​ក្រុង​ប៉េកាំង​មាន​កម្មសិទ្ធិ​លើ​ទំហំ​សមុទ្រ​ទាំងមូល​ដល់​ទៅ ៩០% នៃ​ផ្ទៃ​ទឹក​សរុប ៣​លាន ៥​សែន​គីឡូម៉ែត្រ​ក្រឡា។ ចិន​សម្លឹង​ឃើញ​ធនធាន​ក្នុង​បាត​សមុទ្រ​ជា​ទ្រព្យសម្បត្តិ​មហាសាល​របស់​ខ្លួន។

តំបន់​ឈូង​សមុទ្រ​ចិន​ខាងត្បូង​នេះ សម្រាប់​ចិន​គឺ​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន។ ចំពោះ​វៀតណាម ក៏​នៅ​មិន​ស្ងៀម​ដែរ។

ក្រុង​ហាណូយ ក៏​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ដើម្បី​រារាំង​នូវ​ការ​ឈ្លានពាន​របស់​ចិន ខណៈ​អាមេរិក​កំពុង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​នយោបាយ​កសាង​មូលដ្ឋាន​ទ័ព​ដើម្បី​ការពារ​សន្តិសុខ​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​ទាំងមូល។

របាយការណ៍​នៃ​អង្គភាព Marine Traffic របស់​វៀតណាម បាន​ឲ្យ​ដឹង​ថា ក្រុម​នាវា​ចិន​មួយ​ដ៏​ធំ​បាន​ធ្វើ​ប្រតិបត្តិការ​ខួង​យក​ប្រេង​ក្បែរ​តំបន់​សមុទ្រ​ទឹក​ជ្រៅ ដែល​ជា​ដែនសមុទ្រ​រវាង​ប្រទេស​វៀតណាម និង​ម៉ាឡេស៊ី។ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​នាវា​ចិន ធ្វើ​ប្រតិបត្តិការ ហើយ​ការ​គំរាមកំហែង​ដល់​ដែនសមុទ្រ​វៀតណាម គឺ​មាន​តាំងពី​ឆ្នាំ​២០១០។

ក្នុង​ឆ្នាំ​២០១៤ នាវា​ខួង​ប្រេង​របស់​ចិន ឈ្មោះ Haiyang Dizhi ការពារ​ដោយ​នាវាចម្បាំង​មួយ​គ្រឿង​បាន​ចូល​ក្នុង​ដែនទឹក​វៀតណាម ដោយ​ខួង​ស្ទង់​រក​ប្រេង​នៅ​តំបន់​នោះ ថែម​ទាំង​បង្ហាញ​ការ​គំរាមកំហែង​នាវា​វៀតណាម។ តែ​យ៉ាងណា មិន​ត្រឹមតែ​ដែនទឹក​វៀតណាម​ដែល​ចិន​បំពាន​នោះ​ទេ ប៉ុន្តែ​ដែនទឹក​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន ក៏​ចិន​បំពាន​ដែរ។

វៀតណាម​គឺជា​សមាជិក​នៃ​ប្រទេស​សមាគម​អាស៊ាន។ វៀតណាម​ដូចជា​ក្ដារ​អុក​ដ៏​សំខាន់​នៃ​កត្តា​ភូមិសាស្ត្រ​នយោបាយ​ដែល​មាន​ជំហរ​រឹងមាំ​ប្រជែង​នឹង​ចិន​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង។ កាលពី​អំឡុង​ឆ្នាំ​២០២០ នេះ វៀតណាម​ជា​ប្រធាន​នៃ​សមាគម​អាស៊ាន ហើយ​មាន​អាសនៈ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ចិន​ដឹង​ខ្លួន​ថា​ជា​រឿង​ដ៏​លំបាក ព្រោះ​បើ​កាលណា​ធ្វើ​ទុក្ខបុកម្នេញ​វៀតណាម​ខ្លាំង ទីក្រុង​ហាណូយ​រឹត​ខិត​ទៅ​នៅ​ជិត​អាមេរិក និង​បង្ក​ប្រតិកម្ម​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

នៅ​ក្នុង​ឆ្នាំ​២០២០-២០២១ វៀតណាម​អាច​ការពារ​ខ្លួនឯង​ផង ការពារ​ប្រទេស​ក្នុង​តំបន់​ផង​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ថែម​ទាំង​ប្រជែង​ជាមួយ​ចិន​បាន​ទៀត​ផង ដោយ​ស្នើ​ឱ្យ​ប្រទេស​ក្នុង​សមាគម​អាស៊ាន​មាន​ស្មារតី​រឹងមាំ​ការពារ​ផលប្រយោជន៍​ក្នុង​តំបន់។

ក្នុង​ឆ្នាំ​នោះ វៀតណាម​បាន​បញ្ជូន​កំណត់​ទូត​របស់​ខ្លួន​ទៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដោយ​បញ្ជាក់​ពី​ដែន​អធិបតេយ្យភាព​នៃ​ដែនទឹក​ជុំវិញ​កោះ​ប៉ារ៉ាហ្សែល និង​កោះ​ស្ព្រាតលី ដោយ​ទាត់​ចោល​នូវ​អំណះអំណាង​របស់​ចិន​ដែល​ថា​ជា​ដែន​អធិបតេយ្យ​របស់​ចិន។ ដើម្បី​រារាំង​មហិច្ឆតា​របស់​ចិន សហរដ្ឋ​អាមេរិក​ត្រូវការ​មូលដ្ឋាន​សន្តិសុខ​ក្នុង​តំបន់​មួយ​នេះ។

ដោយ​មើល​ឃើញ​ដូចនេះ សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​មាន​ដូចជា​ជប៉ុន ឥណ្ឌា អង់គ្លេស និង​អូស្ត្រាលី រួម​ដៃ​គ្នា​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត​លើ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ក្នុង​តំបន់​ជាមួយ​កូរ៉េខាងត្បូង វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី។ ឥឡូវ​នេះ វៀតណាម​បើ​ទោះជា​មិន​ទាន់​ក្លាយ​ជា​ដៃគូ​មិត្តភាព​សន្តិសុខ​ស៊ីជម្រៅ​ជាមួយ​អាមេរិក ជប៉ុន ឥណ្ឌា ​និង​អូស្ត្រាលី​ក៏ដោយ តែ​វៀតណាម និង​អាស៊ាន​គឺជា​ដៃគូ​ដ៏​ធំ​សម្រាប់​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់។

ដូច្នេះ​ហើយ គេ​មើល​ឃើញ​វៀតណាម​ដូចជា​បាន​ត្រៀម​ខ្លួន​បាន​មួយ​ជំហាន​ទៅ​ហើយ​ក្នុង​ការ​ប្រជែង​នឹង​ចិន អំពី​ជម្លោះ​ដែនសមុទ្រ​ដែល​ជា​បទពិសោធន៍​ទ័ព​ចិន និង​ទ័ព​វៀតណាម បាន​ពើប​ប្រយុទ្ធ​គ្នា​រយៈពេល​ខ្លី​កាលពី​ក្នុង​ឆ្នាំ​១៩៧៤ ដែល​លទ្ធផល​ពេល​នោះ ចិន​ឈ្នះ​វៀតណាម​ដោយ​វាយ​ចូល​កាន់កាប់​ប្រជុំ​កោះ​ជាច្រើន​របស់​វៀតណាម​នៅ​តំបន់​កោះ​ប៉ារ៉ាហ្សែល ដែល​វៀតណាម​ហៅថា​ប្រជុំ​កោះ​ហួងសា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស