31 C
Phnom Penh

លោក ដេវីដ ចោទ​មន្ត្រី​របស់​លោក ហ៊ុន សែន មិន​អនុវត្ត​តាម​អនុក្រឹត្យ​ឆ្វៀល​ដី​នៅ​ខេត្ត​ព្រះសីហនុ​ឱ្យ​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ដេវីដ ឆាយណាយវ៉ា ចោទ​ថា​មន្ត្រី​នៅ​ក្រោម​ឱវាទ​របស់​លោក ហ៊ុន សែន មិន​អនុវត្ត​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចេញពី​គម្រប​ព្រៃ​ឱ្យ​ពលរដ្ឋ​ដូច​ដែល​មាន​ចែង​ក្នុង​អនុក្រឹត្យ​នោះ​ទេ។

លោក ដេវិដ ឆាយណាយវ៉ា បាន​ផ្សាយ​ផ្ទាល់​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៦ មេសា នេះ​ថា ចាប់តាំងពី​រូបលោក​ចូល​ទៅ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មក គណៈមេធាវី​កម្ពុជា​ព្យាយាម​ផ្ដន្ទា​លោក​ជាប់​រហូត ខណៈ​កិច្ចការ​របស់​លោក​មិន​បាន​ខុស​នឹង​ផ្លូវច្បាប់ ហើយ​ដើម្បី​តែ​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។

ប្រភព​ខាងលើ​លើកឡើង​ថា ប្រសិនបើ​បណ្តែតបណ្តោយ​ឱ្យ​មន្ត្រី​ដែល​មាន​បំណង​រំលោភ​យក​ដីធ្លី​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ចាត់ចែង​តាម​អំពើ​ចិត្ត​ដោយ​ខុសពី​អនុក្រឹត្យ​របស់​លោក ហ៊ុន សែន នោះ​ដី​របស់​ពលរដ្ឋ​នឹង​ធ្លាក់​ទៅ​លើ​ក្រុមហ៊ុន និង​ធនាគារ​ទាំងអស់​ជាមិនខាន ខណៈ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​ដែល​បាន​កាន់កាប់​តាំងពី​យូរ​មក​ហើយ​នោះ នឹង​ត្រូវ​បណ្តេញ​ចេញពី​លំនៅឋាន​ថែម​ទៀត។

លោក ដេវីដ ឆាយណាយវ៉ា បញ្ជាក់​ថា ការ​លើកឡើង​របស់​លោក​ជុំវិញ​ទំនាស់​ដីធ្លី​នៅ​ភូមិ​ឃុំ​ខាងលើ​ក្នុង​ខេត្ត​ព្រះសីហនុ កន្លងមក ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​អំពី​ការ​អនុវត្ត​របស់​មន្ត្រី​នៅ​ក្រោម​ឱវាទ​របស់​លោក ហ៊ុន សែន ដែល​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​រឿង​ខុស​ច្បាប់​ខុសពី​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី​រហូត​មក។

កាលពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ លោក ដេវីដ ឆាយណាយវ៉ា បាន​ទម្លាយ​ដីកា​កោះ​របស់​តំណាង​អយ្យការ លោក ប្លង់ សុផល ដែល​បាន​ចេញ​កាលពី​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៣ ឱ្យ​លោក​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃទី​២ ខែ​ឧសភា ខាងមុខ អំពី​ដំណើរ​រឿង​ដែល​គណៈមេធាវី​កម្ពុជា​បាន​ប្តឹង​ពី​បទ អំពើ​ក្លែង​ឋានៈ​ជា​មេធាវី អំពើ​ផ្តល់​យោបល់​ផ្នែក​ច្បាប់​ក្នុង​នាម​ជា​មេធាវី និង​ជេរប្រមាថ​ជា​សាធារណៈ​លើ​គណៈមេធាវី​កម្ពុជា​កាលពី​ពេល​កន្លងទៅ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៣ គណៈមេធាវី​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​លោក ដេវីដ ឆាយណាយវ៉ា ថា​បាន​ប្រព្រឹត្ត​អំពើ​ក្លែង​ឋានៈ​ជា​មេធាវី និង​ជេរប្រមាថ​ជា​សាធារណៈ​លើ​គណៈមេធាវី​កម្ពុជា​កន្លងមក។

យ៉ាងណា​ក៏ដោយ លោក ដេវីដ ឆាណាយវ៉ា ឆ្លើយតប​ទៅ​វិញ​ភ្លាមៗ​ថា មុន​នឹង​សម្រេច​ប្តឹង​លោក​ករណី​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ខុស​ច្បាប់ លុះត្រាតែ​ពួកគេ​រក​ឃើញ​នូវ​ភស្តុតាង​ដែល​ជា​ធាតុ​ផ្សំ​ដូចជា ពាក្យ​សុំ​ពឹងពាក់​មេធាវី​ពី​អតិថិជន និង​វិក្កយបត្រ​សេវាកម្ម​មេធាវី ជាដើម ដែល​បញ្ជាក់​ថា​លោក និង​អតិថិជន​បាន​ព្រមព្រៀង​គ្នា​ជា​លាយលក្ខណ៍​អក្សរ​ជា​មុន​សិន នោះ​ទើប​អាច​ចោទ​លោក​ថា​បាន​ប្រព្រឹត្ត​អំពើ​ក្លែង​ឋានៈ​ជា​មេធាវី​បាន។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៣ គណៈមេធាវី​កម្ពុជា​ព្រមាន​ប្តឹង​លោក ដេវីដ ឆាណាយវ៉ា ម្តង​រួច​មក​ហើយ​ថា​លោក​កំពុង​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ខុស​ច្បាប់​នៅ​កម្ពុជា ជុំវិញ​ការ​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ដល់​ភាគី​វិវាទ​ដីធ្លី​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​កំពុង​មាន​ទំនាស់​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២០ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ស្ថិត​នៅ​ភូមិ​ចំណោតរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ទំហំ ៧៥​ហិកតារ និង ៣០​អា ដើម្បី​ចែក​ជូន​ពលរដ្ឋ​ដែល​កំពុង​រស់នៅ និង​កាន់កាប់​ជាក់ស្តែង។

ប៉ុន្តែ​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​ភូមិ​ឃុំ​ខាងលើ​ទំហំ ១០​ហិកតារ ៤០​អា និង ៣៩​សង់ទីអា ឱ្យ​ទៅ​ធនាគារ​កាណាឌីយ៉ា​របស់​លោក​ឧកញ៉ា ពុង ឃាវសែ ផង​ដែរ។

ជាង​នេះ​ទៀត កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២០ លោក ហ៊ុន សែន ក៏​បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​ភូមិ​ចំណោតរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឱ្យ​កូនៗ​របស់​គាត់ គឺ​អ្នកស្រី ហ៊ុន ម៉ាណា និង​អ្នកស្រី ហ៊ុន ម៉ាលី ថែម​ទៀត ដែល​បញ្ហា​នេះ​ទំនង​ជា​ឱកាស​មួយ​សម្រាប់​មន្ត្រី​ពុករលួយ​កេង​បន្លំ​យក​ដី​ពលរដ្ឋ​នៅ​តំបន់​នោះ​តែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស