35 C
Phnom Penh

បទវិភាគ៖ អ្វី​នៅ​ពីក្រោយ​មេដឹកនាំ​ចិន​សម្រេច​លើក​ទូរសព្ទ​និយាយ​ទៅ​រក​លោក ហ្សេឡេនស្គី?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីបំផុត ប្រធានាធិបតី​ចិន សម្រេច​ចិត្ត​និយាយ​ទៅ​រក​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី កាលពី​ថ្ងៃទី​២៦ ខែ​មេសា ដោយ​ការ​សន្ទនា​គ្នា​តាម​ទូរសព្ទ។

តែ​នេះ​ជា​លើកដំបូង​ហើយ​ចាប់តាំងពី​ប្រទេស​រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ចិន លើក​ទ័ព​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ដែល​មេដឹកនាំ​ចិន លោក ស៊ី ជីនពីង ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​មូស្គូ នៅ​ជិត​ក្រុង​គៀវ បែរ​ជា​មិន​ហួស​ទៅ​ជួប​លោក ហ្សេឡេនស្គី ដូច​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ដែល​បាន​ទៅ​ដល់​ក្រុង​មូស្គូ ហើយ​ថែម​ទាំង​បាន​ទៅ​ដល់​ក្រុង​គៀវ និង​បាន​ជួប​លោក ហ្សេឡេនស្គី ទៀត។

ចំណែក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី បាន​ទៅ​ក្រុង​គៀវ ជួប​លោក ហ្សេឡេនស្គី ហើយ​ហួស​ទៅ​ក្រុង​មូស្គូ ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន។ នៅ​ពេល​លោក ស៊ី ទៅ​ក្រុង​មូស្គូ កាលពី​ថ្ងៃទី​២០ មីនា ដោយ​បាន​ជួប​លោក ពូទីន លោក ហ្សេឡេនស្គី អន្ទះសា​ចង់​ជួប​លោក ស៊ី ផង​ដែរ​នៅ​ទីក្រុង​គៀវ។

ទីបំផុត លោក ស៊ី ឡើង​យន្តហោះ​វឹង​បោះពួយ​ទៅ​ក្រុង​ប៉េកាំង វិញ ដែល​សូម្បី​បោះ​សម្ដី​មួយ​ម៉ាត់​ទៅ​លោក ហ្សេឡេនស្គី ក៏​ពុំ​មាន​ផង។ យ៉ាងណា លោក ហ្សេឡេនស្គី នៅតែ​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​លោក ស៊ី នឹង​ជួប​លោក បើ​ទោះជា​នៅ​លើ​ទឹកដី​ប្រទេស​ណា ក៏​លោក​នឹង​ទៅ​ជួប​ដែរ​ឱ្យ​តែ​លោក ស៊ី យល់ព្រម​ឱ្យ​លោក​ជួប។ តែ​ទីបំផុត លោក ស៊ី សម្រេច​និយាយ​ទៅ​រក​លោក ហ្សេឡេនស្គី ពី​ទីក្រុង​ប៉េកាំង ដោយ​មិន​ប្រើ​ពេលវេលា​ជិះ​យន្តហោះ​មក​ជួប​លោក ហ្សេឡេនស្គី ដូច​លោក​ជួប​លោក ពូទីន នោះ​ទេ។ ទោះជា​បែប​នេះ​ក្ដី វា​អស្ចារ្យ​ទៅ​ហើយ​ដែល​លោក ស៊ី យល់ព្រម​សន្ទនា​គ្នា​តាម​ទូរសព្ទ​ជាមួយ​លោក ហ្សេឡេនស្គី។

នៅ​ក្នុង​អន្តរកាល​ដែល​រុស្ស៊ី​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន ដែល​មើល​ទៅ​រក​ផ្លូវ​ផ្ដួល​រំលំ​រដ្ឋាភិបាល​អ្នក​ប្រជាធិបតេយ្យ​នៅ​អ៊ុយក្រែន មិន​បាន​សម្រេច ហើយ​កាន់តែ​ធ្វើ​ឱ្យ​រុស្ស៊ី​ចុះ​អន់ថយ​ទាំង​ការ​វាយលុក​លើ​អ៊ុយក្រែន ខណៈ​ទ័ព​រុស្ស៊ី​បាត់បង់​ទ័ព និង​សម្ភារៈ​សឹក​ច្រើន​ហួស​ប្រមាណ និង​ការ​ធ្លាក់​ឥទ្ធិពល​នៅ​លើ​ឆាក​អន្តរជាតិ​ជាមួយ​នឹង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​លោក​ខាងលិច​កាន់តែ​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់​សេដ្ឋកិច្ច​រុស្ស៊ី នាំ​ឱ្យ​មហាសេដ្ឋី​រុស្ស៊ី​មួយ​ចំនួន​សម្រេច​លា​សញ្ជាតិ​រុស្ស៊ី​រត់​ទៅ​នៅ​ប្រទេស​ដទៃ គឺជា​ការពិត​ណាស់​ដែល​ប្រការ​ទាំងនេះ​នាំ​ឱ្យ​រុស្ស៊ី​ដើរ​ទៅ​ដល់​ចំណុច​សូន្យ​នៃ​ឥទ្ធិពល​របស់​ខ្លួន។

រឿង​នេះ​ដូច​បាន​ដឹង​ហើយ​ថា ប្រទេស​ជាង ១៨០​ប្រទេស​ក្នុង​ចំណោម ១៩៣​ប្រទេស​នៅ​លើ​ពិភពលោក មិន​គាំទ្រ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​នោះ​ទេ។ ដូច្នេះ​ហើយ​ដែល​គេ​មិន​បាច់​ឆ្ងល់​ច្រើន​ទេ​ដែល​ចិន​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី ត្រូវ​សម្រប​ខ្លួន​រត់​តាម​ស្ថានការណ៍​ជាក់ស្ដែង ដើម្បី​ជួយ​ស្ដារ​មុខមាត់​រុស្ស៊ី​ឡើងវិញ និង​ស្ដារ​មុខមាត់​ខ្លួនឯង​ផង​ដែរ ទើប​ចិន​សម្រេច​សុំ​ខ្លួន​ជា​យន្តការី​នៃ​ការ​ផ្សះផ្សា​ជម្លោះ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ដែល​នរណា​ក៏​ដឹង​ដែរ​ថា មុន​សង្គ្រាម​រុស្ស៊ី​វាយលុក​អ៊ុយក្រែន គឺ​លោក ពូទីន បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ហើយ​បាន​ជួប​នឹង​លោក ស៊ី។ នៅ​ពេល​ត្រឡប់​មក​វិញ​មិន​ដល់ ១០​ថ្ងៃ​ផង លោក ពូទីន បញ្ជា​ឱ្យ​លើក​ទ័ព ២៥​ម៉ឺន​នាក់​វាយលុក​ចូល​រដ្ឋធានី​គៀវ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ្សេឡេនស្គី តែ​មិន​សម្រេច​ឡើយ។

ទីបំផុត ទ័ព​រុស្ស៊ី​រុល​ចូល​ទីក្រុង​គៀវ​មិន​បាន ក៏​ដក​ទ័ព​ត្រឡប់​ទៅ​ប្រមូលផ្ដុំ​នៅ​ភាគ​ខាងកើត​វិញ ហើយ​ប្រកាស​ដោះដូរ​យុទ្ធសាស្ត្រ​សង្គ្រាម ដោយ​ប្រកាស​វាយ​យក​ត្រឹមតែ​តំបន់​ដុនបាស នៅ​ភាគ​ខាងកើត ឬ​វាយ​ភាគ​ខាងត្បូង។ តែ​ទីបំផុត រយៈពេល ១៤​ខែ​ហើយ រុស្ស៊ី​វាយ​យក​មិន​បាន​ឡើយ។ មិន​តែប៉ុណ្ណោះ សមរភូមិ​ខ្លះ​ត្រូវ​ទ័ព​អ៊ុយក្រែន​ដែល​ប្រើ​អាវុធ​របស់​បស្ចិម​ប្រទេស​វាយ​រំដោះ​ទឹកដី​បាន​មួយ​ភាគ​ធំ​ពី​ទ័ព​រុស្ស៊ី​មក​វិញ រហូត​វាយ​ឱ្យ​រុស្ស៊ី​បាក់​ទ័ព​ទៀត​ផង។

ការ​ចុះ​ខ្សោយ​របស់​ទ័ព​រុស្ស៊ី​នេះ​ហើយ​ដែល​មើល​ទៅ​លោក ស៊ី ហក់​ជួយ​កុំ​ឱ្យ​រុស្ស៊ី​ចាញ់​សង្គ្រាម ដោយ​តាំងខ្លួន​ជា​អ្នក​ស្វែងរក​សន្តិភាព​ឱ្យ​អ៊ុយក្រែន ហើយ​ណា​មួយ​ព្រោះ​មិន​ចង់​ឱ្យ​រុស្ស៊ី​ធ្លាក់​ឥទ្ធិពល​បន្ត​ទៀត​នោះ​ទេ។ នេះ​ក៏​អាច​ជា​កត្តា​មួយ​ដែល​លោក ស៊ី លើក​ទូរសព្ទ​ពន្យល់​ប្រាប់​លោក ហ្សេឡេនស្គី អំពី​ផែនការ​សន្តិភាព ១២​ចំណុច​របស់​ចិន ដែល​មិន​បាន​បញ្ជាក់​អំពី​ការ​ដក​ទ័ព​រុស្ស៊ី​ចេញពី​ទឹកដី​អ៊ុយក្រែន និង​អំពី​ឱ្យ​រុស្ស៊ី​គោរព​អធិបតេយ្យភាព​របស់​អ៊ុយក្រែន ដែល​អាច​និយាយ​ដល់​ឧបទ្វីប​គ្រីមៀរ ទៀត​ផង។

បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ពួក​បស្ចិម​ប្រទេស​ជាច្រើន បាន​ឱ្យ​ដឹង​ថា ការ​សន្ទនា​គ្នា​រវាង​លោក ស៊ី និង​លោក ហ្សេឡេនស្គី មិន​បាន​រក​ចំណុច​ត្រូវ​រួម​គ្នា​ទេ។ ទាំង​លោក ស៊ី និង​លោក ហ្សេឡេនស្គី បាន​ត្រឹម​តែ​ពន្យល់​គ្នា​ទៅវិញ​ទៅមក​ប៉ុណ្ណោះ។

លោក ស៊ី ព្យាយាម​ពន្យល់​ផែនការ​សន្តិភាព ១២​ចំណុច​ដែល​មិន​ច្បាស់លាស់​ប្រាប់​ទៅ​លោក ហ្សេឡេនស្គី ហើយ​លោក ហ្សេឡេនស្គី ក៏​បាន​លាតត្រដាង​ផែនការ ១០​ចំណុច​របស់​លោក​ប្រាប់​លោក ស៊ី ដែល​ក្នុង​នោះ​លោក​ទាមទារ​ឱ្យ​ដាក់​បញ្ចូល​ចំណុច​នៃ​ការ​ដក​ទ័ព​រុស្ស៊ី និង​ឱ្យ​រុស្ស៊ី ទទួលស្គាល់​កិច្ចព្រមព្រៀង​កំណត់​ព្រំដែន​រួម​នៅ​ឆ្នាំ​១៩៩១ ក្នុង​នោះ​មាន​ទាំង​ឧបទ្វីប​គ្រីមៀរ ផង​ដែរ។

តែ​ទីបំផុត លោក ស៊ី ដែល​ចង់​ឱ្យ​ចិន​ចេញ​មុខ​ខ្លាំង​ដើរ​តួនាទី​ជួយ​ពន្លត់​សង្គ្រាម​នៅ​អ៊ុយក្រែន បាន​ថ្លែង​ថា នឹង​បញ្ជូន​បេសកជន​របស់​ខ្លួន​ទៅ​ជួប​លោក ហ្សេឡេនស្គី ផ្ទាល់​នៅ​ក្រុង​គៀវ។

យ៉ាងណា សហរដ្ឋ​អាមេរិក​ជា​មេខ្លោង​ដ៏​ធំ​ធ្វើ​ឱ្យ​អ៊ុយក្រែន​អាច​ទប់ទល់​នឹង​ការ​វាយលុក​របស់​រុស្ស៊ី​បាន​មក​ដល់​ពេលនេះ ក៏​បាន​ស្វាគមន៍​ផង​ដែរ​ជំនួប​លោក ស៊ី និង​លោក ហ្សេឡេនស្គី តែ​មិន​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា ផែនការ​សន្តិភាព​របស់​ចិន នាំ​ឱ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​នោះ​ទេ។ ក្រុង​វ៉ាស៊ីនតុន ថា​ផែនការ​សន្តិភាព​របស់​ចិន​បាន​ត្រឹមតែ​ទុក​ឱកាស​ឱ្យ​រុស្ស៊ី រក​ពេលវេលា​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឱ្យ​ក្រុង​មូស្គូ ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​ឡើងវិញ​តែប៉ុណ្ណោះ។

ជាមួយ​គ្នា​នេះ គេ​មិន​ត្រូវ​ដាក់​ការ​សង្ឃឹម​ជ្រុល​ពេក​នោះ​ទេ​ទៅ​លើ​ការ​ប្ដេជ្ញា​របស់​ចិន ក្នុង​ការ​ជួយ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ដែល​គេ​ត្រូវ​យល់​ថា ការពិត ចិន​កំពុងតែ​ឆក់​ឱកាស​យក​មុខ​សាង​កេរ្តិ៍ឈ្មោះ ហើយ​ចេញ​មុខ​ប្រហារ​ទៅ​លើ​ក្រុម​បស្ចិម​ប្រទេស​ដែល​មាន​អាមេរិក​ជា​មេដឹកនាំ។ កន្លងមក ចិន​បាន​ចង្អុល​មុខ​អាមេរិក និង​សម្ព័ន្ធមិត្ត​ថា​ជា​អ្នក​យក​សាំង​ទៅ​ជះ​លើ​ភ្លើង​តាមរយៈ​ការ​បញ្ជូន​អាវុធ​ទៅ​ឲ្យ​អ៊ុយក្រែន។

គេ​ថា​ចិន​ដែល​សម្រេច​លើក​ទូរសព្ទ​និយាយ​ទៅ​រក​លោក ហ្សេឡេនស្គី ក៏​ជា​ការ​ផ្ញើ​សារ​ប្រាប់​ទៅ​ប្រទេស​មួយ​ចំនួន​ដែល​មិនទាន់​ក្លាយ​ជា​សម្ព័ន្ធមិត្ត​អាមេរិក ថា​មាន​តែ​ចិន​ទេ​នៅ​ពេលនេះ​ដែល​ជា​មហាអំណាច​កំពុង​ស្ដារ​សណ្ដាប់ធ្នាប់​ពិភពលោក​ឡើងវិញ តាមរយៈ​ការ​ស្វែងរក​សន្តិភាព​នៅ​អ៊ុយក្រែន ទោះជា​មាន​ការ​រិះគន់​ថា បើ​អ៊ុយក្រែន​យល់ព្រម​ទទួលយក​ផែនការ​សន្តិភាព ១២​ចំណុច​របស់​ចិន គឺជា​សន្តិភាព​ក្លែងក្លាយ​ក៏ដោយ ក៏​ក្រុង​ប៉េកាំង​នៅតែ​បង្ហាញ​ជំហរ​ថា​ខ្លួន​គេ​ប្រកាន់​គោលការណ៍​អព្យាក្រឹត។

តែ​យ៉ាងណា មើល​ទៅ​ផែនការ​របស់​ចិន​អាច​ទៅ​រក​បរាជ័យ​ច្រើន​ជាង ព្រោះ​អ៊ុយក្រែន​នៅ​ពេលនេះ​ទទួល​បាន​រថក្រោះ​ដល់​ទៅ ២៣០​គ្រឿង និង​រថពាសដែក​ដល់​ទៅ​ជាង ១៥៥០​គ្រឿង គ្រាប់​កាំភ្លើង​ធំ​រាប់​លាន​គ្រាប់ ដែល​ធ្វើ​ឱ្យ​អ៊ុយក្រែន​កាន់តែ​មាន​លទ្ធភាព​វាយបក​លើ​ទ័ព​រុស្ស៊ី​ឡើងវិញ ហើយ​សន្តិភាព​ពិតប្រាកដ​នៅ​អ៊ុយក្រែន អាច​បាន​មកពី​ការ​បិទ​បញ្ចប់​សង្គ្រាម​ដោយ​ប្រយុទ្ធ​គ្នា​រវាង​ទ័ព​រុស្ស៊ី និង​ទ័ព​អ៊ុយក្រែន រហូត​ដល់​ទី​បញ្ចប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស