31 C
Phnom Penh

សង្គម​ស៊ីវិល​ទាមទារ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សង្គម​ស៊ីវិល​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) បើក​ដំណើរ​ឡើងវិញ ដើម្បី​ធានា​ថា​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មិន​រង​ការ​គំរាម​កំហែង និង​រឹតត្បិត។

នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប ៣០​ឆ្នាំ​នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក នា​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៣ នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព លើកឡើង​ថា ថ្មីៗ​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​អនុគ្រោះ​ឲ្យ​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​រង​ការ​ចោទប្រកាន់ និង​ជាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជា​បន្តបន្ទាប់ រហូត​ជួយ​អន្តរាគមន៍​ឲ្យ​ដោះលែង​ផង​ដែរ។

អ្នកស្រី​ថា ក្រៅពី​អន្តរាគមន៍​ហើយ រដ្ឋាភិបាល​ក៏​បាន​ផ្ដល់​តួនាទី តំណែង​ជា​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ដល់​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ បន្ទាប់ពី​ពួកគេ​ធ្វើការ​សុំទោស​រដ្ឋាភិបាល​កម្ពុជា។

ចំណែក​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី វិញ អ្នកស្រី​ថា តើ​មាន​បទល្មើស​អី បាន​ជា​សុំទោស​ថ្នាក់​ដឹកនាំ​ជា​សាធារណៈ​ហើយ បែរ​ជា​រដ្ឋាភិបាល​មិន​អនុគ្រោះ​ឲ្យ​ទៀត។

អ្នកស្រី ចក់ សុភាព ស្នើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិចារណា​ដោយ​ក្ដី​មេត្តា និង​ករុណា​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​សារព័ត៌មាន VOD បើក​ដំណើរការ​ឡើងវិញ ដោយ​ថា​សារព័ត៌មាន​នេះ​បាន​ចូលរួម​ច្រើន​ក្នុង​ការ​ផ្ដល់​សំឡេង​ដល់​ពលរដ្ឋ​ដែល​គ្មាន​សំឡេង និង​បក្ស​នយោបាយ​គ្រប់​ភាគី​ក្នុង​ការ​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​ខ្លួន​ដោយ​មិន​ប្រកាន់​និន្នាការ​ឡើយ​អំឡុង​ពេល​ជិត​បោះឆ្នោត។

អ្នកស្រី​បន្ត​ទៀត​ថា ការ​អនុញ្ញាត​ឱ្យ​ស្ថាប័ន​ព័ត៌មាន​នេះ​បើក​ដំណើរការ​ឡើងវិញ គឺ​ដើម្បី​ធានា​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ដោយសារ​កន្លងមក អ្នក​សារព័ត៌មាន​តែងតែ​រង​ការ​គំរាម​កំហែង និង​ជួប​បញ្ហា​ប្រឈម​នៅ​ពេល​ចុះ​ទៅ​ប្រមូល​ព័ត៌មាន ឬ​ធ្វើ​សេចក្ដី​រាយការណ៍​នៅ​កន្លែង​តវ៉ា និង​ទីតាំង​ផ្សេង​ទៀត​ផង​ដែរ។

អ្នកស្រី​ក៏​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ធានា​ពី​សុវត្ថិភាព​របស់​ស្ត្រី​អ្នក​សារព័ត៌មាន​អំឡុង​ពេល​ចុះ​យក​ព័ត៌មាន និង​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ផង​ដែរ។

ការ​ស្នើ​របស់​អ្នកស្រី ចក់ សុភាព បន្ទាប់ពី​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ បាន​ឆ្លើយ​សំណួរ​អ្នក​ចូលរួម​ក្នុង​កម្មវិធី​លើកឡើង​ថា ទោះបីជា​រដ្ឋាភិបាល​កម្ពុជា​បិទ​សារព័ត៌មាន វីអូឌី ក៏​មិន​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ស្លាប់​នោះ​ដែរ។

លោក​ថា រដ្ឋាភិបាល​កម្ពុជា​បិទ​សារព័ត៌មាន វីអូឌី ដោយសារ​អង្គភាព​នេះ​មិន​បាន​អនុវត្ត​ទៅ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ច្បាប់​បទដ្ឋាន​គតិយុត្តិ​ដែល​មាន​ជា​ធរមាន។ ជាមួយ​គ្នា​នេះ លោក មាស សុភ័ណ្ឌ ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ទុក​ពេលវេលា និង​ឱកាស​ឲ្យ​កែតម្រូវ ប៉ុន្តែ​ស្ថាប័ន​នេះ​មិន​បាន​កែលំអ និង​ទទួល​ខុសត្រូវ​កំហុស​របស់​ខ្លួន ទើប​រដ្ឋាភិបាល​បិទ​ឲ្យ​ស្ថាប័ន វីអូឌី មិន​ឲ្យ​ដំណើរការ​បន្ត​ទៀត។

យ៉ាងណា ក្នុង​ខួប​ទី​៣០ នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នេះ ក្រុម​សង្គម​ស៊ីវិល​មកពី ១៣​អង្គភាព និង​ស្ថាប័ន បាន​ចេញ​ថ្លែងការណ៍​រួម​គ្នា​មួយ ដោយ​ពួកគេ​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ដោះស្រាយ​បញ្ហា​ចំនួន ៦​ចំណុច ក្នុង​នោះ ធានា​ឲ្យ​បាន​នូវ​បរិយាកាស​ប្រកប​ដោយ​សេរីភាព សន្តិសុខ និង​សុវត្ថិភាព​ពេញលេញ​សម្រាប់​អ្នក​សារព័ត៌មាន និង​ស្ថាប័ន​ព័ត៌មាន​ក្នុង​ការ​បំពេញ​ការងារ​វិជ្ជាជីវៈ​ដោយ​មិន​មាន​ការ​រឹតត្បិត និង​ភ័យ​ខ្លាច ជាពិសេស​នៅ​មុន អំឡុង​ពេល និង​ក្រោយ​ពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា ខាងមុខ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​សភា​ជាតិ​អនុម័ត​ឲ្យ​បាន​ឆាប់​នូវ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ដែល​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត។

លើស​ពី​នេះ ពួកគេ​ក៏​ស្នើ​ឲ្យ​បញ្ឈប់​រាល់​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​ប្រភេទ​ទៅ​លើ​ស្ថាប័ន​សារព័ត៌មាន និង​អ្នក​សារព័ត៌មាន​ដែល​ហ៊ាន​រាយការណ៍​បញ្ហា​អសកម្ម​ផ្សេងៗ​ក្នុង​សង្គម ហើយ​ដោះលែង​អ្នក​សារព័ត៌មាន​ទាំងឡាយ​ណា​ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយសារ​ការ​បំពេញ​វិជ្ជាជីវៈ​សារព័ត៌មាន ជាពិសេស​សូម​បញ្ឈប់​ការ​ប្រើប្រាស់​ច្បាប់​ស្ដីពី​ក្រមព្រហ្មទណ្ឌ​ដាក់​ទោស​អ្នក​សារព័ត៌មាន ជាដើម។

កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ ប្រកាស​ទុក​រយៈពេល​ឲ្យ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី ចំនួន ៧២​ម៉ោង ហើយ​ក្រោយ​មក​ក៏​បន្ថយ​មក​ត្រឹម ២៤​ម៉ោង ដើម្បី​ស្ថាប័ន​ព័ត៌មាន​មួយ​នេះ​សុំទោស។ ទោះបីជា វីអូឌី បាន​សុំទោស​ជា​សាធារណៈ​ហើយ​ក្ដី ក៏​លោក ហ៊ុន សែន នៅតែ​មិន​អស់ចិត្ត​ចំពោះ​ការ​សុំទោស​នោះ លោក​បាន​បញ្ជា​ទៅ​ក្រសួង​ព័ត៌មាន​ដក​អាជ្ញាប័ណ្ណ​សារព័ត៌មាន វីអូឌី។

មួយ​ថ្ងៃ​ក្រោយ​មក រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​លុប​អាជ្ញាប័ណ្ណ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ដោយ​ប្រើ​ពេល​មិន​ដល់ ២៤​ម៉ោង​ផង បន្ទាប់ពី​មាន​បញ្ជា​ពី​លោក ហ៊ុន សែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស